លោក Putin បញ្ជាឲ្យប្រុងប្រៀបកងកម្លាំងនុយក្លេអ៊ែរ ខណៈមហាសន្និបាតអ.ស.ប.នឹងប្រជុំអាសន្ននៅថ្ងៃចន្ទ
កងកម្លាំងនុយក្លេអ៊ែរកំញ៉ើញរបស់រុស្ស៊ី កំពុងស្ថិតក្នុងការប្រុងប្រៀបខ្លួនមុនសម័យប្រជុំគ្រាអាសន្នពិសេសរបស់មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះ ដែលកោះធ្វើឡើងដើម្បីបង្កើនការដាក់សម្ពាធខាងការទូតលើរដ្ឋាភិបាលក្រុងមូស្គូទាក់ទិននឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីឲ្យដាក់កងកម្លាំងនុយក្លែអ៊ែរឱ្យ«ស្ថិតក្នុងការបំពេញភារកិច្ចប្រយុទ្ធពិសេស»កាលពីថ្ងៃអាទិត្យ ដោយនិយាយថា អង្គការអូតង់បានធ្វើសេចក្តីថ្លែងការណ៍«ដ៏គឃ្លើន» ហើយបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
បន្ទាប់ពីការបោះឆ្នោតសម្រាប់សម័យប្រជុំពិសេសដ៏កម្រមួយរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយថា រុស្ស៊ី«មិនបានរងការគំរាមកំហែងពីអង្គការអូតង់ដែលជាសម្ព័ន្ធភាពការពារខ្លួនដែលនឹងមិនប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ នេះជាវិធានការបង្កើនភាពតានតឹងនិងមិនចាំបាច់ដែលគំរាមកំហែងយើងទាំងអស់គ្នា។ យើង ជំរុញឲ្យរុស្ស៊ីបន្ថយវោហារសាស្ត្រប្រកបដោយគ្រោះថ្នាក់របស់ខ្លួនចំពោះអាវុធនុយក្លេអ៊ែរនេះ»។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់នេះ៖
កម្រងរូបភាព៖ រូបភាពផ្កាយរណបបង្ហាញក្បួនយោធា និងការខូចខាតដោយសង្រ្គាមនៅអ៊ុយក្រែន
លោក Lukashenko ដែលជាសម្ព័ន្ធមិត្តរបស់លោកPutinត្រូវគេរំពឹងថា នឹងបញ្ជូនកងទ័ពបេឡារុសចូលអ៊ុយក្រែន
ផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិករំពឹងថា ប្រធានាធិបតីបេឡារុសលោក Aleksander Lukashenko នឹងបញ្ជូនកងទ័ពដ៏ខ្លាំងរបស់បេឡារុសប្រមាណ៤ម៉ឺន៨ពាន់នាក់ទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនក្នុងពេលឆាប់ៗខាងមុខនេះដើម្បីជួយអន្តរាគមន៍ដល់កងកម្លាំងរុស្ស៊ីដែលកំពុងវាយប្រហារឈ្លានពានលើប្រទេសអ៊ុយក្រែន។
រហូតមកដល់ពេលនេះ បេឡារុសត្រូវបានប្រើប្រាស់ជាទីតាំងសម្រាប់កងកម្លាំងរុស្ស៊ីនៅក្នុងការវាយប្រហារលើរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន មកពីទិសខាងជើងហើយកងកម្លាំងពិសេសរបស់បេឡារុសមួយចំនួនតូចប៉ុណ្ណោះដែលត្រូវបានគេជឿថា បានចូលរួមនៅក្នុងការវាយប្រហារទាំងនោះ។
ក៏ប៉ុន្តែ ដោយការឈ្លានពានរបស់រុស្ស៊ីកំពុងប្រឈមនឹងការតស៊ូដ៏ស្វិតស្វាញជាងការរំពឹងទុករបស់រដ្ឋាភិបាលវិមានក្រឹមឡាំង ហើយរដ្ឋធានីកៀវនៅមិនទាន់ធ្លាក់ចូលក្នុងកណ្តាប់ដៃរបស់រុស្ស៊ីនោះ ប្រធានាធិបតីរុស្ស៊ីលោកVladimir Putin ទំនងជាងាកទៅរកការជួយអន្តរាគមន៍ពីបេឡារុសដែលជាសម្ព័ន្ធមិត្តដ៏យូរអង្វែងរបស់លោកដើម្បីជួយជំរុញក្នុងការវាយប្រហារលើអ៊ុយក្រែន។
អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
- ដោយ AFP
បេឡារុសបោះឆ្នោតអនុញ្ញាតឱ្យទទួលអាវុធនុយក្លេអ៊ែរបាន
ពលរដ្ឋបេឡារុសកាលពីថ្ងៃច័ន្ទបានបោះឆ្នោតអនុញ្ញាតឲ្យប្រទេសខ្លួន អាចមានអាវុធនុយក្លេអ៊ែរបាន និងអាចទទួលកងទ័ពរុស្ស៊ីឱ្យដាក់ប្រចាំការជាអចិន្ត្រៃយ៍។ នេះបានតាមលទ្ធផលនៃការបោះឆ្នោតជាកញ្ចប់លើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលបានបន្ថែមរយៈពេលនៃការកាន់អំណាចរបស់មេដឹកនាំលោក Alexander Lukashenko ថែមទៀត។
ការបោះឆ្នោតប្រជាមតិមួយត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសអ៊ុយក្រែនដែលជាប្រទេសជិតខាងរបស់អតីតរដ្ឋសហភាពសូវៀតមួយនេះ កំពុងស្ថិតក្រោមការឈ្លានពានពីរុស្ស៊ី ហើយគណៈប្រតិភូពីទាំងទីក្រុងមូស្គូ និងទីក្រុងកៀវ ត្រូវគេរំពឹងថានឹងជួបចរចាគ្នានៅព្រំដែនបេឡារុស។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP៕