ការចាប់ខ្លួនលោក Anon Namp ដែលជាសកម្មជន កើតមានឡើង ខណៈមានបាតុកម្មពីសំណាក់និស្សិតប្រឆាំងនឹងរដ្ឋាភិបាល និងរាជាធិបតេយ្យថៃដ៏មានអំណាច។ ពួកនិស្សិតទាំងនោះបានរៀបចំបញ្ជីស្តីពីកំណែទម្រង់ចំនួន១០ចំណុចថ្វាយជូនព្រះមហាក្សត្រ Maha Vajiralongkor។
ប៉ូលិសថៃបានចាប់ខ្លួនលោក Anon Nampa ជាសកម្មជននិងមេធាវីកាលពីថ្ងៃពុធ ទី១៩ ខែសីហាកន្លងទៅនេះ ពាក់ព័ន្ធនឹងតួនាទីរបស់លោកនៅក្នុងបាតុកម្មមួយកាលពីថ្ងៃទី០៣ ខែសីហាដែលលោកបានអំពាវនាវឱ្យមានកំណែទម្រង់រាជាធិបតេយ្យថៃ។
បាតុកម្មប្រឆាំងរដ្ឋាភិបាលបានឆាបឆេះឡើងនៅក្នុងប្រទេសថៃចាប់តាំងពីពាក់កណ្តាលខែកក្កដាមក ប៉ុន្តែបាតុករខ្លះបានផ្តោតលើរាជាធិបតេយ្យថៃ។ លោក Anon អាយុ ៣៦ឆ្នាំជាសកម្មជនឈានមុខដែលបានអំពាវនាវឱ្យមានកំណែទម្រង់។
លោក Anon បានប្រាប់ពួកបាតុករជាងមួយម៉ឺននាក់អំឡុងនៃបាតុកម្មកាលពីថ្ងៃទី០៣ ខែសីហាថា៖ «យើងនឹកស្រមៃចង់ឃើញរបបរាជាធិបតេយ្យ អាចរួមរស់ជាមួយលទ្ធិប្រជាធិបតេយ្យបាន»។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រហូតមកទល់ពេលនេះ ពួកបាតុករ បានផ្តោតលើកិច្ចខំប្រឹងប្រែងរបស់ពួកគេក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលថៃ ដោយអំពាវនាវឱ្យគណៈរដ្ឋមន្រ្តីលាលែងពីតំណែង រំលាយរដ្ឋសភា ហើយនឹងធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី។
ច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ថៃផ្តន្ទាទោសអ្នកដែលនិយាយប្រឆាំងរាជាធិបតេយ្យ ដោយជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ។ ច្បាប់នេះការពារយ៉ាងមុតមាំលើស្ថាប័នរាជវង្សានុវង្សពីការបរិហារកេរ្តិ៍ ប៉ុន្តែក៏បានចាត់ទុកជាបទឧក្រិដ្ឋកម្មដល់ការរិះគន់ផ្សេងៗទៀតដែរ។
បន្ទាប់ពីកំណត់សម្គាល់ត្រួសត្រាយផ្លូវរបស់លោក Anon មក ក្រុមនិស្សិត បានរៀបចំបញ្ជីស្តីពីកំណែទម្រង់ចំនួន១០ចំណុចថ្វាយជូនរាជាធិបតេយ្យរបស់ព្រះមហាក្សត្រ Maha Vajiralongkor។
អ្នកនាំពាក្យប៉ូលិសថៃបានព្រមានក្រុមបាតុករនិស្សិតកាលពីប៉ុន្មានសប្តាហ៍មុនឱ្យគោរពច្បាប់នៅក្នុងការទាមទាររបស់ពួកគេ។
និស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យលើកម្រាមដៃចំនួនបី ក្នុងបាតុកម្មមួយនៅសាកលវិទ្យាល័យ Thammasat ក្បែរក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
កាសែត The New York Times របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោកវរសេនីយ៍ Kissana Phathanacharoen បាននិយាយថា៖ «ចំពោះនរណាក៏ដោយដែលនឹងទៅធ្វើបាតុកម្ម ខ្ញុំជឿថា ពួកគេដឹងពីអ្វីដែលអាចធ្វើ ហើយនឹងពីអ្វីដែលមិនអាចត្រូវធ្វើ។ អ្វីដែលអ្នកនិយាយនឹងត្រូវបានភ្ជាប់ជាមួយអ្នក។ អ្វីៗដែលអ្នកនិយាយនឹងស្ថិតនៅជាមួយអ្នក។ ហើយនឹងមានភស្តុតាងត្រូវបានរក្សាទុកសម្រាប់ពេលអនាគត»។
ប៉ូលិសថៃបានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន Reuters ថា លោក Anon ដែលមានករណី ចោទប្រកាន់មួយចំនួនប្រឆាំងនឹងរូបលោករួចទៅហើយ ត្រូវបានរងការចោទប្រកាន់ពីបទការបង្កការបះបោរ។ បទចោទប្រកាន់នេះអាចធ្វើឱ្យលោកជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ។ នេះគឺជាការចាប់ខ្លួនមេធាវីផ្នែកសិទ្ធិមនុស្សរូបនេះលើកទី២នៅខែនេះ។ លោកត្រូវបានដោះលែងដោយសារប្រាក់ធានានៅក្រៅឃុំមកពីការចាប់ខ្លួនលើកទី១កាលពីថ្ងៃពុធ ទី១៩ ខែសីហាកន្លងទៅនេះ។
ប៉ូលិសមានដីកាចាប់ខ្លួនលោក Anon និងសកម្មជនប្រាំនាក់ផ្សេងទៀត ពួកគេទាំង អស់មានវត្តមាននៅក្នុងបាតុម្មដ៏ធំមួយកាលពីថ្ងៃទី០៣ ខែសីហា។ នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ដែលជាអតីតមេដឹកនាំយោធាបាននិយាយថា ព្រះមហាក្សត្របានស្នើថា មិនមានការចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះចេស្តាព្រះមហាក្សត្រសម្រាប់ពេលឥឡូវនេះទេ។
លោក Prayuth បាននិយាយទៀតថា ពួកបាតុករ គួរតែជៀសវាងការទាមទាររបស់ពួកគេទាក់ទិននឹងរាជាធិបតេយ្យ។ លោកបានប្រាប់ពួកអ្នកយកព័ត៌មានថា៖ «មានប្រជារាស្ត្រថៃ៦៧លាននាក់។ ខ្ញុំជឿថា ប្រជារាស្ត្រភាគច្រើនមិនយល់ស្របជាមួយនឹងពួកបាតុករនោះទេ»។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សកម្មជនស្តាំនិយមថៃប្រមាណ ២០០នាក់ បានបង្កើតក្រុមមួយកាលពីថ្ងៃពុធ ទី១៩ ខែសីហា ដើម្បីតតាំងនឹងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ មកទល់ពេលនេះ ការតវ៉ាប្រឆាំងតបតវិញរបស់ពួកគេបានទាក់ទាញអ្នកចូលរួមតិចតួចតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា