ក្រុមសហជីពឯករាជ្យដែលបម្រើប្រយោជន៍កម្មករគ្រោងនឹងជួបគ្នានាខែកក្កដាខាងមុខដើម្បីពិភាក្សាអំពីការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨ សម្រាប់កម្មករក្នុងវិស័យកាត់ដេរនៅប្រទេសកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់តំណាងសហជីពសំខាន់ៗក្នុងប្រទេស។
ការគ្រោងជួបគ្នារបស់ក្រុមសហជីពធ្វើឡើងស្របទៅតាមប្រតិទិននៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៨របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃចន្ទនេះ។ ក្រសួងការងារបានកំណត់យកខែកក្កដា ឆ្នាំ២០១៧ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា ក្រុមសហជីពឯករាជ្យដែលធ្វើការដើម្បីការពារប្រយោជន៍កម្មករ នឹងពិភាក្សាទៅលើស្ថានភាពនៃការចំណាយប្រចាំថ្ងៃរបស់កម្មករ និងស្ថានភាពសេដ្ឋកិច្ចកម្ពុជាដើម្បីឈានដល់ការកំណត់ចំនួនប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ការចរចា។ លោកថា ការបោះឆ្នោតសកលដែលគ្រោងនឹងរៀបចំឡើងនៅឆ្នាំ២០១៨ នឹងមានអំណោយផលដល់ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០១៨។
«ការស្នើ ឬក៏ការទាមទារត្រូវតែមាន ទីមួយ ហើយថា លទ្ធភាពយើងធ្វើបានប៉ុណ្ណា យើងធ្វើត្រឹមហ្នុង ទីពីរគឺថា កម្លាំងនៃការបោះឆ្នោត វាអាចធ្វើឲ្យមានការគិតគូដល់គាត់ នៅក្នុងអំឡុងពេលហ្នឹង គឺថា ឱកាសហ្នឹង គឺអ្នកនយោបាយ គឺគេអាចយកឱកាសដើម្បីទាក់ទងការគាំទ្រដែរ អីចឹងមានលទ្ធភាពពីរហ្នឹង»។
រូបឯកសារ៖ លោក អាត់ ធន់ និងអ្នកស្រី យ៉ាង សោភ័ណ ថ្លែងទៅកាន់អ្នកសារព័ត៌មានរួមគ្នាអំពីគោលជំហរសហជីពក្រោយពីកិច្ចបញ្ចប់ការប្រជុំត្រីភាគីចរចាការដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រសម្រាប់ឆ្នាំ២០១៧ នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)
ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំគឺជា ផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ត្រីភាគីក្នុងកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដែលបានធ្វើឡើងកាលពីឆ្នំា២០១៤។ សមាសភាពត្រីភាគីនោះរួមមានតំណាងសហជីព តំណាងនិយោជក ឬថៅកែរោងចក្រ និងតំណាងរដ្ឋាភិបាល។
លោកអាត់ ធន់និយាយថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៤មក តែស្ថានភាពរស់នៅរបស់កម្មករនៅតែជាបញ្ហារសើបសម្រាប់ឧស្សហកម្មកាត់ដេរនៅកម្ពុជា។ លោកបន្តថា ក្រុមសហជីពនឹងពិនិត្យលើស្ថានភាពអតិផរណា និងជំរុញឲ្យរដ្ឋាភិបាលផ្តល់ការអនុគ្រោះផ្សេងៗ ដែលអាចអនុញ្ញាតឲ្យកម្មករបានរស់នៅដោយសមរម្យ។
«ឆ្នាំហ្នឹងក៏យើងនឹងជជែកដែរ ប្រសិនជាប្រាក់ឈ្នួលនឹងឡើងបានប៉ុន្មាន ហើយតើលទ្ធភាពអីផ្សេងៗទៀត ដែលរដ្ឋអាចធ្វើបាន ដើម្បីកាត់បន្ថយអតិផរណា ឬក៏កាត់បន្ថយទំនិញទីផ្សារ ឬក៏ជួយទៅលើកម្មករផ្នែកអីទៀត ដែលអាចរស់បាន។ អាហ្នឹងវាជារឿងមួយល្អ»។
ស្របគ្នានោះដែរ លោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) ថ្លែងប្រាប់ VOA នៅថ្ងៃចន្ទនេះថា ការតវ៉ាទ្រង់ទ្រាយធំសម្រាប់ដំឡើងប្រាក់ឈ្នួលអប្បបរមានឹងមិនអាចកើតមាននោះទេនៅឆ្នាំ២០១៧នេះ ដោយហេតុថា ភាគីពាក់ព័ន្ធក្នុងវិស័យកាត់ដេរបង្កើតបានយន្តការដំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ។ តែលោកថា ភាពតានតឹងអាចនឹងកើតមានឡើងក្នុងដំណើរការចរចានោះ។
«បើយើងនិយាយពីភាពតានតឹង វាប្រាកដជាមាន ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការជជែកគ្នា។ វាធម្មតាទេ យើងភាគីកម្មករតែងតែចង់បានច្រើន ហើយភាគីនិយោជកតែងតែត្អូញត្អែរអំពីអាជីវកម្មរបស់គាត់។ ដូច្នេះហើយ គាត់តែងត្អូញត្អែរក្នុងការទាមទារដំឡើង។ ប៉ុន្តែយើងឃើញមានការសម្របសម្រួលពី ILO ក៏ដូចជារដ្ឋាភិបាល យើងឃើញថា ទោះបីយ៉ាងណាគឺយើងមានការពិភាក្សាគ្នា ឡើងជាបន្តបន្ទាប់ដែរ បាទ»។
