ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

២០:៣៥ ៤.៣.២០២២

លោក Blinken​៖ បស្ចិម​ប្រទេស​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​រុស្ស៊ី​ ហើយ​បាន​តាំងចិត្ត​ជួយ​អ៊ុយក្រែន

នៅឯ​ជំនួប​នៅ​ថ្ងៃ​សុក្រ​នេះ​ជាមួយ​ដៃគូ​អង្គការ​អូតង់ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖

«យើង​មិន​ស្វះស្វែង​ធ្វើ​សង្គ្រាម​ឬ​ជម្លោះ​ជាមួយ​រុស្ស៊ី​ទេ។ នៅពេល​ជាមួយ​គ្នា​នេះ​យើង​ចាំបាច់​ធ្វើ​ឲ្យ​ប្រាកដ​ថា​មិន​មាន​ការយល់​ច្រឡំ​អំពី​ការតាំងចិត្ត​របស់​យើង​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​របស់​យើង»៕ (Washington Post)

២០:៣២ ៤.៣.២០២២

កម្ពុជា​ចូលរួម​ស្នើ​សេចក្តី​សម្រេចចិត្ត​អ.ស.ប ថ្កោលទោស​សង្គ្រាម​នៅ​អ៊ុយក្រែន

ប្រទេស​កម្ពុជា​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​ដែល​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន និង​ទទូច​ឲ្យ​ដក​កងទ័ព​ចេញ​ដើម្បី​ឈាន​ទៅ​ការចរចា​គ្នា​បញ្ចប់​ជម្លោះ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ថា សង្គ្រាម​ឈ្លានពានដែល​មាន​អាយុ​កាល​១សប្តាហ៍​មក​នេះ គឺ​ផ្ទុយ​ពី​គោលនយោបាយ​ការបរទេស​កម្ពុជា​ដែល​មិនគាំទ្រ​សង្គ្រាម​និង​ការបំបែក​រដ្ឋ។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​យល់​ថា ការចូលឈ្លានពាន​ប្រទេស​ជិតខាងត្រូវ​តែ​ទទួល​ការថ្កោលទោស។ ពីរដ្ឋធានី​វ៉ាស៊ីនតោន​ លោកម៉ែន គឹមសេង​នៃ​វីអូអេ​រាយការណ៍​ជូន​តាម​កម្មវិធី​«ប្រភព​ច្បាស់​ការណ៍» (Primary Sources)៕

១៩:៣១ ៤.៣.២០២២

ការ​បាញ់ផ្តក់​របស់​រុស្ស៊ី​បណ្តាល​ឲ្យ​ឆេះ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​អ៊ុយក្រែន

កងកម្លាំង​រុស្ស៊ី បាន​បាញ់​ផ្តក់​ដាក់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia ដែល​ជា​រោងចក្រ​នុយក្លេ អ៊ែរ​ដ៏​ធំ​បង្អស់​មួយ​របស់​អ៊ុយក្រែន ហើយ​បាន​បណ្តាល​ឲ្យ​ឆេះអគារ​នៅ​ក្នុង​បរិវេណ​រោងចក្រ​នេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់របស់​អ៊ុយក្រែននៅ​ថ្ងៃ​សុក្រ​នេះ។

កាលពី​ដំបូង អភិបាល​ក្រុង Enerhoda ដែល​ជាក្រុង​នៅ​ក្បែ​នោះ បាន​និយាយ​ថា រោងចក្រ​នោះ​បាន​ឆេះ។ ក៏ប៉ុន្តែ ភ្លាមៗ​ក្រោយ​មក នាយក​រោងចក្រ​នោះ បាន​ប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍ ២៤ ថា អគ្គិភ័យ​បាន​ចាប់ផ្តើម​ឆេះ​ខាង​ក្រៅ​អាគារ​ហើយ​ថា សន្តិសុខ​ហាក់ដូច​ជា​ត្រូវ​បាន​ស្តារ​រោងចក្រ​នោះ​ឡើង​វិញ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Enerhoda ជា​ទីក្រុង​ផលិត​ថាមពល​ដ៏​សំខាន់​មួយ​នៅ​ទន្លេ Dnieper ដែល​មាន​ប្រវែង​ជិត ៧០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​រដ្ឋធានី​កៀវ។ រោងចក្រ​នោះ ផលិត​ថាមពល​ប្រហែល​ចំនួន ២៥% សម្រាប់​ប្រទេស​អ៊ុយក្រែន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ហើយ​បាន​ទទួល​ព័ត៌មាន​ថ្មីៗ​ស្តីពី​ការឆេះ​រោងចក្រ​នុយក្លេអ៊ែរ​នេះ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​សេតវិមាន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

អាន​ព័ត៌មាន​លម្អិត​តាមរយៈ​តំណភ្ជាប់​ខាង​ក្រោម​នេះ៖

០៥:៥១ ៤.៣.២០២២

រុស្ស៊ី​បញ្ជាក់​ពី​ចំនួន​ទាហាន​របស់​ខ្លួន​ដែល​បាន​ស្លាប់​និង​រង​របួស

ជា​លើក​ដំបូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់​ថា ទាហាន​របស់​ខ្លួន​ចំនួន ៤៩៨​ នាក់ បាន​ស្លាប់ និង​ជាង ១.៥៩៧ នាក់​ បាន​រង​របួស​នៅ​ក្នុង​ការ​ប្រយុទ្ធ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​វិទ្យុជាតិ​អាមេរិក ​(National Pubic Radio)។

ករណី​ស្លាប់​និង​រងរបួស​របស់​ទាហាន​រុស្ស៊ី​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ប្រយុទ្ធ​របស់​រុស្ស៊ី​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចាត់ទុក​ថា​ជា «ប្រតិបត្តិការ​យោធា​ពិសេស»​ នេះ ត្រូវបាន​ប្រឈម​នឹង​ការ​តទល់​យ៉ាង​ខ្លាំងក្លា​ពី​កង​កម្លាំង​ការពារ​ជាតិ​អ៊ុយក្រែន​និង​ជន​ស៊ីវិល​ផង​ដែរ។

មក​ទល់​ពេល​នេះ សេចក្តី​រាយការណ៍​របស់​យោធា​រុស្ស៊ី​ផ្តោត​តែ​លើ​មូលដ្ឋាន​ទ័ព សព្វាវុធ និង​សម្ភាៈ​យោធារបស់​ខ្លួន​ដែល​ត្រូវបាន​បំផ្លាញ​ ខណៈ​រដ្ឋាភិបាល​រុស្ស៊ី​កំពុង​បង្ក្រាប​លើ​សេចក្តី​រាយការណ៍​នានា​ដែល​ពណ៌នា​សកម្មភាព​យោធា​របស់​ខ្លួន​ថា ជា​ការ​បង្ក​សង្គ្រាម​ ឬ​ការ​ឈ្លានពាន។

សារព័ត៌មាន CNN បាន​រាយការណ៍​ថា លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី បាន​ថ្លែង​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​អំពី «ភាព​ទុក្ខសោក​» ចំពោះ​ការ​ស្លាប់​និង​ការ​រង​របួស​របស់​ទាហាន​រុស្ស៊ី នៅ​ក្នុង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG