អគ្គនាយកដ្ឋានពន្ធដាររបស់រដ្ឋាភិបាលខ្មែរបានប្រកាសដាក់ពាក្យបណ្ដឹងពីរផ្សេងពីគ្នាប្រឆាំងនឹងម្ចាស់កាសែត The Cambodia Daily ដែលបានបិទទ្វារកាលពីដើមសប្ដាហ៍កន្លងទៅ។ ក្នុងពាក្យបណ្ដឹងនោះ រដ្ឋអំណាចបានប្ដឹងម្ចាស់កាសែតនេះពីបទគេចវេសពន្ធ រារាំងការអនុវត្តពន្ធដារ និងបទបរិហារកេរ្តិ៍ជាមួយនឹងការទារសំណងជំងឺចិត្ត៨០០លានរៀល ឬ២០ម៉ឺនដុល្លារ។
នៅបីថ្ងៃបន្ទាប់ពីកាសែត The Cambodia Daily បានប្រកាសបិទទ្វារ បណ្ដាញសារព័ត៌មានដែលស្និទ្ធនឹងឥស្សរជននយោបាយក្នុងគណបក្សកាន់អំណាចបានផ្សាយពាក្យបណ្ដឹងរបស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រឆាំងនឹងក្រុមគ្រួសារដែលជាកម្មសិទ្ធិករនៃកាសែតជាភាសាអង់គ្លេសមួយនេះ។
ក្នុងពាក្យបណ្ដឹងពីរផ្សេងគ្នា ផ្សាយតាមសារព័ត៌មានFresh News ដែលជិតដិតនឹងរដ្ឋាភិបាល បានផ្សាយពាក្យបណ្តឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារដែលដឹងលោកចាងហ្វាងផ្សាយ Bernard Krisher អ្នកស្រីចាងហ្វាងរង Deborah Krisher Steele និងអ្នកចាត់ការទូទៅគឺលោក Douglas Eric Steele ក្នុងបទចោទចំនួនបីដាច់ដោយឡែកពីគ្នា។
ក្នុងពាក្យបណ្ដឹងទីមួយ អគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងដាក់ទោសទណ្ឌសមាជិកទាំងបីនាក់ដែលជាម្ចាស់កាសែតនេះ ពីបទគេចវេសពន្ធ និងបទធ្វើឱ្យរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិពន្ធតាមមាត្រា១៣៥ និងមាត្រា១៣៦នៃច្បាប់ស្ដីពីសារពើពន្ធ។
បុគ្គលិកចែកចាយកាសែត The Cambodia Daily កំពុងរៀបចំព្រឹត្តិបត្រចុងក្រោយបង្អស់ រាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។ កាសែតជាភាសាអង់គ្លេស The Cambodia Daily បានសម្រេចបិទទ្វារចាប់ពីចន្ទ ទី៤ ខែកញ្ញានេះតទៅ។
រីឯពាក្យបណ្ដឹងទីពីរវិញ ប្ដឹងចំឈ្មោះអ្នកស្រីចាងហ្វាងរង Deborah Krisher Steele ពីបទបរិហារកេរ្តិ៍ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយទាមទារប្រាក់ប៉ះប៉ូវជម្ងឺចិត្ត៨០០លានរៀល (ប្រហែល២០ម៉ឺនដុល្លារអាមេរិក)។ ពាក្យបណ្ដឹងទាំងពីរនេះសុទ្ធតែចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ថ្ងៃអវសាន្តនៃកាសែត The Cambodia Daily។
កាសែត The Cambodia Daily បានប្រកាសបិទទ្វារកាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេលមួយខែក្នុងការតទល់មិនទទួលបានជោគជ័យប្រឆាំងនឹងការចេញវិក្ក័យបត្រទារពន្ធទំហំ២៥ពាន់លានរៀល (៦លាន៣សែនដុល្លារអាមេរិក) ដែលកាសែតនេះជំពាក់រដ្ឋ។ កាសែតជាភាសាអង់គ្លេសមួយនេះតែងធ្វើការជំទាស់វិក្ក័យបត្រពន្ធ ដោយមានក្ដីមន្ទិល មិនទុកចិត្តចំពោះការគណនា និងសវនកម្មគណនាដែលចេញជាតម្លៃដ៏មហាសាលនេះ។
តាមបទចោទទាំងបីរបស់អគ្គនាយកដ្ឋានពន្ធដារ សមាជិកជាកម្មសិទ្ធិករទាំងបីរូបអាចប្រឈមនឹងទោសជាប់ពន្ធនាគារចន្លោះពីមួយឆ្នាំទៅប្រាំឆ្នាំ។ មកដល់ពេលនេះ មានតែលោក Douglas Eric Steele អ្នកចាត់ការទូទៅម្នាក់តែប៉ុណ្ណោះ ដែលកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានប្រកាសឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ហាមប្រាមមិនឲ្យកម្មសិទ្ធិករទាំងឡាយនៃកាសែតនេះចេញពីកម្ពុជាឡើយ បើសិនជាវិក្ក័យបត្រពន្ធដារមិនត្រូវបានទូទាត់សងទេនោះ។
ការបិទទ្វារកាសែត The Cambodia Daily បាននាំឱ្យសាធារណមតិជាតិ និងអន្តរជាតិនានាមានការសោកស្រណោះចំពោះតួនាទីរបស់កាសែតរាងតូចច្រឡឹងមួយនេះ ដែលប្រតិបត្តិការរយៈពេល២៤ឆ្នាំកន្លងមកហើយ ក្នុងការរាយការណ៍ព័ត៌មានដែលមានលក្ខណៈរសើបសម្រាប់រដ្ឋអំណាចគ្រប់គ្រងប្រទេស និងបញ្ហានានាសម្រាប់បម្រើអ្នកអានរបស់ខ្លួន។
ស្ថាប័នអន្តរជាតិនានាក៏បានចេញសេចក្ដីថ្លែងការណ៍បន្តកន្ទុយគ្នាប្រតិកម្មទៅនឹងការបិទទ្វារដោយបង្ខំរបស់កាសែតជាភាសាអង់គ្លេសមួយនេះ។ ទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចមួយចំនួនទៀត សុទ្ធតែបានភ្ជាប់ការបិទទ្វារដ៏ស្រណោះស្រណោកនេះ ជាមួយនឹង«ការបង្ក្រាប» របស់រដ្ឋអំណាចទៅលើបណ្ដាញសារព័ត៌មានដែលមិនចំណុះខ្លួន និងមជ្ឈដ្ឋាននយោបាយជំទាស់។
វិទ្យុក្នុងស្រុកដែលជួលម៉ោងផ្សាយឱ្យ VOA សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ចាក់បន្លឺនូវកម្មវិធីផ្សាយប្រចាំថ្ងៃរបស់ខ្លួនត្រូវបានបង្គាប់បញ្ជាឱ្យធ្វើការបញ្ឈប់ ខណៈដែលវិទ្យុមួយចំនួនបានតម្រូវឱ្យបិទទ្វារបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។
អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាគឺអ្នកស្រី Rhona Smith បានសរសេរក្នុងបទវិចារណកថាមួយរបស់អ្នកស្រីនៅគេហទំព័រ The Conversation កាលពីថ្ងៃទី៥ ខែកញ្ញាម្សិលមិញនេះថា «ការបិទកាសែត The Cambodia Daily ជាការបក់បោកដ៏ធំទៅសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅក្នុងប្រទេស»កម្ពុជា។
លោក លី សុផានណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចថា សាលាដំបូងបានទទួលរួចហើយនូវបណ្ដឹងប្រឆាំងនឹងម្ចាស់កាសែត The Cambodia Daily ហើយ«កំពុងពិនិត្យតាមនីតិវិធី»។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីម្ចាស់កាសែត The Cambodia Daily បានទេ ត្រឹមល្ងាចថ្ងៃពុធនេះ។
លោក Bernard Krisher ជាអតីតអ្នកសារព័ត៌មានជើងចាស់ជាតិអាមេរិកាំង បានបង្កើតកាសែត The Cambodia Daily កាលពីឆ្នាំ១៩៩៣។ ក្នុងច្បាប់ចុងក្រោយនៃព្រឹត្តិប័ត្រនេះដែលចេញផ្សាយកាលពីចន្ទ លោកបានសរសេរថា ក្នុងនាមជាចាងហ្វាងការផ្សាយអស់រយៈពេល២៤ឆ្នាំមកនេះ លោកមិនធ្លាប់ដកយកប្រាក់ចំណេញ សូម្បីតែមួយកាក់ មួយសេន ពីកាសែតមួយនេះ ហើយលោកថា រាល់ពេលដែលកាសែតនេះរកបានប្រាក់ចំណេញលោកតែងបរិច្ចាគជាមូលនិធិមនុស្សធម៌នានានៅក្នុងប្រទេសកម្ពុជា។
លោក Bernard Krisher ដែលស្ថិតក្នុងវ័យជរា និងកំពុងរស់នៅប្រទេសជប៉ុនបានសរសេរថា៖
«ការចោទប្រកាន់តទល់នឹងកាសែតរបស់ខ្ញុំគឺជាការប៉ុនប៉ងដែលមានចរឹតអន្ធពាលរបស់របបគ្រប់គ្រង ដើម្បីបញ្ឈប់ប្រតិបត្តិការរបស់យើងក្នុងសភាពប្រញាប់ប្រញាល់បំផុត»។
អ្នកសារព័ត៌មានជើងចាស់របស់អាមេរិករូបនេះបន្តថា៖
«ខ្ញុំទទួលខុសត្រូវពេញទីចំពោះរបៀបដែលខ្ញុំប្រតិបត្តិការកាសែតនេះ។ ប្រសិនបើពួកគេចង់ដាក់ទោសទណ្ឌនរណាម្នាក់នោះ ខ្ញុំនឹងត្រឡប់មកវិញ ព្រោះខ្ញុំបានធ្វើការងារទាំងនេះ»។
ទោះយ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA ថា ការបិទកាសែត The Cambodia Daily គឺជាបញ្ហាបច្ចេកទេសរវាងកាសែតមួយនេះ និងអគ្គនាយកដ្ឋានពន្ធដារ មិនមែនជាបញ្ហានយោបាយនោះទេ។ លោកថា គណបក្សក៏មានការសោកស្ដាយផងដែរ ដែលកាសែតដែលធ្លាប់ជាដំណឹងលើកចំណុចខ្វះខាតរបស់គណបក្សកាន់អំណាចនេះត្រូវបិទទ្វារ៕
(Disclosure៖ អ្នករាយការណ៍អត្ថបទព័ត៌មាននេះធ្លាប់ជាកម្មសិក្សាការីរយៈពេលខ្លីនៅកាសែត The Cambodia Daily កាលពីឆ្នាំ២០១៥)