កម្ដៅកើនឡើងក្នុងតំបន់វាលទំនាបធំៗនារដូវក្តៅ ធ្វើឲ្យរមណីយដ្ឋាននៅក្នុងតំបន់ស៊ីមឡាបានប្រែក្លាយទៅជាតំបន់ដ៏ស្រស់ត្រកាល និងទាក់ទាញភ្ញៀវទេសចរ។ ប៉ុន្តែក្រោយពីការជួបប្រទះនូវបញ្ហាខ្វះទឹក ការផ្គត់ផ្គង់ទឹកស្ទើរតែទាំងស្រុងនៅក្នុងក្រុងនៃតំបន់ជួរភ្នំហេមពាននេះរួចមក ប្រជាជនដែលមានការព្រួយបារម្ភ បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដែលមានខ្លឹមសារថា «ឈប់មកទស្សនាស៊ីមឡាទៀតហើយ»។
សាលារៀនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន ហើយអាជ្ញាធរបានប្រឈមជាមួយក្រុមអ្នកតវ៉ាដែលមានការខឹងសម្បានៅពេលដែលពួកគេបានតម្រង់ជួរដើម្បីទទួលយកការផ្គត់ផ្គង់ទឹកបន្តិចបន្តួចពីឡានដឹកទឹក។
លោកស្រី Nilu Parmar អ្នកស្រុកម្នាក់ក្នុងចំណោមអ្នកស្រុកផ្សេងៗទៀតដែលបានប្រឈមទៅនឹងវិបត្តនេះចាប់តាំងពីវាបានផ្ទុះឡើងកាលពីចុងខែឧសភា បើទោះបីជាលោកស្រីរស់ក្នុងតំបន់ផ្សារដែលជាធម្មតាមានការបម្រុងទឹកទុកក៏ដោយ។
លោកស្រីបានលើកឡើងថា៖ «សូម្បីតែឡានដឹកទឹកក៏ពុំមានទឹកគ្រប់គ្រាន់ដែរ ដូចេ្នះហើយពួកគេបានចែកចាយទឹកតែបីប៉ោតតែប៉ុណ្ណោះក្នុងមួយថ្ងៃទៅដល់គ្រួសារនីមួយៗ»។
វិបត្តិខ្វះទឹកនៅក្នុងទីក្រុងនៃតំបន់ភ្នំមួយនេះ ដែលមានលំនៅដ្ឋានរបស់ប្រជាជន១៨ម៉ឺននាក់ បានធូរបន្តិចហើយ បើទោះបីជាបរិមាណនៃការផ្គត់ផ្គង់ទឹកនៅមានការរឹតត្បិតក៏ដោយ។ ប៉ុន្តែនេះគឺជាការក្រើនរំលឹកមួយដល់ប្រទេសឥណ្ឌា ដែលទីក្រុងធំៗរបស់ខ្លួន ដូចជារដ្ឋធានីញូវដេលី ទីក្រុងBengaluru និងទីក្រុង Mumbai ប្រឈមទៅនឹងការខ្វះទឹកយ៉ាងខ្លាំងជាប្រចាំ គ្រាដែលបរិមាណទឹកក្រោមដីមានការថយចុះ ស្របពេលដែលបឹងបួរ និងទន្លេរីងស្ងួត។
បើទោះបីជាតំបន់ស៊ីមឡាមានទំហំតូចក្តី មានការប្រៀបធៀបទៅនឹងរដ្ឋធានី Cape Town នៃប្រទេសអាហ្រិ្វកខាងត្បូង ដែលប្រឈមទៅនឹងការរំពឹងទុកដល់ «ថ្ងៃសូន្យ» ("Day Zero”) នៅពេលដែលលែងមានទឹកម៉ាស៊ីនប្រើប្រាស់ទៀត។
ក្មេងៗយួរទឹកសម្រាប់បរិភោគក្រោយពេលពួកគេបានត្រងយកពីទុយោទឹករបស់សាលាក្រុង នៅក្នុងតំបន់សំណាងអនាធិបតេយ្យមួយនៅទីក្រុង Kolkata។
លោក Jai Ram Thakur ដែលជាប្រមុខនៃរដ្ឋាភិបាលប្រចាំរដ្ឋ Himachal Pradesh បានលើកឡើងពីបញ្ហាខ្វះទឹកនេះថា បណ្តាលមកពីមានព្រិលធ្លាក់តិចតួច និងមានភ្លៀងធ្លាក់មិនគ្រប់គ្រាន់។ អ្នកផ្សេងៗទៀតបានលើកឡើងពីហេតុផលផ្សេងៗជាច្រើនដែលបង្កឲ្យមានបញ្ហាខ្វះទឹកដ៏រ៉ាំរ៉ៃនេះ ដែលមានលក្ខណៈកាន់តែអាក្រក់ទៅៗ ដូចជាការស្ថាបនាសំណង់ធំៗនៅលើតំបន់ជំរាលបៃតង ដើម្បីទទួលភ្ញៀវទេសចរដែលមានចំនួនកើនឡើងខ្លាំង ប្រព័ន្ធបំពង់ទឹកចាស់ៗដែលមានការលេចធ្លាយ និងការមិនត្រួតពិនិត្យមើលទៅលើការទាញយកទឹកពីក្រោមដីមកប្រើប្រាស់ដែលនាំឲ្យកម្រិតទឹកក្រោមដីមានការថយចុះយ៉ាងឆាប់រហ័ស។
អ្នកជំនាញថែមទាំងបានព្រមានថា បើទោះបីជាស្ថានភាពនៃទីក្រុងផ្សេងៗទៀតមិនទាន់ឈានដល់កម្រិតដូចដែលទីក្រុងស៊ីមឡាបានជួបប្រទះក៏ដោយ ក៏ទីក្រុងទាំងនោះប្រឈមទៅនឹងបញ្ហាដូចៗគ្នាដែរ ដែលការនេះនាំឲ្យមានហានិភ័យប្រហែលៗគ្នា។ រីឯស្ថានភាពនៅជនបទក្នុងតំបន់ជាច្រើន ក៏មិនមានភាពប្រសើរដែរ ដូចជាស្រី្តជាញឹកញាប់ ត្រូវធ្វើដំណើរទៅដងទឹកនៅចម្ងាយផ្លូវជាច្រើនគីឡូម៉ែត្រ។
លោក Arunabha Ghosh ដែលជាស្ថាបនិកនៃក្រុមប្រឹក្សាថាមពល បរិស្ថាន និងទឹក នៅក្នុងទីក្រុង ញូដេលី បានមានប្រសាសន៍ថា៖ «ពួកយើងកំពុងស្ថិតនៅលើផ្លូវមួយដែលគួឲ្យព្រួយបារម្ភ»។
លោកបានលើកឡើងដោយយោងទៅលើកំណើនយ៉ាងឆាប់រហ័សនៃប្រជាជន និងសេដ្ឋកិច្ចយ៉ាងដូច្នេះថា៖ «តាមទំលាប់ ការផ្លាស់ប្តូរធ្វើឡើងពីវិស័យមួយទៅវិស័យមួយដូចជា ពីវិស័យកសិកម្ម ទៅឧស្សាហកម្ម និងពីឧស្សាហកម្ម ទៅសេវាកម្ម ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាវិស័យទាំងបីនេះមានការលូតលាស់ក្នុងពេលតំណាលគ្នា»។
ខណៈពេលដែលតម្រូវការមានការកើនឡើងខ្លាំងនៅក្នុងប្រទេសដែលមានប្រជាជន ១ពាន់៣រយលាននាក់មួយនេះ អ្នកជំនាញបានលើកឡើងថា ការខ្វះទឹកក្នុងប្រទេសឥណ្ឌាមិនមែនបណ្តាលមកពីបរិមាណទឹកទាំងស្រុងនោះទេ ប៉ុន្តែក៏បណ្តាលមកពីភាពទន់ខ្សោយនៃការគ្រប់គ្រងធនធានទឹក និងការផ្គត់ផ្គង់ផងដែរ។
ប្រជាជនឥណ្ឌាស្ទើរតែ៧០% ពឹងផ្អែកទៅលើប្រភពទឹកនៅក្រោមដីសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធធារាសាស្រ្ត និងបរិភាគ ប៉ុន្តែសាស្រ្តាចារ្យ Abhijit Kukherjee ដែលជាអ្នកជំនាញខាងប្រព័ន្ធធារាសាស្រ្តនៃវិទ្យាស្ថានបច្ចេកវិទ្យា ក្នុងទីក្រុង Kharagpur ដែលបានធ្វើការសិក្សាស្រាវជ្រាវជាច្រើនរួចមក បានក្រើនរំលឹកថា ការបូបទឹកដោយគ្មានការប្រុងប្រយ័ត្នអស់ពេលជាង ៤ទសវត្សមកនោះ ធ្វើឲ្យទឹកថយមកដល់កម្រិតទាបដ៏មានគ្រោះថ្នាក់។
