ការបោះឆ្នោតមុនកំណត់កំពុងតែប្រព្រឹត្តទៅនៅក្នុងរដ្ឋ Georgia ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក សម្រាប់អាសនៈពីរនៅក្នុងព្រឹទ្ធសភា ដោយសារតែគ្មានបេក្ខជនណាម្នាក់ទទួលបានសំឡេងឆ្នោតភាគច្រើន នៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា។ លទ្ធផលនៃការបោះឆ្នោតផ្តាច់ព្រ័ត្រនៅថ្ងៃទី៥ ខែមករានេះ នឹងសម្រេចពីតុល្យភាពអំណាចក្នុងសភាអាមេរិក។
ទាំងលោកប្រធានាធិបតី Donald Trump និងប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានផ្ដោតលើការប្រកួតប្រជែងគ្នានេះ។
លោក Trump បានប្រាប់ក្រុមអ្នកគាំទ្រកាលពីថ្ងៃទី៥ ធ្នូ នៅរដ្ឋ Georgia ថា៖ «អ្នកបោះឆ្នោតនៅរដ្ឋ Georgia នឹងកំណត់ថាតើគណបក្សនយោបាយណាមួយនឹងដឹកនាំរាល់គណៈកម្មាធិការតាក់តែងច្បាប់ និងត្រួតត្រារាល់ប្រាក់ដុល្លារដែលពលរដ្ឋអាមេរិកបានបង់ពន្ធជូនរដ្ឋ»។
លោក Trump បានថ្លែងយ៉ាងដូច្នេះ ខណៈដែលលោកបានជំរុញឲ្យមានការគាំទ្រសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបច្ចុប្បន្នគឺអ្នកស្រី Kelly Loeffler និងលោក David Perdue។
អ្នកស្រី Kelly Loeffler សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Marietta រដ្ឋ Georgia កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
លោក David Perdue សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ខាងគណបក្សសាធារណរដ្ឋ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងយុទ្ធនាការស្វែងរកសំឡេងគាំទ្រ នៅទីក្រុង Milton រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោក Trump គ្រោងជួបក្រុមអ្នកគាំទ្រមួយលើកទៀតនៅថ្ងៃចន្ទនេះ ក្នុងក្រុង Dalton រដ្ឋ Georgia។
លោក Biden បានឃោសនាឲ្យបេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យគឺលោក Raphael Warnock និងលោក Jon Ossoff។ លោកបានប្រាប់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃទី១៥ ខែធ្នូ ថា៖ «បោះឆ្នោតឲ្យបេក្ខជនទាំងពីរ ហើយយើងនឹងគ្រប់គ្រងព្រឹទ្ធសភា និងផ្លាស់ប្ដូរជីវិតរបស់ពលរដ្ឋ Georgia»។
ការបោះឆ្នោតនេះមានលក្ខណៈប្រកួតប្រជែង។ លោក Warnock មានការគាំទ្រប្រកិតជាមួយនឹងអ្នកស្រី Loeffler។ អ្នកស្រី Loeffler ត្រូវបានអភិបាលរដ្ឋនេះតែងតាំងដើម្បីជំនួសសមាជិកព្រឹទ្ធសភាលោក Johnny Isakson ដែលបានចូលនិវត្តន៍កាលពីមួយឆ្នាំមុន ដោយសារមូលហេតុសុខភាព។
ការប្រកួតប្រជែងរវាងលោក Ossoff និងលោក Purdue ក៏មានលក្ខណៈប្រកិតដែរ។ លោក Perdue បានជាប់ឆ្នោតនៅឆ្នាំ ២០១៤ ហើយការស្ទង់មតិថ្មីមួយបង្ហាញថា លោក Ossoff មានការគាំទ្រស្មើជាមួយលោក Purdue។
អំណាចក្នុងសភាសហរដ្ឋអាមេរិក ត្រូវបានបែងចែក។ បក្សប្រជាធិបតេយ្យបន្ដគ្រប់គ្រងរដ្ឋសភា ហើយការបោះឆ្នោតព្រឹទ្ធសភា នៅថ្ងៃទី៥ មករានេះ នឹងកំណត់ថាតើគណបក្សណាមួយនឹងគ្រប់គ្រងព្រឹទ្ធសភា។
