នាព្រឹកថ្ងៃច័ន្ទនេះ អង្គការតម្លាភាពកម្ពុជាបង្ហាញវិធីសាស្រ្តក្នុងការអង្កេត ភាពមិនប្រក្រតីដែលអាចកើតមានឡើងក្នុងកំឡុងពេលបោះឆ្នោត ដោយរំពឹងថា វិធីសាស្រ្តនឹងនេះអាចពង្រឹងភាពត្រឹមត្រូវ សេរី និងយុត្តិធម៌នៃការបោះឆ្នោតឃុំ-សង្កាត់។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញពីវិធីសាស្ត្រអង្កេតការណ៍ថ្មីមួយរបស់អង្គការតម្លាភាពកម្ពុជា TI-Cambodia បង្ហាញថា ការសង្កេតការណ៍តាមបែបវិទ្យាសាស្ត្រស្ថិតិដោយការប្រមូលទិន្នន័យចោះៗ ឬភាជាភាសាអង់គ្លេសថា Sample Based Observation (SBO) នឹងអាចជួយកត់សម្គាល់លើភាពមិនប្រក្រតី ដែលអាចកើតមានជាយថាហេតុនៅថ្ងៃបោះឆ្នោត។ តាមរយៈវិទ្យាសាស្រ្តស្ថិតិថ្មីនេះ អង្គការដដែល គ្រោងនឹងត្រូវបានដាក់ពង្រាយអ្នកអង្កេត ចំនួន១.១០០នាក់តាមឃុំ-សង្កាត់នានា នៅទូទាំងប្រទេស។ លើសពីនេះទៀត គេនឹងជ្រើសរើសការិយាល័យបោះឆ្នោតចំនួន៤១០មកធ្វើជាសំណាកដោយមិនប្រាប់ជាមុន ក្នុងចំណោមការិយាល័យបោះឆ្នោតសរុប ២២.១៤៨ការិយាល័យទូទាំងប្រទេស។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានឲ្យដឹងថា ការប្រើវិធីសាស្ត្រសង្កេតការណ៍ ដែលមានលក្ខណៈវិទ្យាសាស្រ្ត និងឯករាជ្យនេះ នឹងចូលរួមពង្រឹងតម្លាភាព និងសុច្ចរិតភាពក្នុងដំណើរប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងមកដល់ នៅត្រឹមតែ ៦ថ្ងៃទៀតតែប៉ុណ្ណោះ។
លោក ព្រាប កុល បន្ថែមថា៖
«គោលបំណងដែល អង្គការតម្លាភាពសង្កេតការណ៍លើការបោះឆ្នោត គឺយើងមើលឃើញថាភាពមិនប្រក្រតីនៃការបោះឆ្នោត ការលួចបន្លំសន្លឹកឆ្នោត ជាអំពើពុករលួយនយោបាយ ហើយយើងត្រូវតែមានភារកិច្ចចូលរួម លុបបំបាត់ ធ្វើការលើកកម្ពស់សុច្ចរិតភាព និងតម្លាភាពនៃការបោះឆ្នោត»។
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រត្តិបតិ្តអង្គការតម្លាភាពកម្ពុជា។ (ហ៊ុល រស្មី/VOA)
គម្រោងអង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់របស់អង្គការតម្លាភាព ប្រើប្រាស់ថវិកាប្រមាណ២០ ម៉ឺនដុល្លារ ហើយមួយផ្នែកធំជាថវិកាឧបត្ថម្ភពីអង្គការ USAID របស់សហរដ្ឋអាមេរិក។ លទ្ធផលវិភាគដែលបានពីការសង្កេតការណ៍តាមបែបធ្វើវិទ្យាសាស្រ្តស្ថិតិ(SBO)នេះ នឹងបង្ហាញជូនជាសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៥ ខែមិថុនា គឺមួយថ្ងៃក្រោយការបោះឆ្នោតឃុំ-សង្កាត់។
លោក សួន យុធ្យា ប្រធានប្រធានគម្រោងសង្កេតការណ៍បោះឆ្នោត នៃអង្គការតម្លាភាព ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អំពីវិធីសាស្រ្តសង្កេតការណ៍បោះឆ្នោតឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)
លោក សួន យុធ្យាប្រធានគម្រោងសង្កេតការណ៍បោះឆ្នោត នៃអង្គការតម្លាភាព បញ្ជាក់បន្ថែមថា វិធីសាស្រ្តនេះមានលទ្ធភាពផ្តល់ព័ត៌មានរហ័ស សម្រាប់ការវិភាគលើទិន្នន័យនៃលទ្ធផលបោះឆ្នោត ជូនសាធារណជនបានលឿន។
«វិធីសាស្រ្តនៃការបញ្ជូនទិន្នន័យ បានន័យថាបញ្ជូនចម្លើយពីអ្នកសង្កេតការណ៍របស់យើង តាមកន្លែងដែលយើងបានចាប់ជាសំណាកហ្នឹង គឺបញ្ជូនមកក្នុងថ្ងៃបោះឆ្នោតតែម្តង ក្នុងពេលវេលាមួយជាក់លាក់ ហើយយើងជាអ្នកនៅមជ្ឈមណ្ឌលទិន្នន័យនេះ យើងអាចធ្វើការវិភាគដឹងពីស្ថានភាពក្នុងការបោះឆ្នោតតែម្តង»។
អ្នកសង្កេតការណ៍ជាតិចំនួន១៤ស្ថាប័ននឹងចូលរួមសង្កេតការណ៍ក្នុងថ្ងៃបោះឆ្នោតខាងមុខ។ ជាក់ស្តែង គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោត ដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា (និកហ្វិច) នឹងពង្រាយក្រុមអ្នកសង្កេតការណ៍ចំនួនប្រមាណ១៣.០០០នាក់ ដែលអ្នកសង្កេតការណ៍ម្នាក់ៗអាចនឹងពិនិត្យ២ការិយាល័យ។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិកហ្វិចបានឲ្យដឹងថា ការសង្កេតការណ៍បែបនេះអាចមានលទ្ធភាពប្រមូលទិន្នន័យបានច្រើន និងគ្រប់ជ្រុងជ្រោយ។
«សម្រាប់ប្រព័ន្ធយើង យើងមាន evidence (ឯកសារ) យើងមានភាពមិនប្រក្រតី (ដាក់ចូល) នៅក្នុងបញ្ជីសំណួរវាច្រើន ដោយសារអ្នកសង្កេតការណ៍យើងត្រូវបំពេញលើបញ្ជីសំណួរនីមួយៗតាមការិយាល័យ ម្នាក់ៗបាន២ការិយាល័យ នៅក្បែរៗគ្នាគាត់អាចមើលការិយាល័យនេះទៅ ហើយមើលការិយាល័យជាប់គ្នាផង។ គាត់យកលទ្ធផលទាំង២ការិយាល័យផ្ញើមក»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់ VOA អំពីការសហការជាមួយស្ថាប័នចូលរួមសង្កេតការណ៍ និងស្នើឲ្យស្ថាប័នសង្កេតការណ៍ទាំងឡាយមានការទទួលខុសត្រូវខ្ពស់ក្នុងការបង្ហាញព័ត៌មានអំពីលទ្ធផលឆ្នោតទៅកាន់សាធារណជន។
«ក្នុងនាម គ.ជ.ប ស្វាគមន៍រាល់ការចូលរួមទាំងឡាយឲ្យតែការធ្វើហ្នឹង មានភាពអព្យាក្រឹត្យ។ ការធ្វើត្រូវ ឬមិនត្រូវយ៉ាងណា គ.ជ.ប មិនដឹងដែរទេ។ ដូចជានៅអាមេរិក អីចឹងគេធ្វើ ស្ទង់មតិឃើញ Hillary ឈ្នះ តែមែនទែនទៅលោក Trump។ ការធ្វើ ស្ទង់មតិដោយសំណាកហ្នឹង យើងគិតថាត្រូវតែពេលខ្លះវាអត់ត្រូវដែរ។ គ.ជ.បស្នើឲ្យស្ថាប័ននីមួយៗមានការទទួលខុសត្រូវ»។
រូបឯកសារ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) (ហ៊ុល រស្មី/VOA)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលយកអ្នកស្ម័គ្រចិត្តសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៥ម៉ឺន នាក់ នេះបើយោងតាមបញ្ជីផ្លូវការចុងក្រោយគិតត្រឹមថ្ងៃទី ២២ ឧសភា កន្លងទៅ។ ក្នុងនោះ ក្រុមអ្នកសង្កេតការណ៍ចំនួនច្រើនជាងគេ ដែលមានប្រមាណជាង ២ម៉ឺន៤ពាន់ នាក់ ចូលរួមតាមរយៈ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអង្គការយុវជន បង្កើតឡើង ដោយ លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយវិធីសាស្រ្តសង្កេតការណ៍បោះឆ្នោតបែបថ្មីរបស់អង្គការតម្លាភាពកម្ពុជា ជាវិធីសាស្ត្រដាច់ដោយឡែកមួយពីអង្គការ និងក្រុមអ្នកស្ម័គ្រចិត្តសង្កេតការណ៍ដទៃទៀត៕