អ្នកស្រី ទេព វន្នី សកម្មជនការពារសិទ្ធិដីធ្លីនៅសហគមន៍បឹងកក់ ថ្លែងថា មានតែការចរចាខាងនយោបាយតែប៉ុណ្ណោះ ទើបអាចផ្តល់សេរីភាពជូនអ្នកស្រីបាន នៅគ្រាដែលតុលាការស្ថិតក្រោមគំនាបនយោបាយ។
នៅតុលាការកំពូលនាព្រឹកថ្ងៃពុធនេះ អ្នកស្រី ទេព វន្នី អ្នកការពារសិទ្ធិដីធ្លីនៅសហគមន៍បឹងកក់ និងជាជ័យលាភីរង្វាន់ស្ត្រីជាអ្នកដឹកនាំរបស់អង្គការ Vital Voices បានអំពាវនាវទៅដល់មេដឹកនាំគណបក្សនយោបាយធំៗពីរឲ្យបញ្ចប់ជម្លោះនយោបាយ ដើម្បីបើកផ្លូវឲ្យអ្នកស្រីនិងក្រុមអ្នកការពារសិទ្ធិមនុស្សមានសេរីភាពឡើងវិញ។
អ្នកស្រី ទេព វន្នី វ័យ ៣៥ ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្នុងពន្ធនាគារ កាលពីខែសីហា ឆ្នាំ ២០១៦ ពាក់ព័ន្ធនឹងបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ឬត្រូវមានទោសកម្រិតធ្ងន់ ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ ខាងមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីខែមីនា ឆ្នាំ២០១៣។
ខណៈដែលអ្នកស្រីត្រូវបានក្រុមសន្តិសុខបណ្តើរចេញពីសាលសវនាការតុលាការកំពូលទៅក្នុងកន្លែងរង់ចាំរថយន្តដឹកអ្នកទោសពីតុលាការត្រឡប់ទៅកាន់ពន្ធនាគារព្រៃសរវិញនោះ អ្នកស្រី ទេព វន្នី ប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រីអស់ជំនឿលើប្រព័ន្ធតុលាការ។ អ្នកស្រីអះអាងថា មានតែការចរចាខាងនយោបាយប៉ុណ្ណោះ ដែលអាចធ្វើឲ្យអ្នកស្រីមានសេរីភាពឡើងវិញ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំអត់មានជំនឿទៅលើប្រព័ន្ធតុលាការទេ ព្រោះប្រព័ន្ធតុលាការគ្រាន់តែជាឧបករណ៍មួយសម្រាប់អ្នកនយោបាយ ដែលកាន់អំណាចតែប៉ុណ្ណោះឯង មិនមែនជាតុលាការដែលត្រឹមត្រូវឯករាជ្យ កាត់ទោស ដោយសុក្រឹត្យយុត្តិធម៌ដូចតុលាការប្រទេសអាមេរិក ឬប្រទេសមហាអំណាចផ្សេងៗលើពិភពលោកទេ។ អញ្ចឹងអ្វីដែលជាក្តីសង្ឃឹមរបស់យើងខ្ញុំនេះ គឺសង្ឃឹមទៅលើគណបក្សទាំងពីរហ្នឹង ដែលចរចាគ្នាឲ្យត្រូវហើយ គឺដោះលែងពួកខ្ញុំឲ្យមានសេរីភាពឡើងវិញ»។
ការអំពាវនាវរបស់អ្នកស្រី ទេព វន្នី ធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីពេលថ្មីៗថា លោកនឹងស្នើឲ្យក្រុមតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្ម ប្រការ៤៨ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ការព្រមាននេះអាចនឹងធ្វើឲ្យលោក កឹម សុខា ប្រធានស្តីទីគណៈបក្សប្រឆាំងបាត់ឱកាសជួបសន្ទនាជាមួយគណបក្សកាន់អំណាច នៅពេលលោកបាត់បង់តួនាទីជាប្រធានថា្នក់ដឹកនាំក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ។
បើតាមប្រការ៤៨ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា លោក កឹម សុខា ដែលជាប្រធានថា្នក់ដឹកនាំក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ ជាគូសន្ទនាជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទាក់ទងទៅនឹងបញ្ហាប្រទេសជាតិ។
អ្នកស្រី ទេព វន្នី ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចរចានឹងមិនអាចធ្វើឡើងបាននោះឡើយ ប្រសិនបើមានការធ្វើវិសោធនកម្មប្រការ៤៨ថ្មីនេះ ហើយអ្នកស្រីក៏នឹងមិនអាចទទួលបានសេរីភាពមកវិញក្នុងពេលឆាប់ៗនោះដែរ។
«ច៎ា បើសិនជាគាត់លុបចោលមែន បានន័យថា សេរីភាពរបស់ពួកខ្ញុំគឺ វានៅឆ្ងាយ ឆ្ងាយមែនទែន ឆ្ងាយដូចជើងមេឃ ដែលពួកខ្ញុំពិបាកនឹងសង្ឃឹមថា មានសេរីភាពណាស់»។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្ដន្ទាទោសសកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីបទប្រមាថ តាមមាត្រា៥០២នៃក្រមព្រហ្មទណ្ឌដោយដាក់ពន្ធនាគាររយៈពេល៦ថ្ងៃ និងពិន័យជាប្រាក់៨ម៉ឺនរៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងសំណុំរឿងពាក់អាវពណ៌ខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប ១រូប និងទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។
ក្រោយការសម្រេចនេះ អ្នកស្រី បូវ សោភា ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅយប់ថ្ងៃដដែល។ ដោយឡែក អ្នកស្រី ទេព វន្នី ត្រូវបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយសារអ្នកស្រីនៅមានជាប់ពាក់ព័ន្ធពីរករណីផ្សេងទៀតនៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថមន្ត្រីរាជការសាធារណៈ និងបទប្រឆាំងមន្ត្រីរាជការសាធារណៈមានស្ថានទម្ងន់ទោសជាដើម។
នៅព្រឹកថ្ងៃធុធ ទី១៨ ខែ មករា ឆ្នាំ ២០១៧ ក្រុមប្រជាពលរដ្ឋមកពីសហគមន៍នានាដែលរងការរំលោភបំពានដីធ្លី បានមកប្រមូលផ្តុំនៅតុលាការកំពូល ដើម្បីទាមទារដោះលែងអ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លី នៅតំបន់បឹងកក់។ (ហ៊ុល រស្មី/VOA)
នៅចុងបញ្ចប់នៃការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកស្រី ទេព វន្នី ដែលធ្វើឡើងនៅតុលាការកំពូល នាព្រឹកថ្ងៃពុធនេះ តំណាងមហាអយ្យការ បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា អ្នកស្រី ទេព វន្នី នឹងមិនត្រូវបានអនុញ្ញាតឲ្យស្ថិតក្រៅឃុំ បានទេ ដោយបានអះអាងថា ការសម្រេចមិនឲ្យក្រៅឃុំនេះ គឺដើម្បីទប់ស្កាត់ ជនជាប់ចោទ មិនឲ្យប្រព្រឹត្តបទល្មើសថ្មីបន្ថែមទៀត។
អ្នកស្រី ទេព វន្នី បានច្រានចោលការលើកឡើងរបស់តំណាងមហាអយ្យការ ហើយបានស្នើលោកស្រី កឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះផ្តល់សេរីភាពដល់អ្នកស្រី ដើម្បីអនុញ្ញាតឲ្យអ្នកស្រី មានលទ្ធភាពមើលថែកូនតូចៗ និងម្តាយចាស់ជរា។
អ្នកស្រី ទេព វន្នី បា្រប់ប្រធានក្រុមប្រឹក្សាជំនុំជម្រះថា អ្នកស្រីជាស្រ្តីទន់ខ្សោយមិនមានកម្លាំងឯណាទៅបង្កហិង្សា និងធ្វើឲ្យកងសន្តិសុខ និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត រងរបួសស្នាមនោះទេ។
អ្នកស្រីបន្តថា ការចាប់ឃុំអ្នកស្រី គឺត្រូវបានធ្វើឡើង ដោយប្រាសចាកពីនីតិវិធីច្បាប់ ដោយសារអង្គហេតុបានកើតឡើងតាំងពីឆ្នាំ២០១៣ តែអាជ្ញាធរមានសមត្ថកិច្ចបានចាប់ខ្លួនអ្នកស្រីនៅឆ្នាំ២០១៦ ទៅវិញ។
បន្ទាប់ពីបានស្តាប់ការអធិប្បាយរបស់អ្នកស្រី ទេព វន្នី លោកស្រី កឹម សត្ថាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រាប់អ្នកស្រី ទេព វន្នី និងមេធាវីការពារក្តីរបស់អ្នកស្រី ឲ្យមកស្តាប់ការប្រកាសសាលដីកា នៅថ្ងៃទី២៥ ខែមករា។
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីអ្នកស្រី ទេព វន្នី នៅព្រឹកថ្ងៃពុធ ទី ១៨ ខែ មករា ឆ្នាំ ២០១៧ ប្រាប់ក្រុមអ្នកសារព័ត៌មាននៅតុលាការកំពូលថា កូនក្តីអ្នកស្រីមានហេតុផលគ្រប់គ្រាន់ ក្នុងការសុំនៅក្រៅឃុំ។ (ហ៊ុល រស្មី/VOA)
អ្នកស្រី សាម សុគន្ធា មេធាវីការពារក្តីអ្នកស្រី ទេព វន្នី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា តុលាការកំពូលនឹងពិចារណាផ្តល់យុត្តិធម៌ដល់កូនក្តីអ្នកស្រី ដោយសារ កូនក្តីអ្នកស្រីបានផ្តល់ហេតុផលគ្រប់គ្រាន់ដើម្បីសុំនៅក្រៅឃុំ ក្នុងនោះមានដូចការមិនផ្លាស់ប្តូរទីលំនៅ និងការមិនគេចវេសពីការសួរនាំរបស់តុលាការជាដើម។
មេធាវីរូបនេះបញ្ចាប់ថា៖ «វាជាការបារម្ភដោយសារខាងអយ្យការលើកឡើងបែបនេះ ក៏ប៉ុន្តែ ខ្ញុំនៅតែសង្ឃឹមថា តុលាការកំពូលនឹងផ្តល់ភាពយុត្តិធម៌ ផ្តល់សេរីភាពឲ្យកូនក្តីរបស់នាងខ្ញុំ បាននៅក្រៅឃុំ ដោយសារគាត់មានហេតុផលគ្រប់គ្រាន់ ក្នុងការសុំនៅក្រៅឃុំនេះ»។
អ្នកស្រីបន្ថែមថា តុលាការមិនចាំបាច់ឃុំខ្លួនកូនក្តីអ្នកស្រីនោះទេ ព្រោះសំណុំរឿងនេះ ជាបទល្មើសមជ្ឈឹមមិនជាក់ស្តែង។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា តុលាការនឹងពិបាកផ្តល់យុតិ្តធម៌ដល់អ្នកស្រី ទេព វន្នី ខណៈដែលស្ថានភាពនយោបាយកម្ពុជាបន្តជាប់គាំង។ លោកអះអាងថា តុលាការក្នុងប្រទេសកម្ពុជា មិនមានអំណាចឯករាជ្យ ដែលអាចសម្រេចសេចក្តីដោយខ្លួនឯងនោះឡើយ នៅពេលដែលប្រទេសនេះ មិនបានអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក អំ សំអាត ថ្លែងប្រាប់ VOA ថា៖ «ប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដហ្នឹង គឺអំណាចតុលាការ គឺគេមានភាពឯករាជ្យមែន ប៉ុន្តែបើប្រទេស ដែលមិនទាន់ គេហៅថាកំពុងអភិវឌ្ឍ ឬក៏ប្រទេសដែលកំពុងតែឈានទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដហ្នឹង អាហ្នឹងគឺបញ្ហានៃប្រព័ន្ធតុលាការហ្នឹងនៅតែជួបជាបញ្ហា ដោយសារមិនទាន់មានភាពឯករាជ្យប្រាកដប្រជាបាទ»។
នៅពេលក្រុមសន្តិសុខនាំអ្នកស្រី ទេព វន្នី ឡើងរថយន្តដឹកអ្នកទោស ដើម្បីចាកចេញពីតុលាការកំពូល សកម្មជនការពារដីធ្លីរូបនេះ ស្រែកប្រាប់ក្រុមសារព័ត៌មានថា អ្នកស្រីមិនភ័យខ្លាចចំពោះការចោទប្រកាន់របស់តុលាការនោះទេ។ អ្នកស្រីនិយាយថា អ្នកស្រីមិនបានប្រព្រឹត្តខុស ដូចអ្នកក្តោបក្តាប់អំណាចសព្វថ្ងៃ ដែលបង្កកំហុសជាច្រើន តែខ្លាចមិនហ៊ានទទួលស្គាល់ថា ខ្លួនខុសនោះឡើយ៕