១៨:១៣
១៣.១០.២០២២
ថ្ងៃ ពុធ ទី ១២ ខែតុលា៖
- រុស្ស៊ីបានឃុំខ្លួនជនសង្ស័យ៨នាក់ទាក់ទិននឹងការបំផ្ទុះស្ពានដ៏ប្រល័យដែលភ្ជាប់តំបន់ Crimea ត្រូវកាន់កាប់ ទៅនឹងប្រទេសរុស្ស៊ី។ ក្រសួងសន្តិសុខរុស្ស៊ី FSB បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានទីភ្នាក់ងារព័ត៌មាននានាយកមកចុះផ្សាយនៅថ្ងៃពុធហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។ សេចក្តីថ្លែងការណ៍នោះមិនបានផ្តល់សេចក្តីលម្អិតថា ជនសង្ស័យទាំងនោះរួមមានជនជាតិរុស្ស៊ី៥នាក់និងជនជាតិអ៊ុយក្រែននិងពលរដ្ឋអាមេនី៣នាក់។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ទៀតថា«គ្រឿងផ្ទុះនោះត្រូវបានលាក់នៅក្នុងដុំប្លាស្ទិកចំនួន២២ដែលមានទម្ងន់២២.៧៧០គីឡូក្រាម។ តាមក្រសួងសន្តិសុខ FSB បានឱ្យដឹងថា ដុំប្លាស្ទិកទាំងនោះត្រូវបានដាក់នៅលើនាវាមួយគ្រឿងកាលពីខែសីហាដែលបានធ្វើដំណើរពីកំពង់ផែ Odessaនៃប្រទេសអ៊ុយក្រែនទៅកាន់ប្រទេសប៊ុលហ្គារី។ បន្ទាប់មក ត្រូវបានគេដឹកកាត់តាមកំពង់ផែ Poti នៃប្រទេសហ្សកហ៊្សីហើយដឹកតាមដីគោកទៅកាន់ប្រទេសអាមេនីមុនទៅដល់ប្រទេសរុស្ស៊ីដឹកតាមផ្លូវថ្នល់។ ក្រសួងសន្តិសុខ FSB បានឱ្យដឹងទៀតថា គ្រឿងផ្ទុះនោះបានចូលក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី៤ ខែតុលាតាមរថយន្តកាមីញ៉ុងមួយមានផ្លាកលេខហ្សកហ្ស៊ីហើយបានទៅដល់តំបន់ Krasnodar កាលពីថ្ងៃទី៦ខែតុលា ២ថ្ងៃមុនការផ្ទុះ។ ស្ពាននេះមានសារៈសំខាន់ខាងភ័ស្តុភារសម្រាប់រដ្ឋាភិបាលក្រុងម៉ូស្គូដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយសម្រាប់ដឹកសម្ភារៈយោធាទៅឱ្យកងទ័ពរុស្ស៊ីដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
- អ៊ុយក្រែនបានទទួលប្រព័ន្ធការពារIRIS-Ts លើកដំបូងមកពីប្រទេសអាល្លឺម៉ង់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiy Reznikov ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។ លោក Reznikov បានបញ្ជូនសារតាមTwitter កាលពីយប់ថ្ងៃអង្គារថា៖ «ប្រព័ន្ធការពារ IRIS-Ts មកពីប្រទេសអាល្លឺម៉ង់បានមកដល់ទីនេះហើយ។ កាំជ្រួច NASAMS របស់សហរដ្ឋអាមេរិកកំពុងមក។ នេះជាការចាប់ផ្តើមប៉ុណ្ណោះ។ ហើយយើងត្រូវការច្រើនទៀត។ ប្រព័ន្ធការពារនេះជាការចាំបាច់ខាងសីលធម៌ដើម្បីការពារផ្ទៃអាកាសលើប្រទេសអ៊ុយក្រែនដើម្បីជួយសង្គ្រោះជីវិតពលរដ្ឋរបស់យើង»។ អាល្លឺម៉ង់បានសន្យាផ្តល់ខែលការពារIRIS-Ts លើកដំបូងក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារដ៏ប្រល័យនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិចណាស់ក៏១៩នាក់ ហើយបានធ្វើឱ្យមនុស្សជាង១០០នាក់ទៀតរងរបួស។ ក្រសួងការពារជាតិអ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃចន្ទថា រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល៨៣គ្រាប់ទៅលើអ៊ុយក្រែនដែលក្នុងនោះប្រព័ន្ធកាពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ចំនួន៥២គ្រាប់ក្នុងចំណោមនោះ មានកាំជ្រួចមីស៊ីល Cruise ៤៣ គ្រាប់ផង។
