រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក ចន ឃែរី (John Kerry) បានធ្វើការរិះគន់ចិនហើយបានថ្លែងថា មិនគួរមានវត្តមានយោធារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងទេ។ ការថ្លែងនេះកើតឡើងក្រោយពីទទួលបានព័ត៌មានមកថា រដ្ឋាភិបាលក្រុងប៉េកាំងដាក់ពង្រាយកាំជ្រួចមីស៊ីល ដែលបាញ់ពីផ្ទៃដីទៅលើអាកាស នៅឯកោះកំពុងមានជម្លោះ ដែលខ្លួនត្រួតត្រានៅតាមផ្លូវទឹកយុទ្ធសាស្ត្រ។
លោក Kerry បានថ្លែងកាលពីថ្ងៃពុធថា៖«ពួកយើងបាននិយាយដដែលៗ ដោយការគោរពចំពោះចិនថា បទដ្ឋានដែលប្រទេសទាំងអស់ត្រូវតែគោរពទៅតាមនៅក្នុងសមុទ្រចិនខាងត្បូងនោះ គឺមិនត្រូវមានវត្តមានយោធានោះទេ»។ លោកបានបញ្ជាក់ដោយចំពោះថា នៅពេលដែលលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើដំណើរទស្សនកិច្ចមកកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីឆ្នាំមុន និងបានជួបជាមួយលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នោះ លោកបានសន្យាថា នឹងមិនដាក់យោធានៅក្នុងដែនសមុទ្រនោះទេ។
លោក ឃែរី ថ្លែងបន្ថែមថា៖«ប៉ុន្តែមានគ្រប់ភស្តុតាង ជារៀងរាល់ថ្ងៃអំពីការកើនឡើងនៃការដាក់វត្តមានយោធាគ្រប់បែបយ៉ាង។ នេះជាការព្រួយកង្វល់ដ៏ធ្ងន់ធ្ងរមួយ។ ពួកយើងបានធ្វើការពិភាក្សាជាមួយនឹងចិន ហើយខ្ញុំមានជំនឿថា នៅប៉ុន្មានថ្ងៃខាងមុខយើងនឹងមានការពិភាក្សាកាន់តែធ្ងន់ធ្ងរស៊ីជម្រៅជាងនេះទៅលើបញ្ហានេះ»។
រូបឯកសារ៖ លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក ថ្លែងសុន្ទរកថានៅក្នុងសន្និសីទសន្តិសុខ Munich នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦។
ថ្លែងនៅឯមន្ទីរបញ្ចកោណ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់ VOA ថា ការដាក់កាំជ្រួចមីស៊ីលរបស់ចិន គឺជាទិដ្ឋភាពនៃជម្លោះទឹកដីដ៏ស្មុគស្មាញមួយ ដែលជាប់ពាក់ព័ន្ធនឹងប្រទេសជាច្រើន ដែលមានព្រំប្រទល់ជាមួយនឹងសមុទ្រចិនខាងត្បូង។ ប្រភពដដែលបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់។
មន្ត្រីអាមេរិកាំងមួយរូបទៀតបានថ្លែងប្រាប់ VOA ថា កាំជ្រួចរបស់ចិន គឺជាផ្នែកមួយនៃប្រព័ន្ធការពារតាមអាកាស HQ-9 ដែលអាចមានវង់ប្រតិបត្តិការក្នុងរយៈចម្ងាយ ២០០គីឡូម៉ែត្រ។
ការមកដល់នៃកាំជ្រួចចិននៅលើកោះ Woody ដែលជាកោះតូចមួយនៅក្នុងតំបន់ ដែលចិនបានពង្រីកដែនដីរបស់ខ្លួនតាមរយៈការបូមខ្សាច់ និងការសាងសង់នានា ត្រូវបានរាយការណ៍ដំបូងតាមរយៈបណ្តាញទូរទស្សន៍ Fox News របស់អាមេរិក ដោយសម្អាងទៅលើរូបភាពតាមផ្កាយរណប ដែលផ្តល់ដោយក្រុមហ៊ុនស៊ីវិលមួយ។ អ្វីដែលត្រូវបានគេមើលឃើញនោះគឺ ទម្រនៃកាំជ្រួចមុខប្រាំបីដែលបាញ់ពីផ្ទៃដីទៅកាន់អាកាស និងប្រព័ន្ធ Radarមួយ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំនៅមន្ទីរបញ្ចកោណបានប្រាប់ថា៖«មិនមានហេតុផលណាមួយត្រូវមានការសង្ស័យទៅលើរូបភាពទាំងនោះឡើយ»។
បញ្ហាកាំជ្រួចមីស៊ីលនេះបានផ្ទុះឡើង ខណៈដែលលោកប្រធានាធិបី អូបាម៉ា កំពុងបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយជាមួយនឹងមេដឹកនាំប្រទេសនៅអាស៊ីអាគ្នេយ៍ នៅក្នុងរដ្ឋ កាលីហ្វរញ៉ា។ លោក អូបាម៉ា បានជំរុញឲ្យភាគីទាំងអស់អត់ធ្មត់នៅក្នុងតំបន់ និងផ្អាកការដាក់វត្តមានយោធានៅក្នុងតំបន់ដែនសមុទ្រដែលមានជម្លោះ។
ការបញ្ជាក់របស់អាមេរិកនិងតៃវ៉ាន់
មន្ត្រីក្រសួងការពារប្រទេសរបស់អាមេរិកមួយរូប បានធ្វើការបញ្ជាក់ក្រោយមកទៀតអំពីការដាក់កាំជ្រួចមីស៊ីល ដូចទៅនឹងអ្វីដែលអ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោកឧត្តមសេនីយ៍ទោ David Lo បានលើកឡើងផងដែរ។
លោក Lo បានថ្លែងកាលពីថ្ងៃពុធថា៖«ភាគីដែលចាប់អារម្មណ៍គួរតែធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយត្រូវអត់ធ្មត់ដោយមិនត្រូវចាត់វិធានការឯកតោភាគី ដែលនឹងបង្កើនភាពតានតឹងនោះទេ»។
កោះ Woody ឬដែលចិនហៅថាកោះ Yongxing និងវៀតណាមហៅថាកោះ Phu Lam គឺជាកោះដ៏ធំបំផុតនៃប្រជុំកោះ Paracel ហើយស្ថិតនៅភាគខាងជើងបំផុតនៃសមុទ្រចិនខាងត្បូង ភាគខាងកើតនៃទីក្រុង Da Nangដែលជាទីក្រុងស្ថិតនៅភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ កោះ Woody ស្ថិតក្រោមការគ្រប់គ្រងរបស់ចិនតាំងពីឆ្នាំ១៩៥៦ ហើយនិងជាទីក្រុង ដែលស្ថិតក្រោមការត្រួតត្រារបស់អភិបាលខេត្ត Hainan ដែលស្ថិតនៅភាគខាងត្បូងរបស់ចិន។ កោះនេះក៏ត្រូវបានទាមទារដោយវៀតណាម និងតៃវ៉ាន់ផងដែរ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦។
ប្រតិកម្មរបស់ចិន
រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ចិនលោក Wang Yi បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រព័ន្ធផ្សព្វផ្សាយបស្ចិមប្រទេសគួរផ្តោតទៅលើ ប៉មបំភ្លឺផ្លូវ និងអគារឧត្តុនិយម ដែលចិនកំពុងសាងសង់នៅក្នុងសមុទ្រចិនខាងត្បូង។
នៅក្នុងអំឡុងពេលសន្និសីទកាសែត ក្រោយពីមានការប្រជុំជាមួយនឹងលោកស្រី Julie Bishop សមភាគីអូស្ត្រាលី ដែលកំពុងតែធ្វើទស្សនកិច្ចនៅចិន លោក Wang មិនបានបដិសេធសេចក្តីរាយការណ៍ជុំវិញបញ្ហាការដាក់កាំជ្រួចមីស៊ីលនោះទេ ប៉ុន្តែបានហៅព័ត៌មានជុំវិញការដាក់កាំជ្រួចមីស៊ីលនោះ គឺជាការប៉ុនប៉ងបង្កើតព័ត៌មានដោយប្រព័ន្ធផ្សព្វផ្សាយរបស់បស្ចិមប្រទេសតែប៉ុណ្ណោះ»។
