២២:៥៩
២៤.១០.២០២២
ថ្ងៃចន្ទ ទី ២៤ ខែតុលា៖
- បណ្ដាបស្ចិមប្រទេសបានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃចន្ទថាបានរៀបគម្រោងគម្រាមប្រើប្រាស់គ្រាប់បែកដែលមានផ្ទុកសារធាតុនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលរុស្ស៊ីបានជម្លៀសជនស៊ីវិលចេញពីទីក្រុងមួយនៅប៉ែកខាងត្បូងអ៊ុយក្រែន ដែលគេរំពឹងថានឹងមានសង្គ្រាមធំមួយកើតឡើង។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ដោយកងកម្លាំងអ៊ុយក្រែនបានវាយរុលទៅមុខនៅក្នុងខេត្ត Kherson ដែលកាន់កាប់ដោយរុស្ស៊ី លោក Sergei Shoigu រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី បានហៅទូរសព្ទ ទៅកាន់សមភាគីបស្ចិមប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីប្រាប់ពួកគេថា រុស្ស៊ីសង្ស័យថាអ៊ុយក្រែនមានផែនការប្រើប្រាស់នូវអ្វីដែលគេហៅថា «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»។
- យោធារុស្ស៊ីនិយាយថា ខ្លួនបានត្រៀមកងកម្លាំងរបស់ខ្លួនរួចរាល់ដើម្បីតបតនឹងការប្រើប្រាស់ «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»ពីអ៊ុយក្រែន នៅក្នុងវាយប្រហារបោកបញ្ឆោតមួយដែលនឹងចោទប្រកាន់ថាជាស្នាដៃរបស់រុស្ស៊ី។ ការអះអាងនេះត្រូវបានបដិសេធខ្លាំងៗដោយសហរដ្ឋអាមេរិកនិងក្រុមសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោកឧត្តមសេនីយ៍ Igor Kirillov ប្រធានកងកម្លាំងការពារការវាយប្រហារដោយសារធាតុវិទ្យុសកម្ម ជាតិគីមី និងជីវសាស្ត្ររបស់យោធារុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា យោធារុស្ស៊ីបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើប្រតិបត្តិការក្នុងករណីដែលមានការវាយប្រហារដោយប្រើសារធាតុវិទ្យុសកម្ម។
- អាជ្ញាធររុស្ស៊ីនិយាយថា កងកម្លាំងអ៊ុយក្រែនបានបាញ់គ្រាប់រ៉ុក្កែតទៅលើរោងចក្រផលិតវារីអគ្គិសនីដ៏ធំមួយនៅតំបន់ Kherson នៅប៉ែកខាងត្បូងនៃប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ ទីភ្នាក់ងារព័ត៌មាននានារបស់រុស្ស៊ីបានផ្សព្វផ្សាយព័ត៌មានដោយយោងតាមសេចក្ដីថ្លែងការណ៍មួយពីទីភ្នាក់ងារសង្គ្រោះបន្ទាន់ថ្នាក់តំបន់កាលពីថ្ងៃចន្ទ ដោយនិយាយថា យោធាអ៊ុយក្រែនបានបាញ់រ៉ុក្កែតចំនួន ១៩ គ្រាប់ទៅលើរោងចក្រ Kakhovka និងបានបាញ់ចំគោលដៅចំនួន ៣ គ្រាប់។ នៅមិនទាន់មានព័ត៌មានលម្អិតភ្លាមៗអំពីតួលេខជនរងគ្រោះនៅឡើយទេ ហើយការខូចខាតក៏កំពុងត្រូវបានគេវាយតម្លៃ។
- រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba កំពុងតែជំរុញឱ្យអង្គការថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិបញ្ជូនជាបន្ទាន់នូវក្រុមការងារអធិការកិច្ចទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីតបតនឹងការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូដែលថា អ៊ុយក្រែនកំពុងតែត្រៀម«បង្ករឿង»ដោយប្រើ «គ្រាប់បែកដែលមានផ្ទុកសារធាតុវិទ្យុសកម្ម»។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ លោក Kuleba និយាយកាលពីថ្ងៃចន្ទថា លោកបានលើកសំណើដូចនេះតាមរយៈការហៅទូរសព្ទជាមួយនឹងលោក Rafael Grossi ប្រធានអង្គការថាមពលបរមាណូអន្តរជាតិ។ លោក Kuleba និយាយថា លោក Grossi បានព្រមព្រៀងថានឹងបញ្ជូនក្រុមអធិការកិច្ចមួយទៅកាន់អ៊ុយក្រែន។ លោកKuleba បានថ្លែងបន្ថែមថា «អ៊ុយក្រែនមិនដូចរុស្ស៊ីនោះទេ។ អ៊ុយក្រែនតែងតែមានតម្លាភាព។ យើងគ្មានអ្វីដែលត្រូវលាក់បាំងនោះទេ»។
- រដ្ឋបាលតំបន់ Kherson នៃប្រទេសអ៊ុយក្រែន ដែលតែងតាំងដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានរៀបចំបុរសមួយចំនួននៅក្នុងតំបន់នេះឱ្យចូលរួមក្នុងក្រុមសកម្មប្រយុទ្ធ។ នៅក្នុងកំណត់ហេតុមួយលើ Telegram អាជ្ញាធរបាននិយាយថា បុរសទាំងនោះមាន«ឱកាស»ចូលរួមជាមួយនឹងក្រុមការពារដែនដីប្រសិនបើពួកគេជ្រើសរើសបន្ដរស់នៅក្នុងតំបន់ Kherson ដោយស្ម័គ្រចិត្ត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃអាទិត្យថា ព្រះវិហារសាសនាគ្រិស្តនិកាយ Orthodox របស់រុស្ស៊ី អនុញ្ញាតឱ្យអាជ្ញាធររុស្ស៊ីពង្វក់ថា ការធ្វើសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនជារឿងត្រឹមត្រូវ ហើយលោក Macron បានជំរុញឱ្យព្រះវិហារនេះប្រឆាំងនឹងសម្ពាធរបៀបនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Macron ដែលកំពុងធ្វើទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសអ៊ីតាលី បានថ្លែងយ៉ាងដូច្នេះនៅក្នុងសុន្ទរកថាមួយនៅឯសន្និសីទសារព័ត៌មានអន្តរជាតិមួយ ដែលរៀបចំឡើងដោយ Italy's Sant' Egidio Community ដែលជាអង្គការសប្បុរសធម៌មួយនៅទូទាំងពិភពលោក។
- នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែនប៉ាន់ស្មានថា ការស្ដារប្រទេសឡើងវិញក្រោយសង្គ្រាមបញ្ចប់នឹងត្រូវការប្រាក់ជិត ៧៥០ ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Shmyhal បានថ្លែងយ៉ាងដូច្នេះនៅក្នុងវេទិកាជំនួញមួយរវាងអាល្លឺម៉ង់និងអ៊ុយក្រែន។ លោកក៏បានលើកឡើងអំពីលទ្ធភាពនៃការវិនិយោគទៅលើវិស័យកសិកម្មរបស់អ៊ុយក្រែន និងបានថ្លែងអំណរគុណដល់អាល្លឺម៉ង់ចំពោះការផ្ដល់ការការពារដែនអាកាសដល់អ៊ុយក្រែន។
- អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា ការស្ដារប្រទេសអ៊ុយក្រែនឡើងវិញនឹងក្លាយជា«កិច្ចការរបស់មនុស្សមួយជំនាន់» ដែលគ្មានប្រទេស ម្ចាស់ជំនួយ ឬស្ថាប័នអន្តរជាតិណាមួយអាចធ្វើការងារនេះតែម្នាក់ឯងបានទេ។ លោក Scholz បានថ្លែងដូច្នេះកាលពីថ្ងៃចន្ទ នៅក្នុងវេទិកាជំនួញអាល្លឺម៉ង់អ៊ុយក្រែន ក្នុងរយៈពេលមួយថ្ងៃក្រោយមក បន្ទាប់ពីលោកនិងប្រធានគណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុបបានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបមួយជាមួយនឹងអ្នកជំនាញដើម្បីជួយប្រមែប្រមូលការគាំទ្រអន្តរជាតិសម្រាប់ជួយស្ដារប្រទេសអ៊ុយក្រែនឡើងវិញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AP។
- រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានីលោក Vasile Dincu បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ដោយនិយាយថា លោកមិនអាចធ្វើការជាមួយនឹងប្រធានាធិបតីរ៉ូម៉ានីបានទេ។ ការលាលែងពីតំណែងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកនិយាយថា ឱកាសតែមួយគត់របស់អ៊ុយក្រែនក្នុងការបញ្ចប់សង្គ្រាមនេះគឺត្រូវចរចាជាមួយនឹងរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។
- ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ជនស៊ីវិលយ៉ាងហោចណាស់ចំនួន ៦ នាក់ត្រូវបានសម្លាប់ ហើយមនុស្សចំនួន ៥ នាក់ផ្សេងទៀតបានរងរបួសដោយសារការវាយប្រហាររបស់រុស្ស៊ីលើតំបន់មួយចំនួនក្នុងប្រទេសអ៊ុយក្រែននៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
០២:១៧
២៦.១០.២០២២
ថ្ងៃអង្គារ ទី២៥ ខែតុលា៖
- ប្រធានាធិបតីប្រទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier បានអញ្ជើញទៅដល់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ។ នេះបើតាមអ្នកនាំពាក្យរបស់លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដើម្បីបញ្ជាក់ពីដំណើរទស្សនកិច្ចមិនប្រាប់ឱ្យដឹងជាមុនរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន។ ដំណើរទស្សនកិច្ចនេះគឺជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈមក ហើយបានកើតមានឡើង ៥ខែបន្ទាប់ពីលោកSteinmeier ដែលនៅពេលនោះស្ថិតនៅក្រោមការរិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយបន្ធូរបន្ថយការតានតឹងអស់ជាច្រើនឆ្នាំរបស់លោកជាមួយរដ្ឋាភិបាលក្រុងមូស្គូដែលត្រូវបានធ្វើព្រងើយកន្តើយដោយរដ្ឋាភិបាលក្រុងកៀវ។ លោកប្រធានាធិបតីក៏បានលុបចោលដំណើរទស្សនកិច្ចនៅនាទីចុងក្រោយកាលពីសប្តាហ៍មុនដោយសារហេតុផលសន្តិសុខដែលបានបណ្តាលឱ្យមានការរិះគន់ពីគណបក្សប្រឆាំងរបស់អាល្លឺម៉ង់។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោក លោកប្រធានាធិបតីបាននិយាយថា៖ «ខ្ញុំរំពឹងនឹងមានជំនួបរបស់ខ្ញុំជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅក្នុងរដ្ឋធានីកៀវ»។ មុនជួបលោកប្រធានាធិបតី Zelenskyy លោក Steinmeierនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងមួយនៅភាគខាងជើងអ៊ុយក្រែននៅជិតព្រំដែនប្រទេសបេឡារុសដែលអ៊ុយក្រែននិយាយថា ខ្លួនបានរំដោះពីកងទ័ពរុស្ស៊ី ក៏ប៉ុន្តែ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
- រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទបានចោទប្រកាន់រុស្ស៊ីពីការមានបំណងអូសបន្លាយការមកដល់នៃកប៉ាល់ដឹកទំនិញចំនួន១៦៥គ្រឿងពីប្រទេសតួកគីដែលកំពុងធ្វើដំណើរទៅកាន់កំពង់ផែនានារបស់អ៊ុយក្រែនដើម្បីដឹកគ្រាប់ធញ្ញជាតិ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា ពួកអធិការរបស់រុស្ស៊ី«បានអូសបន្លាយពេលការត្រួតពិនិត្យកប៉ាល់ទាំងនោះ។ ជាលទ្ធផល កប៉ាល់ជាង១៦៥គ្រឿងបានជាប់គាំងជាជួរនៅជិតច្រកសមុទ្រ Bosphorus ហើយចំនួននេះបន្តកើនឡើងជារៀងរាល់ថ្ងៃ»។ ក្រសួងការបរទេសអ៊ុយក្រែនបានបញ្ជាក់ទៀតថា៖ «យើងមានហេតុផលជឿថា ការអូសបន្លាយពេលក្នុងការធ្វើអធិការកិច្ចរបស់រុស្ស៊ីដល់កប៉ាល់របស់កម្មវិធីកិច្ចផ្តួចផ្តើមគ្រាប់ធញ្ញជាតិជាហេតុផលនយោបាយ។ កប៉ាល់ទាំងនោះបានរង់ចាំដើម្បីទទួលបានការអនុញ្ញាតដំណើរការពិនិត្យការសង្ស័យដែលតម្រូវនៅក្រោមកិច្ចព្រមព្រៀងដែលគាំទ្រដោយតួកគីនិងអង្គការសហប្រជាជាតិដែលមានគោលបំណងយកគ្រាប់ធញ្ញជាតិអ៊ុយក្រែនទៅកាន់ទីផ្សារបរទេសហើយនិងបន្ធូរបន្ថយការភ័យខ្លាចនៃវិបត្តិចំណីអាហារសាកលលោក។
- ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអង្គារបានសុំឱ្យសហគមន៍អន្តរជាតិរ៉ាប់រងឱនភាពថវិកាដែលគេរំពឹងទុកចំនួន៣៨ពាន់លានដុល្លារនៅឆ្នាំក្រោយសម្រាប់ប្រទេសដែលហែកហួរដោយសង្គ្រាមរបស់លោក ដោយការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។ ការបាញ់ផ្តក់ដ៏ប្រល័យរបស់រុស្ស៊ីបានបង្កើនខ្លាំងឡើងនៅទីក្រុង Bakhmut ភាគខាងកើតតំបន់ Donbas ជាទីកន្លែងដែលអ្នកកាសែត AFP បានឃើញផ្សែងលេចចេញពីសមរភូមិដែលមានការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងកងកម្លាំងរដ្ឋាភិបាលក្រុងមូស្គូនិងកងកម្លាំងរដ្ឋាភិបាលក្រុងកៀវដើម្បីព្យាយាមកាន់កាប់តំបន់នោះ។ ហើយពួកអាជ្ញាធរដែលលម្អៀងខាងរុស្ស៊ីនៅក្នុងទីក្រុង Melitopol ភាគខាងកើតអ៊ុយក្រែនដែលឥឡូវនេះត្រូវបានត្រួតត្រាដោយកងកម្លាំងរបស់រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា គ្រាប់បែកបង្កប់ក្នុងរថយន្តមួយគ្រឿងបានផ្ទុះនៅជិតការិយាល័យរបស់បណ្តាញព័ត៌មានក្នុងស្រុកដែលបានធ្វើឱ្យមនុស្ស៥នាក់រងរបួស។ នៅឯសន្និសីទអន្តរជាតិសម្រាប់កសាងប្រទេសអ៊ុយក្រែនឡើងវិញនៅក្នុងទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតីZelensky បានជំរុញឱ្យពួកមេដឹកនាំអឺរ៉ុបផ្តល់ការគាំទ្រខាងហិរញ្ញវត្ថុកាន់តែច្រើនឡើងសម្រាប់ប្រទេសរបស់លោកអស់រយៈពេលជាង៨ខែក្រោយពីប្រធានាធិបតីរុស្ស៊ីលោកVladimir Putin បានបញ្ជូនកងទ័ពរុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន។
- សហរដ្ឋអាមេរិកកំពុងពិចារណាបញ្ជូនឧបករណ៍ការពារដែនអាកាសប្រភេទ HAWK ចំណាស់ៗពីឃ្លាំងរបស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយអ៊ុយក្រែនការពារទប់ទល់នឹងការវាយប្រហារដោយដ្រូននិងកាំជ្រួច Cruise របស់រុស្ស៊ី។ នេះបើតាមមន្ត្រី២ រូបរបស់សហរដ្ឋអាមេរិកដែលបានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters។ កាំជ្រួចមីស៊ីលបាញ់ស្ទាក់ប្រភេទ HAWK នឹងត្រូវធ្វើបច្ចុប្បន្នភាពដល់ប្រព័ន្ធការពារកាំជ្រួចមីស៊ីល Stinger ដែលជាប្រព័ន្ធការពារដែនអាកាសតូចជាង មានវង់ប្រតិបត្តិការខ្លីជាង ដែលសហរដ្ឋអាមេរិកបានបញ្ជូនរួចហើយដើម្បីទប់ទល់ការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូ។ រដ្ឋាភិបាលរុស្ស៊ីកាលពីថ្ងៃអង្គារបានបង្កើនការអះអាងរបស់ខ្លួនថា រដ្ឋាភិបាលក្រុងកៀវមានគម្រោងប្រើ«គ្រាប់បែកវិទ្យុសកម្ម» (dirty bomb) នៅក្នុងប្រទេសអ៊ុយក្រែនដោយបានព្រមានប្រទេសលោកខាងលិចពីភាពគ្រោះថ្នាក់ដោយបដិសេធគោលជំហររបស់រដ្ឋាភិបាលក្រុងមូស្គូនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ពួកមន្ត្រីជាច្រើនរបស់ប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេសនិងបារាំងបានច្រានចោលការអះអាងរបស់រដ្ឋាភិបាលក្រុងមូស្គូដែលថា រដ្ឋាភិបាលក្រុងកៀវអាចកំពុងប្រុងប្រៀបចុចបំផ្ទុះឧបករណ៍វិទ្យុសកម្មនៅក្នុងប្រទេសអ៊ុយក្រែន៕
២១:៥៩
២៧.១០.២០២២
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា៖
- ប្រទេសអ៊ីរ៉ង់អាចជំរុញការចូលរួមរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ ជាមួយរុស្ស៊ីក្នុងការឈ្លានពានប្រទេសអ៊ុយក្រែន។ នេះបើតាមការវិភាគមួយដែលត្រូវបានចេញផ្សាយដោយទស្សនាវដ្តីគោលនយោបាយការបរទេស (Foreign Policy)។ បន្ថែមទៅលើការផ្គត់ផ្គង់យន្តហោះដ្រូនដែលគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ដែលអ៊ីរ៉ង់បានបដិសេធនោះ ប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗខាងមុខនេះ អាចលក់គ្រាប់មីស៊ីលបាលីស្ទិកចម្ងាយខ្លីប្រភេទ Fateh-110 និង Zulfiqar ទៅឱ្យរុស្ស៊ី ដើម្បីបំពេញការផ្គត់ផ្គង់របស់រុស្ស៊ីដែលគ្រឿងសព្វាវុធមីស៊ីលរបស់ខ្លួនកំពុងតែខើចទៅៗ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានដាក់ពង្រាយរួចហើយនៅក្នុងប្រទេសអ៊ុយក្រែននិងប្រទេសបេឡារុស្ស ដើម្បីហ្វឹកហ្វឺនកងកម្លាំងរុស្ស៊ីប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានមួយចំនួន។ ទីភ្នាក់ងារសារព័ត៌មានប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន បានរាយការណ៍ថា ទាហានអ៊ីរ៉ង់១០នាក់ បានស្លាប់ក្នុងពេលដែលកងទ័ពអ៊ុយក្រែន វាយប្រហារទៅលើកងទ័ពរុស្ស៊ី។
- តំបន់ជុំវិញទីក្រុង Kherson ដែលស្ថិតក្នុងចំណោមទីក្រុងមួយចំនួន ដែលត្រូវបានគ្រប់គ្រងតាំងពីដំបូងនៃការចូលឈ្លានពានរបស់កងកម្លាំងរុស្ស៊ីកាលពីចុងខែកុម្ភៈនោះ ពេលនេះកំពុងរងការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ខណៈពេលដែលទាហានអ៊ុយក្រែន កំពុងព្យាយាមដណ្តើមយកមកវិញ។ នេះបើតាមការចេញផ្សាយរបស់កាសែតThe New York Times ។ ទំនប់វារីអគ្គិសនីមួយដែលស្ថិតនៅក្បែរនោះ គឺជាទីតាំងឆ្លងកាត់ចុងក្រោយដ៏សំខាន់មួយរបស់កងទ័ពរុស្ស៊ី ដើម្បីប្រើប្រាស់ឆ្លងទន្លេ Dnipro។ ប្រសិនបើកងទ័ពអ៊ុយក្រែនដណ្តើមគ្រប់គ្រងបានទំនប់វារីអគ្គិសនីនោះ កងទ័ពរុស្ស៊ីរាប់ពាន់នាក់ ប្រហែលជាត្រូវជាប់គាំង គ្មានផ្លូវណាផ្សេងដកទ័ពថយក្រោយនោះឡើយ។
- សេចក្តីរាយការណ៍ព័ត៌មាននានានិងបណ្តាញសង្គមក្នុងប្រទេសរុស្ស៊ី បានបង្ហាញថា កងទ័ពរុស្ស៊ីជាច្រើននាក់ដែលកំពុងត្រូវបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននោះ ពុំមានឧបករណ៍យោធាគ្រប់គ្រាន់ ឬទទួលបានការបណ្តុះបណ្តាលល្អត្រឹមត្រូវនោះឡើយ។ នេះបើយោងទៅលើទីភ្នាក់ងារសារព័ត៌មាន AP ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីខែមុន បានបញ្ជាឱ្យជ្រើសរើសទ័ពចំនួន៣សែននាក់បន្ថែមទៀត ដើម្បីជំរុញការវាយប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងពិធីថតរូបមួយក្នុងបន្ទាយយោធាមួយកន្លែងកាលពីដើមសប្តាហ៍នេះ លោក Putin ត្រូវបានគេឃើញឈរថតជាមួយក្រុមទាហានរុស្ស៊ីក្នុងឯកសណ្ឋានកងទ័ពថ្មីៗ ដែលបំពាក់ដោយឧបករណ៍យោធាប្រយុទ្ធ ដែលរួមមានមួកការពារនិងអាវក្រោះផងដែរ។ ប៉ុន្តែសារព័ត៌មាននិងក្រុមសិទ្ធិមនុស្សឯករាជ្យ បានលើកឡើងថា ការជ្រើសរើសកងទ័ពថ្មីនោះមិនត្រូវបានធ្វើឡើងល្អទេហើយក្រុមទាហានរុស្ស៊ី ដែលទើបត្រូវបានបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធនោះ ពុំមានការបណ្តុះបណ្តាលនិងសម្ភារៈយោធាគ្រប់គ្រាន់នោះឡើយ។ កងទ័ពទើបចូលថ្មី បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម ដែលបង្ហាញពីអាវុធចាស់ៗដែលមានច្រេះចាប់ និងស្ថានភាពរស់នៅមិនល្អ។
- អាជ្ញាធរដែលត្រូវបានតែងតាំងដោយរុស្ស៊ីនៅក្នុងតំបន់ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន បានបញ្ជាឱ្យមានការត្រួតពិនិត្យទៅលើប្រព័ន្ធទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ដោយប្រកាសអនុវត្តការដាក់កំហិតរបស់យោធា នៅក្រោមច្បាប់អាជ្ញាសឹកថ្មី ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ដោយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។ លោក Vladimir Rogov ដែលជាមន្ត្រីដែលត្រូវបានតែងតាំងដោយរុស្ស៊ីក្នុងតំបន់ Zaporizhzhia បានថ្លែងថា៖ «ចាប់ពីពេលនេះទៅក្នុងតំបន់Zaporizhzhia មន្ត្រីអនុវត្តច្បាប់ បានចាប់ផ្តើមធ្វើការត្រួតពិនិត្យជារួម ទៅលើការប្រើប្រាស់ទូរស័ព្ទចល័តរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ»។ លោកនិយាយថា អ្នកប្រើទូរស័ព្ទនានា ដែលមានភ្ចាប់ប្រភពឃោសនាផ្សេងៗ នៃរបបភេរវកម្មក្រុងកៀវនោះ នឹងត្រូវទទួលការព្រមានជាមុនសិន មុននឹងទទួលរងការផាកពិន័យ»។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAFP។
- វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថា បើយោងទៅលើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រទេសអ៊ុយក្រែន បានដកខ្លួនចេញពីការចរចាសន្តិភាពជាមួយរុស្ស៊ី កាលពីខែមីនាកន្លងទៅនេះ ដោយសារមានបញ្ជាមកពីសហរដ្ឋអាមេរិក។ «ខ្លឹមសារនៃកិច្ចចរចានោះ ត្រូវបានត្រៀមរួចរាល់ហើយ ស្រាប់តែភ្លាមៗនោះ ខាងភាគីអ៊ុយក្រែន បានសម្រេចចិត្តដកខ្លួនចេញពីការចរចា ហើយភាគីខាងប្រទេសអ៊ុយក្រែន បានប្រកាសពីការមិនចង់បន្តការចរចារបស់ខ្លួន»។ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបានប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយបន្ថែមថា លោក Putin បានចាត់ទុកថា វាច្បាស់ណាស់ដែលថា ការសម្រេចចិត្តឈប់ចរចារបស់ភាគីប្រទេសអ៊ុយក្រែននោះ គឺ«ធ្វើឡើងដោយមានបញ្ជាពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន» ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
២២:៣០
២៨.១០.២០២២
ថ្ងៃសុក្រ ទី២៨ ខែតុលា៖
- មន្ត្រីតួកគីម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសុក្រថា ប្រធានអង្គការអូតង់លោក Jens Stoltenberg នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃទី៤ ខែវិច្ឆិកា ដើម្បីចរចាស្តីពីដំណើរការជិតបញ្ចប់របស់ប្រទេសហ្វាំងឡង់និងស៊ុយអែតដើម្បីចូលរួមក្នុងសម្ព័ន្ធមិត្តយោធានេះ។ លោកStoltenbergមានគម្រោងជួបជាមួយប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ដែលបានព្រមានថា ប្រទេសរបស់លោកនឹងមិនយល់ព្រមដល់សមាជិកភាពរបស់ប្រទេសទាំង២នេះទេរហូតទាល់តែ «ប្រទេសទាំង២ធ្វើទៅតាមការសន្យារបស់ខ្លួនសិន»។ លោក Erdogan បានចោទប្រកាន់ប្រទេសហ្វាំងឡង់និងស៊ុយអែតថា បានផ្តល់ទីជម្រកដល់ពួកជនសម្ពន្ធប្រយុទ្ធ Kurds ខុសច្បាប់ដែលត្រូវបានចាត់ទុកដោយរដ្ឋាភិបាលក្រុងអង់ការ៉ាថាជា«ភេរវជន»។ កាលពីខែមិថុនា តួកគី ស៊ុយអែតនិងហ្វាំងឡង់បានធ្វើកិច្ចព្រមព្រៀងមួយដែលមានរួម ខចែងពីការធ្វើបត្យាប័ននិងចែកចាយព័ត៌មាន។ កាលពីថ្ងៃពុធ លោក Stoltenberg បានប្រកាសផែនការអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីខណៈដែលសរសើរអំពី«ទំនាក់ទំនងដ៏ជិតស្និទ្ធ»ដែលរដ្ឋាភិបាលស៊ុយអែតនិងហ្វាំងឡង់មានជាមួយរដ្ឋាភិបាលក្រុងអង់ការ៉ា«នៅគ្រប់កម្រិត»។
- សាច់ញាតិរបស់ពួកអ្នកទោសសង្គ្រាមជាតិអ៊ុយក្រែនមានគម្រោងជួបពួកអ្នកតំណាងរបស់អង្គការសហប្រជាជាតិនិងកាកបាទក្រហមនៅក្នុងទីក្រុងហ្សឺណែវ នៅថ្ងៃព្រហស្បតិ៍ដើម្បីស្វះស្វែងឱ្យពួកគេជួយដើម្បីឱ្យបានទៅដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ស្ត្រី៤នាក់ជាភរិយា កូនស្រីឬម្តាយរបស់ពួកឈ្លើយសឹកដែលត្រូវបានឃុំខ្លួនដោយរុស្ស៊ីនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានអមដំណើរដោយលោកស្រី Hanna Zamazieieva តំណាងអ៊ុយក្រែននៅឯក្រុមប្រឹក្សាអឺរ៉ុបដែលជាអង្គការសិទ្ធិមនុស្សនាំមុខមួយរបស់ទ្វីបនោះ។ ស្ត្រី៤នាក់ដែលសុំមិនប្រាប់ឈ្មោះដោយសារតែបញ្ហាសន្តិសុខមានគម្រោងជួបជាមួយពួកអ្នកតំណាងមកពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)។ លោកស្រី Zamazieieva បានប្រាប់ពួកអ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាម្នាក់របស់បេសកកម្មអ៊ុយក្រែនប្រចាំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវថា«ការណ៍នេះនឹងធ្វើឱ្យពួកគេដឹងអំពីរឿងរ៉ាវរបស់ពួកគេហើយនឹងអំពាវនាវដល់ពួកគេឱ្យចាត់វិធានការ»។
- ប្រធានឧបទ្វីប Crimea ដែលគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ការចាកចេញរបស់ជនស៊ីវិលពីតំបន់ Kherson ដែលរៀបចំឡើងដោយកងទ័ពរុស្ស៊ីនៅពេលមានការវាយបកពីកងទ័ពអ៊ុយក្រែនបាន«បញ្ចប់» បន្ទាប់ពីលោកបានចុះទៅពិនិត្យមើលតំបន់នោះជាមួយលោក Sergei Kiriyenko ប្រធានកិច្ចការក្នុងស្រុករបស់រដ្ឋាភិបាលវិមានក្រឹមឡាំង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោក Sergei Aksyonov ប្រធានឧបទ្វីបCrimeaដែលតែងតាំងដោយរដ្ឋាភិបាលក្រុងមូស្គូបាននិយាយតាម Telegram កាលពីយប់ថ្ងៃព្រហស្បតិ៍ថា៖ «ការងារដើម្បីរៀបចំឱ្យពួកអ្នកស្រុកចាកចេញពីត្រើយខាងឆ្វេងនៃទន្លេ Dnipro ទៅកាន់តំបន់ដែលមានសុវត្ថិភាពក្នុងប្រទេសរុស្ស៊ីបានចប់សព្វគ្រប់ហើយ»។ ពួកអាជ្ញាធរដែលត្រួតត្រាដោយរដ្ឋាភិបាលក្រុងមូស្គូនៅក្នុងតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែនបានជំរុញឱ្យពួកអ្នកស្រុកឆ្លងទៅកាន់ត្រើយខាងស្តាំនៃទន្លេ Dnipro នៅពេលដែលកងទ័ពអ៊ុយក្រែនបានរុលទៅមុខនៅតំបន់ភាគខាងត្បូង។ រដ្ឋាភិបាលក្រុងកៀវបានប្រៀបធៀបការជម្លៀសមនុស្សនេះថាដូចទៅនឹង«ការនិរទេស»ប្រជាជនក្នុងសម័យសហភាពសូវៀត។
- នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី Kristalina Georgieva កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការសន្យាផ្គត់ផ្គង់ហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែនដោយសហរដ្ឋអាមេរិកនិងអឺរ៉ុបនឹងមានគ្រប់គ្រាន់សម្រាប់រដ្ឋាភិបាលក្រុងកៀវរហូតដល់ឆ្នាំ២០២៣ ដោយសន្មតថាសង្គ្រាមនេះនឹងមិនរីកកាន់តែធំឡើង។ លោកស្រី Georgieva បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនៅខាងក្រៅសន្និសីទដែលបានរៀបចំឡើងដោយគណៈកម្មការអឺរ៉ុបដែលជាសាខានីតិបញ្ញត្តិនៃសហភាពអឺរ៉ុបថា «យើងនឹងមានប្រាក់គ្រប់គ្រាន់ដល់ឆ្នាំ ២០២៣ដើម្បីជួយប្រទេសអ៊ុយក្រែន»។ ស្ថានភាពហិរញ្ញវត្ថុរបស់អ៊ុយក្រែនមានការលំបាកពីព្រោះតែការឈ្លានពានរបស់រុស្ស៊ីហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវដល់ពួកអ្នកគាំទ្រអន្តរជាតិឱ្យបំពេញភាពច្រឡោះប្រហោងនៃថវិកាចំនួន៣៨ពាន់លានដុល្លាររបស់ប្រទេសលោកសម្រាប់ឆ្នាំ២០២៣។ មហាអំណាចប្រទេសលោកខាងលិចទទូចថា ការធ្វើឱ្យប្រទេសដែលហែកហួរដោយសង្គ្រាមនេះមានស្ថិរភាពជាការសំខាន់ជាប្រវត្តិសាស្ត្រ ដោយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអំពាវនាវឱ្យមានផែនការ Marshall ថ្មីមួយសម្រាប់សតវត្សរ៍ទី២១នៅឯសន្និសីទស្តីពីប្រទេសអ៊ុយក្រែននៅដើមសប្តាហ៍នេះ៕