- បណ្តាប្រទេសលោកខាងលិចដែលគាំទ្រប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធបានពិភាក្សា«អាទិភាពកំពូលៗ»នៃការផ្គត់ផ្គង់ប្រព័ន្ធការពារអាកាសកាន់តែច្រើនឡើងថែមទៀតដល់រដ្ឋាភិបាលក្រុងកៀវនៅពេលដែលរដ្ឋាភិបាលក្រុងកៀវបានជំរុញឱ្យបង្កើនការការពារប្រឆាំងនឹងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកOleksiy Reznikov បាននិយាយពាក្យបីម៉ាត់នៅពេលត្រូវបានគេសួរថា តើលោកនឹងសង្ឃឹមទទួលបានអ្វីមកពីជំនួបនៅឯទីស្នាក់ការធំរបស់អង្គការអូតង់នៅក្នុងទីក្រុងប៊្រុចសេលនោះ។ លោកនិយាយថា៖ «ប្រព័ន្ធការពារអាកាស»។ ក្រុមដែលមានប្រទេសជិត៥០ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នានៅឯទីស្នាក់ការធំរបស់អង្គការអូតង់នៅក្នុងទីក្រុងប៊្រុចសែលនៅថ្ងៃពុធដោយផ្តោត លើការការពារដែនអាកាសបន្ទាប់ពីរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលទូទាំងប្រទេសអ៊ុយ ក្រែនបន្ទាប់ពីការបំផ្ទុះស្ពានភ្ជាប់ពីតំបន់ Crimea ទៅប្រទេសរុស្ស៊ី។ ប្រធានអង្គការអូតង់លោក Jens Stoltenberg បាននិយាយថា ការពិភាក្សាគ្នានឹងដោះ ស្រាយថាតើត្រូវបង្កើនការជួយឧបត្ថម្ភដល់អ៊ុយក្រែនយ៉ាងដូចម្តេចនិងអាទិភាពសំខាន់ៗខាងវិស័យការពារដែនអាកាសបន្ទាប់ពីការវាយប្រហារនៅសប្តាហ៍នេះក្រោយការបំផ្ទុះស្ពានកាលពីថ្ងៃសៅរ៍សប្តាហ៍មុនមក។ ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បានអំពាវនាវដល់មេដឹកនាំក្រុម ប្រទេសG-7 កាលពីថ្ងៃអង្គារឱ្យជួយបង្កើតខែលការពារដែនអាកាសនៅលើប្រទេសរបស់លោក។
- ប្រទេសអាល្លឺម៉ង់នឹងមិនទទួលយកឧស្ម័នរបស់រុស្ស៊ីកាត់តាមបំពង់បង្ហូរឧស្ម័ន Nord Stream 2 ទៀតទេ។ នេះតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋាភិបាលកាលពីថ្ងៃពុធបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្នើផ្តល់បន្តការផ្គត់ផ្គង់ឧស្ម័ននោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យបាននិយាយទៀតថា ប្រសិនបើ រុស្ស៊ីចង់ បន្តការផ្គត់ផ្គង់ឧស្ម័ន ខ្លួនអាចធ្វើដូច្នេះបានតាមបំពង់បង្ហូរឧស្ម័ន Nord Stream 1។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកSergei Lavrovបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងមូស្គូបើកចំហដើម្បីចរចាជាមួយប្រទេសលោកខាងលិចស្តីពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ការអះអាងនេះត្រូវបានច្រានចោលដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថាជា«ពុតត្បុត»ពីព្រោះរុស្ស៊ី បានបន្តការវាយប្រហារលើទីក្រុងនានារបស់អ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ក្នុងកិច្ចសម្ភាសន៍មួយតាមទូរទស្សន៍រដ្ឋ លោក Lavrov បាននិយាយថា រុស្ស៊ីមានឆន្ទៈ ធ្វើការទាក់ទងជាមួយសហរដ្ឋអាមេរិកឬជាមួយតួកគីដើម្បីរកមធ្យោបាយបញ្ចប់សង្គ្រាមដែលឥឡូវនេះមានរយៈពេល៨ខែហើយ ក៏ប៉ុន្តែ មិនទាន់បានទទួលសំណើប្រាកដប្រជាណាមួយដើម្បីចរចាទេ៕
