នៅពេលកងកម្លាំងសន្តិសុខចុះឆែកឆេរភូមិ Dong Tam កាលពីដើមឆ្នាំមុនអ្នកសរសេរប្លុកជនជាតិវៀតណាមឈ្មោះ Bui Thi Minh Hang បានផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ីនធឺណិតនូវបទសម្ភាសន៍មួយជាមួយនឹងស្ត្រីម្នាក់ ដែលកូនអាយុ៣ឆ្នាំរបស់គាត់ បានត្រូវផ្សែងបង្ហូរទឹកភ្នែក។
អ្នកស្រី Hang បានប្រើប្រាស់បណ្តាញសង្គមដើម្បីរាយការណ៍ពីការចុះឆែកឆេរនេះ ដែលជាផ្នែកមួយនៃជម្លោះដីធ្លីដ៏យូរមកហើយ។ ប៉ុន្តែការបង្ហោះរបស់អ្នកសរសេរប្លុករូបនេះត្រូវបានលុបចេញយ៉ាងលឿនពីបណ្តាញសង្គម Facebook និងY ouTube ហើយប៉ុន្មានម៉ោងក្រោយមក អ្នកស្រីត្រូវបានចាប់ខ្លួន។ អ្នកស្រី Hang ត្រូវបានឃុំខ្លួនរយៈពេល៨ម៉ោង និងត្រូវបានចោទសួរពីសារបង្ហោះរបស់អ្នកស្រី។
នេះមិនមែនជាការចាប់ខ្លួនលើកដំបូងសម្រាប់អ្នកស្រី Hang នោះទេ។ អ្នកស្រីធ្លាប់បានជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទ «បង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ»។ ប៉ុន្តែជាមួយនឹងការចាប់ខ្លួននេះ អ្នកស្រី Hang ក៏បានបាត់បង់គណនីបណ្តាញសង្គមរបស់អ្នកស្រីផងដែរ។
អ្នកស្រី Hang បានប្រាប់ VOA ថា៖ «ខ្ញុំត្រូវបានផ្តាច់ចេញ [ពីFacebook] អស់រយៈពេល៩ខែមកហើយ។ រាល់គណនីផ្សេងៗដែលខ្ញុំបានបង្កើតឡើង គឺត្រូវបានបិទទាំងអស់»។
អ្នកសរសេរប្លុករូបនេះបាននិយាយថា សារបង្ហោះរបស់អ្នកស្រីដែលត្រូវបានលុបចោលនៅក្នុងរយៈពេលពីរឆ្នាំមកនេះ គឺបានរិះគន់រដ្ឋាភិបាល ឬការចាប់ខ្លួន។
សេចក្តីប្រកាសពីបណ្តាញសង្គម Facebook ដែលត្រូវបានបញ្ជូនមកអ្នកស្រី Hang និងដែល VOA បានឃើញលើកឡើងថា អ្នកស្រី «បានរំលោភបំពានបទដ្ឋានសហគមន៍ក្នុងបណ្តាញសង្គម»។
អ្នកសរសេរប្លុករូបនេះបានដាក់ពាក្យបណ្តឹងតវ៉ាទៅវិញ ប៉ុន្តែនិយាយថា នាងមិនទាន់បានឮពីក្រុមហ៊ុនFacebook វិញនោះទេ។
រូបឯកសារ៖ សកម្មជនសិទ្ធិមនុស្សអ្នកស្រី Bui Thi Minh Hang នៅពេលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ក្នុងខេត្ត Gia Lai ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
អ្នកស្រី Hang គឺជាមនុស្សម្នាក់នៅក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នៅវៀតណាមរួមមាន អ្នកសារព័ត៌មាន សកម្មជន និងអ្នកសរសេរប្លុកដែលបានប្រាប់ VOA ថា សារបង្ហោះរបស់ពួកគេត្រូវបានលុបចោល ឬគណនីត្រូវបានបង្កក ខណៈមានការកើនឡើងនូវការរឹតត្បិតខ្លឹមសារតាមប្រព័ន្ធអ៊ីនធឺណិតនៅវៀតណាម។
អង្គការលើកលែងទោសអន្តរជាតិបានពណ៌នាបណ្តាញសង្គម Facebook និង YouTube ជា«កន្លែងប្រមាញ់សម្រាប់ការរឹតត្បិត កងកម្លាំងលុកលុយតាមប្រព័ន្ធអ៊ីនធឺណិត និងគណនីក្លែងបន្លំដែលទទួលការឧបត្ថម្ភពីរដ្ឋ»។
