ប្រជាពលរដ្ឋកម្ពុជាមួយចំនួនបានបញ្ចេញមតិផ្ទាល់ខ្លួនខុសៗពីគ្នាជុំវិញទំនុកចិត្តទៅលើគុណភាពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ប្រទេសចិន ដែលនឹងផ្តល់ដល់កម្ពុជាចំនួន១លានដូស។ អ្នកខ្លះបង្ហាញការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងនេះ និងខ្លះទៀតលើកឡើងថាកម្ពុជាមិនទាន់មានភាពចាំបាច់ខ្លាំងក្នុងការប្រើប្រាស់វ៉ាក់សាំង ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (World Health Organization) នោះទេ ដោយសារកម្ពុជាអាចគ្រប់គ្រងជំងឺនេះបាននៅឡើយ។
កាលពីថ្ងៃទី១៥ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថារដ្ឋាភិបាលចិននឹងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់កម្ពុជាចំនួន១លានដូស ដែលអាចចាក់បានមនុស្ស៥០ម៉ឺននាក់។
ទោះជាយ៉ាងណាក៏ដោយ លោក មាស តារា ជាគ្រូពេទ្យនៅគ្លីនិកឯកជនក្នុងខេត្តសៀមរាប មានប្រសាសន៍ថាលោកមិនទាន់មានទំនុកចិត្តចំពោះវ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិននោះទេ ដោយសារវ៉ាក់សាំងនេះមិនទាន់ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO)។ លោកបង្ហាញការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសចិននេះ។
រូបឯកសារ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន CNBC ដែលជាផ្នែកមួយនៃក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន Sinopharm ត្រូវបានដាក់តាំងក្នុងពិព័រណ៍មួយក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
លោកប្រាប់ VOA ថា៖ «របស់ចិន ខ្ញុំពិចារណាច្រើនជាងអាចពន្យារពេលសិន រង់ចាំមើលគេចាក់សិន។ ពាក្យថារបស់ចិន [ទី]មួយ វាមិនសូវមានប្រសិទ្ធភាពខ្ពស់ប៉ុន្មានទេ។ អាហ្នឹងបទពិសោធន៍ខ្ញុំប្រើថ្នាំប្រើអីកន្លងមក ដល់ចឹងភាពជឿជាក់របស់យើងហ្នឹង វានៅមានកម្រិតនៅឡើយ។ បើតាមគំនិតខ្ញុំ ខ្ញុំគិតថាព្យាយាមការពារខ្លួនឯងសិន។ យើងកុំទាន់ចង់សាកល្បងទៅអាហ្នឹងអី បើពាក្យថាវ៉ាក់សាំងមានន័យថាចាក់មេរោគចូលទៅក្នុងខ្លួនយើង»។
ជាមួយគ្នានេះដែរ កញ្ញា តែ សូចេង អាយុ២១ឆ្នាំជានិស្សិតឆ្នាំទី៣ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និយាយថាកញ្ញាហ៊ានចាក់វ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ ទោះបីវ៉ាក់សាំងនោះមកពីប្រទេសណាក៏ដោយ រួមមានប្រទេសចិនផងដែរ។
កញ្ញានិយាយថា៖ «ខាង WHO គាត់អត់ទាន់បានយល់ព្រមទៅហ្នឹងវ៉ាក់សាំងហ្នឹងទេ។ ចឹងសម្រាប់ខ្ញុំ ខ្ញុំមិនសម្រេចចិត្តថានឹងទៅចាក់ទេ។ ប្រទេសណាក៏ដោយអនុញ្ញាតពី WHO អាចជឿជាក់បាន»។
VOA មិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតចិនប្រចាំនៅកម្ពុជា និងអង្គការសុខភាពពិភពលោកបាននៅឡើយទេ។
កាលពីចុងឆ្នាំ២០២០ អង្គការសុខភាពពិភពលោកបានសម្រេចបញ្ចូលវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ដោយអះអាងថាវ៉ាក់សាំងដែលក្រុមហ៊ុន Pfizer អភិវឌ្ឍរួមគ្នាជាមួយដៃគូអាល្លឺម៉ង់ BioNTech មានគ្រប់លក្ខខណ្ឌនិងមានប្រសិទ្ធភាពក្នុងការទប់ទល់ជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យដឹងថាវ៉ាក់សាំងកូវីដ១៩ ដែលទទួលបានពីចិននោះ អ្នកទទួលចាក់វ៉ាក់សាំងមុនគេ គឺអ្នកដែលនៅជុំវិញរូបលោក ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា។