០០:២៧
១៤.១០.២០២២
ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា៖
- អ៊ុយក្រែនបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួនបានដណ្តើមកាន់កាប់ទឹកដីកាន់តែច្រើនឡើងនៅក្នុងតំបន់ភាគខាងត្បូងហើយបានស្វាគមន៍ការសន្យារបស់ប្រទេសលោកខាងលិចដើម្បីផ្តល់ប្រព័ន្ធការពារដែនអាកាសដល់រដ្ឋាភិបាលក្រុងកៀវ«ឱ្យបានឆាប់រហ័សដែលយើងអាចធ្វើបាន»បន្ទាប់ពីការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីដ៏ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ក្រុមប្រទេសចំនួន៥០ដែលដឹកនាំដោយសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នានៅឯទីស្នាក់ការធំរបស់អង្គការអូតង់ក្នុងទីក្រុងប៊្រុចសែលហើយក៏បានសន្យាផ្តល់ប្រព័ន្ធប្រឆាំងកាំជ្រួចមីស៊ីលថ្មីដល់រដ្ឋាភិបាលក្រុងកៀវដែរ។ អ៊ុយក្រែនកំពុងទទួលរងការវាយប្រហារពីរុស្ស៊ីដែលបានធ្វើឱ្យមនុស្សមួយចំនួនស្លាប់និងមួយចំនួនទៀតរងរបួសហើយភូមិនិងទីក្រុងគ្មានភ្លើងអគ្គីសនីនិងទឹកក្តៅនៅទូទាំងប្រទេស។ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានមានប្រសាសន៍បន្ទាប់ពីជំនួបនោះដោយមិនបានផ្តល់សេចក្តីលម្អិតថា៖ «ប្រព័ន្ធការពារដែនអាកាសនោះនឹងត្រូវផ្តល់ឱ្យបានឆាប់រហ័សដែលយើងអាចធ្វើបានដើម្បីពួកគេទទួលបាននៅទីនោះ»។
- រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលយ៉ាងខ្លាំងទៅលើទីក្រុងនិងទីប្រជុំជនជាង៤០របស់អ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ពួកមន្ត្រីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានហៅការកាន់កាប់ទឹកដីអ៊ុយក្រែនដោយរដ្ឋាភិបាលក្រុងមូស្គូថាជា«ការខុសច្បាប់» ហើយសម្ពន្ធមិត្តរបស់អ៊ុយក្រែនបានតាំងចិត្តផ្តល់ជំនួយយោធាកាន់តែច្រើនថែមទៀតដល់អ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ រុស្ស៊ីបានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនថា ប្រទេសលោកខាងលិចដែលកំពុងជួយអ៊ុយក្រែនបានចង្អុលបង្ហាញថា «ពួកគេជាភាគីមួយចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនេះ»ហើយរុស្ស៊ីបានព្រមានថា ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលក្នុងអង្គការអូតង់អាចធ្វើឱ្យមានសង្គ្រាមលោកលើកទី៣។ លោក Alexander Venediktov អនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់សហព័ន្ធរុស្ស៊ី បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ TASSកាលពីថ្ងៃព្រហស្បតិ៍ថា៖ «រដ្ឋាភិបាលក្រុងកៀវបានដឹងយ៉ាងច្បាស់ថា វិធានការបែបនេះមានន័យថា ពង្រីកសង្គ្រាមនោះឱ្យទៅជាសង្គ្រាមលោកលើកទី៣»។
- ប្រទេសកាណាដាបានបញ្ជាក់កាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ជំនួយយោធាថ្មីដែលមានទឹកប្រាក់ចំនួន៣៤,៦លានដុល្លារអាមេរិកដើម្បីជួយប្រទេសអ៊ុយក្រែនពាក់ព័ន្ធនឹងការឈ្លានពានរបស់រុស្ស៊ី កញ្ចប់ជំនួយនោះរួមមានកាំភ្លើងត្បាល់ គមនាគមន៍ផ្កាយរណប សម្លៀកបំពាក់សម្រាប់រដូវរងារនិងម៉ាស៊ីនថតដ្រូននិងជំនួយផ្សេងៗទៀត។ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand បានប្រកាសកញ្ចប់ជំនួយនេះថា មានតម្លៃទាំងអស់ប្រហែល៦០០លានដុល្លារកាណាដាគិតជាឧបករណ៍យោធាដែលកាណាដាបានផ្តល់ឱ្យឬបានសន្យាផ្តល់ឱ្យចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីរុស្ស៊ីបាននិយាយថា អឹរ៉ុបត្រូវតែស្តីបន្ទោសខ្លួនឯងចំពោះវិបត្តិថាមពលដោយសារគោលនយោបាយដែលបានធ្វើឱ្យជាប់គាំងការវិនិយោគឧស្សាហកម្មប្រេងនិងឧស្ម័នហើយបាននិយាយទៀតថា ការកំណត់តម្លៃប្រេងនឹងធ្វើឱ្យបញ្ហានេះកាន់តែអាក្រក់ឡើង នៅពេលដែលបណ្តារដ្ឋនៅក្នុងសហភាពអឺរ៉ុបបានព្យាយាមអនុវត្តកិច្ច ព្រមព្រៀងតាមវិធីនានាដើម្បីខ្ទប់ការឡើងថ្លៃថាមពល។ ការព្រួយកង្វល់អំពីសន្តិសុខនៃការផ្គត់ផ្គង់ថាមពលនេះបានឡើងខ្ពស់កាលពីថ្ងៃពុធនៅពេលដែលមានលេចធ្លាយបំពង់បង្ហូរប្រេងនិងឧស្ម័នDruzhbaក្នុងប្រទេសប៉ូឡូញ មកពីប្រទេសរុស្ស៊ីដែលបានកាត់បន្ថយលំហូរប្រេងទៅកាន់ប្រទេសអាល្លឺម៉ង់។ ប៉ូឡូញបាននិយាយថា ការលេចធ្លាយនេះប្រហែលបណ្តាលមកពីឧបទ្ទវហេតុ ក៏ប៉ុន្តែ ការលេចធ្លាយនេះកើតមានឡើងនៅពេលដែលប្រទេសនានានៅក្នុងសហភាពអឺរ៉ុបកំពុងស្វះស្វែងបញ្ឈប់ការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីនៅក្នុងការឆ្លើយតបទៅនឹងការឈ្លានពានលើប្រទេសអ៊ុយក្រែននៅក្នុងខែកុម្ភៈ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
- ប្រធានាធិបតីបារាំងលោកEmmanuel Macron បាននិយាយកាលពីថ្ងៃពុធថា បារាំងនឹងផ្តល់ប្រព័ន្ធការពារដែនអាកាសដល់ប្រទេសអ៊ុយក្រែនបន្ទាប់ពីការវាយប្រហារ ដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីដែលលោកប្រធានាធិបតីមានប្រសាសន៍ថាមានគោលបំណងដើម្បីបំបាក់ការតស៊ូរបស់អ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោកប្រធានាធិបតី Macron បានប្រាប់ទូរទស្សន៍ France 2 ថា៖ «យើងនឹងផ្តល់ប្រព័ន្ធរ៉ាដានិងកាំជ្រួចមីស៊ីលដើម្បីការពារពួកគេពីការវាយប្រហារទាំងនេះ»។ លោកប្រធានាធិបតីបានបន្ថែមទៀតថា បារាំងក៏បានចរចាដើម្បីបញ្ជូនកាំភ្លើងធំចល័ត Caesar ចំនួន៦គ្រឿងថែមទៀត៕
០១:១៩
១៥.១០.២០២២
ថ្ងៃសុក្រ ទី ១៤ ខែតុលា៖
- ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy កាលពីថ្ងៃសុក្របានសន្យាជ័យជម្នះលើប្រទេសរុស្ស៊ីនៅពេលដែលប្រទេសរបស់លោកប្រារព្ធទិវាអ្នកការពារជាតិលើកដំបូងរបស់ខ្លួនដែលជាថ្ងៃឈប់សម្រាកសាធារណៈ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រដ្ឋាភិបាលក្រុងមូស្គូកាលពីជិត៨ខែមុន។ នេះបើតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោក Zelenskyyបាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូដើម្បីកត់សម្គាល់ឱកាសនោះថា៖ «នៅថ្ងៃទី១៤ ខែតុលានេះ យើងសូមសម្តែងអំណរគុណដល់មនុស្សទាំងអស់ដែលបានប្រយុទ្ធដើម្បីអ៊ុយក្រែនក្នុងពេលកន្លងមក។ ហើយនឹងថ្លែងអំណរគុណដល់មនុស្សទាំងអស់ដែលកំពុងប្រយុទ្ធនៅពេលឥឡូវនេះ។ ដល់មនុស្សទាំងអស់ដែលបានទទួលជ័យជម្នះនៅពេលនោះ។ ហើយនឹងដល់មនុស្សគ្រប់គ្នាដែលនឹងប្រាកដទទួលបានជ័យជម្នះនៅពេលឥឡូវនេះ»។ លោក Zelenskyបានដាក់កម្រងផ្កាជាមួយទង់ជាតិអ៊ុយក្រែនពណ៌លឿងនិងពណ៌ខៀវនៅខាងមុខវិមានគោរពវិញ្ញាណក្ខន្ធនៅក្នុងរដ្ឋធានីកៀវដែលឧទ្ទិសដល់ទាហានដែលបានត្រូវសម្លាប់នៅសមរភូមិជួរមុខចាប់តាំងពីឆ្នាំ២០១៤មកនៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងរវាងពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅក្នុងតំបន់ខាងកើត។ លោកមានប្រសាសន៍ទៀតថា៖ «នេះនឹងក្លាយជាជ័យជម្នះមួយសម្រាប់ពលរដ្ឋយើងទាំងអស់»។ លោកបានបន្ថែមទៀតដោយសំដៅដល់ការជួយឧបត្ថម្ភដែលមិនធ្លាប់មានកាលពីពេលមុនមកពីប្រទេសលោកខាងលិចថា៖ «ពិភពលោកសាមគ្គីជាមួយយើង។ សាមគ្គីកាន់តែខ្លាំងឡើងជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្ររបស់យើង»។
- ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan គាំទ្រគំនិតរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងអំពីការបង្កើតក្លឹបឧស្ម័នអន្តរជាតិមួយនៅក្នុងប្រទេសតួកគី ហើយចង់ឱ្យរដ្ឋាភិបាលរបស់លោកដាក់ស្នើផែនការអនុវត្តឱ្យបានឆាប់រហ័ស។ នេះបើតាមបណ្តាញព័ត៌មានតួកគីដែលបានរាយការណ៍កាលពីថ្ងៃសុក្រ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinបានស្នើបំពង់បង្ហូរឧស្ម័នធម្មជាតិទៅកាន់តំបន់អឺរ៉ុបខាងត្បូងកាត់តាមប្រទេសតួកគីបន្ទាប់ពីការបង្អាក់ស្ទើរតែទាំងស្រុងនៃការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីតាមគម្រោង Nord Streamមក។ គំនិតនោះបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាបន្ទាន់ដល់ពួកមហាអំណាចអឺរ៉ុបដូចជាបារាំង ដោយការិយាល័យរបស់លោកប្រធានាធិបតី Emmanuel Macronនិយាយថា វាជា«ការមិនសមហេតុផល»។ រុស្ស៊ីកំពុងផ្គត់ផ្គង់តួកគីរួចទៅហើយតាមបំពង់ TurkStream នៅក្រោមបាតសមុទ្រខ្មៅ។ លោក Erdoganបាននិយាយនៅពេលលោកបានវិលត្រឡប់មកពីការចរចាជាមួយលោក Putinនៅក្នុងប្រទេសកាហ្សាក់ស្ថានថា មជ្ឈមណ្ឌលចែកចាយថ្មីនោះប្រហែលនឹងត្រូវបង្កើតឡើងនៅក្នុងតំបន់ Thrace ភាគពាយព្យជិតប្រទេសប៊ុលហ្គារី។ តម្លៃឧស្ម័នបានឡើងកប់ពពកចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់រុស្ស៊ីហើយទ្វីបអឺរ៉ុបបានខិតខំស្វែងរកការផ្គត់ផ្គង់ថាមពលជំនួសបន្ទាប់ពីរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់នៅក្នុងការឆ្លើយតបដល់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។
