ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២២:៤៥ ១៨.១០.២០២២

ថ្ងៃអង្គារ ទី ១៨ ខែតុលា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ីក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ​ បាន​បំផ្លាញ​ទីតាំង​ថាមពល​របស់​អ៊ុយក្រែន​អស់​ប្រមាណ​៣០ភាគរយ។​ ​លោក​បាន​និយាយ​ដូច​នេះ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ថ្មី​មួយទៀត​ ដែល​បាន​កាត់​ផ្តាច់​ចរន្តអគ្គិសនី​នៅ​តាម​ទីក្រុង​នានាទូទាំង​ប្រទេស​អ៊ុយក្រែន​នោះ។ រុស្ស៊ី​បាន​វាយប្រហារ​ចំ​ទីតាំង​ថាមពល​ក្នុង​រដ្ឋធានី​កៀវ​ និង​តំបន់​នានា​ក្នុង​ទីក្រុង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន ដែល​បណ្តាល​ឱ្យ​មាន​ការ​ដាច់​ចរន្តភ្លើង​ និង​បង្អាក់​ដល់​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ផង​ដែរ។ ការ​វាយ​ប្រហារនេះកើត​ឡើង​តែ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​រដ្ឋធានី​កៀវ​ត្រូវ​ទទួល​រង​ការ​វាយប្រហារជា​ខ្លាំងដោយ​យន្តហោះ​ដ្រូន​អត្តឃាត​នោះ។ ការ​វាយ​ប្រហារ​កាល​ពី​ព្រលឹម​ថ្ងៃ​អង្គារ​នេះ​ បានចំ​ទៅ​លើ​រដ្ឋធានី​កៀវ​ និង​ទីក្រុង Kharkiv ​នៅ​ភាគខាងកើត​ ហើយ​ទីក្រុង Mykolaiv នៅ​ភាគ​ខាង​ត្បូង​ និង​តំបន់ Dnipro និង​តំបន់ Zhytomyr ភាគកណ្តាល។ ​ក្រុមមន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ មន្ទីរពេទ្យ​នានា​ដាច់​ភ្លើងនិង​បានប្រើ​ប្រាស់​ម៉ាស៊ីន​ភ្លើង​ជំនួសវិញ។ ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Zelenskyy បាន​ពណ៌នាការ​វាយប្រហាររបស់​រុស្ស៊ីទៅ​លើ​គោលដៅហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​ជា​ច្រើន​លើក​ច្រើនសារ​នេះ​ ថា​ជា​សកម្មភាព​មួយ​នៃ​ «ការ​វាយ​ប្រហារ​ភេរវកម្ម​របស់​រុស្ស៊ី»។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មានAFP។
  • ​វិមាន​ក្រឹមឡាំងនៅ​ថ្ងៃ​អង្គារ​នេះ​បាន​បដិសេធ​ថា​ កងកម្លាំង​រុស្ស៊ីមិន​បានប្រើប្រាស់​យន្តហោះដ្រូន​ដែល​គ្មាន​មនុស្ស​បើក ដែល​ផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់​នោះ​ឡើយ។ នេះបើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ មេដឹកនាំ​អ៊ុយក្រែន​បាន​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ បាន​ប្រើប្រាស់​យន្តហោះដ្រូនប្រភេទShahed-136 "kamikaze" ដែល​ផលិត​ក្នុង​ប្រទេស​អ៊ីរ៉ង់​ នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​ខ្លួនទៅ​លើ​រដ្ឋធានីកៀវ​នៃ​ប្រទេស​អ៊ុយក្រែន។​ យន្តហោះដ្រូន​ប្រភេទ​នេះនឹង​បំផ្ទុះខ្លួន​វា​នៅ​ពេលប៉ះនឹង​ឧបករណ៍​អ្វីមួយ។ នៅពេល​សួរ​ថា​ តើ​ប្រទេស​រុស្ស៊ីមាន​បាន​ប្រើប្រាស់​យន្តហោះដ្រូន​ដែរឬ​ទេ​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ អ្នកនាំពាក្យ​វិមានក្រឹមឡាំង​លោក​ Dmitry Peskov បាន​និយាយ​ថា​ វិមាន​ក្រឹមឡាំង​មិន​មាន​ព័ត៌មាន​នៃ​ការ​ប្រើប្រាស់ឧបករណ៍​យោធា​របស់​កងទ័ព​រុស្ស៊ី​នោះ​ឡើយ។​
  • ក្រុមហ៊ុន​ផលិត​រថយន្ត Hyundai របស់​ប្រទេស​កូរ៉េខាងត្បូង​ កំពុង​ពិចារណា​សម្រេច​ចិត្ត​លើ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ដោយ​ក្នុង​នោះក៏រួម​មាន​ទាំងការអាច​លក់​រោងចក្រ​របស់​ខ្លួន​នៅ​ទីនោះ​ផង​ដែរ។​ នេះ​បើ​យោង​ទៅ​លើបណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ ហើយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​បន្ដ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ ក្រុមហ៊ុន​ផលិត​រថយន្ត​ Hyundai កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ដាក់​របាយការណ៍ទៅ​កាន់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ ដោយ​វិភាគ​ពី​ស្ថានភាព​និង​ការ​រំពឹង​ទុក​របស់​ខ្លួន​ក្នុង​ពេល​អនាគត​ក្នុង​ប្រទេស​រុស្ស៊ី​។ នេះ​បើ​តាមកាសែត Dong-a Ilbo ​របស់​កូរ៉េ​ខាងត្បូង​ ដែល​បាន​ស្រង់​ប្រភព​ឧស្សាហកម្ម​រថយន្ត​មួយ​ ដែល​មិន​បញ្ចេញ​ឈ្មោះ។​ រោងចក្រ​ជា​ច្រើននៅ​ក្នុង​ប្រទេស​រុស្ស៊ី​ បាន​ផ្អាកដំណើរ​ការ​ផលិត​របស់​ខ្លួន​ និង​ផ្អាក​បុគ្គលិក​ធ្វើការជា​បណ្តោះ​អាសន្ន​ ដោយ​សារ​តែ​ខ្វះ​គ្រឿង​ឧបករណ៍​ដែល​មាន​បច្ចេកទេស​ខ្ពស់ ដោយ​សារ​តែ​ការ​ដាក់ទណ្ឌកម្ម​ និង​ការ​ចាកចេញនៃ​សហគ្រាស​រោងចក្រ​ប្រទេស​លោក​ខាងលិចជា​ច្រើន ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​មក។
  • ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ចេញ​បទ​បញ្ជា​មួយ​ ដោយ​បដិសេធ​សិទ្ធិ​នាំចេញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Ural Airlines ​ដោយ​លើក​ឡើង​ពីអ្វី​ដែលជាការ​រំលោភបំពានទៅ​នឹង​ការ​នាំចេញ​ដែល​កំពុងកើត​មាន​ឡើង។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។ បទ​បញ្ជា​នេះ​ ក៏​បាន​បញ្ឈប់នូវ​សិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​នេះមិន​ឱ្យ​ចូល​រួម​នៅ​ក្នុង​ប្រតិបត្តិការ​ជំនួញ​ ដែល​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ការ​នាំចេញ​របស់​សហរដ្ឋ​អាមេរិកផង​ដែរ។​ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក Joe Biden បាន​បង្កើនការ​បង្រ្កាប​ទៅ​លើ​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី​ បន្ទាប់​ពី​ប្រទេស​នេះ​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​មក​ ដោយបដិសេធ​មិន​លក់​គ្រឿង​បន្លាស់​យន្តហោះ​ ការ​ចុះចត​ចាក់សាំង​ និង​សេវាកម្មផ្សេងៗ​មួយ​ចំនួន​ទៀត។​
  • ប៉ូលិស​ក្នុង​ប្រទេស​ន័រវែស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ​ថា​ ខ្លួន​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ជនជាតិរុស្ស៊ី​ចំនួន​៤​នាក់​ ពី​បទ​រំលោភបំពានទៅ​លើ​បម្រាម​ការ​ថតរូប ខណៈពេល​ដែល​ប្រទេស​នេះកំពុង​មាន​ការបារម្ភ​ពី​ការ​ធ្វើ​វិចេ្ឆទកម្ម​នៅ​ទីតាំង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​របស់​ខ្លួន​នោះ។​ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មានAFP​ ។​ ប្រទេស​ន័រវែស​ កំពុង​ស្ថិតក្នុង​ភាព​ប្រុង​ជើង​ការ​ខ្ពស់​ បន្ទាប់​ពី​មាន​របាយការណ៍​ជាច្រើន​ស្តី​ពី​ការ​ប្រទះឃើញ​យន្តហោះដ្រូន​ដែលគេ​មិន​ស្គាល់​អត្តសញ្ញាណ​ បានហោះ​នៅ​ជិតទីតាំង​រុករកប្រេងនិង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ ដែលជា​របស់​ក្រុមហ៊ុន​ផលិត​ថាមពលដ៏​ធំ​មួយ​នោះ។ ​ការ​ចាប់​ខ្លួន​ជនជាតិ​រុស្ស៊ី​ទាំង​៤​នាក់​កាល​ពី​ថ្ងៃ​ចន្ទ​នោះ​ កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពីប៉ូលិស​ន័រវែស​បាន​ចាប់​ជនជាតិ​រុស្ស៊ី​២​នាក់​ នៅ​ក្នុង​ព្រឹត្តិការណ៍​២​ដាច់​ដោយឡែក​ពី​គ្នា​កាល​ពី​សប្តាហ៍​មុន​។​ ជន​ជាតិ​រុស្ស៊ី​ទាំង​២​នាក់​នេះ ត្រូវ​បាន​ចោទ​ចោទ​ប្រកាន់​ពី​បទ​បង្ហោះ​ដ្រូន​ដើម្បីថត​រូបភាព​ឬវីដេអូ​។​
២២:១៦ ១៩.១០.២០២២

ថ្ងៃពុធ ទី ១៩ ខែតុលា៖

  • ពួក​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេ​នឹង​មិន​ផ្តល់​ប្រាក់​ដល់​ប្រទេស​អ៊ុយក្រែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ទៀត​ទេ ប្រសិន​បើ ពួកគេ​ធ្វើ​ឱ្យ​ជឿនលឿន​ដូច​ការរំពឹងទុក​ដើម្បី​ត្រួតត្រា​រដ្ឋសភា​នៅ​ក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ការព្រមាន​មកពី​លោក Kevin McCarthyមេដឹកនាំ​សំឡេង​ភាគ​តិច​របស់​រដ្ឋសភា​ជា​សញ្ញា​ផ្លូវការ​លើក​ដំបូង​ថា ​រដ្ឋាភិបាល​ក្រុង​កៀវ​អាច​ប្រឈម​នឹង​ការ​ប្រយុទ្ធ​ដ៏​ស្វិត​ស្វាញ​ដើម្បី​ទទួល​បាន​ថវិកា​នៅពេល​ដែល​ខ្លួន​ការពារ​ការឈ្លានពាន​របស់​រុស្ស៊ី​ដែល​បាន​ទទួល​ការគាំទ្រ​របស់​គណបក្ស​ទាំង២ចាប់ផ្តើម​ធ្លាក់ចុះ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ លោក McCarthy សង្ឃឹម​ថា​នឹង​ក្លាយ​ជា​ប្រធាន​រដ្ឋសភា​ដែល​ជា​តួនាទី​ជាន់ខ្ពស់​លំដាប់​ទី៣នៅ​ក្នុង​នយោបាយ​សហរដ្ឋ​អាមេរិក​បន្ទាប់ពី​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី ប្រសិនបើ​ពួក​សាធារណរដ្ឋ​កាន់កាប់​រដ្ឋសភា​នៅ​ឆ្នាំ​ក្រោយ។ លោក​បាន​និយាយ​ទៀត​ថា លោក​រំពឹង​ថា ពួក​អ្នក​បោះឆ្នោត​នឹង​ដាក់​ទណ្ឌកម្ម​ពួក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​ចំពោះ​ការធ្វេស​ប្រហែស​បញ្ហា​អាទិភាព​នៅ​ក្នុង​ប្រទេស​ដូចជា​វិបត្តិ​អន្តោប្រវេសន៍​ដែល​កំពុង​រីក​កាន់តែ​ធំ​ឡើង​នៅឯ​ព្រំដែន​ភាគ​ខាង​ត្បូង។
  • សហភាព​អឺរ៉ុប​កំពុង​ធ្វើការ​ឆ្ពោះ​ទៅកាន់​ការដាក់​ទណ្ឌកម្ម​ថ្មី​ទៀត​លើ​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​ប្រមូល​បាន«ភស្តតាង​គ្រប់គ្រាន់»​ថា អ៊ីរ៉ង់​កំពុង​ផ្គត់ផ្គង់​ដ្រូន​ដ៏​ប្រល័យ​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់អ្នក​នាំពាក្យ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក​ស្រី Nabila Massraliអ្នក​នាំពាក្យ​របស់​ប្រធាន​គោលនយោបាយ​ការបរទេស​សហភាព​អឺរ៉ុប​លោកJosep Borrellបាន​និយាយ​ថា៖ «ឥឡូវនេះ យើង​បាន​ប្រមូល​ភស្តុតាង​ផ្ទាល់​របស់​យើង​គ្រប់គ្រាន់​ដែល​ការងារ​នេះ​កំពុង​បន្ត​ធ្វើ​នៅ​ក្នុង​ក្រុមប្រឹក្សា​អឺរ៉ុប​ដើម្បី​ធ្វើការ​ឆ្លើយតប​ឱ្យ​ច្បាស់​និង​ខ្លាំង»។ ពួក​អ្នក​ការទូត​សហភាព​អឺរ៉ុប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានAFPថា មាន​ការងារ​ដែល​កំពុង​ធ្វើ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​បញ្ជី​ឈ្មោះ​របស់​បុគ្គល​និង​អង្គភាព​អ៊ីរ៉ង់​ដែល​មាន​ជាប់​ទាក់ទិន​នឹង​ដ្រូន​ដែល​នឹង​ត្រូវ​បន្ថែម​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។ អ្នក​ការទូត​ម្នាក់​បាន​និយាយ​ថា គេ​រំពឹង​ថា បញ្ជី​ឈ្មោះ​នោះ​នឹង​ត្រូវ​សម្រេច​ផ្តាច់ព្រ័ត្រ​នៅ​ក្នុង​ជំនួប​របស់​មេដឹកនាំ​អឺរ៉ុប​ដែល​ចាប់ផ្តើម​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍។ សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ចន្ទ​បាន​ដាក់​ទណ្ឌកម្ម​ជុំ​ចុងក្រោយ​របស់​ខ្លួន​លើ​អ៊ីរ៉ង់​អំពី​ការ ស្លាប់​របស់​នាង Mahsa Amini អាយុ២២ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​សីលធម៌ ហើយ​នឹង​ការបង្ក្រាប​លើ​ការតវ៉ា​ប្រឆាំងរបស់​របប​នេះ​ដែល​បាន​កើត​មាន​ឡើង។
  • ប្រទេស​រុស្ស៊ី​ទំនង​នឹង​ត្រូវការ​ពេល​ពី២ទៅ៤ឆ្នាំ​ដើម្បី​ស្ថាបនា​សមត្ថភាព​យោធា​របស់​ខ្លួន​ឡើង​វិញ​ឱ្យ​ខ្លាំងក្លា​ដូច​មុន​សង្គ្រាម​អ៊ុយក្រែន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អេស្តូនី​កាលពី​ថ្ងៃ​អង្គារ​ដោយ​លោក​បាន​ជំរុញ​ឱ្យ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Hanno Pevkurបាន​ទស្សន៍ទាយ​ពី​សង្គ្រាម​រយៈពេល​យូរ ​ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​លោក​ខាង​លិច​រួបរួម​គ្នា​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន​រហូតទាល់​តែ​ពួកគេ​ទទួល​បាន​ជ័យ​ជម្នះ​សម្រាប់«ពិភពលោក​សេរី»។​
