មួយថ្ងៃក្រោយពីលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់កាលពីព្រឹកថ្ងៃអាទិត្យបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងស្ថានីយប្រេងឥន្ធនៈមួយកណ្តាលក្រុងភ្នំពេញ ប្រជាពលរដ្ឋកម្ពុជាមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញជាច្រើនពាន់នាក់បានមកចូលរួមក្នុងពិធីបុណ្យសពរបស់លោក កែម ឡី នាព្រឹកថ្ងៃច័ន្ទនេះ។
ការស្លាប់បាត់បង់ជីវិតរបស់លោក កែម ឡី បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់មានការស្តាយស្រណោះ និងបានធ្វើដំណើរពីបណ្តាខេត្ត និងរាជធានីភ្នំពេញ មកចូលរួមក្នុងពិធីបុណ្យសពរបស់លោក។ អ្នកខ្លះធ្លាប់បានស្គាល់ និងជួបលោក កែម ឡី ផ្ទាល់ រីឯអ្នកខ្លះទៀតធ្លាប់តែឮ ឬឃើញការវិភាគរបស់លោកនៅតាមវិទ្យុ ឬទូរទស្សន៍ប៉ុណ្ណោះ។
លោកស្រី អិត មុំ វ័យ៦៥ឆ្នាំ ជាអ្នករស់នៅក្នុងរាជធានីភ្នំពេញមួយរូប បានសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់លោក កែម ឡី។
លោកស្រីថា៖ «ការនិយាយរបស់គាត់ល្អ គួរឲ្យអ៊ំស្រឡាញ់។ អ៊ំល្ងង់ប៉ុណ្ណឹងហើយ តែដល់អ៊ំស្តាប់គាត់ទៅ អ៊ំទទួលបាន។ ពាក្យពេចន៍គាត់ចំណេញនៅក្នុងប្រទេស។ គាត់ចេះ អាណិតស្រឡាញ់។ គាត់ចេះអប់រំអ្នកល្ងង់ឲ្យចេះ អ្នកមិនដឹងអីឲ្យយល់»។
លោកស្រីរំឭកអំពីថ្ងៃដែលលោកស្រីទទួលបានដំណឹងនៃការស្លាប់របស់លោក កែម ឡី យ៉ាងដូច្នេះ៖
«អ៊ំរន្ធត់ណាស់កូន។ អ៊ំកាន់បន្លែ ចិតរនោង អ៊ំធ្លាក់ពីដៃ។ អ៊ំអត់មានទទួលបានពីម្សិលមិញ។ អ៊ំអាណោចអធ័មនឹងគាត់។ អ៊ំស្លុតចិត្ត។ អ៊ំអត់ជឿទៀត។ ធ្លាប់តែឃើញក្នុងរូប អត់ដែលស្គាល់សោះ។ ទើបតែមកអង្អែលថ្ពាល់សពពេលហ្នឹងទេ ទើបតែឃើញពេលហ្នឹងទេ»។
ប្រជាពលរដ្ឋកម្ពុជា ស្រែកទ្រហ៊ោយំ នៅពេលមកចូលរួមពិធីបុណ្យសពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ ក្នុងវត្តក្តីចាស់ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
អ្នកស្រី កែវ សុវណ្ណរ័ត្ន វ័យ៤៦ឆ្នាំ ជាអ្នកក្រុងភ្នំពេញម្នាក់ទៀត ដែលបានចូលរួមក្នុងពិធីបុណ្យសពរបស់លោក កែម ឡី នាថ្ងៃច័ន្ទនេះ។ លោកស្រីយល់ថា នេះជារឿងអយុត្តិធម៌សម្រាប់លោក កែម ឡី និងក្រុមគ្រួសារ។
អ្នកស្រីថា៖ «បើម៉េម៉ាយ ឬកំព្រាក្នុងជំនាន់ ប៉ុល ពត ជារឿងផ្សេង។ ប៉ុន្តែគាត់ម៉េម៉ាយនៅក្នុងសម័យនេះគឺមិនគួរឲ្យគាត់ម៉េម៉ាយដោយអយុត្តិធម៌ទេ។ កូនគាត់នៅតូចៗ។ គាត់អត់ទាន់បានបំពេញតួនាទីជាឪពុក អត់ទាន់ចប់ចុងចប់ដើមផង។ អយុត្តិធម៌ណាស់សម្រាប់គាត់ អ្វីដែលខ្ញុំសោកស្តាយគឺបាត់បង់មនុស្សល្អ មនុស្សមានប្រាជ្ញា»។
មានប្រភពចេញពីគ្រួសារក្រីក្រមួយនៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ក្នុងខេត្តតាកែវ ដែលមានបងប្អូន៣នាក់ លោក កែម ឡី រស់នៅជាមួយម្ដាយមេម៉ាយ ដែលមានមុខរបរជាអ្នកលក់ដូរ។ បច្ចុប្បន្ននេះ លោក កែម ឡី និងភរិយាស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយបញ្ចប់ការសិក្សានៅមហាវិទ្យាល័យផ្នែកវេជ្ជសាស្ត្រនៅកម្ពុជាក្នុងឆ្នាំ១៩៩២ លោក កែម ឡី បានបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកស្រាវជ្រាវសុខភាពសាធារណៈនៅសាកលវិទ្យាល័យជូឡាឡុងកន ក្នុងប្រទេសថៃរយៈពេលជិត២ឆ្នាំ បញ្ចប់នៅឆ្នាំ១៩៩៧ និងបញ្ចប់ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៨។
លោក កែម ឡី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ប៊ូ រចនា នៅឆ្នាំ២០០១ និងមានកូនប្រុសចំនួន៥រូប គិតទាំងទារកក្នុងផ្ទៃ៦ខែម្នាក់ផង។
លោកស្រី ប៊ូ រចនា វ័យ៣៥ឆ្នាំ ជាភរិយារបស់លោក កែម ឡី បានច្រានចោលការលើកឡើងដែលថា ករណីឃាតកម្មនេះទាក់ទងនឹងរឿងបំណុល។
លោកស្រីថា៖ «ខ្ញុំអត់ជឿសូម្បីតែមួយសរសៃសក់។ តាំងពីខ្ញុំចាប់ដៃរស់នៅជាមួយគាត់ ខ្ញុំមិនដែលឃើញប្តីខ្ញុំខ្ចីលុយអ្នកណាបានមួយសរសៃសក់ មិនដែលជំពាក់លុយគេមួយរយទេ។ គាត់ជាមនុស្សម្នាក់ដែលមិនហាមាត់ពឹងអ្នកដទៃ ហើយអ្នកដែលនិយាយថា គាត់ជំពាក់៣ពាន់ដុល្លារ ខ្ញុំបដិសេធទាំងស្រុងតែម្តង»។
ភរិយារបស់លោក កែម ឡី យំពេលកំពុងជិះរថយន្តដឹកសពរបស់លោក កែម ឡី ទៅកាន់វត្តក្តីចាស់។ (នៅ វណ្ណារិន/VOA)
ក្រៅពីមានក្តីបារម្ភអំពីកត្តាជីវភាព និងការសិក្សារបស់កូនៗលោកស្រីនាពេលខាងមុខ លោកស្រី ប៊ូ រចនា ផ្ទាល់ក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ក្រុមគ្រួសារអ្នកស្រីផងដែរ។
លោកស្រីថា៖ «គិតថា គាត់ធ្វើអញ្ចឹងនឹងប្រឈមមុខនឹងរឿងហ្នឹង បើមិនជាប់គុកក៏ស្លាប់ដែរ។ អញ្ចឹងយើងត្រៀម គ្រាន់តែថា មិនបានត្រៀម តែមិនអាចត្រៀមទុកបានដូចដែរចិត្តយើងថា។ ព្រួយបារម្ភ! និយាយទៅ ខ្ញុំសុំតែឲ្យមានសុវត្ថិភាពជុំវិញរង្វង់គ្រួសារខ្ញុំ»។
នៅពេលចុងក្រោយនេះលោក កែម ឡី មានតួនាទីជាអ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគឯករាជ្យដែលហ៊ានរិះគន់រដ្ឋាភិបាលចំៗ។ ក្រៅពីនេះ លោក កែម ឡី ក៏ធ្លាប់ធ្វើការនៅក្រសួងសុខាភិបាល ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិជាច្រើន។ ការស្រាវជ្រាវរបស់លោក កែម ឡី ទៀតសោតគឺសិក្សាទៅលើបញ្ហាដីធ្លី សិទ្ធិលំនៅដ្ឋាន សិទ្ធិមនុស្ស ព្រំដែន និងនយោបាយជាដើម។
រូបឯកសារ៖ លោក កែម ឡី អ្នកវិភាគសង្គម ចូលរួមពិភាក្សាអំពីអត្ថន័យនៃបដិវត្តពណ៌ និងសេរីភាពតវ៉ានៅកម្ពុជា នៅក្នុងកម្មវិធី Hello VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០១៦។ (លឹម សុធី/VOA)
ជារឿយៗ លោក កែម ឡី ដែលមានសម្បុរស្រអែមមាឌធំ បានបណ្ដុះបណ្ដាលក្រុមស្រាវជ្រាវ និងអ្នកវិភាគវ័យក្មេងជាច្រើននាក់។ លោករំពឹងថា កម្ពុជានឹងមានអ្នកវិភាគ និងអ្នកស្រាវជ្រាវកាន់តែច្រើនហ៊ាននិយាយការណ៍ពិត ដើម្បីការផ្លាស់ប្តូរ និងអភិវឌ្ឍជាវិជ្ជមានក្នុងសង្គមកម្ពុជា។
លោកបណ្ឌិត ឡៅ ម៉ុងហៃ ជាអ្នកវិភាគឯករាជ្យ ដែលធ្លាប់ធ្វើការជាមួយលោកកែម ឡី។ លោក ឡៅ ម៉ុងហៃ អះអាងថា ថ្វីបើលោក កែម ឡី បានបាត់បង់ជីវិតហើយ ក៏ប៉ុន្តែឧត្តមគតិ និងឆន្ទៈរបស់លោក កែម ឡី នៅតែបន្តមានក្នុងចិត្តរបស់ប្រជាជនកម្ពុជា។
លោកថា៖ «បើយើងនៅមានជំនឿលើរឿងអាទិទេព គាត់ជាអាទិទេពនៃការណ៍ពិត។ គាត់រកការណ៍ពិត ស្វែងរកការណ៍ពិត និយាយការណ៍ពិត ហ៊ាននិយាយការណ៍ពិត។ ហើយគាត់មានការប៉ិនប្រសប់ ដែលជាគុណសម្បត្តិរបស់គាត់ដ៏ធំ ដែលអ្នកខ្លះអាចថា ជាការគំរាមកំហែងដល់ផលប្រយោជន៍គេ។ គាត់និយាយគេចូលចិត្តស្តាប់ មានប្រជាប្រិយភាព»។
បើទោះជាលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់កាលពីព្រឹកថ្ងៃអាទិត្យបណ្តាលឲ្យស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈមួយកណ្តាលក្រុងភ្នំពេញយ៉ាងណាក៏ដោយ ក៏អ្នកស្រាវជ្រាវសង្គម និងអ្នកវិភាគឯករាជ្យរូបនេះបានបន្សល់នូវពាក្យសម្តីមួយចំនួន ដើម្បីក្រើនរំឭកដល់យុវជនជំនាន់ក្រោយ ឲ្យមានភាពក្លាហានក្នុងការបញ្ចេញមតិរបស់ពួកគេ។
ពាក្យសម្តីនេះរួមមាន៖ «ខ្ញុំមិនដែលគិតថា ខ្ញុំអាចរស់នៅបានយូរនោះទេ។ ថ្ងៃណាមួយខ្ញុំអាចស្លាប់ ឬត្រូវបានគេបាញ់សម្លាប់។ តែដរាបណាខ្ញុំមានជីវិត ខ្ញុំនឹងនិយាយអ្វីដែលអ្នកដទៃមិនហ៊ាននិយាយ។ គ្មាននរណាម្នាក់អាចទិញមិនឲ្យខ្ញុំនិយាយបាននោះទេ»។
ពាក្យសម្តីលោកបន្តថា«បើចង់ក្លាយជាអ្នកវិភាគត្រូវមានលិខិតឆ្លងដែនមួយ និងទិដ្ឋការ៣៖ ទី១ បើគេមិនសប្បាយចិត្ត គេឲ្យយើងទៅពេទ្យ យើងទៅៗ។ ទី២ បើគេមិនសប្បាយចិត្ត គេឲ្យយើងទៅពៃ្រស យើងទៅៗ។ ទី៣ បើគេមិនសប្បាយចិត្ត គេឲ្យយើងទៅវត្តព្រះពុទ្ធ យើងទៅៗ»៕