លោកប្រធានាធិបតី Donald Trump ហាក់ដូចជាកំពុងផ្តោតអារម្មណ៍ទៅលើការជ្រើសរើសបេក្ខជនម្នាក់ក្នុងចំណោមចៅក្រមជាស្ត្រី ២ នាក់ ដែលលោកបានតែងតាំងឲ្យកាន់តំណែងក្នុងតុលាការឧទ្ធរណ៍សហព័ន្ធ ដើម្បីជំនួសតំណែងចៅក្រមតុលាការកំពូលលោកស្រី Ruth Bader Ginsburg ដែលបានស្លាប់កាលពីសប្តាហ៍មុន។
លោក Trump បានថ្លែងនៅក្នុងការឃោសនារកសំឡេងឆ្នោតមួយកាលពីយប់ថ្ងៃសៅរ៍ក្នុងទីក្រុង Fayetteville រដ្ឋ North Carolina ថា លោកនឹងធ្វើការតែងតាំងនៅសប្តាហ៍នេះ ហើយថា «បេក្ខជននោះនឹងជាស្ត្រី»។
លោកស្រី Amy Coney Barrett នៃតុលាការឧទ្ធរណ៍សហព័ន្ធទី៧ នៅទីក្រុង Chicago រដ្ឋ Illinois
នៅមុនលោកថ្លែងនេះ លោកបានបញ្ចេញឈ្មោះលោកស្រី Amy Coney Barrett នៃតុលាការឧទ្ធរណ៍សហព័ន្ធទី៧ នៅទីក្រុង Chicago និងលោកស្រី Babara Lagoa នៃតុលាការឧទ្ធរណ៍សហព័ន្ធទី១១ នៅទីក្រុង Atlanta ថាជាបេក្ខជនដែលលោកនឹងពិចារណា។
ក្រុមអ្នកគាំទ្រលោកបាននាំគ្នាស្រែកថា«បំពេញអាសនៈនោះទៅ» ហើយលោក Trump បានឆ្លើយវិញថានេះជារឿងដែលលោកគ្រោងនឹងធ្វើ។
លោកស្រី Babara Lagoa នៃតុលាការឧទ្ធរណ៍សហព័ន្ធទី១១ នៅទីក្រុង Atlanta រដ្ឋ Georgia
ប៉ុន្តែបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានអំពាវនាវដល់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ កុំឲ្យបោះឆ្នោតជូនបេក្ខជនណាម្នាក់សម្រាប់តំណែងតុលាការកំពូលនេះ នៅកៀកពេលដែលការបោះឆ្នោតខែវិច្ឆិកាជិតចូលមកដល់ដូច្នេះ។
លោក Biden បានថ្លែងកាលពីថ្ងៃអាទិត្យនៅក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania ថា៖ «អ្នកបោះឆ្នោតនៃប្រទេសនេះគួរតែត្រូវគេស្តាប់។ ពួកគេជាអ្នកដែលរដ្ឋធម្មនុញ្ញចាត់ទុកថាជាអ្នកសម្រេចថាតើអ្នកណាមានអំណាចដើម្បីតែងតាំងអ្នកកាន់តំណែងនេះ។ ការតែងតាំងតាមព្រឹទ្ធសភាយ៉ាងបង្ខំនេះ គឺគ្រាន់តែជាការព្យាយាមប្រើអំណាចនយោបាយឆៅតែប៉ុណ្ណោះ»៕