ការប្រកាសលាលែងពីតំណែងជានាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល ឬហៅកាត់ថា USAGM របស់លោក John Lansing បង្កឲ្យមានការចោទសួរជាថ្មីម្តងទៀត អំពីបេសកកម្មនិងទិសដៅនៃបណ្តាញផ្សព្វផ្សាយព័ត៌មានក្រៅសហរដ្ឋអាមេរិកមួយនេះ។
បណ្តាញផ្សាយព័ត៌មាន USAGM គ្រប់គ្រងដោយផ្ទាល់លើភ្នាក់ងារសារព័ត៌មានអន្តរជាតិចំនួនប្រាំ រួមមានវិទ្យុអាស៊ីសេរី វិទ្យុអឺរ៉ុបសេរីនិងវិទ្យុ Liberty និងសំឡេងសហរដ្ឋអាមេរិក ដោយផ្សាយព័ត៌មាន៦១ភាសា ទៅកាន់អ្នកស្តាប់ប្រមាណ ៣៤៥លាននាក់ ក្នុងមួយសប្តាហ៍។
លោក Lansing អាយុ៦២ឆ្នាំ ដែលជានាយកនៃការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទូរទស្សន៍អាមេរិកជើងចាស់មួយរូប ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃបណ្តាញផ្សាយព័ត៌មាន USAGM នេះ កាលពីឆ្នាំ២០១៥ ហើយបានបំពេញតួនាទីមួយនេះ នៅក្រោមអណត្តិរដ្ឋបាលប្រធានាធិបតីចំនួនពីររូប។ ជាផ្លូវការ លោកនឹងចាកចេញពីបណ្តាញផ្សាយព័ត៌មាន USAGM នៅចុងខែកញ្ញានេះ ហើយលោកនឹងចាប់ផ្តើមតំណែងនាយកប្រតិបត្តិថ្មីនៃបណ្តាញផ្សាយព័ត៌មានតាមវិទ្យុជាតិក្នុងស្រុកមួយ នៅពាក់កណ្តាលខែតុលាខាងមុខនេះ។
លោកស្រី Amanda Bennett នាយិកាសំឡេងសហរដ្ឋអាមេរិក ឬហៅកាត់ថា VOA បានឲ្យដឹងថា៖ «លោក John Lansing នឹងចាកចេញពីតំណែងរបស់លោកដោយបន្សល់ទុកនូវកេរដំណែលដ៏ពិសេសមួយ។ លោកបានធ្វើឲ្យបណ្តាញ USAGM ផ្តោតលើបញ្ហាសេរីភាពនៃសារព័ត៌មានឯករាជ្យ។ ហើយនេះគឺជាកេរដំណែលរបស់លោក»។
លោក Michael Pack (រូបថតដោយ៖ Manifoldproductions.com)
បេក្ខជនតែងតាំងដោយលោក ត្រាំ
លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានតែងតាំងលោក Michael Pack ដែលជាផលិតករភាពយន្តឯកសារ ជំនួសតំណែងលោក Lansing។ កាលពីមុន លោក Pack ដែលជាអ្នកស្រាវជាវជាន់ខ្ពស់ម្នាក់ និងជាអតីតប្រធានវិទ្យាស្ថាន Claremont ដែលមានទីស្នាក់ការនៅរដ្ឋកាលីហ្វ័រញ៉ា ធ្លាប់បានសហការផលិតភាពយន្តឯកសារមួយចំនួនជាមួយលោក Stephen Bannon ដែលជាអតីតអ្នកប្រឹក្សាយោបល់ម្នាក់របស់លោកប្រធានាធិបតី ត្រាំ។
ឈ្មោះរបស់លោក Pack ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាអាមេរិកកាលពីខែមករា ប៉ុន្តែត្រូវបានជាប់គាំងនៅគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំព្រឹទ្ធសភា។ VOA មិនអាចសុំការបកស្រាយពីប្រធានគណៈកម្មធិការនេះគឺលោក Jim Risch និងសមាជិកជាន់ខ្ពស់ម្នាក់ទៀតគឺលោក Bob Menendez បាននៅឡើយទេ អំពីការតែងតាំងលោក Pack ។
យ៉ាងណាមិញ លោក Pack អាចក្លាយជានាយកប្រតិបត្តិនៃបណ្តាញផ្សាយព័ត៌មាន USAGM តាមពីររបៀប៖ ទីមួយគឺតាមរយៈការអនុម័តរបស់ព្រឹទ្ធសភា ឬទីពីរគឺតាមរយៈការតែងតាំងដោយក្រុមប្រឹក្សាភិបាលគ្រប់គ្រងការផ្សាយរបស់សហរដ្ឋអាមេរិក (Broadcasting Board of Governor ឬ BBG) ដែលជាក្រុមប្រឹក្សាដោយមានសមាជិកតំណាងពីគណបក្សពីរធំៗ ក្នុងនោះក៏រួមមានរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ផងដែរ។
ការតែងតាំងលោក Pack ក៏បានបង្កជាការតស៊ូមតិគ្នាអំពីគោលបំណងរបស់លោក ត្រាំ លើបេសកកម្មរបស់បណ្តាញផ្សព្វផ្សាយមួយនេះ ដោយសារលោកធ្លាប់បានរិះគន់ជារឿយៗលើបណ្តាញសារព័ត៌មានអាមេរិក។
តាមបណ្តាញ Twitter កាលពីខែវិច្ឆិកាឆ្នាំមុន លោក ត្រាំ បានរអ៊ូអំពីការរាយការណ៍ដោយលម្អៀងលើរូបលោកដោយបណ្តាញ CNN ហើយបាននិយាយថា «យើងត្រូវធ្វើអ្វីមួយអំពីរឿងនេះ ដោយសហរដ្ឋអាមេរិកអាចចាប់ផ្តើមបង្កើតបណ្តាញផ្សព្វផ្សាយជាសាកលមួយដោយខ្លួនឯង ដើម្បីបង្ហាញពិភពលោកឲ្យឃើញថា យើងពិតជាអស្ចារ្យ!»