  • នាយក​ទីភ្នាក់ងារ​រដ្ឋ​នុយក្លេអ៊ែរ​របស់​អ៊ុយក្រែន Energoatomបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​បុគ្គលិក​ប្រហែល៥០នាក់​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhiaដែល​ត្រួតត្រា​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​បាន​ត្រូវ​ឃុំ​ខ្លួន​ដោយ​ពួក​រុស្ស៊ី។ លោកPetro Kotin បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFPថា៖ «មនុស្ស​ជាង១៥០នាក់​មក​ពី​រោងចក្រ​នោះ​បាន​ត្រូវ​ចាប់ខ្លួន»ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ចុង​ខែ​កុម្ភៈមក។ លោក​បាន​និយាយ​ទៀត​ថា បុគ្គលិក​ខ្លះ​ត្រូវ​បាន​គេ​ដោះលែង ក៏ប៉ុន្តែ មាន​បុគ្គលិក​ខ្លះ​ទៀតនៅ​គេ​មិនទាន់​ដឹង​អំពី​ជោគវាសនា​របស់​ពួកគេ​ទេ។ លោក​បាន​និយាយ​ទៀត​ថា៖ «មនុស្ស​ប្រហែល៥០នាក់​នៅ​ស្ថិត​ក្នុង​ការឃុំខ្លួន​នៅ​ឡើយ។ ពួកគេ​ជា​បុគ្គលិក​រោងចក្រ»។
  • ប្រទេស​អ៊ីស្រាអែល​នឹង​មិន​បញ្ជូន​អាវុធ​ទៅឱ្យ​អ៊ុយក្រែន​ទេ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោកBenny Gantz កាលពី​ថ្ងៃ​ពុធ ក្នុង​រយៈពេល​២ថ្ងៃ​បន្ទាប់​មក ក្រោយ​ពី​រុស្ស៊ី​បាន​ព្រមាន​ថា ចំណាត់ការ​របស់​អ៊ីស្រាអែល​ដើម្បី​ធ្វើ​ឱ្យ​ប្រសើ​ឡើង​នូវ​កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។ បើ​តាម​សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​របស់លោក លោកGantz បាន​ប្រាប់​ពួក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ថា«គោលនយោបាយ​របស់​យើង​ជាមួយ​អ៊ុយក្រែន​មិន​មាន​ការផ្លាស់ប្តូរ​ទេ។ យើង​នឹង​បន្ត​គាំទ្រ​និង​រួបរួម​ជាមួយ​ប្រទេស​លោក​ខាង​លិច ហើយ​យើង​នឹង​មិន​ផ្តល់​សព្វាវុធ​នោះ​ទេ។
២២:៣៩ ២០.១០.២០២២

ថ្ងៃព្រហស្បតិ៍ ទី ២០ ខែតុលា៖

  • នៅ​ពេល​ដែល​ទាហាន​អ៊ុយក្រែន​រុល​ទៅមុខ​នៅ​លើ​សមរភូមិ​ក្នុង​ប្រទេស​ខ្លួន​នោះ ពួក​គេ​កំពុង​ចាប់​បាន​រថយន្ត​យោធា​ និង​អាវុធ​ដែល​ត្រូវ​បាន​បោះបង់​ចោល​ដោយ​ទាហាន​រុស្ស៊ី​រត់​គេច​ខ្លួន ​ហើយ​ទាហាន​អ៊ុយក្រែន​កំពុង​ប្រើ​ឧបករណ៍យោធា​ខ្លះ​នៃ​ឧបករណ៍​ទាំង​នោះប្រឆាំង​នឹង​ទាហាន​ឈ្លានពាន។ ​នេះ​បើ​តាម​ក្រុម​អ្នក​វិភាគ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​រុស្ស៊ី​ និង​ប្រទេស​ជិត​ខាង​ភាគ​ច្រើន​ប្រើ​ឧបករណ៍​ស្រដៀង​គ្នា​ក្នុង​សម័យ​សហភាព​សូវៀត ​ដូច្នេះ​ទាហាន​អ៊ុយក្រែន​ជារឿយៗ​មិន​ចាំបាច់​ហ្វឹកហាត់​ប្រើ​ឧបករណ៍​យោធា​ទាំង​នោះ​ទេ។​ រុស្ស៊ី​បាន​រឹបអូស​យក​ទឹក​ដី​អ៊ុយក្រែនជា​ច្រើន​ផ្នែក​ចាប់​តាំង​ពី​ការ​ឈ្លានពាន​តាំងពី​ចុង​ខែ​កុម្ភៈ​មក។ ក៏ប៉ុន្តែ ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​កៀវ​បាន​ទប់ទល់​មិន​ឱ្យ​រុល​ទៅ​មុខ​ខ្លះៗ ​ហើយ​ចាប់តាំង​ពី​ខែ​សីហា​មក​កង​កម្លាំង​អ៊ុយក្រែន​បាន​ដណ្តើម​កាន់កាប់​ទឹក​ដី​ដ៏​ធំ​មក​វិញ​នៅ​ភាគ​ឦសាន​ និង​ខាង​ត្បូង​ប្រទេស។​ អ្នក​វិភាគ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ធ្វើ​ការ​នៅ​ក្រុមហ៊ុន​របស់​ចក្រភព​អង់គ្លេស​ឈ្មោះ Janes ​ដែល​ធ្វើ​ការ​ផ្នែក​វិភាគ​ការ​ស៊ើប​ការណ៍​សម្ងាត់​ បាន​និយាយ​ថា៖​ «អ៊ុយក្រែន​បាន​រឹបអូស​យក​ឧបករណ៍​នោះ​យ៉ាង​ច្រើន»។​ គេ​ពិបាក​ដឹង​ពិត​ប្រាកដ​ណាស់​ថា​ តើ​ឧបករណ៍​ចំនួន​ប៉ុន្មានត្រូវ​បាន​រឹបអូស​យក​នោះ​ ក៏ប៉ុន្តែ​ក្រុមហ៊ុន ​Janes​ បាន​ប៉ាន់​ស្មាន​ថា​ យ៉ាង​ហោច​ណាស់​មាន​រថយន្ត​ចំនួន​២០០​គ្រឿង ​រថក្រោះ​៤៥​គ្រឿង​ រថយន្ត​ទាហាន​ថ្មើរ​ជើង​ចំនួន​៧០​គ្រឿង ​និង​កាំភ្លើង​ធំ​៣០​គ្រឿង​ដែរ។​
  • ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin ​កាលពី​ថ្ងៃ​ពុធ ​បាន​បញ្ជា​ឱ្យ​ពលរដ្ឋ​រុស្ស៊ី​ទាំង​អស់​គាំទ្រ​កិច្ចប្រឹង​ប្រែង​ធ្វើ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ នៅពេល​ដែល​រដ្ឋបាល​នៃ​តំបន់ ​Kherson ​ដែល​តែង​តាំង​ដោយ​រុស្ស៊ី​ បាន​ប្រុង​ប្រៀប​ជម្លៀស​មនុស្ស​នៅ​តំបន់​តែ​មួយ​គត់​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​កាន់​កាប់​អំឡុង​ការ​ឈ្លានពាន​របស់​ខ្លួន។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​ រូបភាព​របស់​មនុស្សប្រើប្រាស់​ទូក​ជាច្រើនដើម្បី​រត់​ចេញ​ពី​ទីក្រុង​ភាគ​ខាង​ត្បូង​នោះត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​ ដែល​បាន​បង្ហាញ​ពី​មនុស្ស​យ៉ាង​ច្រើន​រត់​ចេញ​ពី​ឆ្នេរ​ខាង​ស្តាំ​ទៅ​ឆ្នេរ​ខាង​ឆ្វេង​នៃ​ទន្លេ ​Dnipro ​ខណៈ​មាន​ការ​ព្យាយាម​ជម្លៀស​ជន​ស៊ីវិល​ មុន​ពេល​តំបន់​នោះ​ក្លាយ​ជា​សមរភូមិ។​ ប្រធាន​តំបន់ ​Kherson​ ​ដែល​ត្រូវ​បានលើក​បន្តុក​ដោយ​រុស្ស៊ី បាន​និយាយ​ថា ​មនុស្ស​ប្រហែល​ពី​៥​ម៉ឺន​ទៅ​៦​ម៉ឺន​នាក់​នឹង​ត្រូវ​ចាក​ចេញ​ពី​ទីកន្លែង​នេះ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ។ ​Kherson​ ជា​តំបន់​មួយ​នៃ​តំបន់​៤​របស់​អ៊ុយក្រែនដែល​ត្រូវ​បាន​ទាមទារ​ជា​ឯកតោ​ភាគី​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ និង​ជាកន្លែង​ដែល​លោក ​Putin ​បាន​ប្រកាស​ច្បាប់​អាជ្ញា​សឹក​កាលពី​ថ្ងៃ​ពុធ។​
  • កងទ័ព​អាកាស​រុស្ស៊ី​បាន​ធ្វើ​ផែនការ​ហោះ​យាមល្បាត​តាម​ព្រំដែនប្រទេស​បេឡារុស​ដែល​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​ថា ​ប្រទេស​បេឡារុស​អាច​មាន​តួនាទី​កាន់តែ​សកម្ម​នៅ​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ក្រុង​ Minsk ​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​ រុស្ស៊ី​បាន​ដាក់​ពង្រាយ​កងទ័ព​ចំនួន​៩​ពាន់​នាក់​ និង​ឧបករណ៍​យោធា​រាប់​រយ​នៅ​ប្រទេស​បេឡារុស ​ដែល​នៅ​ជិត​ខាង បន្ទាប់ពី​លោក​ប្រធានាធិបតី​ Alexander Lukashenko​ បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ​បេឡារុស​បាន​រង​ការ​គំរាម​កំហែង​ពី​អ៊ុយក្រែន។ ​
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​កងទ័ព​របស់​ខ្លួន​បាន​បន្ត​វាយ​ប្រហារ​លើ​ទីតាំង​យោធា​ និង​ថាមពល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ។ ​ក្រសួង​នេះ​ក៏​បាន​និយាយ​ដែរ​ថា ​កងទ័ព​រុស្ស៊ី​បាន​វាយ​បក​ទៅ​លើ​កងទ័ព​អ៊ុយក្រែន​នៅ​ក្នុង​តំបន់ ​Kherson ​ភាគ​ខាង​ត្បូង​ ដែល​នៅ​ទីនោះ​ពួក​មន្ត្រីលើក​បន្តុក​ដោយ​រុស្ស៊ី​កំពុង​ជម្លៀស​អ្នក​ស្រុក​រាប់​ពាន់​នាក់។ ​នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។ ​
  • ប្រទេស​ឥណ្ឌា​បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ពុធ​ សុំ​ឱ្យ​ពលរដ្ឋចៀស​វាង​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ​ដោយ​លើក​ហេតុផល​ថា​ ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​ប្រទេស​នោះ​កាន់តែ​យ៉ាប់យ៉ឺន។​ ស្ថានទូត​ឥណ្ឌា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​តាម​ Twitter ​ហើយ​ត្រូវ​បាន​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ថា​ «ពលរដ្ឋ​ឥណ្ឌា ​រួមទាំង​និស្សិត​ដែល​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​ត្រូវ​ចាក​ចេញ​ឱ្យ​បាន​ឆាប់​រហ័ស​តាម​មធ្យោបាយ​ដែល​អាច​ធ្វើ​បាន»៕
២២:៥៣ ២១.១០.២០២២

ថ្ងៃសុក្រ ទី ២១ ខែតុលា៖

  • ប្រធានាធិបតី​តួកគី​លោក Tayyip Erdogan បាន​ត្រូវ​បណ្តាញ​ព័ត៌មាន​ដកស្រង់​សម្តី​មក​ចុះផ្សាយ​កាលពី​ថ្ងៃសុក្រថា លោក​មិនឃើញ​មាន​ឧបសគ្គ​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​អនុញ្ញាត​ឱ្យ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​តាម​សមុទ្រ​ខ្មៅ​នោះ​ទេ បន្ទាប់ពី​ការពិភាក្សា​ជាមួយ​សមភាគី​រុស្ស៊ី​និង​អ៊ុយក្រែន​របស់​លោក​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ បណ្តាញ​ព័ត៌មាន NTV បាន​ដកស្រង់​សម្តី​លោក Erdogan នៅពេល​ដែល​លោក​បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​លើ​យន្តហោះ​របស់​លោក​ដែល​វិល​ត្រឡប់​មកពី​ប្រទេស​អាស៊ែបៃហ្សង់​វិញ​ថា៖ «មិន​មាន​ឧបសគ្គ​ដើម្បី​បន្ត​កិច្ចព្រមព្រៀង​នោះ​ទេ។ ខ្ញុំ​មើល ឃើញ​ការបន្ត​កិច្ចព្រមព្រៀង​នេះនៅ​ក្នុង​ការចរចា​ដែល​ខ្ញុំ​បាន​ធ្វើ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក Putin»។ បណ្តាញ​ព័ត៌មាន NTV ក៏​បាន​ដក​ស្រង់​សម្តី​លោក Erdogan មក​ចុះផ្សាយ​ដែរ​ថា គ្រាប់​ធញ្ញជាតិ​និង​ស្បៀងអាហារជាង​៨លាន​តោន​បាន​ត្រូវ​នាំចេញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​កក្កដា។
  • ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​បាន​បើកចំហ​សម្រាប់​ការ​ចរចាជា​មួយ​ប្រទេស​អ៊ុយក្រែន​ ចាប់តាំង​ពី​ដំបូង​មក​ម្ល៉េះ​ ហើយ​រឿង​នេះ​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​នោះ​ឡើយ។​ ​ នេះ​បើ​យោង​ទៅ​លើ​ការ​បញ្ជាក់​របស់​អ្នក​នាំពាក្យ​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov ដែល​បានថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាននៅ​ថ្ងៃ​សុក្រ​នេះ ដោយ​យោង​ទៅ​លើ​ការ​ថ្លែងរបស់​ ​ប្រធានាធិបតី​ប្រទេស​តួកគី​ លោក Recep Tayyip Erdogan។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AP។ ​ប្រធានាធិបតី​តួកគី​ បាន​និយាយ​ថា​ លោកPutin ហាក់​ដូច​ជា​មាន​ការ​បន្ទន់​ឥរិយបទនិង​បើក​ចំហរ​ច្រើន​ជាង​មុន​ក្នុង​ការ​ចរចា។​ «យើង​នៅ​តែ​មាន​សង្ឃឹម​ជុំវិញ​រឿង​នេះ» ដោយ​លោកនិយាយ​យោង​ទៅដល់លទ្ធភាព​នៃ​ការ​ចរចាដើម្បី​បញ្ចប់​ជម្លោះ​នៅក្នុង​ប្រទេស​អ៊ុយក្រែន។​ ​ ​
  • រុស្ស៊ី​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា កងទ័ព​អ៊ុយក្រែន​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ណាស់៤នាក់ ហើយ​នឹង​ធ្វើ​ឱ្យ​របួស​ជាង​១៣នាក់​ទៀត​នៅ​ក្នុង​ការវាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​មួយ​ទៅ​លើ​ជន​ស៊ីវិល​ដែល​កំពុង​ជម្លៀស​ចេញ​ពី​តំបន់ Kherson ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី។ មន្ត្រី​អ៊ុយក្រែន​ម្នាក់​បាន​ទទួល​ស្គាល់​ការវាយ​ប្រហារ​នេះ ក៏ប៉ុន្តែ បាន​និយាយ​ថា ការណ៍​នេះ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​បម្រាម​គោលចរណ៍​ស៊ីវិល។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ពួក​អាជ្ញាធរ​ដែល​លើក​បន្តុប​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន​ដែល​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​កាលពី​ខែ​មុន​កំពុង​ជម្លៀស​មនុស្ស​ប្រមាណ​ពី​៥ម៉ឺន​ទៅ​៦ម៉ឺន​នាក់ឆ្លង​កាត់ទន្លេ Dnipro មុនពេល​ការវាយ​បក​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​គេ​រំពឹងទុក។
  • ប្រធានាធិបតីអ៊ុយក្រែន​លោក Volodymyr Zelenskyy បានអំពាវនាវដល់​ប្រទេស​លោក​ខាង​លិច ឱ្យ​ព្រមាន​ដល់ប្រទេស​រុស្ស៊ី​កុំ​ឱ្យបំផ្ទុះ​ទំនប់​ទឹក​ដ៏​ធំ​មួយ​ ដែល​នឹងធ្វើ​ឱ្យ​លិចលង់នៅ​តំបន់​ជា​ច្រើន​នៅ​ភាគខាង​ត្បូង​អ៊ុយក្រែន​ ខណៈ​ដែលកងកម្លាំង​របស់​លោក​ កំពុង​ត្រៀម​ខ្លួន​ដើម្បី​រុញ​ច្រាន​កងកម្លាំង​រុស្ស៊ី​ឱ្យ​ចេញ​ពី​តំបន់ Kherson ដែល​ជា​ផ្នែក​មួយ​នៃការ​ប្រយុទ្ធ​ដ៏​សំខាន់​បំផុតនៅ​ក្នុង​សមរភូមិ​នោះ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។​ នៅ​ក្នុងការ​ថ្លែង​សុន្ទរកថាតាម​ទូរទស្សន៍​ លោក Zelenskyy បាន​និយាយ​ថា កងកម្លាំង​រុស្ស៊ីបាន​បង្កប់​គ្រឿង​ផ្ទុះ​ជា​ច្រើន​គ្រាប់​នៅក្នុង​ទំនប់​ទឹក Nova Kakhovka ​ដែល​ជាទំនប់​ស្តុក​ទឹកធំមួយ​ សម្រាប់​ការប្រើប្រាស់នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​អ៊ុយក្រែន​ ហើយ​ប្រទេស​រុស្ស៊ី​មាន​គម្រោង​នឹង​បំផ្ទុះ​ទំនប់​ទឹក​នេះ ដើម្បី​បិទបាំងការដក​ថយ​របស់​ពួក​គេក្នុង​សមរភូមិ​ប្រយុទ្ធ។ ​