- ការចាប់រំលោភសេពសន្ធវៈនិងការបំពារបំពានផ្លូវភេទដែលត្រូវបានសន្មតថាធ្វើឡើងដោយកងកម្លាំងរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងអ៊ុយក្រែនជាផ្នែកមួយនៃ«យុទ្ធសាស្ត្រយោធា»របស់រុស្ស៊ីហើយនឹងជា«កលល្បិចដោយចេតនាដើម្បីធ្វើឱ្យបាត់បង់លក្ខណៈជាមនុស្សដល់ជនរងគ្រោះ»។ នេះបើតាមលោកស្រី Pramila Patten បេសកជនអង្គការសហប្រជាជាតិដែលបាននិយាយនៅក្នុងសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AFP។ «ការចង្អុលបង្ហាញទាំងអស់មាននៅទីនោះ»។ នេះបើតាមអ្នកតំណាងពិសេសរបស់អង្គការសហប្រជាជាតិស្តីពីអំពើហិង្សាផ្លូវភេទរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មានAFP កាលពីថ្ងៃព្រហស្បតិ៍នៅពេលត្រូវបានសួរថាតើការចាប់រំលោភសេពសន្ធវៈត្រូវបានប្រើប្រាស់ជាអាវុធនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនឬទេ។ លោកស្រីបានមានប្រសាសន៍ទៀតថា៖ «នៅពេលដែលស្ត្រីត្រូវបានគេឃុំខ្លួនអស់ជាច្រើនថ្ងៃហើយត្រូវបានចាប់រំលោភ នៅពេលដែលអ្នកចាប់ផ្តើមចាប់រំលោភកុមារាតូចៗនិងបុរស នៅពេលអ្នកឃើញការកាត់អង្គជាតជាបន្តបន្ទាប់ នៅពេលដែលអ្នកឮស្ត្រីផ្តល់កសិណសាក្សីអំពីទាហានរុស្ស៊ីប្រើថ្នាំ Viagra វាជាយុទ្ធសាស្ត្រយោធាច្បាស់ក្រឡែត»។ អង្គការសហប្រជាជាតិបានពិនិត្យផ្ទៀងផ្ទាត់«ករណីជាងមួយរយ»នៃការចាប់រំលោភសេពសន្ធវៈឬការបំពារបំពានផ្លូវភេទនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈមក។ នេះបើតាមលោកស្រី Pattenដែលបានថ្លែងយោងដល់របាយការណ៍មួយរបស់អង្គការសហប្រជាជាតិដែលបានចេញផ្សាយកាលពីចុងខែកញ្ញា។
- ប្រទេសរុស្ស៊ីបានប្រាប់ឱ្យដឹងកាលពីថ្ងៃសុក្រថា ការជួសជុលស្ពាននៅឧបទ្វីប Crimeaអាចចំណាយពេលរាប់សិបខែបន្ទាប់ពីការផ្ទុះលើផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយដែលបានបណ្តាលឲ្យមានការវាយប្រហារដោយកាំជ្រួចមីស៊ីលលើប្រទេសអ៊ុយក្រែន។ រយៈពេលជិត៨ខែនៅក្នុងការវាយប្រហាររបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យយោធាដ៏អង់អាចក្លាហានរបស់រដ្ឋាភិបាលក្រុងកៀវប្រារព្ធទិវាអ្នកការពារខណៈដែលបេសកជនរបស់អង្គការសហប្រជាជាតិបានប្រកាសថាកងទ័ពរុស្ស៊ីបានប្រើប្រាស់ការចាប់រំលោភសេពសន្ធវៈជាអាវុធ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ នៅក្នុងក្រិត្យមួយដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Mikhail Mishustin គណៈរដ្ឋមន្ត្រីរបស់រុស្ស៊ីបានបញ្ជាឱ្យក្រុមហ៊ុនមួយធ្វើការគូសប្លង់និងជួសជុលឡើងវិញផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញនៃស្ពាន Crimeaដើម្បីបញ្ចប់ការងារនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣៕
២១:៥៨
១៧.១០.២០២២
ថ្ងៃចន្ទ ទី ១៧ ខែតុលា៖
- ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេសអ៊ុយក្រែន ដោយប្រើអាវុធ ដែលមានបច្ចេកវិទ្យាខ្ពស់។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានវាយចំទៅលើគោលដៅទាំងអស់ដែលបានគ្រោងទុក នៅក្នុងការវាយប្រហារទៅលើទីក្រុងនានារបស់ប្រទេសអ៊ុយក្រែន ក៏ដូចជារារាំងការប៉ុនប៉ងរបស់អ៊ុយក្រែនក្នុងការបំបែកការការពាររបស់ខ្លួននៅក្នុងតំបន់ Kherson ភាគខាងត្បូងផងដែរ។ មានមនុស្សជាច្រើនត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស៊្សីទៅលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ។ នេះបើតាមការឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក Denys Monastyrskyi។
- ប្រធានអង្គការសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិ ដែលទើបចូលកាន់តំណែងនៅថ្ងៃចន្ទនេះ ស្របពេលដែលមានការវាយប្រហារតាមយន្តហោះដ្រូនរបស់រុស្ស៊ីទៅលើរដ្ឋធានីរបស់អ៊ុយក្រែននោះ បាននិយាយថា ការវាយប្រហារទៅលើជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែនត្រូវតែបញ្ឈប់។ «យើងបានឃើញរបាយការណ៍ពីសហការីរបស់យើងនៅក្នុងប្រទេសអ៊ុយក្រែន អំពីការវាយប្រហារដោយយន្តហោះដ្រូនទាំងនេះ ហើយវាមានសារៈសំខាន់ណាស់ ដែលជនស៊ីវិលមិនត្រូវបានគេយកធ្វើជាគោលដៅនៃការវាយប្រហារនោះឡើយ។ នេះជាការលំបាកនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅដ៏ច្រើនក្នុងទីក្រុង។ នេះបើតាមការលើកបញ្ជាក់របស់លោក Volker Turk ជនជាតិអូទ្រីស ដែលជាឧត្តមស្នងការសិទ្ធិមនុស្សថ្មីរបស់អង្គការសហប្រជាជាតិ។ លោកបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការគោរពច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺ«ពិតជាមានសារសំខាន់ខ្លាំងណាស់ ដូចនេះការអំពាវនាវដ៏ធំមួយ គឺការបញ្ឈប់នូវភាពតានតឹង» ដែលកំពុងកើតមាន។
- អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោកYuriy Ihna និយាយនៅថ្ងៃចន្ទនេះថា កងទ័ពអ៊ុយក្រែន បានបំផ្លាញយន្តហោះដ្រូនរបស់រុស្ស៊ីចំនួន៣៧គ្រឿង ចាប់តាំងពីយប់ថ្ងៃអាទិត្យមក ដែលក្នុងនោះយន្តហោះដ្រូនចំនួនពី៨៥ទៅ៨៦ភាគរយ មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនានា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ លោកបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានមួយថា៖ «នេះជាលទ្ធផលល្អមួយនៃការងារការពារដែនអាកាសរបស់យើង ហើយចំនួនយន្តហោះដ្រូនដែលនឹងត្រូវបំផ្លាញ នឹងមានការកើនឡើងក្នុងពេលខាងមុខនេះទៀត»។ លោកបានបន្ថែមថា យន្តហោះដ្រូនវាយប្រហារទាំងអស់ បានហោះចូលទឹកដីអ៊ុយក្រែនមកពីភាគខាងត្បូង។
- ប្រទេសអ៊ីរ៉ង់បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមិនបានផ្តល់យន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ីដើម្បីប្រើប្រាស់ក្នុងការវាយប្រហារនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានថ្លែងប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា៖ «ការផ្សព្វផ្សាយព័ត៌មានដែលថា អ៊ីរ៉ង់ផ្តល់យន្តហោះដ្រូនដល់ប្រទេសរុស្ស៊ីនោះ គឺមានមហិច្ឆតានយោបាយ ហើយដែលត្រូវបានចែកចាយដោយប្រភពព័ត៌មានលោកខាងលិច។ យើងមិនបានផ្តល់ប្រព័ន្ធអាវុធណាមួយដល់គូជម្លោះនៅក្នុងសង្គ្រាមនោះឡើយ»។