ប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់មក នាយិកាសំឡេងសហរដ្ឋអាមេរិក លោកស្រី Bennett បានបោះពុម្ពអត្ថបទបញ្ចេញយោបល់មួយនៅលើកាសែត The Washington Post ថា បណ្តាញផ្សាយព័ត៌មានជាសាកលបែបនេះមានស្រាប់ហើយនៅសហរដ្ឋអាមេរិក ហើយបណ្តាញនោះគឺ សំឡេងសហរដ្ឋអាមេរិក ឬហៅកាត់ថា VOA។
យោងតាមធម្មនុញ្ញរបស់ VOA អ្នកយកព័ត៌មានរបស់ VOA ត្រូវរាយការណ៍ព័ត៌មាន«ពិត មិនលម្អៀង និងគ្រប់ជ្រុងជ្រោយ»។ មាត្រាផ្សេងៗទៀត ដែលត្រូវបានស្គាល់ថាជា «ប្រព័ន្ធការពារ» ក៏បានការពារអ្នកយកព័ត៌មានរបស់ VOA ពីការជ្រៀតជ្រែកផ្នែកនយោបាយលើកិច្ចការរបស់ពួកគេផងដែរ។
លោក Danforth Austin អតីតអ្នកយកព័ត៌មាន និងជាអតីតនាយកគ្រប់គ្រងកាសែត The Wall Street Journal ដែលធ្លាប់បំពេញតំណែងជានាយកសំឡេងសហរដ្ឋអាមេរិកពីឆ្នាំ២០០៦ដល់ឆ្នាំ២០១១ បានឲ្យដឹងថា៖ «មិនថានរណានឹងក្លាយជានាយកប្រតិបត្តិថ្មីទេ អ្នកនោះត្រូវតែពិនិត្យមើលប្រវត្តិនៃទីភ្នាក់ងារផ្សាយព័ត៌មានមួយនេះ»។
ការយកចិត្តទុកដាក់ដែលត្រូវបានផ្លាស់ប្តូរ
លោក Austin បានបន្ថែមទៀតថា នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ និងក្រោយមកក្នុងអំឡុងសង្គ្រាមត្រជាក់ សំឡេងសហរដ្ឋអាមេរិក និងបណ្តាញផ្សព្វផ្សាយព័ត៌មានផ្សេងៗទៀតដែលទទួលមូលនិធិឧបត្ថម្ភដោយរដ្ឋាភិបាលសហព័ន្ធ ភាគច្រើនគឺជាបណ្តាញឃោសនា។ ប៉ុន្តែចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០មក បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងនេះ បានផ្លាស់ប្តូរទៅជាបណ្តាញសារព័ត៌មានដ៏ក្រឹត្យក្រម ដោយមានច្បាប់ទម្លាប់ត្រឹមត្រូវមួយ ក្នុងការផ្តល់ព័ត៌មានដោយឯករាជ្យនិងដោយមិនលម្អៀង។
លោក Austin បានលើកឡើងថា៖ «មានក្រុមមនុស្សជាច្រើនដែលមានគំនិតខុសៗគ្នា អំពីអ្វីដែលយើងគួរផ្សាយ និងអ្វីដែលយើងមិនគួរផ្សាយ។ ខ្ញុំចាំថា ធ្លាប់បានទទួលទូរស័ព្ទពីក្រសួងការបរទេស ដែលបាននិយាយថា យើងមិនអាចផ្សាយព័ត៌មានបែបនេះទេ! ហើយខ្ញុំតែងតែប្រាប់ទៅវិញដោយសម្តីសមរម្យថា ពួកគេគួរតែទូរស័ព្ទទៅសួររដ្ឋមន្ត្រីក្រសួងការបរទេសទៅ តែក្រោយមកខ្ញុំដាក់ទូរស័ព្ទចុះ»។
លោកក៏បានបន្ថែមថា៖ «ជាការឃោសនា ឬបណ្តាញព័ត៌មាន យើងត្រូវតែសម្រេចថាតើវិធីសាស្ត្រមួយណាមានប្រសិទ្ធភាពជាងគេបង្អស់?
