ខណៈដែលមិនមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាជាង៣សប្តាហ៍មកនោះ ការអនុវត្តរក្សាគម្លាតនៅឆ្ងាយពីគ្នា ហាក់មិនមានការអនុវត្តដូចមុននោះទេ។ ប្រជាជនចាប់ផ្តើមធ្វើដំណើរ ហើយការរកស៊ីចាប់ផ្តើមបើកឡើងវិញ។
ក្រសួងសុខាភិបាលក៏នៅតែបន្តព្រមានពីហានិភ័យខ្ពស់នៃការឆ្លងឡើងវិញ បើទោះកម្ពុជាមានករណីឆ្លងសរុបចំនួនតែ ១២២ ហើយជាសះស្បើយ ១២០ ករណីក៏ដោយ។
ការនៅឲ្យឆ្ងាយពីគ្នាចម្ងាយពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រនៅទីសាធារណៈ ផ្សារទំនើបនិងទីប្រជុំជនកម្រត្រូវបានគេមើលឃើញនាពេលនេះ។ ពលរដ្ឋចាប់ផ្តើមសោះអង្គើយក្នុងការពាក់ម៉ាស។
លោក ឌី សុខុម អ្នកលក់ទឹកអំពៅនៅមុខផ្សារទំនើប AEON II ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្លែងប្រាប់ VOA ថា លោកមិនបារម្ភពីការនៅក្បែរគ្នារវាងលោកនិងអតិថិជនរបស់លោកទេ ហើយលោកក៏មិនពាក់ម៉ាសការពារមុខដែរ នៅពេលកម្តៅថ្ងៃឡើងក្តៅខ្លាំង។
«អត់មានទេ ព្រោះអត់មានត្រូវខ្លាចផង ព្រោះវាអានេះឆ្លងតាមខ្យល់ដង្ហើមដូចគ្នា ហ្នឹង... ព្រោះវាសាយភាយដោយសារដង្ហើមយើង ដោយសារគុណភាពដង្ហើមយើងដែរហ្នឹង។ ចំពោះបង បងអត់ខ្លាចទេ។ ថ្មើរនេះ បងលែងខ្លាចបាត់ហើយ»។
លោកឌី សុខុម អ្នកលក់ទឹកអំពៅនៅមុខផ្សារទំនើបអ៊ីអន២ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេខ្មែរ)
ក៏ប៉ុន្តែលោក សុខុម អាយុ ៣១ ឆ្នាំ និយាយថា បើសិនជាលោកសង្កេតឃើញអតិថិជនរបស់លោកណាម្នាក់ មានអាការៈផ្តាសាយនោះ លោកនឹងមិនទៅកៀកនឹងអថិតិជននោះទេ។
«បើគេមានការផ្តាសាយ ... យើងមើលភ្ញៀវដែរ ដល់ចឹងយើងហុចរាងដោលពីចម្ងាយដែរ ប្រហែលជាកន្លះម៉ែត្រអ៊ីចឹងទៅ»។
បើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណា ពលរដ្ឋម្នាក់ៗត្រូវរក្សាគម្លាតនៅឆ្ងាយពីគ្នា ប្រមាណ ១ ម៉ែត្រកន្លះទៅ ២ ម៉ែត្រ។ បន្ថែមលើនោះ ពលរដ្ឋត្រូវអនុវត្តវិធានការបង្ការផ្សេងទៀត រួមមានកាត់បន្ថយការជួបជុំ និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្តុំ លាងដៃនឹងសាប៊ូនិងទឹកស្អាត ឬអាល់កុលឲ្យបានញឹកញាប់។ ហើយនៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ដោយប្រើកន្សែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសម្រាមភ្លាម ហើយលាងសម្អាតដៃ។
នៅក្នុងផ្សារទំនើប AEON II ទាំងអ្នកលក់ដូរ និងអ្នកដើរទិញទំនិញ ត្រូវគេសង្កេតឃើញថាមិនមានការរក្សាគម្លាតនៅឆ្ងាយពីគ្នានោះទេ បើទោះជាពួកគេភាគច្រើនមានពាក់ម៉ាសក៏ដោយ។ អ្នកលក់ដូរមួយចំនួននិយាយថា ពួកគេមិនបានរក្សាគម្លាតនៅឆ្ងាយពីគ្នា ដោយសារតែមានការទុកចិត្តគ្នាថា គ្មានជំងឺកូវីដ១៩។
កំពុងអង្គុយលើកៅអីមួយនៅមុខបន្ទប់ទឹក ក្នុងផ្សារទំនើប AEON II កញ្ញា ថង ស្រីនី វ័យ ១៩ ឆ្នាំ កំពុងអង្គុយចុចទូរស័ព្ទដៃ ឆ្ងាយពីអ្នកដើរផ្សារផ្សេងទៀត។ កញ្ញានិយាយថា អ្នកដើរផ្សារភាគច្រើនមិនបានរក្សាគម្លាតឆ្ងាយពីគ្នាទេ ពេលដែលពួកគេទិញទំនិញ។
«មុនហ្នឹង ខ្ញុំដើរមកហ្នឹង ឃើញ... ឃើញពួកគាត់ដូចអង្គុយឆ្ងាយគ្នា ប៉ុន្តែពេលដើរទៅ នៅកន្លែងទិញអីៗ អត់ឃើញ [នៅឆ្ងាយពីគ្នាទេ]»។
ក្នុងផ្សារទំនើប AEON II ដដែលនេះ លោក ស៊ុន ភក្តី កំពុងរង់ចាំទទួលបណ្ណបើកបរនៅមុខការិយាល័យធ្វើបណ្ណបើកបរ។ លោកព្យាយាមឈរឲ្យឆ្ងាយពីអ្នកមកធ្វើបណ្ណបើកបរផ្សេងទៀត ដោយបារម្ភពីការឆ្លងវីរុសកូរ៉ូណា ដែលលោកយល់ថា មិនទាន់បាត់ទាំងស្រុងនៅឡើយទេ។
ស្របពេលលោកមានការប្រុងប្រយ័ត្ននោះ លោកសង្កេតឃើញអ្នកផ្សេងទៀតបានរក្សាគម្លាតពីគ្នា តែហាក់ដូចជាមិនឆ្ងាយប៉ុន្មានពីគ្នានោះទេ។
«គាត់ឈរទៅ គាត់រាងប្រយ័ត្នៗដែរ ប៉ុន្តែគ្រាន់ថាគាត់មិនបានឆ្ងាយ... ប្រហែលម្នាក់មួយម៉ែត្រ ម្នាក់ពីគ្នា... មួយម៉ែត្រៗអ៊ីចឹង វាមិនសូវជាកៀក ខុសគ្នាប៉ុន្មានដែរ»។
ក្រសួងសុខាភិបាលរាយការណ៍ថា មិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ទេជាង៣សប្តាហ៍មកហើយ។ប៉ុន្តែ ក្រសួងព្រមានថាគ្មានករណីឆ្លងថ្មី មិនមែនមានន័យថា ការឆ្លងនឹងមិនកើតមានឡើងនោះទេ។
ចំណែកនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋបន្តអនុវត្តរក្សាគម្លាតពីគ្នា ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការចាក់ធុងបាសរាំជាដើម។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ ក៏បានក្រើនរំឭកពលរដ្ឋកម្ពុជាឲ្យបន្តការប្រុងប្រយ័ត្ន។ លោកសរសេរលើទំព័រហ្វេសប៊ុករបស់លោកក្នុងន័យដើមថា៖ «ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ ២ នាក់ទៀតប៉ុណ្ណោះក្តីក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជា ឬគិតថាកម្ពុជាជាប្រទេសក្តៅ មិនងាយឆ្លង គឺមិនដូច្នេះទេ ព្រោះជំងឺនេះជាជំងឺកាចសាហាវ ហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់»។
លោក ទូច អួច ពលរដ្ឋមកពីស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកំពុងលក់ផ្លែទុរេននៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កេតឃើញថា ពលរដ្ឋទូទៅចាប់ផ្តើមបន្ថយការប្រុងប្រយ័ត្ននៅតាមផ្សារ ដោយមិនបន្តពាក់ម៉ាស ឬមិនមានការរក្សាគម្លាតឆ្ងាយពីគ្នាទេ។ លោកនិយាយថា នៅពេលដែលរដ្ឋាភិបាលមិនទាន់ប្រកាសឲ្យដំណើរការគ្រឹះស្ថានអប់រំ និងបន្តការរឹតបន្តឹងកន្លែងសប្បាយនានានោះពលរដ្ឋត្រូវតែរក្សាការប្រុងប្រយ័ត្ន។
«អត់ទាន់ឲ្យបើក អត់ទាន់ឲ្យដំណើរការអ៊ីចឹង យើងចេះប្រយ័ត្នសិនទៅណា៎... ដល់ពេល សាលាដំណើរការអស់ យើងស្រួលវិញហើយ។អាហ្នឹងលែងសូវប្រយ័ត្ន»។
កម្មករឡើងជិះរថយន្តរួមគ្នា ពេលចេញពីធ្វើការនៅរោងចក្រក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេខ្មែរ)
កម្មកររោងចក្រកាត់ដេរមួយចំនួន បានឲ្យដឹងថា ស្ថានភាពនៃការបង្ការជំងឺកូវីដ ១៩ ខុសៗគ្នានៅកន្លែងធ្វើការរបស់ពួកគេ។