- អង្គការអូតង់នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់ខ្លួន ដែលបានត្រៀមជាយូរមកហើយ នៅទ្វីបអឺរ៉ុបភាគពាយ័ព្យ ខណៈពេលដែលភាពតានតឹងនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននៅតែបន្តកើតមាន ក៏ដូចជាការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងការប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ក្នុងការពារបូរណភាពទឹកដីរុស្ស៊ីនោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។ ប្រទេសជាសមាជិកអង្គការអូតង់ចំនួន១៤ប្រទេស ក្នុងចំណោម៣០ប្រទេស មានគម្រោងនឹងចូលរួមនៅក្នុងសមយុទ្ធនុយក្លេអ៊ែរនេះ ដែលមានឈ្មោះថា Steadfast Noon។ អង្គការនៃសម្ព័ន្ធមិត្តយោធានេះបានឱ្យដឹងផងដែរថា សមយុទ្ធនេះក៏នឹងមានការចូលរួមផងដែរ ពីយន្តហោះប្រមាណចំនួន៦០គ្រឿង ដែលក្នុងនោះក៏មានយន្តហោះចម្បាំង យន្តហោះឈ្លបការណ៍ និងយន្តហោះផ្ទេរសាំងលើអាកាស ហើយសមយុទ្ធនេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣០ ខែតុលាខាងមុខនេះ។ សមយុទ្ធនេះក៏មានការចូលរួមពីយន្តហោះចម្បាំងដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ ប៉ុន្តែនឹងមិនធ្វើការទម្លាក់គ្រាប់ពិតនោះឡើយ។
- មានមនុស្សយ៉ាងហោចណាស់ចំនួន៦នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកងទ័ពរុស្ស៊ីនៅក្នុងទីក្រុងនៃតំបន់ Sumy ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីអ៊ុយក្រែននៅថ្ងៃចន្ទនេះ បន្ទាប់ពីមានយន្តហោះដ្រូនជាច្រើនគ្រឿងរបស់រុស្ស៊ីបានធ្វើការវាយប្រហារទៅលើរដ្ឋធានីកៀវ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ រហូតមកដល់ពេលនេះចំនួនអ្នកស្លាប់ដោយសារការវាយប្រហារទៅលើទីតាំងអគារលំនៅដ្ឋានមួយកន្លែង បានកើនដល់៣នាក់ហើយ ហើយមនុស្សចំនួន១៩នាក់ ត្រូវបានជួយសង្គ្រោះ។ ការងារជួយសង្គ្រោះកំពុងត្រូវបានធ្វើឡើង។ នេះបើតាមអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko ដែលបានបង្ហោះសារនៅលើបណ្តាញសង្គម។ ដោយឡែកនៅតំបន់ Sumy ភាគខាងកើតអ៊ុយក្រែន អភិបាលតំបន់និយាយថា មានមនុស្ស៣នាក់ត្រូវបានសម្លាប់ ហើយជាច្រើននាក់ផ្សេងទៀតបានរងរបួស។
- ទិន្នន័យក្រសួងកសិកម្មប្រទេសអ៊ុយក្រែនបានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែននៅក្នុងរយៈពេល១៧ថ្ងៃ ក្នុងខែតុលានេះ មានការធ្លាក់ចុះតែប្រមាណ២,៤ភាគរយតែប៉ុណ្ណោះ ដែលទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ បើទោះបីជាមានការបិទកំពង់ផែអ៊ុយក្រែនជាច្រើនកន្លែង ក៏ដូចជាការឈ្លានពានរបស់ប្រទេសរុស្ស៊ីក្តី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។ ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បានធ្លាក់ចុះជាខ្លាំង ចាប់តាំងពីខែកុម្ភៈមក ដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ី បានបិទកំពង់ផែអ៊ុយក្រែននៅក្នុងសមុទ្រខ្មៅជាច្រើនកន្លែង ដែលធ្វើឱ្យមានការប៉ះពាល់ដល់តម្លៃស្បៀងអាហារជាសាកល និងបង្កការព្រួយបារម្ភពីកង្វះស្បៀងអាហារនៅក្នុងទ្វីបអាហ្វ្រិកនិងតំបន់មជ្ឈិមបូព៌ា។