រូបឯកសារ៖ លោក Eliot Engel ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំសភាតំណាងរាស្ត្រ ចូលរួមកិច្ចប្រជុំមួយនៅរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
លោក Eliot Engel ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំសភាតំណាងរាស្ត្រ បានឲ្យដឹងថា បើទោះជាលោកមិនអាចបោះឆ្នោតក្នុងព្រឹទ្ធសភាក្តី ក៏គណៈកម្មាធិការរបស់លោកអាចជះឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយ USAGM ក្នុងសភាអាមេរិកបាន។
កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Engel បានកោតសរសើរលោក Lansing ថាបានធ្វើឲ្យបណ្តាញផ្សព្វផ្សាយ USAGM «ដើរលើផ្លូវមួយឆ្ពោះទៅរកបណ្តាញផ្សាយព័ត៌មានដ៏មានប្រសិទ្ធភាពនិងទំនើប ដោយផ្តល់នូវព័ត៌មានមិនលម្អៀងទៅកាន់ប្រទេសជាច្រើននៅជុំវិញពិភពលោកដែលមិនមានសេរីភាពសារព័ត៌មាន»។
ក៏ប៉ុន្តែ លោក Engel ក៏បានលើកឡើងថា បើសិនជាព្រឹទ្ធសភាមិនសម្រេចតែងតាំងលោក Pack ទេ នោះក្រុមប្រឹក្សាភិបាល BBG គួរតែអនុវត្តអំណាចរបស់ខ្លួន ហើយតាំងតែងនរណាម្នាក់ជានាយកប្រតិបត្តិថ្មី។
លោកបានមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាភិបាលបច្ចុប្បន្ននៅមានអំណាចក្នុងការតែងតាំងអ្នកជំនួសតំណែងនេះ។ ខ្ញុំសូមជំរុញលើកទឹកចិត្តឲ្យក្រុមប្រឹក្សាភិបាលសម្រេចឲ្យបានឆាប់ៗ ដោយសារតែយើងមិនអាចទស្សន៍ទាយ តើនៅពេលណាទើបព្រឹទ្ធសភាអាចសម្រេចអនុម័តចាត់តាំងនាយកប្រតិបត្តិថ្មីដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតីបានទេ។ នេះគឺជាតំណែងដ៏សំខាន់មួយ ដែលមិនអាចអនុញ្ញាតឲ្យនៅទំនេរបានឡើយ សូម្បីតែមួយថ្ងៃក៏ដោយ»។
ស្របពេលជាមួយគ្នានេះ ក៏មានមតិរិះគន់លើបណ្តាញផ្សព្វផ្សាយ USAGM ដែរ។ លោក Ed Royce អតីតប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសប្រចាំសភាតំណាងរាស្ត្រ និងជាសមាជិករដ្ឋសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ានៃគណបក្សសាធារណៈរដ្ឋ បានធ្លាប់ហៅ USAGM ថាជា «បណ្តាញផ្សព្វផ្សាយដែលមិនដំណើរការ»។ ហើយរីឯលោកស្រី Hilary Clinton ក្នុងអំឡុងពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ក៏បានចាត់ទុក USAGM ថា «មិនបានដំណើរការទៅតាមសមត្ថភាពរបស់ខ្លួន ក្នុងការផ្សព្វផ្សាយសាររបស់រដ្ឋាភិបាលអាមេរិកទៅកាន់ពិភពលោក»។
ទាំងលោកស្រី Amanda Bennett និងលោក Danforth Austin បានចាត់ទុកការកើនឡើងនៃចំនួនអ្នកស្តាប់ការផ្សាយរបស់បណ្តាញ USAGM ថា បានកើតឡើងនៅក្រោមអាណត្តិរបស់លោក Lansing ដែលផ្តោតការយកចិត្តទុកដាក់លើការធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយឯករាជ្យ និងដោយមិនលម្អៀង។ នៅឆ្នាំ២០១៨ អត្រាអ្នកស្តាប់ការផ្សាយរបស់បណ្តាញ USAGM បានកើនដល់ទៅ ២៤ភាគរយ។
លោកស្រី Amanda Bennett បានលើកឡើងថា៖ «៦០ភាគរយនៃអ្នកស្តាប់ការផ្សាយរបស់យើងនៅជុំវិញពិភពលោកជឿជាក់លើយើង និងមានទំនុកចិត្តលើយើង។ ការយកចិត្តទុកដាក់របស់លោក Lansing ដោយផ្តោតលើឯករាជ្យភាពនៃការផ្សព្វផ្សាយរបស់យើង គឺជាអ្វីដែលយើងត្រូវតែបន្តទៅមុខទៀត បើសិនជាយើងចង់ថែរក្សាការជឿទុកចិត្តជាយូរណាស់មកហើយរបស់អ្នកស្តាប់យើង»៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត