លោក កឹម សុខា បានវិលត្រឡប់ទៅកាន់រដ្ឋសភាវិញហើយកាលពីថ្ងៃពុធ ដើម្បីចូលរួមការប្រជុំសភាពេញអង្គ ក្រោយពីលោកខកខានមិនបានចូលទៅបំពេញការងារនៅរដ្ឋសភាអស់រយៈពេលជាងមួយឆ្នាំ ដោយសារអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានរងការគាបសង្កត់ខាងប្រព័ន្ធតុលាការ ពាក់ព័ន្ធរឿងអាស្រូវស្នេហាលួចលាក់របស់លោកជាមួយនារីកាត់សក់ម្នាក់។
លោក កឹម សុខា ទៅរដ្ឋសភានាពេលនេះ ក្នុងនាមជាដៃគូសន្ទនាកិច្ចការប្រទេសជាតិ ជាមួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំឲ្យមានការលើកលែងទោសប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន ដែលមានវត្តមានក្នុងការប្រជុំនោះ បានថ្លែងបញ្ជាក់ពីការតែងតាំងលោក កឹម សុខា យ៉ាងដូច្នេះថា៖
«ឥឡូវឯកឧត្ដម នឹងក្លាយទៅជាដៃគូរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងឋានៈជាប្រធាននៃក្រុមតំណាងរាស្ត្រ ហើយធ្វើជាដៃគូរបស់ខ្ញុំ ក្នុងឋានៈពិគ្រោះពិភាក្សាលើបញ្ហាប្រទេសជាតិ ដែលត្រូវទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រី»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ) ដើរជាមួយនឹងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង) នៅពេលសម្រាកពីកិច្ចប្រជុំនៅរដ្ឋសភាជាតិ កាលពីថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០១៦។
លោក កឹម សុខា បានឆ្លើយតបវិញថា៖
«ថ្ងៃនេះ យើងមកទីនេះ គឺដើម្បីធ្វើដំណើរឆ្ពោះទៅរកគោលដៅអ្វីដែលជាការខ្វះខាត ឬការខ្វែងគំនិតគ្នា។ នេះជាការធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យ ហើយគណបក្សពីរនេះ គឺមួយគណបក្សក្នុងរដ្ឋាភិបាល មួយជាគណបក្សក្រៅរដ្ឋាភិបាល អញ្ចឹងតែងតែមាន អាចមានមតិស្របគ្នា អាចមានមតិផ្ទុយគ្នាជាការធម្មតា។ ប៉ុន្តែអ្វីដែលយើងនឹងត្រូវធ្វើទៅមុខទៀត គឺស្វែងរកឯកភាពជាតិ ដើម្បីឲ្យជាតិយើងបានរីកចម្រើន»។
ថ្វីដ្បិតតែមានកិច្ចឆ្លើយឆ្លងយ៉ាងនេះក្ដី ក្រុមអ្នកវិភាគថ្លែងថា ការវិលត្រឡប់របស់ លោក កឹម សុខាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិទៅកាន់រដ្ឋសភានាពេលនេះ បានបង្ហាញពីការកើតមានច្រំដែលៗនៃភាពតានតឹង និងធូរស្រាលក្នុងនយោបាយកម្ពុជា។
ពួកគេលើកឡើងថា ការណ៍នេះ នឹងបើកឱកាសឲ្យមានការជួបសន្ទនាក្នុងកិច្ចការនយោបាយឡើងវិញរវាងក្រុមមេដឹកនាំគណបក្សនយោបាយធំៗពីរនៅរដ្ឋសភា ក្រោយពីវប្បធម៌សន្ទនាបានរំលំរលាយទៅជាងមួយឆ្នាំមកនោះ។
ទន្ទឹមពេលគ្នានេះដែរ ពួកគេបានមើលឃើញផ្សេងៗគ្នាអំពីយុទ្ធសាស្ត្រនយោបាយរបស់គណបក្សប្រជាជន ដែលបានបង្ហាញការចាប់យកលោក កឹម សុខា មកធ្វើជាដៃគូសន្ទនានយោបាយជំនួសឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលចាត់វិធានការណ៍ឲ្យនិរទេសខ្លួន មិនឲ្យវិលត្រឡប់ចូលប្រទេសកម្ពុជាកាលពីខែតុលា។
ពួកគេនិយាយថា គណបក្សសង្គ្រោះជាតិក៏កំពុងចុះខ្សោយផងដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវគោលនយោបាយក្នុងស្រុក ប្រាប់ VOA ថា នយោបាយស្រុកខ្មែរគឺប្រៀបដូចល្បែងទាញព្រ័ត្រ ដែលម្ដងទៅតឹង ហើយម្ដងទៅធូរ។
«នយោបាយស្រុកខ្មែរយើង គឺរមែងតែងតែដូចទាញព្រ័ត្រអញ្ចឹងមានទៅវិញទៅមកៗ មានភាពតានតឹង មានភាពធូរស្រាល ហើយនៅពេលណាមានភាពធូរស្រាលច្រើន តែឈានទៅដល់កិច្ចព្រមព្រៀងជាច្រើន។ ហើយដោយសារអញ្ចឹង ខ្ញុំគិតថា ប្រហែលជាអាចឈានទៅដល់ ការព្រមព្រៀងមួយចំនួន»។
លោក អ៊ូ វីរៈ បន្តថា ការចូលប្រជុំសភានេះ ក៏នឹងធ្វើឲ្យសភាបានបំពេញការងារពេញលេញ ហើយការចរចាផ្នែកនយោបាយដើម្បីជួយមន្ត្រី និងសកម្មជនគណបក្សនយោបាយផ្សេងទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារ។
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយក្នុងប្រទេសកម្ពុជា ចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)
លោកអះអាងថា គណបក្សសង្គ្រោះជាតិកំពុងចុះខ្សោយទៅ ដែលតម្រូវឲ្យមេដឹកនាំគណបក្សប្រឆាំង ត្រូវប្រកាន់ជំហររួបរួមដើម្បីបញ្ចៀសការបែកបាក់ធ្ងន់ធ្ងរបន្ថែមទៀត។
លើសពីនេះទៅទៀត លោកអ៊ូ វីរៈ ព្យាករណ៍ថា លោក សម រង្ស៊ី នឹងមិនត្រូវបានអនុញ្ញាតឲ្យវិលចូលក្នុងប្រទេសកម្ពុជាម្តងទៀត ដូចកាលពីមុនពេលបោះឆ្នោតឆ្នាំ ២០១៣នោះទេ ព្រោះមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្របាត់ជំនឿទៅលើសេចក្ដីក្លាហានរបស់លោក ក្នុងការហ៊ានចូលទៅក្នុងពន្ធនាគារ។
លោកថា ក្រុមអ្នកនយោបាយ នឹងមិនធ្វើការចរចាឲ្យលោក សម រង្ស៊ី វិលចូលក្នុងប្រទេសនោះឡើយ។
«គេអត់ជឿ អត់មាននរណាជឿថាលោក សម រង្ស៊ី នឹងហ៊ានចុះមកចូលពន្ធនាគារអីទេ។ អញ្ចឹងបើសិនជាគេឈប់ជឿ គេអត់ជឿថា គាត់ហ៊ានចុះមកចូលពន្ធនាគារគឺ អត់មានអីចាំបាច់ មានការចរចាទេ»។
នៅមុនការបោះឆ្នោតឆ្នាំ២០១៣ លោក សម រង្ស៊ី បានទទួលព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រខ្មែរ តាមការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រោយពីមានសម្ពាធពីសហគមន៍អន្តរជាតិ។
បន្ទាប់ពីការបោះឆ្នោត គណបក្សប្រឆាំងបានដឹកនាំធ្វើមហាបាតុកម្មបង្កឲ្យមានការជាប់គាំងនយោបាយក្នុងប្រទេសជិតមួយឆ្នាំ។
ប៉ុន្តែ មេដឹកនាំគណបក្សនយោបាយគណបក្សទាំងពីរ បានឈានដល់ការចុះកិច្ចព្រមព្រៀងនយោបាយបញ្ចប់ជម្លោះ។
ការចុះកិច្ចព្រមព្រៀងនាពេលនោះ គឺត្រូវបានធ្វើឡើង ក្រោយពីមានការចាប់ឃុំខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួនក្នុងករណីហិង្សាមួយដែលបានកើតឡើងនៅក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ លោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគនយោបាយនៅកម្ពុជាម្នាក់ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅវត្តក្តីចាស់ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦ មុនចូលទៅគោរពសពលោកបណ្ឌិត កែម ឡី។
អ្នកវិភាគនយោបាយលោក ឡាវ ម៉ុងហៃ ដែលធ្លាប់ធ្វើជាទីប្រឹក្សាលោក កឹម សុខា នៅរដ្ឋសភា ប្រាប់ VOA ថា ស្ថានភាពនយោបាយកម្ពុជានៅគ្រានេះ គឺស្រដៀងគ្នានឹងស្ថានភាពនយោបាយកាលពីមុនពេលបោះឆ្នោតឆ្នាំ២០១៣ និងក្រោយការបោះឆ្នោតឆ្នាំ២០១៣។
លោកថា ការវិវត្តន៍ចុងក្រោយនៃភាពតានតឹងនេះ គឺបានកើតឡើងនៅពេលដែលវប្បធម៌សន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានផុតរលត់ទៅ។
«វប្បធម៌សន្ទនានោះបាទ ហ្នឹងឃើញថា ដូចជា មេដឹកនាំគណបក្សទាំងពីរហ្នឹងល្អូកល្អិនជាមួយគ្នាទៅបាទ។ ឥឡូវក៏ដូចជា ឈោងដៃចាប់គ្នា ហើយល្អូកល្អិនដែរ។ ដូច្នេះ យើងចាំមើលទៀតមើល តើភាពស្រុះស្រួលគ្នានេះ វាមានល្បិចអីថែមទៅទៀតបាទ»។
លោក ឡៅ ម៉ុងហៃ យល់ឃើញថា គណបក្សសង្គ្រោះជាតិ ពិតជាបានចុះខ្សោយដោយសារគណបក្សមិនសូវបានធ្វើសកម្មភាពនយោបាយច្រើនក្នុងពេលមានវិបត្តិ។ យ៉ាងណាលោកថា ការលើកលែងការគាបសង្កត់លើលោក កឹម សុខា នេះគឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជន ដែលនឹងមិនបំបែកគណបក្សប្រឆាំងទេ ប៉ុន្តែជាការធ្វើឲ្យគណបក្សនយោបាយនេះចុះចូល និងងាយស្រួលគ្រប់គ្រង។
«គឺបំបែកផង ហើយនិងដើម្បីឃុំគ្រង គ្រប់គ្រង កុំឲ្យអាដែលដូចថា ទៅជាអ្នកប្រកួតប្រជែងមួយ គឺអាដែលស្មើភាពគ្នាបាទ»។
នៅពេលប្រជុំពេញអង្គសភានាថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ត្រូវគេមើលឃើញថា បានជួបគ្នាលក្ខណៈឯកជននៅរដ្ឋសភាអស់រយៈពេលជាងមួយម៉ោង។ ក្រោយមកលោក កឹម សុខា ក៏ត្រូវបានគេឃើញថា បានចូលជួបជាមួយលោក ស ខេង អស់រយៈពេលជិតពីរម៉ោង ក្នុងលក្ខណៈឯកជនផងដែរ។
នៅពេលដើរចាកចេញពីការប្រជុំសភា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា មេដឹកនាំគណបក្សនយោបាយធំៗពីរនៅរដ្ឋសភា នឹងពិនិត្យលើលទ្ធភាពជួបពិភាក្សាគ្នាក្នុងពេលមួយខែម្ដង ប៉ុន្តែលោកមិនផ្ដល់សេចក្ដីលម្អិតអំពីប្រធានបទដែលនឹងត្រូវលើកមកពិភាក្សាគ្នានោះទេ៕