សុខភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឆ្លងកាត់ «ដំណាក់កាលគួរឲ្យព្រួយបារម្ភ» កាលពីថ្ងៃសុក្រ ហើយរយៈពេល ៤៨ ម៉ោងខាងមុខគឺជាដំណាក់កាល «សំខាន់» ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅឯមន្ទីរពេទ្យ។ នេះបើយោងតាមការបញ្ជាក់របស់នាយកខុទ្ទកាល័យសេតវិមាន លោក Mark Meadows ដែលបានឲ្យដឹងកាលពីថ្ងៃសៅរ៍។
លោក Meadows បានថ្លែងដោយព្រួយបារម្ភថា៖ «យើងនៅមិនទាន់ច្បាស់នៅឡើយទេ ថា លោកប្រធានាធិបតីនឹងអាចជាសះស្បើយទាំងស្រុង ឬយ៉ាងណា»។
អត្ថាធិប្បាយរបស់លោក Meadows ផ្ទុយស្រឡះពីការវាយតម្លៃលើស្ថានភាពសុខភាពរបស់លោក Trump ពីសំណាក់វេជ្ជបណ្ឌិត និងមន្ត្រីដទៃទៀត។ វេជ្ជបណ្ឌិត និងក្រុមមន្ត្រីទាំងនោះមិនបានលាតត្រដាងថា លោកប្រធានាធិបតី Trump ត្រូវបានបញ្ចូលខ្យល់អុកស៊ីសែននៅសេតវិមាន មុននឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះទេ។
កាលពីព្រឹកថ្ងៃសៅរ៍ វេជ្ជបណ្ឌិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា សុខភាពរបស់លោក Trump «ល្អធម្មតា» ក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធា Walter Reedនៅចុងសប្ដាហ៍នេះ។
លោកវេជ្ជបណ្ឌិត Sean Conley ដែលជាមេបញ្ជាការទាហានជើងទឹក បាននិយាយថា លោក Trump គ្មានជំងឺគ្រុនក្ដៅអស់រយៈពេល ២៤ ម៉ោងមកហើយ នៅពេលដែលលោកផ្ដល់ព័ត៌មានអំពីស្ថានភាពសុខភាពរបស់លោកដល់ពលរដ្ឋអាមេរិក ពីមន្ទីរពេទ្យកាលពីព្រឹកថ្ងៃសៅរ៍។
លោក Mark Meadows នាយកខុទ្ទកាល័យរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។
លោកវេជ្ជបណ្ឌិត Sean Conley ដែលជាវេជ្ជបណ្ឌិតព្យាបាលជំងឺលោក Donald Trump ធ្វើសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរបស់លោក Trump៕
លោកTrump ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃសុក្រ បន្ទាប់ពីធ្វើតេស្តរកឃើញថាមានជំងឺកូវីដ១៩។
លោកវេជ្ជបណ្ឌិត Conley បាននិយាយថា លោកប្រធានាធិបតីឥឡូវនេះ មិនតម្រូវឲ្យបញ្ចូលខ្យល់អុកស៊ីសែនទេ។ ប៉ុន្តែលោកមិនបាននិយាយទេ ថាតើលោកប្រធានាធិបតីត្រូវបានបញ្ចូលខ្យល់អុកស៊ីសែនកាលពីមុននេះឬយ៉ាងណា បើទោះជាមានគេសួរម្ដងហើយម្ដងទៀតក៏ដោយ។
លោកវេជ្ជបណ្ឌិត Conley បានថ្លែងថា អាការៈរោគរបស់លោក Trump ដែលរួមមានដូចជាក្អក និងតឹងច្រមុះ «កំពុងតែធូរស្រាលហើយ»។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump មានជំងឺគ្រុនក្ដៅ និងនឿយហត់អស់កម្លាំង បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។
មកទល់នឹងពេលនេះ ទីប្រឹក្សាកំពូល និងក្រុមសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតីមួយចំនួន ធ្វើតេស្តជាបន្ដបន្ទាប់រកឃើញថា ឆ្លងជំងឺកូវីដ១៩៕