នៅក្នុងរបាយការណ៍មួយកាលពីខែមុន អង្គការគាំពារសិទ្ធិមួយនេះនិយាយថា បណ្តាញសង្គមទាំងនេះ «កាន់តែឃុបឃិត» ជាមួយនឹងរដ្ឋាភិបាលដើម្បីរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
ក្រសួងការបរទេសវៀតណាមច្រានចោលរបាយការណ៍នេះ និងបាននិយាយថា អាជីវកម្មបរទេសត្រូវបានអនុញ្ញាតឲ្យមានប្រតិបត្តិការនៅក្នុងប្រទេស «ដោយផ្អែកលើមូលដ្ឋានស្របតាមច្បាប់វៀតណាម»។
ក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាមបានលើកឡើងកាលពីខែមុនថា អាជ្ញាធរបានលុបចោលសារបង្ហោះដែលខុសច្បាប់ ឬចែករំលែកព័ត៌មានឃោសនា។
ក្រុមហ៊ុនបណ្តាញសង្គមខាងលើនិយាយថា ពួកគេត្រូវបានចងដោយច្បាប់និងគោលនយោបាយរបស់ប្រទេសនីមួយៗនៅក្នុងការលុបចេញ ឬស៊ើបអង្កេតសារបង្ហោះដែលត្រូវបានចាត់ទុកថា ខុសច្បាប់។
ការរឹតត្បិតសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិត
វៀតណាមមានកំណត់ត្រាសេរីភាពតាមប្រព័ន្ធផ្សព្វផ្សាយអន់ខ្សោយដោយមានចំណាត់ថ្នាក់ ១៧៥ ក្នុងចំណោម ១៨០ប្រទេស ដែលចំណាត់ថ្នាក់ទី១ គឺមានសេរីភាពជាងគេ។ នេះបើយោងទៅតាមសន្ទស្សន៍សេរីភាពសារព័ត៌មានចងក្រងដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន។
នៅក្នុងបរិយាកាសដែលការទទួលព័ត៌មានឯករាជ្យមានកម្រិត សេរីភាពនៅក្នុងការបញ្ចេញមតិបានរីកចម្រើននៅតាមបណ្តាញសង្គម Facebook និង YouTube។
រូបឯកសារ៖ ផ្លាកសម្គាល់បណ្តាញសង្គម Twitter, YouTube និង Facebook ថតក្នុងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩។
Facebook គឺជាបណ្តាញសង្គមដែលមានប្រជាប្រិយភាពខ្លាំងជាងគេនៅវៀតណាម ដោយមានអ្នកប្រើប្រាស់ចំនួន៦៥លាននាក់ ដែលនេះជាចំនួនអ្នកប្រើប្រាស់ធំជាងគេទីប្រាំពីរនៅលើពិភពលោក និងជាទីផ្សារដ៏ធំជាងគេបង្អស់មួយរបស់ក្រុមហ៊ុន Facebook នៅអាស៊ី។ នេះបើយោងតាមតួលេខពីក្រុមហ៊ុនទិន្នន័យទីផ្សារ Statista។
អ្នកសរសេរប្លុកលោក Doan Bao Chau បាននិយាយថា វត្តមាននៃបណ្តាញសង្គម ជាពិសេស បណ្តាញសង្គម Facebook ដើរតួយ៉ាងសំខាន់នៅក្នុងប្រទេសដែលមិនមានសេរីភាពសារព័ត៌មាន។
លោក Truong Chau Huu Danh គឺជាអ្នកសារព័ត៌មានដែលបម្រើការឲ្យសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ រួមមានសារព័ត៌មាន Lao Dong មានអ្នកតាមដានលើបណ្តាញសង្គមចំនួន ១៦៨.០០០នាក់។ លោកបានយល់ស្របជាមួយលោក Chau ដោយនិយាយថា៖ «ចាប់តាំងពីថ្ងៃដែល Facebook បានបើកឲ្យប្រើប្រាស់នៅវៀតណាម ការយល់ដឹងរបស់ពលរដ្ឋបានកើនឡើងយ៉ាងច្រើន»។
