ប្រជាពលរដ្ឋកម្ពុជានៅតែមានការភ័យខ្លាចនឹងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាពិសេសគឺទាក់ទងនឹងការរាយការណ៍អំពីអំពើពុករលួយ ដោយខ្លាចថាមានទោសដល់ពួកគេវិញ។ នេះបើតាមការអះអាងរបស់លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដែលបានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែ នៅថ្ងៃព្រហស្បតិ៍នេះ។
Your browser doesn’t support HTML5
Hello VOA៖ ពលរដ្ឋនៅតែមិនហ៊ានរាយការណ៍រឿងពុករលួយដោយខ្លាចជាប់ទោសដល់ខ្លួន
លោកបានបន្តថា ការបារម្ភរបស់ពលរដ្ឋនេះគឺដោយសារតែការមិនទុកចិត្តស្ថាប័នរដ្ឋ និងការអនុវត្តន៍ច្បាប់មិនទាន់ម្មត់ចត់នៅឡើយ ដែលលោកថា អ្នកមានអំណាចនានាមិនសូវគេហ៊ានប៉ះពាល់ទេ ទោះបីជាមានការពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្តី។
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាចូលរួមពិភាក្សាអំពី«តើយុវជនខ្មែរជំនាន់ក្រោយបានឆ្លងជំងឺពុករលួយដែរឬទេ?» នៅក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីការប្រឆាំងអំពើពុករលួយ កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ (លឹម សុធី/VOA)
លោកថា ប្រទេសកម្ពុជាកំពុងតាក់តែងសេចក្តីព្រាងច្បាប់ ដើម្បីការពារសាក្សី និងអ្នករាយការណ៍ទាំងឡាយ ដែលការណ៍នេះធ្វើឲ្យលោកសង្ឃឹមថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនឹងមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ។
លោក ព្រាប កុល ក៏បានជំរុញដល់អ្នកនយោបាយកំពូលៗរបស់ប្រទេស ឲ្យគិតគូរជាអទិភាពចំពោះឆន្ទៈនយោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជាជាងការគិតគូរតែពីគោលនយោបាយ និងសារនយោបាយ៕