លោកបន្ថែមថានឹងមានរៀបចំខ្សែត្រៀមជួរមុខជាពិសេសគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក អ្នកអនាម័យ អ្នករត់ម៉ូតូឌុប កង់បី និងតាក់ស៊ីជាដើម។ នាយករដ្ឋមន្ត្រីបញ្ជាក់ថាការចាក់នេះធ្វើឡើងដោយឥតគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត។
ចំណែកកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសបន្ថែមថាលោកនឹងចាក់វ៉ាក់សាំងរបស់ចិន ដែលលោកថាដើម្បីបង្កើតជំនឿទុកចិត្តលើវ៉ាក់សាំង និងជំរុញចលនាប្រយុទ្ធប្រឆាំងកូវីដ១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលទទួលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi នៅឯវិមានសន្ដិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។ (អូន ឆេងប៉រ/វីអូអេ)
លោក សូ វណ្ណា អាយុ៤២ឆ្នាំជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ មានប្រសាសន៍ថាលោកមិនហ៊ានចាក់វ៉ាក់សាំងទាំងប្រថុយប្រថាន ដោយពុំមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកឡើយ។
លោកបន្តថាកម្ពុជាក៏អាចគ្រប់គ្រងជំងឺកូវីដ១៩នេះបានល្អ ហើយមិនមានការឆ្លងទ្រង់ទ្រាយធំអ្វីនោះទេ។
លោកប្រាប់ VOA ថា៖ «ចំពោះខ្ញុំ បើសិនមិនទាន់មានការឆ្លងកាត់ពី WHO ទេ ខ្ញុំមិនទាន់ហ៊ានចាក់នៅឡើយទេ ពីព្រោះអីការចាក់ផ្សងព្រេងមិនមែនជាមធ្យោបាយដែលល្អនោះទេ ហើយណាមួយប្រទេសកម្ពុជាយើង មិនទាន់ដល់ថ្នាក់ថាភ័យខ្លាចជំងឺនេះខ្លាំងទេ ពីព្រោះអីមានការទប់ស្កាត់បានល្អប្រសើរដែរ»។
ប្រជាពលរដ្ឋមួយចំនួនទៀតដែល VOA បានសាកសួរ ក៏បានលើកឡើងថាពួកគេនៅមិនទាន់សម្រេចចិត្តថានឹងត្រូវចាក់ឬអត់នៅឡើយទេ ដោយរង់ចាំមើលជាក់ស្តែងពេលវ៉ាក់សាំងនោះមកដល់សិន។ ចំណែកប្រជាពលរដ្ឋខ្លះទៀត ក៏បង្ហាញភាពរីករាយក្នុងការដែលកម្ពុជានឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពីប្រទេសចិនផងដែរ។
លោក កែម កួន អាយុ៣២ឆ្នាំ ជាអ្នករត់រ៉ឺម៉កកង់បីកំពុងរង់ចាំដឹកភ្ញៀវនៅមុខមជ្ឃមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថាលោករីករាយនឹងទទួលការចាក់វ៉ាក់សាំងកូវីដ១៩នេះ មិនថាប្រទេសណាជាអ្នកផ្តល់ឲ្យនោះទេ។
លោកមានប្រសាសន៍ថា៖ «ត្រេកអរណាស់ឲ្យតែបានគេមកចាក់ ពីព្រោះយើងមិនប្រាកដថាយើងនឹងកើតឬអី មិនដឹងទេ។ តែយើងចាក់ការពារល្អជាងអត់។ មិនសំខាន់លើប្រទេសណាជាអ្នកឲ្យទេ។ បើឯកជនអី មិនសូវហ៊ានចាក់ទេ តែបើរដ្ឋហ៊ាន»។
ចំណែកលោក ញ៉ែម សុភី អាយុ៣៥ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ក៏បានយល់ឃើញស្រដៀងគ្នានឹងលោក កែម កួន ដែរ។
លោកមានប្រសាសន៍ថា៖ «សំខាន់ក្រសួងសុខាភិបាលយើង គាត់អនុញ្ញាតចេញមក គឺខ្ញុំអត់ខ្លាចទេ ខ្លាចតែដូចថាខាងឯកជនគាត់យកមកស្ងាត់ៗអី។ ចង់ឲ្យយើងចាក់មានអារម្មណ៍មួយភ័យខ្លាចដែរ ហើយខ្ញុំក៏មិនអាចចាក់ផ្តេសផ្តាសបានដែរ»។
លោក កែម កួន អ្នករត់រ៉ឺម៉កកង់បី កំពុងអង្គុយលើរ៉ឺម៉កកង់បីរបស់លោកនៅមុខមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។ (ធីតា វីន/វីអូអេ)
រដ្ឋាភិបាលមិនទាន់អាចបញ្ជាក់កាលបរិច្ឆេទដាក់ឲ្យប្រើប្រាស់វ៉ាក់សាំង នៅពេលណានោះទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់តែបញ្ជាក់ថាប្រជាពលរដ្ឋកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។
ស្របពេលជាមួយគ្នានេះដែរនៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានស្នើជំនួយវ៉ាក់សាំងកូវីដ១៩ពីប្រទេសឥណ្ឌាដែលបានផលិតវ៉ាក់សាំងបានដោយខ្លួនឯងផងដែរ។ការស្នើបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធសុំមិនអត្ថាធិប្បាយជុំវិញការផ្តល់វ៉ាក់សាំងកូវីដ១៩របស់ប្រទេសចិន ដោយលោកស្រីថារង់ចាំព័ត៌មានឲ្យច្បាស់លាស់ ជាងនេះ។
កាលពីពាក់កណ្តាលខែឆ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថាប្រទេសកម្ពុជាប្រើប្រាស់វ៉ាក់សាំងណាដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកតែប៉ុណ្ណោះ។ លោកបន្ថែមថាកម្ពុជានឹងមិនយកប្រជាពលរដ្ឋរបស់ខ្លួនធ្វើតេស្តវ៉ាក់សាំងសម្រាប់ក្រុមហ៊ុនឬប្រទេសណាមួយនោះឡើយ។
ការផ្លាស់ប្តូរគោលជំហររបស់រដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាដោយសារវ៉ាក់សាំងកូវីដ១៩របស់ចិនមានការប្រើប្រាស់យ៉ាងទូលំទូលាយរួចទៅហើយនៅប្រទេសចិននិងមានប្រទេសផ្សេងទៀតមិនតិចជាង១០ប្រទេសទេ ដែលប្រើវ៉ាក់សាំងរបស់ចិនរួចទៅហើយ ។ ម្យ៉ាងវិញទៀត នាយករដ្ឋមន្ត្រីបានឲ្យដឹងទៀតថាកម្ពុជាមិនអាចរង់ចាំបន្តទៅទៀតបានទេ ដោយសារតែភាពចាំបាច់ក្នុងការការពារសុខភាពរបស់ប្រជាពលរដ្ឋ។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម មានប្រសាសន៍ថាការផ្តល់ទំនុកទុកចិត្តដល់ប្រជាពលរដ្ឋចំពោះវ៉ាក់សាំងកូវីដ១៩នេះ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលចាក់មុនដំបូងគេនោះ នៅមិនទាន់ធ្វើឲ្យប្រជាពលរដ្ឋទុកចិត្តបាននោះទេ។
លោកបញ្ជាក់ថា៖ «គាត់អាចដឹងថាពលរដ្ឋមិនព្រមទទួលយកវ៉ាក់សាំងហ្នឹងមកប្រើដោយមិនទុកចិត្ត ដូច្នេះមានតែការបង្ហាញនូវជំហរមួយ គឺគាត់ត្រូវទទួលយកអាហ្នឹងមុនគេដើម្បីធ្វើជាគំរូឲ្យគេទុកចិត្ត។ ទោះបីជាប៉ុណ្ណឹងក៏ដោយ ក៏ប្រហែលមិនទាន់ផ្តល់នូវទំនុកចិត្តគ្រប់គ្រាន់ដល់ពលរដ្ឋខ្មែរក្នុងការចូលទៅទទួលយកថ្នាំនោះដែរបើសិនមិនទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះ»។
លោក មាស នី បន្តថាស្របពេលដែលស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជា អាចគ្រប់គ្រង
បាននៅឡើយ លោកស្នើឲ្យរដ្ឋាភិបាលមិនគួរប្រញាប់ប្រញាល់ទទួលយកវ៉ាក់សាំងកូវីដ១៩របស់ចិនទាំងមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនោះទេ។
លោកបន្ថែមថា៖ «សម្រាប់ការទទួលយកវ៉ាក់សាំងនេះ គឺខ្ញុំចង់ឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវពិនិត្យមើលឡើងវិញ ហើយពិចារណាឡើងវិញទៅលើគុណភាពនៃវ៉ាក់សាំងហ្នឹង ហើយត្រូវធ្វើម៉េចឲ្យបានច្បាស់ថាវ៉ាក់សាំងនេះបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកជាមុនសិន មុននឹងយកមកឲ្យពលរដ្ឋកម្ពុជាប្រើបែបនេះទេ។ ខ្ញុំអត់ចង់ឃើញពលរដ្ឋខ្មែរហ្នឹងបានត្រូវគេប្រើគ្រាន់តែសម្រាប់ធ្វើការសាកល្បងទេ។ អានេះរឿងសំខាន់»។
កាលពីចុងខែធ្នូ ឆ្នាំ២០២០ របាយការណ៍វាយតម្លៃមួយរបស់ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ចនៃប្រទេសសេណេហ្គាល់ បានបង្ហាញថាប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩បានល្អជាងគេ។
ក្រសួងសុខាភិបាលកម្ពុជា ឲ្យដឹងថារហូតមកដល់ព្រឹកថ្ងៃច័ន្ទ ទី១៨ខែមករានេះ អ្នកឆ្លងកូវីដ១៩សរុបមាន៤៣៩នាក់ អ្នកព្យាបាលជាស្បះស្បើយចំនួន៣៨៦នាក់ និងអ្នកសម្រាកព្យាបាលចំនួន៥៣នាក់ និងមិនមានអ្នកស្លាប់នោះទេ៕