ប៉ុន្តែនាពេលថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិនិយាយថា អាជ្ញាធរបានបង្ក្រាបការបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត ដែលត្រូវបានចាត់ទុកថា «គំរាមកំហែងមកលើរបបដឹកនាំប្រទេស»។
អ្នកសរសេរប្លុកលោក Chau បាននិយាយថា ការមានសារបង្ហោះត្រូវបានលុបចេញពីបណ្តាញសង្គមគឺជារឿងធម្មតានៅវៀតណាម។ លោកបានថ្លែងថា៖ «មិត្តភក្តិខ្ញុំជាច្រើននាក់ត្រូវបានគេលុបសារបង្ហោះចេញពី Facebook និងថែមទាំងត្រូវបានបិទគណនីទៀតផង ដោយសារការសរសេរអំពីបញ្ហារសើបនិងការរិះគន់ប្រឆាំងនឹងរដ្ឋាភិបាល»។
លោក Danh បាននិយាយថា សារបង្ហោះជារឿយៗត្រូវបានលុបចោលដោយមិនមានហេតុផលជាក់លាក់។ លោកបានថ្លែងថា៖ «ពួកគេគ្រាន់តែនិយាយថា សារនោះរំលោភច្បាប់ក្នុងស្រុកតែប៉ុណ្ណោះ»។
លោក Danh ដែលជាអ្នកសារព័ត៌មានដែលបានបង្កើតគេហទំព័រព័ត៌មានមួយតាមបណ្តាញសង្គម Facebook ឈ្មោះថា Bao Sach (មានន័យថា កាសែតស្អាតស្អំ) ត្រូវបានលុបសារបង្ហោះ នៅពេលលោកបានប្រើប្រាស់ទំព័រFacebook នេះដើម្បីសរសេរអំពីការប្រព្រឹត្តខុសនៅក្នុងគម្រោងហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធ។
លោក Danh បាននិយាយថា សារបង្ហោះពីរឿងក្តីពុករលួយក្នុងខេត្ត Binh Duong ដែលបានទាក់ទាញអ្នកតាមដាន និងការឆ្លើយឆ្លងរាប់ពាន់ក៏ត្រូវបានលុបចោលផងដែរ បន្ទាប់ពីត្រូវបានចាត់ទុកថា «ត្រូវរឹតត្បិតតាមច្បាប់ក្នុងស្រុក»។
លោក Danh បានថ្លែងថា៖ «ខ្ញុំបានដាក់ពាក្យបណ្តឹងតវ៉ាទៅវិញ ប៉ុន្តែពួកគេមិនបានឆ្លើយតប ឬអាចនៅស្ងៀម»។
រូបឯកសារ៖ លោក Truong Chau Huu Danh អ្នកសារព័ត៌មានជនជាតិវៀតណាម ជួបជាមួយមន្ត្រីប៉ូលិស កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
មួយថ្ងៃបន្ទាប់ពីលោក Danh បាននិយាយជាមួយ VOA ប៉ូលិសបានចាប់ខ្លួនលោកក្រោមការចោទប្រកាន់ពីបទ «រំលោភបំពានសេរីភាពប្រជាធិបតេយ្យ» ពាក់ព័ន្ធនឹងសារបង្ហោះរបស់លោក និងបានដាក់ឲ្យលោកជាប់ឃុំរយៈពេលបីខែ។ ប្រសិនបើត្រូវរកឃើញថាមានទោស លោកអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំ។
ចន្លោះប្រហោងផ្លូវច្បាប់
ច្បាប់បញ្ញត្តិលើក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតហាក់ដូចជាបានបង្កើនសំណើឲ្យគោរពតាម។
ច្បាប់សន្តិសុខប្រព័ន្ធអ៊ីនធឺណិតវៀតណាម ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តម្រូវឲ្យក្រុមហ៊ុនបណ្តាញសង្គមអនុលោមតាមច្បាប់ក្នុងស្រុករួមមានការបើកការិយាល័យនិងរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសដែលខ្លួនមានប្រតិបត្តិការ។