រូបឯកសារ៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជា ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចុះថ្ងៃទី១៩ ខែមិថុនា បានសរសេរថា គ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម ទាក់ទិនស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ចទាក់ទិនផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រសម្រាប់ធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។
បន្ទាប់ពីការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗនៅខែកក្កដា ក្រសួងការងារបានកំណត់យកខែសីហា និងខែកញ្ញា ឆ្នាំ២០១៧នេះជាការចាប់ផ្តើមពិភាក្សាលក្ខណៈទេ្វភាគី និងត្រីភាគី ហើយខែតុលាការ ជាការបើកកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាថ្មី។ ក្រសួងការងារបានបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។
VOA បានព្យាយាមសុំការអធិប្បាយពីលោកហេង សួ អ្នកនាំពាក្យក្រសួងការងារ តែនៅមិនទាន់អាចទាក់បានទេ នៅថ្ងៃចន្ទនេះ។
ដោយឡែក លោកខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មិនទាន់អាចបញ្ជាក់ជំហររបស់ភាគីនិយោជកថា អាចមានលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីបានដល់កម្រិតណានោះទេ តែលោកបានព្រមានថា ការទាមទារដំឡើងប្រាក់ឈ្នួលច្រើនហួសហេតុនឹងដាក់ឧស្សាហកម្មកាត់ដេរកម្ពុជាស្ថិតក្នុងសភាពគ្រោះថ្នាក់។
«យើងប្រាប់កន្លងមកហើយ ប៉ុន្មានឆ្នាំហើយ យើងប្រាប់ដដែលៗ បើឡើងខ្លាំងពេក អាហ្នឹងមានតែបង្ខំឲ្យសហគ្រាសមួយចំនួន បង្ខំឲ្យគេបិទទេ។ ហើយយើងពីរឆ្នាំកន្លងមក យើងមើលឃើញហើយមែនថា ចេះតែថាទេ មានសហគ្រាសមួយចំនួនគេបិទហើយ ហើយឈានដល់ថាកម្មករ វាចោទប្រកាន់ថា ថៅកែរត់ចោលៗ»។
លោកខេន លូបញ្ជាក់បន្តទៀតថា ចំនួនរោងចក្រកាន់តែច្រើនឡើងបានបិទទ្វារក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
រូបឯកសារ៖ លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មានអំពីការចរចាតម្លើងប្រាក់ឈ្នួលកម្មកររោងចក្រ។ (ខាន់ សុគុំមនោ/VOA)
មុនឆ្នាំ២០១៣ ប្រាក់ឈ្នួលអប្បបរមារបស់កម្មកររោងចក្រមានចំនួនក្រោម១០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់ឈ្នួលបានកើនឡើង បន្ទាប់ពីមានការធ្វើបាតុកម្មទាំងហិង្សា និងអហិង្សា។ យ៉ាងហោចណាស់មានកម្មករ៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងបាតុកម្មធំមួយនាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
ក្រោយការចរចានៅឆ្នាំ២០១៤ និង២០១៥ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករត្រូវបានដំឡើងមួយកម្រិតទៀត គឺពី១២៨ដុល្លារដល់១៤០ដុល្លារ ប៉ុន្តែកម្មករនៅតែបន្តចាយវាយត្បិតត្បៀត តាមរយៈការបរិភោគអាហារគ្មានជីវជាតិគ្រប់គ្រាន់ និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនហួសចំណុះ ដែលជារឿយៗបណ្តាលឲ្យមានគ្រោះថ្នាក់ និងស្លាប់បាត់បង់ជីវិត។
កាលពីខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មការប្រឹក្សាការងារបានប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាជាផ្លូវការត្រឹម ១៥៣ដុល្លារសហរដ្ឋអាមេរិកដល់កម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងសម្រាប់ឆ្នាំ២០១៧ ក្រោយការបោះឆ្នោតជាសម្ងាត់ដោយត្រីភាគីដោយមានសំឡេង២២លើ២៤៕