អ្នកស្រី សោម ដាណូ កម្មការិនីកាត់ដេរ ដែលចេញពីរោងចក្រមួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ និយាយថា កម្មករនៅកន្លែងធ្វើការរបស់អ្នកស្រីត្រូវបានប្រាប់ឲ្យអនុវត្តការរក្សាគម្លាតឆ្ងាយពីគ្នាអស់រយៈពេលមួយខែកន្លះមកហើយ ដើម្បីបង្ការការឆ្លងវីរុសកូរ៉ូណា។
«មួយខែជាងហើយ តាំងពីចូលឆ្នាំ... និយាយទៅតាំងពីមានមេរោគហ្នឹងមក។ អ៊ីចឹង គេឲ្យនៅគម្លាតពីគ្នាអ៊ីចឹងណ៎ា។ គេការពារ ឲ្យពាក់ម៉ាស ពាក់អី ប្រើអាល់កុល ប្រើអីអ៊ីចឹង។ កន្លែងចូលបន្ទប់ទឹក លាងដៃ ឧស្សាហ៍លាងដៃអ៊ីចឹង។ គេឧស្សាហ៍ប្រជុំប្រាប់យើង ឲ្យយើងលាងដៃសម្អាត»។
ប៉ុន្តែ ការអនុវត្តបែបនេះ មិនមាននៅកន្លែងធ្វើការរបស់កញ្ញា ប៉ិល សេង កម្មការិនីម្នាក់ទៀតនោះទេ។កម្មការិនី វ័យ ៣២ ឆ្នាំ នេះនិយាយថា កញ្ញាមិនដឹងថា មូលហេតុអ្វីបានជារោងចក្រដែលកញ្ញាកំពុងធ្វើការនេះមិនតម្រូវឲ្យស្ថិតឆ្ងាយពីគ្នានោះ។ យ៉ាងណាមិញ កញ្ញាថា រោងចក្របានស្នើឲ្យមានការពាក់ម៉ាសនិងដាក់ទឹកអាល់កុលសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រ។
«ពាក់ម៉ាស លាងទឹកអាល់កុលសម្រាប់លាងដៃ ឬក៏បាញ់អីអ៊ីចឹងណា៎បង»។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ប្រាប់ VOA នៅថ្ងៃសុក្រនេះថា ការរក្សាគម្លាតពីគ្នាភាគច្រើនមិនត្រូវបានអនុវត្តនៅតាមរោងចក្រនោះទេ ហើយកម្មករក៏បន្តរក្សាទម្លាប់ចាស់ដដែល ដូចជាការហូបអាហារ និងដើរជុំៗគ្នាដដែល។ លោកលើកទឹកចិត្តឲ្យថៅកែរោងចក្រអនុវត្តវិធានការរក្សាគម្លាតពីគ្នា ដើម្បីបង្ការការចម្លងវីរុសកូរ៉ូណា។
ទោះបីជាពលរដ្ឋសាមញ្ញទូទៅ និងកម្មកររោងចក្រមិនសូវបានអនុវត្តការរក្សាគម្លាតឆ្ងាយពីគ្នាក្តី បុគ្គលិកក្នុងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសម្រេចធ្វើការពីផ្ទះ នៅពេលមានសេចក្តីរាយការណ៍នៃករណីឆ្លងដំបូងៗ។ បុគ្គលិករដ្ឋមួយចំនួនក៏ត្រូវគេសង្កេតឃើញថា បន្តការពាក់ម៉ាសនៅពេលធ្វើការ។
កាលពីថ្ងៃច័ន្ទរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា អាជីវកម្មផ្សេងៗដែលប្រកាសឲ្យផ្អាកដោយសារជំងឺកូវីដ១៩ ត្រូវបន្តបិទដដែល ខណៈសាលារៀននៅទូទាំងប្រទេសក៏មិនទាន់មានការអនុញ្ញាតឲ្យបើកឡើងវិញដែរ។លោកបន្តថា អាជីវកម្មជាច្រើនប្រភេទ ដូចជាខារ៉ាអូខេ និងកន្លែងផ្សេងៗជាច្រើនទៀត ដែលត្រូវបានផ្អាក ត្រូវបន្តផ្អាក ដោយមិនទាន់មានការកំណត់ពេលជាក់លាក់។
កាលពីកន្លងទៅ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី Li Ailan បានថ្លែងថា កម្ពុជាត្រូវតែប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវតែត្រៀមឲ្យបានត្រឹមត្រូវមុននឹងដាក់ដំណើរការការរកស៊ីឡើងវិញ ការបើកសាលារៀន និងការធ្វើដំណើរជាដើម។លោកស្រីបន្តថា ប្រជាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារជំងឺនេះមិនទាន់បញ្ចប់នៅក្នុងពិភពលោកនោះទេ៕