លោកសាស្រ្តាចារ្យ បានបន្តទៀតថា៖ «ខ្ញុំថា វាគឺជាការទាញយកទឹកពីក្រោមដីដ៏ច្រើនបំផុតនៅក្នុងប្រវត្តិមនុស្សជាតិ។ ប្រសិនបើអ្នកក្រឡេកទៅមើលបរិមាណទឹកដែលបានទាញយកពីក្រោមដីនៅក្នុងប្រទេសឥណ្ឌា វាមានចំនួនច្រើន គឺច្រើនជាងចំនួនទឹកដែលបានទាញយកពីក្នុងដីនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសចិនទៅទៀត»។
រូបឯកសារ៖ បុរសម្នាក់កំពុងដងទឹកពីអាងស៊ីម៉ង់ត៍នៅក្នុងទីក្រុង Bangalore ប្រទេសឥណ្ឌា។
ការជីកអណ្តូងនៅក្រោយផ្ទះដើម្បីយកទឹកមកប្រើប្រាស់របស់ប្រជាជននៅទីក្រុង មានការកើនឡើងដោយសារតែការផ្គត់ផ្គង់ទឹករបស់សាលាក្រុងមិនអាចទុកចិត្តបាន។ កសិករបូមទឹកពីក្រោមដីមកស្រោចដំណាំរបស់ពួកគេ បើទោះបីជាពួកគេនៅជិតស្ទឹង និង ទន្លេក៏ដោយ។ នេះដោយសារតែមានការបង្ហូរកាកសំណល់ចេញពីរោងចក្រឧស្សាហកម្មពីទីក្រុង ចូលទៅក្នុងស្ទឹង និងទន្លេ ធ្វើឲ្យពួកគេមិនអាចយកទឹកនោះទៅស្រោចដំណាំបាន។
ដើម្បីបង្ហាញឲ្យឃើញច្បាស់ពីភាពចំាំបាច់ទៅលើដំណើរការស្តុកទឹកឡើងវិញក្នុងស្រទាប់ក្រោមដី អ្នកជំនាញបានលើកឡើងជាបន្តបន្ទាប់ថា ប្រទេសឥណ្ឌាមានប្រជាជនរហូតដល់១៨% នៃប្រជាជនពិភពលោក និងមានប្រភពធនធានទឹកចំនួន ៤% ប៉ុណ្ណោះ។ លោក Abhijit Mukherjee បានមានប្រសាសន៍ថា រដ្ឋមួយចំនួន ដូចជារដ្ឋ Gujarat និងរដ្ឋ Andhra Pradesh ត្រូវបានគេរាយការណ៍មកថាទទួលបានជោគជ័យ បន្ទាប់ពីសាងសង់ប្រព័ន្ធស្តុកទឹករួចមក។
លោកបានថ្លែងបន្ថែមថា៖ «ពួកគេបានធ្វើអន្តរាគមន៍ក្នុងកម្រិតសហគន៍តូចៗ ការសាងសង់ទំនប់បង្ហូរទឹកតូចៗ ការជីកស្រះ និងប្រឡាយទឹកជាដើម»។
ក៏ប៉ុន្តែលោកបានព្រមានថា ប្រទេសឥណ្ឌាមានលទ្ធភាពតិចតួចតែប៉ុណ្ណោះ ក្នុងការធានាឲ្យបានថា តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសនេះនឹងមិនប្រឈមទៅនឹងស្ថានភាពដូច ដែលប្រជាជនក្នុងទីក្រុងស៊ីមឡាកំពុងប្រឈមនោះឡើយ។
លោកស្រី Nilu Parmarបានលើកឡើងថា៖ «អ្នកធ្លាប់បានធ្វើរឿងគ្រប់យ៉ាងដូចជា សុំ ខ្ចី និងលួចជាដើម។ ដូច្នេះ អ្នកត្រូវរៀនសន្សំទឹក ដោយក្រោយពីមុជទឹកនៅក្នុងអាងទឹកហើយ អ្នកត្រូវទុកទឹកនោះ ដើម្បីប្រើប្រាស់ក្នុងបង្គន់អនាម័យ»៕
ប្រែសម្រួលដោយ ឆេង ចន្នី