លោក Wang បានសម្គាល់ពីអ្វី ដែលលោកបានលើកឡើងជុំវិញសិទ្ធិរបស់ចិនក្នុងការដាក់កំហិត ហើយនឹងការសាងសង់អគារ ដែលចាំបាច់សម្រាប់ការពារខ្លួននៅក្នុងប្រជុំកោះ និងតំបន់ថ្មប៉ប្រះទឹកនោះ។
លោក Wang ថ្លែងថា៖«ទង្វើនេះវាស្របទៅតាមការប្រុងប្រៀងខ្លួននិងការពារខ្លួន ដែលចិនមានសិទ្ធិធ្វើឡើងក្រោមច្បាប់អន្តរជាតិ។ ដូច្នេះមិនគួរមានបញ្ហាណាមួយជុំវិញបញ្ហានេះនោះទេ»។
ការទាមទាររបស់ចិន
ការទាមទាររបស់ចិនស្ទើរតែទាំងស្រុងនៅក្នុងសមុទ្រចិនខាងត្បូង និងការទាមទារ ក្នុងការសាងសង់កោះសិប្បនិម្មិតទៅភាគខាងត្បូង បានបង្កឲ្យប្រទេសជិតខាងមានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងតំបន់ ទោះបីជាក្នុងខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងធ្វើការយ៉ាងខ្លាំងក្លាក្នុងការពង្រីកចំណងពាណិជ្ជកម្មរបស់ខ្លួនក៏ដោយ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសាងសង់ផ្លូវយន្តហោះ និងកោះសិប្បនិម្មិតដើម្បីពង្រឹងការពង្វាតទឹកដីរបស់ខ្លួន។
រដ្ឋាភិបាលក្រុងប៉េកាំងបានថ្លែងដដែលៗថា ខ្លួនមិនបានដាក់យោធានៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែចិនមានការបារម្ភកាន់តែខ្លាំងឡើង ចំពោះបេសកកម្មរបស់អាមេរិកជុំវិញការលើកកម្ពស់សេរីភាព ក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់ ទាំងតាមសមុទ្រនិងតាមផ្លូវអាកាស។
រូបឯកសារ៖ ឧទ្ធម្ភាគចក្រ និងកប៉ាល់យាមកាមរបស់កោះតៃវ៉ាននៅតំបន់ឆ្នេរ Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
អត្ថន័យនៃការដាក់កាំជ្រួចមីស៊ីល
លោក Alexander Huang សាស្ត្រាចារ្យជំនួយការមួយរូបនៅឯសាកលវិទ្យាល័យ Tamkang របស់តៃវ៉ាន់ បានថ្លែងថា ការដាក់កាំជ្រួចកំពុងបញ្ជូនសារមួយ បើទោះបីជាទង្វើនេះបង្ហាញពីសញ្ញាផ្ទុយនឹងគោលបំណងនាពេលអនាគតរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
លោក Huang បានថ្លែងថា ការដាក់កាំជ្រួចមីស៊ីលបានបញ្ជូនសញ្ញាផ្ទុយគ្នាមួយ ពីព្រោះចិនបានថ្លែងដដែលៗថា ទង្វើរបស់ខ្លួនមិនមែនជាការដាក់វត្តមានយោធានៅក្នុងកោះជម្លោះនោះទេ។ លោកបន្ថែមថា ខណៈដែលជម្លោះនៅកោះ Woody គឺរវាងចិន និងវៀតណាម ហើយមិនចាំបាច់មានការលូកដៃរបស់អាមេរិកនោះ៖«វាអាចជាសញ្ញា ឬតម្រុយបង្ហាញពីការដាក់យោធានៅកោះ Spratlys នាពេលអនាគត»។
លោកបន្ថែមថា៖«ចិនរងសម្ពាធយ៉ាងខ្លាំងក្នុងពេលឥឡូវនេះ ដោយសារតែសន្និសីទនៅរមណីដ្ឋាន Sunnylands ហើយនឹងការពិភាក្សារវាងអាមេរិក និងកូរ៉េខាងត្បូងជុំវិញការពង្រាយប្រព័ន្ធការពារអាកាស THAAD»។
លោក អូបាម៉ា/ កិច្ចប្រជុំកំពូលអាស៊ាន
ខណៈដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងបញ្ចប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់លោកជាមួយនឹងមេដឹកនាំនៃប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នោះ លោកបានថ្លែងក្នុងកិច្ចប្រជុំថា អ្វីដែលសំខាន់ជាងគេនៅអាមេរិកមានពីរយ៉ាងគឺ៖«ការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការគោរពទៅតាមច្បាប់ក្នុងតំបន់ ដែលច្បាប់ និងបទដ្ឋានអន្តរជាតិ ហើយនិងសិទ្ធិរបស់បណ្តាប្រទេសទាំងឡាយ មិនថាតូចឬធំត្រូវបានគោរព»។
លោកក៏បានថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះថា មេដឹកនាំសហរដ្ឋអាមេរិក និងអាស៊ាន«បានពិភាក្សាអំពីតម្រូវការឲ្យមានជំហានជាក់ស្តែងណាមួយ ក្នុងការបន្ធូរបន្ថយភាពតានតឹងនៅក្នុងសមុទ្រចិនខាងត្បូង រួមមាន ការផ្អាកការទាមទារទឹកដី ការសាងសង់ថ្មីៗ និងការដាក់វត្តមានយោធាបន្ថែមទៀតនៅក្នុងតំបន់ជម្លោះ»។
ទោះជាយ៉ាងនេះក្តី ការឆ្លើយតបរបស់អាមេរិក និងបណ្តាប្រទេសអាស៊ាននៅតែមិនមានភាពច្បាស់លាស់។ ខណៈដែលបណ្តាប្រទេសអាស៊ានប្រហែលជាចង់មានចំណងជិតស្និទ្ធដ៏ពិតប្រាកដជាមួយនឹងអាមេរិក ពួកគេក៏កំពុងពឹងផ្អែកយ៉ាងខ្លាំង ក៏ដូចជាបង្កើនពាណិជ្ជកម្មជាមួយនឹងចិន។
ហើយប្រសិនបើអាមេរិកចង់ឆ្លើយតបនោះ សំណួរដ៏លំបាកជាងនេះនោះគឺថា តើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើអ្វីបានដើម្បីផ្លាស់ប្តូរឥរិយាបថរបស់ចិន។
សេរីភាពក្នុងការធ្វើនាវាចរណ៍
លោក Ross Darrell Feingold ទីប្រឹក្សាជាន់ខ្ពស់ប្រចាំនៅទីក្រុង តៃប៉ិ របស់ក្រុមប្រឹក្សាអន្តរជាតិ DC ដែលជាកន្លែងប្រឹក្សាហានិភ័យនយោបាយ បានសម្គាល់ថា សកម្មភាពនៃសេរីភាពក្នុងការធ្វើនាវាចរណ៍របស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកមិនបានធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំងផ្លាស់ប្តូរឥរិយាបថនោះទេ។
លោក Feingold បានបន្ថែមថា អ្វីដែលសំខាន់ជាងនេះប្រហែលជាអ្វីដែលសកម្មភាពទាំងនេះបានបង្ហាញពីសមត្ថភាពរបស់ចិន ក្នុងការគ្រប់គ្រងលើបញ្ហាដ៏សំខាន់ក្នុងពេលជាមួយគ្នា។
លោកថ្លែងថា៖«ក្រោយពីមានព្រឹត្តិការណ៍ ដូចជាការសាកល្បងកាំជ្រួចមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កិច្ចប្រជុំកំពូលអាស៊ាន ការផ្លាស់ប្តូរនយោបាយដ៏សំខាន់នៅកោះតៃវ៉ាន់ បញ្ហាសេដ្ឋកិច្ចក្នុងស្រុកដែលកំពុងតែបន្ត ការស៊ើបអង្កេតជុំវិញអំពើពុករលួយក៏ដោយ នៅក្នុងពេលជាមួយគ្នានេះដែរ មេដឹកនាំរបស់ចិននៅតែមានជំនឿថា ចិននៅតែអាចគ្រប់គ្រងប្រតិកម្មរបស់អន្តរជាតិទៅលើការដាក់កាំជ្រួចមីស៊ីលរបស់ខ្លួន»។
ប្រែសម្រួលដោយ ស្រេង លក្ខិណា