នៅថ្ងៃចន្ទនេះ គណបក្ស Move Forward ដែលគាំទ្រដោយអ្នកបោះឆ្នោតដែលជាយុវជនជាច្រើនលាននាក់ បានឈ្នះបានអាសនៈច្រើនជាងគេបំផុតនៅក្នុងការបោះឆ្នោតនៅប្រទេសថៃ។
ការស្ទង់មតិមុនការបោះឆ្នោតបានបង្ហាញថា គណបក្ស Pheu Thai នឹងឈ្នះបានអាសនៈច្រើនជាងគេបំផុត ប៉ុន្តែជាក់ស្ដែង លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ការបោះឆ្នោតកាលពីថ្ងៃអាទិត្យគឺថា គណបក្ស Move Forward នឹងឈ្នះបានអាសនៈចំនួន ១៥១ បើប្រៀបជាមួយនឹងគណបក្ស Pheu Thai ដែលឈ្នះបានអាសនៈចំនួន ១៤១។
មេដឹកនាំគណបក្ស Move Forward លោក Pita Limjaroenrat បាននិយាយនៅថ្ងៃចន្ទនេះថា គណបក្សរបស់លោកត្រៀមលក្ខណៈរួចរាល់នៅក្នុងការដឹកនាំរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ហើយលោកត្រៀមខ្លួនរួចរាល់នៅក្នុងការធ្វើជានាយករដ្ឋមន្ត្រីថ្មី។
លោក Pita បានប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងបាងកកថា លោកបាននិយាយរួចហើយជាមួយនឹងគណបក្ស Pheu Thai និងគណបក្សនយោបាយផ្សេងទៀតអំពីការបង្កើតរដ្ឋាភិបាលចម្រុះដែលនឹងមានអាសនៈជាង ៣០០។
ប្រសិនបើករណីនេះកើតឡើង នោះវាអាស្រ័យលើព្រឹទ្ធសភាថៃ ដែលមានសមាជិក ២៥០ នាក់ដែលតែងតាំងដោយយោធាក្នុងពេលកន្លងមក នៅក្នុងការសម្រេចលើអ្វីដែលនឹងកើតឡើងបន្ទាប់និងលើថាតើពួកគេគាំទ្ររដ្ឋាភិបាលចម្រុះនិងបេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែរឬក៏យ៉ាងណានោះ។
មូលហេតុចម្បងមួយដែលយុវជនថៃបានគាំទ្រគណបក្ស Move Forward គឺដោយសារការសន្យារបស់គណបក្សនេះនៅក្នុងការព្យាយាមកែទម្រង់របបរាជាធិបតេយ្យរបស់ប្រទេសថៃ និងកែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ដែលច្បាប់នេះហាមឃាត់ការរិះគន់ណាមួយលើសមាជិករាជវង្សានុវង្សនិងដាក់ទោសជាប់ពន្ធនាគារធ្ងន់ធ្ងរចំពោះអ្នកដែលប្រព្រឹត្តខុស។ គណបក្ស Move Forward ក៏បានសន្យាផងដែរឱ្យមានការបង្កើនប្រាក់បៀវត្សរ៍ប្រចាំឆ្នាំនិងការកែទម្រង់ការអប់រំនិងកម្មវិធីសិក្សា។
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ជួបអ្នកគាំទ្រ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។
មេដឹកនាំគណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra បានអបអរសាទរគណបក្ស Move Forward ចំពោះជ័យជម្នះរបស់គណបក្សនេះ និងបាននិយាយថា៖ «យើងអាចធ្វើការជាមួយគ្នាបាន»។
គណៈកម្មការរៀបចំការបោះឆ្នោតរបស់ថៃមានរយៈពេល ៦០ ថ្ងៃនៅក្នុងការប្រកាសលទ្ធផលជាផ្លូវការ។
ការបោះឆ្នោតថ្នាក់ជាតិលើកនេះគឺជាការបោះឆ្នោតថ្នាក់ជាតិលើកដំបូងបង្អស់នៅក្នុងប្រទេសថៃតាំងពីឆ្នាំ ២០១៩ មក ហើយចំនួនអ្នកចេញមកបោះឆ្នោតគឺមានចំនួនប្រហែល ៣៩,៥ លាននាក់ ឬក៏ ៧៥% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោតចំនួនជាង ៥២ លាននាក់។
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។