ក្រឹត្យដោយឡែកមួយទៀតដែលត្រូវបានប្រកាសកាលពីខែកុម្ភៈអនុញ្ញាតឲ្យមានការព្យួរអាជ្ញាបណ្ណរហូតដល់ពីរឆ្នាំសម្រាប់ក្រុមហ៊ុនណាដែលបំពានច្បាប់ តាមរយៈការខកខានក្នុងការលុបចោលសារបង្ហោះដែលអាជ្ញាធរចាត់ទុកថា ខុសឆ្គង។
ក្រសួងព័ត៌មាននិងសារគមនាគមន៍វៀតណាមកាលពីថ្ងៃទី១៣ ខែធ្នូ បាននិយាយថា នៅឆ្នាំ២០២០ បណ្តាញសង្គម Facebook និង YouTube បានយល់ស្របជាមួយនឹងសំណើដើម្បីលុបចោលរាល់សារបង្ហោះដែលខ្លួនចាត់ទុកថា «ខុសច្បាប់» និងបានលុបចោលគណនីទំព័រ ឬប៉ុស្តិ៍រាប់រយ ដែលមានផ្ទុក«ការឃោសនាប្រឆាំងនឹងគណបក្សដឹកនាំប្រទេស និងរដ្ឋាភិបាល»។
របាយការណ៍តម្លាភាពដែលត្រូវបានបញ្ចេញដោយក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ដែលម្ចាស់ YouTube ក៏បានបង្ហាញថា បណ្តាញសង្គមទាំងពីរនេះបានលុបចោលសារបង្ហោះ និងវីដេអូរាប់រយតាមសំណើរបស់រដ្ឋាភិបាល។
ក្រុមហ៊ុន Facebook បាននិយាយថាខ្លួន «បានដាក់កំហិតលើការចូលប្រើប្រាស់» ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍អំពីខ្លឹមសារ«ប្រឆាំងនឹងបក្សកុម្មុយនីស្ត និងរដ្ឋាភិបាលវៀតណាម» ក្នុងចំណោមសារដទៃទៀត។ ក្រុមហ៊ុន Google និយាយថា ខ្លួនបានលុបចេញសារបង្ហោះផ្សេងៗដែលត្រូវបានចាត់ទុកថា រំលោភបំពានច្បាប់ក្នុងស្រុក ដោយសំណើសុំឲ្យលុបចោលភាគច្រើនពីសំណាក់រដ្ឋាភិបាលគឺពាក់ព័ន្ធនឹងការរិះគន់នយោបាយ។
កាលពីខែមេសា ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនត្រូវបានបង្ខំឲ្យ«បង្កើនកាន់តែខ្លាំង» ការអនុលោមតាមច្បាប់ក្នុងស្រុក បន្ទាប់ពីមានការចែងច្បាស់ថា ការខកខានមិនគោរពតាមច្បាប់នេះនឹងនាំឲ្យរដ្ឋាភិបាលវៀតណាមបិទចោលសេវាកម្មរបស់ក្រុមហ៊ុនទាំងស្រុង។
អ្នកនាំពាក្យឲ្យក្រុមហ៊ុន Facebook មួយរូបបានប្រាប់ VOA ថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនបានរង «សម្ពាធបន្ថែមពីរដ្ឋាភិបាលវៀតណាមឲ្យរឹតត្បិតលើខ្លឹមសារបង្ហោះច្រើនជាងនេះ»។
អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «យើងនឹងធ្វើអ្វីទាំងអស់តាមតែអាចធ្វើបានដើម្បីធានាថា សេវាកម្មរបស់យើងនៅមានសម្រាប់ពលរដ្ឋ ដើម្បីឲ្យពួកគេអាចបន្តបញ្ចេញមតិរបស់ខ្លួនបាន»។
នៅពេលត្រូវស្នើសុំអត្ថាធិប្បាយ ក្រុមហ៊ុន Google បានស្នើឲ្យ VOA ចូលមើលគោលនយោបាយរបស់ក្រុមហ៊ុន។ ក្រោមគោលនយោបាយនេះ ក្រុមហ៊ុន Google និយាយថា ខ្លួនពឹងផ្អែកលើរដ្ឋាភិបាលនៅក្នុងការផ្តល់ដំណឹងពីខ្លឹមសារបង្ហោះខុសច្បាប់ ហើយខ្លួន «នឹងរឹតត្បិតតាមភាពសមស្រប» លើសារបង្ហោះនោះបន្ទាប់ពីត្រួតពិនិត្យរួច។
អ្នកប្រើប្រាស់ YouTube នៅវៀតណាមបានរអ៊ូរទាំពីការរឹតត្បិតកាន់តែខ្លាំងលើខ្លឹមសារបង្ហោះណាមួយដែលត្រូវបានចាត់ទុកថា មានលក្ខណៈរសើបពីសំណាក់អាជ្ញាធរ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។