អ្នកវិភាគនយោបាយអ្នកស្រី Sherry Bebitch Jeffe ថ្លែងថា៖ «បើបេក្ខជនគណបក្សប្រជាធិបតេយ្យទាំងពីរនាក់ឈ្នះនោះ គណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ នឹងមានអាសនៈ ៥០ ស្មើគ្នា»។
ដូច្នេះអ្នកដែលអាចបោះឆ្នោត ដើម្បីបំបែកភាពជាប់គាំងបាន គឺលោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីជាប់ឆ្នោតខាងគណបក្សប្រជាធិបតេយ្យ ដែលនឹងដឹកនាំព្រឹទ្ធសភា។ គណបក្សប្រជាធិបតេយ្យចាំបាច់ត្រូវឈ្នះអាសនៈទាំងពីរ ដើម្បីគ្រប់គ្រងព្រឹទ្ធសភា រីឯគណបក្សសាធារណរដ្ឋត្រូវការឈ្នះតែមួយអាសនៈប៉ុណ្ណោះ។
អាចារ្យ Raphael Warnock បេក្ខជនខាងគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងយុទ្ធនាការរកសំឡេងគាំទ្រ នៅទីក្រុង Columbus រដ្ឋ Georgia កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។
លោក Jon Ossoff បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងព្រឹទ្ធសភាប្រចាំរដ្ឋ Georgia ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Atlanta កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។
លោក Biden បានធ្វើឲ្យមានការផ្លាស់ប្ដូរនិន្នាការនៃការបោះឆ្នោតកាលពីខែវិច្ឆិកា ដោយបានឈ្នះនៅរដ្ឋ Georgia មិនដល់ ១% ហើយបេក្ខជនពីរនាក់ខាងគណបក្សប្រជាធិបតេយ្យសម្រាប់អាសនៈក្នុងព្រឹទ្ធសភា ជំរុញឲ្យមានការបោះឆ្នោតផ្តាច់ព្រ័ត្រ ព្រោះសមាជិកព្រឹទ្ធសភាបច្ចុប្បន្នមិនបានទទួលបានជ័យជម្នះ ៥០% បូក ១ បាន។
លោក Raphael Sonenshein នាយកប្រតិបត្តិនៃវិទ្យាស្ថាន Pat Brown សម្រាប់កិច្ចការសាធារណៈនៃសាកលវិទ្យាល័យ California State ក្នុងទីក្រុង Los Angeles បានថ្លែងថា៖
«នេះគឺជាជ័យជម្នះដ៏សម្បើមមួយសម្រាប់គណបក្សប្រជាធិបតេយ្យ។ ទោះជាគណបក្សប្រជាធិបតេយ្យ មិនងាយឈ្នះអាសនៈទាំងពីរក៏ដោយក៏វាជាសញ្ញាបង្ហាញថា រដ្ឋ Georgia កំពុងតែផ្លាស់ប្ដូរដូចនៅរដ្ឋផ្សេងទៀត នៅប៉ែកខាងត្បូងដែរ គឺឆ្ពោះទៅរកសម្ពន្ធ័ភាពថ្មីមួយ»។
លោកថ្លែងថា រដ្ឋ Georgia ក៏ដូចជារដ្ឋនៅប៉ែកខាងត្បូងផ្សេងទៀតដូចជា Virginia និង North Carolina ដែរ មានការកើនឡើងនូវអ្នកបោះឆ្នោតដែលមានការសិក្សាកម្រិតឧត្តម ដែលមានទំនោរបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។
លោក Sonenshein ថ្លែងថា៖ «ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកដើមកំណើតឡាទីន និងដើមកំណើតអាស៊ី មានកាន់តែច្រើននៅក្នុងរដ្ឋទាំងនោះ» ដែលនាំឲ្យមានអ្វីដែលលោកថា ជាអ្នកបោះឆ្នោតដែលប្រកាន់ទស្សនៈវិវឌ្ឍន៍និយម។
ក៏ប៉ុន្តែលោកស្រី Jeffe ថ្លែងថា អ្វីដែលសំខាន់គឺតើគណបក្សណាចេញទៅបោះឆ្នោតច្រើន។
អ្នកស្រី Jeffe ថ្លែងថា៖ «គណបក្សសាធារណរដ្ឋនាំមុខខាងការរៃអង្គាសប្រាក់។ ចំណែកគណបក្សប្រជាធិបតេយ្យមានការគាំទ្រខ្លាំង តាមរយៈការដើរគោះទ្វារតាមផ្ទះពលរដ្ឋ ទោះក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ក៏ដោយ»៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា