សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងគឺលោកស្រី ថាក់ ឡានី ដែលរងបណ្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនបានបង្ហាញខ្លួននៅតុលាការតាមការកោះហៅជាលើកទី២ទេ នៅព្រឹកថ្ងៃ១៧ខែ សីហានេះ។ មេធាវីរបស់លោកស្រីប្រាប់ថា លោកស្រីនឹងចូលបំភ្លឺ ប្រសិនព្រឹទ្ធសភាដកអភ័យឯកសិទ្ធិរបស់លោកស្រីតាមច្បាប់។
មេធាវីរបស់សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងដែលកំពុងជាប់បណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាក់នៅថ្ងៃពុធនេះថា កូនក្តីរបស់លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ លុះត្រាព្រឹទ្ធសភាព្យួរអភ័យឯកសិទ្ធិរបស់លោកស្រី។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គឺលោកស្រី ថាក់ ឡានី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា តាមរយៈមេធាវីតំណាងរបស់លោក ទាក់ទងនឹងការចោទលើកឡើងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនស្ថិតនៅពីក្រោយឃាតកម្មលើលោក កែម ឡី។
លោក សំ សុគង់ មេធាវីតំណាងលោកស្រី ថាក់ ឡានីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាតំបូងរាជធានីភ្នំពេញក្រោយនៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
លោក សំ សុគង់ ដែលជាមេធាវីការពារក្តីលោកស្រី ថាក់ ឡានី មានប្រសាសន៍ថា លោកស្រី ថាក់ ឡានីមិនបានចូលបំភ្លឺតាមការកោះហៅរបស់តុលាការនៅព្រឹកថ្ងៃទី១៧នេះទេ។ លោកបន្ថែមថា លោកស្រីថាក់ ឡានីនឹងពិចារណាចូលបំភ្លឺ ប្រសិនជាព្រឹទ្ធសភាដកអភ័យឯកសិទ្ធិរបស់លោកស្រីតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖
«អភ័យឯកសិទ្ធិនេះបើយើងនិយាយទៅវាជាអាវក្រោះមួយ ដែលជាអំណាចមួយចំពោះសមាជិកព្រឹទ្ធសភា ហើយដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយបើកាលណាយើងដើរនីតិវិធី យើងកោះហៅសមាជិកព្រឹទ្ធសភាដែលមានអភ័យឯកសិទ្ធិព្រឹទ្ធសភាអញ្ចឹង វាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ន។ វាប៉ះពាល់ដល់សមាជិកព្រឹទ្ធភាដទៃទៀត ហើយក៏វាជាការរំលោភអំណាចដែលរដ្ឋធម្មនុញ្ញ ដែលថា អំណាច៣បែងចែកដាច់ពីគ្នាដែរ។អញ្ចឹងហើយបានខាងក្រុមមេធាវីចង់ឲ្យមានការអនុវត្តច្បាប់មួយ ហើយឲ្យគោរពទៅតាមរដ្ឋធម្មនុញ្ញ»។
អ្នកនាំពាក្យព្រឹទ្ធសភាគឺលោក អ៊ុំ សារឹទ្ធ បានប្រាប់ VOA ថា គណៈអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងប្រជុំពិភាក្សាលើករណីរបស់លោកស្រី ថាក់ ឡានី ប្រសិនបើព្រឹទ្ធសភាទទួលបានលិខិតស្នាមណាមួយពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិពីស្ថាប័នយុត្តិធម៌។
លោកបន្ថែមថា៖
«យើងអត់ទាន់បានលិខិតស្នាមអីណាពីស្ថាប័នតុលាការ ឬក្រសួងយុត្តិធម៌នៅឡើយទេ។ យើងចាំមើលលិខិតហ្នឹងមកដល់សិន ហើយគណៈអចិន្ត្រៃយ៍លោកនឹងប្រជុំដើម្បីពិនិត្យមើលអ្វីដែលចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធសភានៅក្នុងបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងរដ្ឋធម្មនុញ្ញរបស់យើង ចែងយ៉ាងម៉េច អីយ៉ាងម៉េចយើងនឹងពិចារណា ហើយគណៈអចិន្ត្រៃយ៍នឹងស្នើឡើងទៅតាមអ្វីកំណត់ក្នុងច្បាប់ហ្នឹង»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ និងជាអ្នកកាន់សំណុំរឿងនេះ បានប្រាប់ VOA តាមប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិច Telegram ថា លោកបដិសេធពាក្យសុំរបស់មេធាវីការពារក្តីដែលសុំបង្អង់នីតិវិធីនៃការកោះហៅឲ្យលោកស្រី ថាក់ ឡានី។ លោកបញ្ជាក់ថា មិនមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់តាមបញ្ញត្តិនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ដែលពាក់ព័ន្ធ។
លោកបន្ថែមតាមអត្ថន័យដើមថា៖
«ជនជាប់សង្ស័យឈ្មោះថាក់ ឡានីមិនបានចូលខ្លួនតាមកាលបរិច្ឆេទនៃការកោះហៅលើកទី២របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះទេ។ យើងសម្រេចបន្តចំណាត់ការស៊ើបអង្កេតរឿងក្តីនេះទៀតដោយពិនិត្យលើពាក្យបណ្តឹង ភស្តុតាង និងសាក្សីដែលមានប្រយោជន៍ដល់ចំណាត់ការរឿងក្តីនេះ»។
កន្លងមកអ្នកច្បាប់បានលើកឡើងថា សម្តីរបស់លោកស្រីថាក់ ឡានី និងលោកសម រង្ស៊ី គឺជាការបញ្ចេញមតិ មិនមែនជាការបរិហារកេរ្តិ៍ ឬធ្វើឲ្យខុសច្បាប់ណាមួយឡើយ។
មាត្រា១០៤ថ្មីនៃរដ្ឋធម្មនុញ្ញចែងថា សមាជិកព្រឹទ្ធសភារូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនដោយការសម្តែងយោបល់ ឬការបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ ប្រសិនមិនមានការយល់ព្រមពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។ ករណីចុងក្រោយនេះក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច ដោយអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិកព្រឹទ្ធសភាទាំងមូល។
លោកហ៊ុន សែនបានប្តឹងលោកស្រីថាក់ ឡានី និងមេដឹកនាំគណបក្សប្រឆំាងដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងគឺលោកសម រង្ស៊ីទៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់ថា លោកហ៊ុន សែនជាអ្នកនៅពីក្រោយការសម្លាប់លោកកែម ឡី។ ប៉ុន្តែលោកស្រីថាក់ ឡានីបានប្រកែកថា លោកស្រីមិនបានចោទប្រកាន់លោកហ៊ុន សែនដូច្នោះទេ ហើយលោកស្រីអះអាងថា វីដេអូដែលគេបង្ហោះជាសាធារណៈនោះត្រូវបានគេកាត់ត ដើម្បីទម្លាក់កំហុសមកលើលោកស្រី។
បណ្ដឹងរបស់លោកហ៊ុន សែន ដែលតំណាងដោយលោកមេធាវីគី តិច បានប្ដឹងទាមទារឲ្យតុលាការផ្ដន្ទាទោសលោកស្រីថាក់ ឡានី និងលោកសម រង្ស៊ីដាក់ពន្ធនាគារតាមច្បាប់ និងទារសំណងជំងឺចិត្តក្នុងម្នាក់១០០រៀល៕