អ្នកសារព័ត៌មានឯករាជ្យលោក Vo Van Tao និយាយថា កងកម្លាំងសន្តិសុខរបស់រដ្ឋ និងគណនីក្លែងក្លាយឧបត្តម្ភដោយរដ្ឋបានកេងចំណេញពី«ចន្លោះប្រហោងផ្នែកបច្ចេកវិទ្យា» តាមរយៈការបញ្ជូនរបាយការណ៍ប្តឹងទៅក្រុមហ៊ុន Facebook និង Google ដើម្បីស្នើឲ្យមានការលុបខ្លឹមសារបង្ហោះផ្សេងៗចេញពីបណ្តាលសង្គមទាំងនោះ។
នៅចុងឆ្នាំ ២០១៧ វៀតណាមបានប្រកាសដាក់ពង្រាយកងកម្លាំង Force 47 ដែលជាកងកម្លាំងតាមប្រព័ន្ធអ៊ីនធឺណិតមានសមាជិក ១០.០០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមអ្នករិះគន់នៅលើប្រព័ន្ធអ៊ីនធឺណិត។ អង្គការលើកលែងទោសអន្តរជាតិនិយាយថា បេសកកម្មរបស់កងកម្លាំងនេះគឺដើម្បីធ្វើទុកបុកម្នេញ និងគំរាមកំហែងសកម្មជនសិទ្ធិមនុស្សនៅតាមបណ្តាញសង្គម។
ព័ត៌មានទាក់ទង៖ វៀតណាមកាត់ទោសសកម្មជនបរិស្ថានម្នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំចំពោះការបង្ហោះសាររិះគន់លើ Facebook
«ការផ្តោតលើប្រាក់ចំណេញជាជាងគោលការណ៍»
នៅក្នុងសវនាការសភាមួយកាលពីខែវិច្ឆិកា សមាជិកព្រឹទ្ធសភាលោក Marsha Blackburn ដែលជាសមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ Tennessee បានចោទប្រកាន់ក្រុមហ៊ុន Facebook ពីការ«ផ្តោតលើប្រាក់ចំណេញជាជាងគោលការណ៍» ដោយរឹតត្បិតខ្លឹមសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គមនេះក្នុងប្រទេសវៀតណាម តួកគី និងរុស្សី ទៅតាមការចង់បានរបស់របបផ្តាច់ការ។
ប្រទេសវៀតណាមដែលមានប្រជាជនចំនួន៩៦លាននាក់ គឺជាទីផ្សារផ្តល់ប្រាក់ចំណេញធំមួយសម្រាប់ក្រុមហ៊ុន Facebook និងGoogle។ នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Facebook បានកត់ត្រាប្រាក់ចំណូលជិត១ពាន់លានដុល្លារ ស្នើនឹងសឹងមួយភាគបីនៃប្រាក់ចំណូលសរុបរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។ ក្រុមហ៊ុន Google រកចំណូលបាន ៤៧៥លានដុល្លារនៅវៀតណាមអំឡុងពេលដូចគ្នានេះ ដែលភាគច្រើនគឺបានមកពីការផ្សាយពាណិជ្ជកម្មនៅលើ YouTube។
លោក Chau បាននិយាយថា៖ «ពួកគេជាក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើជំនួញ ហើយសម្រាប់ពួកគេដែលជាធុរជន ប្រាក់ចំណេញគឺជាអាទិភាពទី១។ ប្រសិនបើពួកគេត្រូវស្ថិតនៅប្រទេសណាមួយ ពួកគេនឹងត្រូវសម្របសម្រួលជាមួយនឹងអាជ្ញាធរនៅក្នុងប្រទេសនោះដើម្បីធ្វើប្រតិបត្តិការ ហើយខ្ញុំគិតថា ពួកគេមិនខ្វល់ច្រើនពីបទដ្ឋានជារួមដូចជា សេរីភាពនៅក្នុងការបញ្ចេញមតិ សិទ្ធិបញ្ចេញទស្សនៈនិងលទ្ធិប្រជាធិបតេយ្យនោះទេ»។
អ្នកនាំពាក្យក្រុមហ៊ុន Facebook បានប្រាប់ VOA ថា មនុស្សរាប់លាននាក់ពឹងផ្អែកលើគេហទំព័ររបស់ក្រុមហ៊ុនដើម្បីទាក់ទងជាមួយនឹងគ្រួសារ មិត្តភក្តិ ឬអតិថិជន។ អ្នកនាំពាក្យរូបនេះនិយាយថា៖ «យើងមិនមែនត្រូវគ្នារហូតនោះទេជាមួយនឹងរដ្ឋាភិបាលលើបញ្ហាដូចជាការបញ្ចេញមតិយោបល់ រួមទាំងនៅវៀតណាមផងដែរ ប៉ុន្តែយើងខិតខំធ្វើការដើម្បីការពារសិទ្ននេះនៅជុំវិញពិភពលោក»។
អង្គការលើកលែងទោសអន្តរជាតិបានជំរុញឲ្យរដ្ឋាភិបាលអាមេរិកចាត់វិធានការដើម្បីធានាថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ណែនាំអង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស។ គោលការណ៍ទី១១ ចែងថា ធុរកិច្ចនានាត្រូវគោរពសិទ្ធិមនុស្ស។
សកម្មជនសិទ្ធិមនុស្សដែលគណនីហ្វេសប៊ុករបស់ខ្លួនត្រូវបានបិទកាលពីមុនមកបានប្រាប់ VOA ថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលអាមេរិកជាពិសេសសភាអាមេរិកមានសមត្ថភាពក្នុងការកំណត់ច្បាប់ឬបទបញ្ញត្តិនានាដែលនឹងធ្វើឲ្យក្រុមហ៊ុនផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន កុំឲ្យប៉ះពាល់សិទ្ធិមនុស្ស និងអ្វីៗមួយចំនួនទៀត»។
លោក Ming Yu Hah នាយករងប្រចាំតំបន់សម្រាប់យុទ្ធនាការប្រចាំអង្គការលើកលែងទោសអន្តរជាតិមានទស្សនៈដូចគ្នា ដោយលោកលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្រុមហ៊ុននានារួមទាំងក្រុមហ៊ុន Facebook និង Google មានការទទួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្សនៅកន្លែងណាដែលពួកគេមានប្រតិបត្តិការ»។
លោក Tao ក៏បាននិយាយថា រដ្ឋាភិបាលអាមេរិកគួរដាក់សម្ពាធបន្ថែមលើក្រុមហ៊ុនទាំងនោះដើម្បីឲ្យមានការការពារសិទ្ធិច្រើនជាងមុន។
លោកបានថ្លែងថា៖ «ក្រុមហ៊ុន Facebook គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ពួកគេត្រូវគោរពច្បាប់និងនិយ័តកម្មរបស់សហរដ្ឋអាមេរិក ដូច្នេះ ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកជំរុញខ្លាំង និងរារាំងក្រុមហ៊ុនទាំងនោះមិនឲ្យបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋនៅតាមបណ្តាប្រទេសនានានៅលើសាកលលោក មិនត្រឹមតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ នោះនឹងមានប្រសិទ្ធិភាព»។
អង្គការលើកលែងទោសអន្តរជាតិបានព្រមានថា រដ្ឋាភិបាលប្រទេសដទៃទៀតអាចប្រកាន់យកនូវយុទ្ធសាស្ត្ររឹតត្បិតដូចនេះ ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យារឹតបន្តឹងការរឹតត្បិតលើខ្លឹមសារ។ អង្គការគាំពារសិទ្ធិនេះបាននិយាយថា ការធ្វើដូចនេះនឹង «បង្កការប៉ះពាល់យ៉ាងខ្លាំងទៅលើសេរីភាពនៅក្នុងការបញ្ចេញទស្សនៈ»៕
ប្រែសម្រួលដោយលោកណឹម សុភ័ក្រ្តបញ្ញា