ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកទទួលពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយនាដើមខែមីនានេះ គណបក្សនយោបាយមួយចំនួន បានបង្ហាញពីការត្រៀមខ្លួន និងសុទិដ្ឋិនិយមនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
គណបក្សនយោបាយ ដែលមិនមានកៅអីនៅក្នុងរដ្ឋសភា រួមមានគណបក្សខ្លះដែលទើបនឹងបង្កើតថ្មី គណបក្សខ្លះដែលត្រូវបានបង្កើតឡើងវិញ និង គណបក្សខ្លះទៀតដែលបានផ្ដាច់ខ្លួនចេញពីគណបក្សដែលមានស្រាប់ផងនោះ លើកឡើងថា ពួកគេអាចទទួលបានការគាំទ្រនៅតាមភូមិឃុំគោលដៅមួយចំនួន។
ក៏ប៉ុន្តែ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា យល់ថា មានគណបក្សក្រៅរដ្ឋសភា តិចតួចប៉ុណ្ណោះ ដែលអាចទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ពលរដ្ឋកម្ពុជាកំពុងរង់ចាំចុះឈ្មោះបោះឆ្នោត ក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឲ្យដឹងថា គណបក្សរបស់លោកបានរៀបចំថ្នាក់ដឹកនាំតាមឃុំសង្កាត់ចំនួនត្រឹមតែ២៥ ឃុំ សង្កាត់ប៉ុណ្ណោះ។
លោកបញ្ជាក់ថា គណបក្សរបស់លោកកំណត់ថា កន្លែងទាំងនេះគឺជា ឃុំសង្កាត់គំរូចំពោះជំហានដំបូងនៃការចាប់ផ្ដើមវិថីនយោបាយថ្មីរបស់ខ្លួន។
«យើងជឿជាក់ថា យ៉ាងតិចបំផុតក៏មាន១០ ទៅ១៥ឃុំសង្កាត់ដែលយើងអាចយកឈ្នះក្នុងការបោះឆ្នោតឃុំសង្កាត់ហ្នឹងបាន ដើម្បីយើងជួយពួកគាត់ឲ្យកសាងគំរូនៃការដឹកនាំឃុំសង្កាត់មួយដែលមានការទទួលខុសត្រូវល្អ សម្រាប់ផ្ដល់សេវាសាធារណៈ ល្អប្រសើរជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដឹកនាំការអភិវឌ្ឍឃុំសង្កាត់ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅទីនោះ»។
លោក សាម អ៊ីន លើកឡើងថា ពេលវេលា និងថវិកាមិនគ្រប់គ្រាន់ គឺជាការប្រឈមចម្បងសម្រាប់គណបក្សថ្មី ដែលមានអាយុកាលទើបជាងមួយឆ្នាំនេះ។
បើតាមលោក សាម អ៊ីន មេឃុំ~មេភូមិល្អ គ្រូល្អ ដែលសំដៅដល់គ្រូពេទ្យ គ្រូបង្រៀន និងគ្រូកសិកម្ម និងប៉ូលិសល្អនៅតាមមូលដ្ឋាន ជាសារនយោបាយ៣សំខាន់ៗរបស់គណបក្សនេះ។
«ទី១ យើងបានរៀបចំវគ្គបណ្ដុះបណ្ដាល ជួបជុំជាប្រចាំជាមួយ ថ្នាក់ដឹកនាំមូលដ្ឋានរបស់យើងនៅតាមឃុំសង្កាត់។ ទី២ យើងចុះផ្ទាល់នៅតាមមូលដ្ឋានតែម្ដង លើកទឹកចិត្តគាត់ ទៅជជែកពិគ្រោះយោបល់ជាមួយគាត់ ក៏ដូចជាទៅពង្រឹងសមត្ថភាពគាត់ផ្ទាល់នៅតាមមូលដ្ឋាន។ ទី៣ យើងប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយគោលនយោបាយរបស់យើង»។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ឲ្យដឹងថា គណបក្សនេះ កំណត់យកខេត្តចំនួន៦ជាខេត្តគោលដៅ គឺ ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ កំពង់ស្ពឺ តាកែវ និងសៀមរាប។
លោកពន្យល់ថា កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្សនេះ រួមមាន កម្មវិធីរំដោះដីធ្លីរបស់ពលរដ្ឋពីឈ្មួញរកស៊ីបញ្ចាំ ដើម្បីចៀសវាងការរឹបអូស ឬលក់ឡៃឡុងដោយមិនស្របច្បាប់ កម្មវិធីកែទម្រង់ថ្នាក់ដឹកនាំមូលដ្ឋាន ឲ្យក្លាយជារដ្ឋាភិបាលរបស់ពលរដ្ឋ និងកម្មវិធីបង្ហាញកញ្ចប់ថវិកាចំណូលចំណាយរបស់រដ្ឋាភិបាលមូលដ្ឋានជូនដល់ពលរដ្ឋជាដើម។
«យើងរៀបចំជាក្រុមបេក្ខជនសម្រាប់ឃុំសង្កាត់ ចុះបង្ហាញគោលនយោបាយតាមផ្ទះ។ យើងមានផលិតជាប្រក្រតីទិនប្រចាំឆ្នាំ២០១៧ ។ មានដាក់ថ្ងៃបោះឆ្នោតចែកជូនពលរដ្ឋតាមផ្ទះនីមួយៗក្នុងឃុំសង្កាត់ដែលយើងឈរឈ្មោះ។ ហើយយើងមានបើកវេទិកាបង្ហាញគោលនយោបាយឃុំសង្កាត់ ការអភិវឌ្ឍឃុំសង្កាត់ ដែលបង្ហាញនូវបេក្ខជនជាសាធារណៈសម្រាប់ឲ្យពលរដ្ឋសួរដល់បេក្ខជនក្នុងភូមិ»។
រីឯគោលនយោបាយគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់ លោក ម៉ម សូណង់ដូ ផ្ដោតសំខាន់ទៅលើការផ្ដល់អំណាចដល់ស្ថាប័នព្រះមហាក្សត្រ ការពង្រឹងឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ ការធានាសិទ្ធិអំណាចនៃកងកម្លាំងប្រដាប់អាវុធ ការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រី ព្រមទាំងការគាំទ្រសិទ្ធិអ្នកស្រលាញ់ភេទគ្នាជាដើម។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូនេះ ធ្លាប់ត្រូវបានបង្កើតម្ដងហើយក៏ប៉ុន្តែបក្សនេះត្រូវបានលោករំលាយទៅវិញ។ ចំពោះការបង្កើតគណបក្សលើកនេះ លោក ម៉ម សូណង់ដូ ថ្លែងថា លោកបានត្រៀមខ្លួនរួចរាល់ហើយ ក៏ប៉ុន្តែលោកមិនទាន់អាចធ្វើការសន្និដ្ឋានពីលទ្ធផលទុកជាមុនបាននោះទេ។
«កំពុងតែរៀបចំបញ្ជីឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ខ្ញុំរៀបចំអស់ហើយ។ ពូចូលរួមប្រកួត ក៏ប៉ុន្តែបានប៉ុន្មាន យើងមិនទាន់ដឹងទេ»។
រូបឯកសារ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដែលទើបផ្ដាច់ខ្លួនចេញពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ឲ្យដឹងថា គណបក្សថ្មីរបស់លោក ក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខនេះដែរ។
«ទី១ រចនាសម្ព័ន្ធ យើងខ្ញុំបានរៀបចំទាំងថ្នាក់ខេត្ត ស្រុក ឃុំហ្នឹងពេញលេញ។ ទី២ យើងខ្ញុំបានរៀបចំផ្លាកសញ្ញា ដែលត្រូវបង្ហាញឲ្យប្រជាពលរដ្ឋស្គាល់។ យើងខ្ញុំបានរៀបចំបេក្ខភាពទាំងអស់ទូទាំងប្រទេស។ ខ្លួនខ្ញុំផ្ទាល់បានចុះទៅតាមបណ្ដាស្រុក ទៅជួបបេក្ខជនឃុំទាំងពេញសិទ្ធិ ទាំងបម្រុងជាបន្តបន្ទាប់»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ដោយអះអាងថា គណបក្សថ្មីរបស់លោកមានភាពខុសប្លែកគ្នាទាំងស្រុងពីគណបក្សហ៊្វុនស៊ិនប៉ិចដែលជាអតីតគណបក្សរបស់ខ្លួន លោក ញឹក ប៊ុនឆៃ ឲ្យដឹងថា គោលនយោបាយឃុំ សង្កាត់របស់គណបក្សលោក ត្រូវបានរៀបចំទៅតាមតំបន់ និងទីតាំងភូមិសាស្ត្ររស់នៅរបស់ពលរដ្ឋកម្ពុជា ដើម្បីគណបក្សរបស់លោក អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពលរដ្ឋ។
«ខុសគ្នាតាមឃុំនីមួយៗ។ ឧទាហរណ៍ថា បើឃុំខ្លះគាត់នៅតាមបឹងទន្លេសាប យើងទៅនិយាយរឿងខ្វះទឹកដូចអត់ត្រូវ។ ហើយបើនៅតំបន់ភ្នំ រដូវប្រាំង វាអត់មានទឹក។ អញ្ចឹងតម្រូវការរបស់ពលរដ្ឋ អាចត្រូវការស្រះទឹក អណ្ដូងទឹកជាដើម»។
ស្រដៀងគ្នាដែរ លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ ក៏បានបែងចែកសារនយោបាយដាច់ពីគ្នារវាងគោលនយោបាយមូលដ្ឋាន និងគោលនយោបាយថ្នាក់ជាតិផងដែរ។
គណបក្សថ្មីនេះ សង្កត់ធ្ងន់ទៅលើវិស័យកសិកម្ម ការអប់រំក្រៅប្រព័ន្ធ និងបណ្ដុះបណ្ដាលជំនាញដល់យុវជន ដើម្បីកាត់បន្ថយការចំណាកស្រុកដើម្បីរកការងារធ្វើជាដើម។
«យើងរៀបចំគោលនយោបាយសម្រាប់ឃុំសង្កាត់ ដាច់ពីគោលនយោបាយរួមរបស់គណបក្ស។ ប៉ុន្តែមិនដាច់ឆ្ងាយទេ គ្រាន់តែយើងបំបែកឲ្យទៅជាគោលនយោបាយថ្នាក់មូលដ្ឋានហ្នឹង ជាក់លាក់ជាង គោលនយោបាយជាតិ»។
ក្រសួងមហាផ្ទៃ ឲ្យដឹងថា គិតត្រឹមចុងខែមករា ឆ្នាំ២០១៧នេះ មានគណបក្សនយោបាយចំនួន ៤៥បានចុះបញ្ជីគណបក្ស ដែលរាប់បញ្ចូលទាំងគណបក្សខ្លះកំពុងជាប់បណ្ដឹងនៅតុលាការផងដែរ។
គ.ជ.ប.ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នាខែមិថុនាខាងមុខនេះ មានពលរដ្ឋកម្ពុជា ប្រមាណ៧លាន៨សែននាក់ ដែលមានសិទ្ធិបោះឆ្នោត ហើយការិយាល័យបោះឆ្នោតសរុបមានចំនួន១៦៣៣ ការិយាល័យនៅទូទាំងប្រទេស។
លោក
លោក យឿង សុធារ៉ា មន្ត្រីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល។ (លឹម សុធី/VOA)
មន្ត្រីច្បាប់និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល យល់ថា នឹងមានគណបក្សនយោបាយថ្មីតិចតួចប៉ុណ្ណោះ ដែលអាចមានសក្ដានុពលទទួលបានការគាំទ្រពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។
លោកអះអាងថា ជាទូទៅប្រជាពលរដ្ឋផ្ដោតអារម្មណ៍ទៅលើគណបក្សដែលមានកៅអីនៅក្នុងរដ្ឋសភា ដូចជាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។
«ជាទូទៅ លទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រឆ្លុះបញ្ចាំងពីប្រជាប្រិយរបស់គណបក្ស ជាជាងបេក្ខជន។ តែលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់នេះ វាអាស្រ័យលើប្រជាប្រិយបុគ្គល អ្នកដឹកនាំនៅក្នុងមូលដ្ឋានហ្នឹងដែរ»។
លោកបន្ថែមថា លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នេះ ក៏អាចជាការវាយតម្លៃចំពោះទំនោរនៃការជ្រើសរើសមេដឹកនាំ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខនេះផងដែរ។
កម្ពុជាគ្រោងនឹងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១១.៥៧២នាក់សម្រាប់ឃុំសង្កាត់ចំនួន១.៦៤៦ ទូទាំងប្រទេសនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះ៕