  • ប្រទេស​រុស្ស៊ីបាន​បញ្ជូន​កងទ័ព​ជា​ច្រើន​ពាន់នាក់​ដែល​ទើបជ្រើសរើស​ថ្មី ដើម្បី​ពង្រឹងការ​ការពាររបស់​ខ្លួន​នៅក្នុង​តំបន់ Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន​ ដែលនៅ​ទីនោះ​កងកម្លាំង​អ៊ុយក្រែន​ កំពុងមាន​ប្រៀប​យ៉ាង​ខ្លាំងក្នុង​ការរុល​ទៅ​មុខ​ នៅក្នុង​ការ​ប្រយុទ្ធ​វាយបក​ដើម្បី​យក​ទឺក​ដី​ ដែល​កាន់​កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​មកវិញ។​ នេះ​បើ​តាម​ការ​ផ្សាយ​របស់​វិទ្យុអឺរ៉ុប​សេរី។​ មាន​កងទ័ព​រុស្ស៊ី​ថ្មីៗ​រហូត​ដល់​ចំនួន​២ពាន់​នាក់​ បាន​មក​ដល់តំបន់ Kherson ដើម្បី​ជំនួសនិង​បំពេញ​កន្លែងកងទ័ព​ចាស់​ និង​ពង្រឹង​អង្គភាព​យោធានៅ​លើសមរភូមិជួរមុខ។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់​នាយសេនាធិការយោធា​អ៊ុយក្រែននៅ​ថ្ងៃ​សុក្រ​នេះ។
  • ជាង៣០ឆ្នាំ​បន្ទាប់ពី​ការដួលរលំវាំងនន​ដែក​មក ប្រទេសហ្វាំងឡង់​មាន​គម្រោងកសាង​របង​លួសបន្លា​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ខ្លួន​ជាមួយ​រុស្ស៊ី​ដែល​បែងចែក​តំបន់​ខាង​កើត​និង​ខាង​លិច​បន្ទាប់ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ សមាជិក​ដែល​គេ​រំពឹង​ថា​នឹង​ចូល​ក្នុង​អង្គការ​អូតង់​នេះ បាន​ប្រកាស​នៅ​សប្តាហ៍​នេះ​ពី​ផែនការ​ដែល​មាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ពី​សភា​ដើម្បី​ជំនួស​របង​ឈើ​របស់​ខ្លួន​ដែល​ធ្វើ​ឡើង​ដើម្បី​បញ្ឈប់​សត្វពាហនៈ​កុំ​ឱ្យ​ឆ្លងកាត់​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​មាន​ប្រវែង​១ពាន់​៣រយ​គីឡូម៉ែត្រ​ដោយ​ដាក់​របង​លួស​បន្លា​ដើម្បី​កុំ​ឱ្យជនជាតិ​រុស្ស៊ី​និង​ជន​ចំណាកស្រុក​ចូលក្នុង​ប្រទេសហ្វាំងឡង់។ អ្នក​ស្រី​នាយក​មន្ត្រី Sanna Marin បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​រដ្ឋធានី​ហែល​ស៊ិនគី​ថា «យើង​សង្ឃឹម​ថា ការងារ​នេះ​អាច​ចាប់ផ្តើម​បាន​ឆាប់រហ័ស​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»។ ហ្វាំងឡង់​បាន​ឃើញ​ជនចំណាក​ស្រុក​រុស្ស៊ី​ដ៏​ច្រើន​ក្នុង​ខែ​កញ្ញា​បន្ទាប់ពី​ការបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ឱ្យ​កេណ្ឌ​កងទ័ព​មុនពេល​ខ្លួន​រឹតត្បិត​ច្រកចេញ​ចូល​របស់​ខ្លួន។
  • ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រិះគន់​គូប្រជែង​ខាង​គណបក្ស​សាធារណរដ្ឋ​ចំពោះ​ការស្នើ​ថា ថវិកា​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយក្រែន​អាច​ត្រូវ​កាត់បន្ថយ​បន្ទាប់ពី​ការបោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​នៅ​ខែ​ក្រោយ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ លោក​ប្រធានាធិបតី Biden បាន​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ក្នុង​រដ្ឋ Pennsylvania ថា៖ «ពួកគេ​បាន​និយាយ​ថា ប្រសិនបើ​ពួកគេ​ឈ្នះ ពួកគេ​មិន​ទំនង​ផ្តល់​ថវិកា បន្ត​ផ្តល់​ថវិកា​ដល់​អ៊ុយក្រែន​ទេ»។ លោក​ប្រធានាធិបតី​និយាយ​ទៀត​ថា «ជន​ទាំង​នោះ​មិន​យល់។ បញ្ហា​នោះ​ធំ​ជាង​អ៊ុយក្រែន​ទៅ​ទៀត។ វា​ជា​បញ្ហា​អឺរ៉ុប​ខាង​កើត។ វា​ជា​បញ្ហា​អង្គការ​អូតង់។ វា​ប្រាកដ​ជា​មាន​ផលវិបាក​ធ្ងន់ធ្ងរណាស់»។ លោក Biden និយាយ​ទៀត​ថា៖ «ពួកគេ​មិន​យល់​ពី​គោលនយោបាយ​ការបរទេស​អាមេរិក»។ មន្ត្រី​ជាន់​ខ្ពស់​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthy បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រសិនបើ​គណបក្ស​របស់​លោក​ធ្វើ​ឱ្យ​ជឿនលឿន​ខ្លាំង​នៅ​ក្នុង​ការបោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ដូច​ការរំពឹង​ទុក ខ្លួន​នឹង​មិន​ផ្តល់​ថវិកា​ដល់​អ៊ុយក្រែន​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នោះ​ទេ។
  • ប្រទេស​តួកគី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ការលុបចោល​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាង​លិច​លើ​ប្រទេស​នានា​រួមទាំង​ប្រទេស​អ៊ីរ៉ង់​និង​វ៉េណេស៊ុយអេឡានឹងបន្ធូរ​បន្ថយវិបត្តិ​ថាមពល​សាកលលោក​ដែល​បណ្តាល​មក​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ វ៉េណេស៊ុយអេឡា​បាន​រង​ការដាក់​ទណ្ឌកម្ម​ការលក់​ប្រេង​ពី​សហរដ្ឋ​អាមេរិក​ចាប់តាំង​ពី​ឆ្នាំ២០១៩​មក ​ហើយ​អ៊ីរ៉ង់​បាន​ស្ថិត​ក្រោម​ការដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅពេល​ដែល​ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អំពី​ការធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥​ ឡើង​វិញ​បាន​ជាប់គាំង។
  • នៅ​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​អ៊ីរ៉ង់​បានជូន​ដំណឹង​ដល់​ពលរដ្ឋ​របស់​ខ្លួន​មិន​ឱ្យទៅ​ប្រទេស​អ៊ុយក្រែន​ និង​បានប្រាប់​ដល់​ពលរដ្ឋ​អ៊ីរ៉ង់​ដែលកំពុង​ស្ថិត​នៅ​ក្នុងប្រទេស​អ៊ុយក្រែន​ ឱ្យ​ចាកចេញ​ពី​ប្រទេស​នេះ។ នេះ​បើ​តាមការ​ផ្សព្វផ្សាយ​របស់ទី​ភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ប្រទេស​អ៊ីរ៉ង់។​ ការ​ប្រកាស​នេះ​ ត្រូវ​បានធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ បាន​ចោទ​ប្រកាន់អ៊ីរ៉ង់​ថា​បាន​ជួយ​ដល់​ប្រទេស​រុស្ស៊ី​ ក្នុង​ការ​ប្រើប្រាស់​យន្តហោះ​ដ្រូននៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​នោះ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters។​ សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​អ៊ីរ៉ង់​ មិន​បាននិយាយ​យោង​ទៅ​លើ​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិកនោះ​ឡើយ។ សេចក្តី​ជូន​ដំណឹង​នេះ​ បាន​ផ្តល់​លេខ​ទូរស័ព្ទ​របស់​ស្ថានទូត​អ៊ីរ៉ង់​ក្នុង​រដ្ឋធានី​កៀវ​ ដើម្បី​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ទាក់ទង​ដើម្បី​សាកសួរ​ព័ត៌មាន។ ​
  • ប្រធានាធិបតី​ប្រទេស​តួកគី​លោក Tayyip Erdogan ត្រូវ​បាន​សារព័ត៌មានស្រង់សម្តី​មក​ចុះ​ផ្សាយនៅ​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​នឹង​ជួបជា​មួយ​នាយករដ្ឋមន្ត្រី​ប្រទេស​ស៊ុយអែត​លោក​ Ulf Kristersson ដើម្បី​ពិភាក្សា​គ្នារឿង​ការ​សុំ​ចូល​ជា​សមាជិក​របស់​អង្គការអូតង់​របស់​ប្រទេសនេះ​ ក៏​ដូចជា​ការ​ពិភាក្សា​ទៅ​លើ​ការ​ធ្វើ​បត្យាប័ន​មនុស្ស​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​ក្រុង​អង់ការ៉ា​ ​គិត​ថា​ជាភេរវជននោះ។​ នេះបើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន ​Reuters។​ លោក Erdogan ក៏​បាន​និយាយផង​ដែរ​ថា​លោក​ Kristersson​ ដែល​ទើប​តែ​ត្រូវ​បាន​តែងតាំង​ក្នុង​ពេល​ថ្មីៗ​នេះ ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេសស៊ុយអែត​នោះ​ បាន​តាំងចិត្តថា​នឹង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។​ នេះ​បើតាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ NTV របស់​ប្រទេស​តួកគី។​

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG