អ្នកជំនាញនៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា អនាគតទន្លេមេគង្គ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា មានភាពស្រពិចស្រពិលច្រើន ដោយសារតែចិនអាចនឹងសង់ទំនប់វារីអគ្គិសនីដើម្បីស្តុកទឹកទន្លេទុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចប៉ះពាល់ដល់បណ្តាប្រទេសនៅប៉ែកខាងក្រោមទន្លេមេគង្គ។
បើអ្នកបានឃើញទន្លេមេគង្គដ៏ធំល្វឹងល្វើយពីលើមេឃ អ្នកនឹងសម្គាល់ឃើញទំនប់វារីអគ្គិសនីប្រមាណចំនួន៣០ សង់កាត់ចរន្តទឹកទន្លេមេគង្គ និងដៃទន្លេមេគង្គតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
ក្នុងចំណោមប្រទេសទាំងនេះ ចិនដែលស្ថិតនៅប៉ែកខាងលើទន្លេមេគង្គ គឺជាប្រទេសមួយដែលសាងសង់ទំនប់វារីអគ្គិសនីមុនគេ និងច្រើនជាងគេចំនួន៧ នៅលើទន្លេមេគង្គមេ ដែលបង្កផលប៉ះពាល់ច្រើនដល់មច្ឆាជាតិ ជីវចម្រុះ លំហូរដីល្បាប់ និងបរិមាណទឹកហូរកាត់ប្រទេសនៅប៉ែកខាងក្រោមទន្លេមេគង្គ។
ទិដ្ឋភាពទន្លេមេគង្គនៅប្រទេសឡាវ (រូបថតដោយ R. Corben for VOA)
ក៏ប៉ុន្តែ នៅក្នុងកិច្ចពិភាក្សាសាធារណៈមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវឈ្មោះ Stimson អ្នកជំនាញបានលើកយកសេណារីយោពីរដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីពិភាក្សាអំពីអនាគតរបស់ទន្លេមេគង្គ។ សេណារីយោទីមួយចោទសួរថា តើអនាគតរបស់ទន្លេមេគង្គអាចផ្លាស់ប្តូរប្រសើរជាងនេះទេ បើសិនជាចិនងាកទៅរកដំណើរការថាមពលកកើតឡើងវិញ ហើយជំរុញឲ្យប្រទេសនៅតាមទន្លេមេគង្គក្រោមងាកទៅរកថាមពលកកើតឡើងវិញដូចចិន។
ទាក់ទងនឹងសេណារីយោទីមួយ លោកស្រី Jennifer Turner ប្រធានវេទិកាស្តីពីបរិស្ថាននៅចិនរបស់មជ្ឈមណ្ឌល Wilson នៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា ចិនមានសក្តានុពលក្នុងការជំរុញឲ្យប្រទេសនៅទន្លេមេគង្គក្រោមសម្លឹងមើលជម្រើសផលិតថាមពលកកើតឡើងវិញ។
លោកស្រីថា៖ «ខ្ញុំយល់ថា ជាជាងបន្តបណ្តាក់ទុនលើថាមពលវារីអគ្គិសនីលើទន្លេមេគង្គ ចិនគួរតែងាកមកសហការជាមួយនឹងប្រទេសនៅទន្លេមេគង្គក្រោម ដើម្បីពង្រឹងប្រសិទ្ធភាពថាមពលដែលទាញចេញពីពន្លឺព្រះអាទិត្យ ខ្យល់ និងពីទង់ដែង។ ខ្ញុំមើលឃើញថា អ្នកវិនិយោគទុនចិនមានសក្តានុពលក្នុងការជំរុញឲ្យមានការអភិវឌ្ឍថាមពលចម្រុះ ដែលមិនបំពុលបរិស្ថាន នៅក្នុងតំបន់ទន្លេមេគង្គក្រោមនេះ»។
វិស្វករចិនឈរមើលទឹកហូរចេញពីទំនប់នៅទីក្រុង Yichang ខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៣។
ជាក់ស្តែងក្នុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០១០ ចិនបានផ្អាកការសាងសង់ទំនប់វារីអគ្គិសនីគ្រប់ធន់នៅលើទន្លេមេគង្គ។ បនែ្ថមលើនេះ ចិនកំពុងផ្តោតលើការបង្កើត និងពង្រីកប្រព័ន្ធថាមពលកកើតឡើងវិញជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ហើយថ្មីៗនេះ ចិនទើបតែបានចុះកិច្ចព្រមព្រៀងជាមួយនឹងប្រទេសថៃ ដើម្បីដំណើរការផលិតថាមពលកកើតឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Jennifer Turner នៃមជ្ឈមណ្ឌលស្រាវជ្រាវ Wilson។
ក៏ប៉ុន្តែ លោក Richard Cronin អ្នកស្រាវជ្រាវដ៏ជំនាញខាងទន្លេមេគង្គនៅតំបន់អាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌល Stimson យល់ថា ការណ៍ដែលចិនងាកទៅរកការផលិតថាមពលកកើតឡើងវិញនេះ គឺដើម្បីបញ្ហាផ្ទាល់ខ្លួនរបស់ចិនតែប៉ុណ្ណោះ ហើយចិនមិនខ្វល់ពីប្រទេសដែលនៅប៉ែកខាងក្រោមទន្លេមេគង្គទេ។
លោកថា៖ «ខ្ញុំយល់ថា អ្វីដែលចិនកំពុងបង្ហាញជំហររបស់ខ្លួននោះគឺថា ចិននឹងដោះស្រាយបញ្ហាកង្វក់បរិស្ថានដោយសារតែហេតុផល និងប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ហើយស្របពេលជាមួយគ្នានេះ បើទោះបីជាចិនបានបង្កើតយន្តការដើម្បីកិច្ចសហប្រតិបត្តិការថ្មីមួយ ដែលមានឈ្មោះថា គណៈកម្មការទន្លេមេគង្គ Lancang ដែលចិននិយាយថា យើងនឹងពិភាក្សាពីបញ្ហាទឹកទន្លេក្តី ក៏អ្វីដែលចិនបានប្រាប់ទៅប្រទេសនៅទន្លេមេគង្គក្រោមនោះគឺថា៖ កុំយកអនាគតរបស់អ្នកទៅពឹងលើទឹកទន្លេ។
លោក Jon Fasman (ឆ្វេងបំផុត) ប្រធាននិពន្ធខាងតំបន់អាស៊ីអាគ្នេយ៍របស់ទស្សនាវដ្តី The Economist លោក Brian Eyler (ឆ្វេង) អនុប្រធានគម្រោងអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson អ្នកស្រី Courtney Weatherby (កណ្តាល) អ្នកស្រាវជ្រាវឲ្យមជ្ឈមណ្ឌល Stimson លោក Richard Cronin អ្នកជំនាញជាន់ខ្ពស់ខាងទន្លេមេគង្គនៃមជ្ឈមណ្ឌល Stimson និងលោកស្រី Jennifer Turner ប្រធានវេទិកាបរិស្ថានចិននៃមជ្ឈមណ្ឌល Wilson ពិភាក្សាអំពីអនាគតទន្លេមេគង្គ នៅរដ្ឋធានីវ៉ាស៊ីនតោន។
យើងនឹងឲ្យកម្ចី១០ពាន់លានដុល្លារ ដើម្បីឲ្យអ្នកបង្កើតហេដ្ឋារចនាសម្ព័ន្ធដែលអ្នកត្រូវការដើម្បីភ្ជាប់សេដ្ឋកិច្ចរបស់អ្នកមកនឹងសេដ្ឋកិច្ចរបស់ចិន។ នេះគឺជាអនាគតរបស់ប្រទេសអ្នក។ ទឹកទន្លេមិនមែនជាអនាគតសេដ្ឋកិច្ចរបស់អ្នកទេ»។
ចំណែកឯសេណារីយោទីពីរ អ្នកជំនាញត្រូវបានចោទសួរថា តើអនាគតរបស់ប្រទេសនៅទន្លេមេគង្គក្រោមនឹងទៅជាយ៉ាងណា បើសិនជាចិនសង់ទំនប់វារីអគ្គិសនីដើម្បីស្តុកទឹកដើម្បីប្រយោជន៍របស់ខ្លួន។
លោក Brian Eyler អនុប្រធានគម្រោងស្រាវជ្រាវអំពីតំបន់អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimson យល់ថា លទ្ធភាពនេះអាចទៅរួចនាពេលអនាគត ដោយសារតែតម្រូវការទឹក និងបញ្ហាសន្តិសុខផ្ទៃក្នុងរបស់ចិន។
លោកថា៖ «នៅខេត្តយូណាន ប្រទេសចិន មានទន្លេជាច្រើនដែលត្រូវបានបំពុល ហើយអាជ្ញាធរតាមសហគមន៍ និងរដ្ឋបាលខេត្ត និងរដ្ឋាភិបាលចិន បានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារ ដើម្បីសម្អាតទឹកកខ្វក់ ដោយសារតែទឹកដែលមានជាតិពុលទាំងនោះនឹងហូរចូលទន្លេ Guizhou និងទន្លេ Chongoing។ ចិនបានអនុវត្តគម្រោងដាច់ដោយឡែកពីគ្នាជាច្រើន ដើម្បីនាំយកទឹកចេញពីប្រព័ន្ធទឹកធំ ដោយបញ្ចូនទឹកទៅខេត្តយូណាន និងទីក្រុងផ្សេងៗ។ ប៉ុន្តែ បើសិនជាគម្រោងទាំងនោះមិនផ្តល់លទ្ធផលអ្វីទេនោះ ទន្លេមេគង្គនឹងក្លាយជាប្រភពទឹកដ៏សំខាន់ ដែលចិនត្រូវការដើម្បីដោះស្រាយបញ្ហានេះ»។
អ្នកនេសាទម្នាក់អង្គុយលើទូកនៅក្នុងបឹងមួយដែលរងគ្រោះរាំងស្ងួត នៅខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦។
រីឯលោក Richard Cronin យល់ឃើញស្រដៀងគ្នានេះដែលថា ចិននឹងត្រូវការទឹកច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ជាពិសេសនៅចំពោះមុខគ្រោះរាំងស្ងួតដែលបានកើតឡើងនៅចិនក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅនេះ។
លោកថា៖ «នៅឆ្នាំនេះ ចិនមិនទទួលបានបរិមាណទឹកគ្រប់គ្រាន់ទេនៅខេត្តយូណាន ដោយសារតែគ្រោះធម្មជាតិ El Nino ក៏ប៉ុន្តែ កាលពីឆ្នាំ២០១០ និង២០១២ តាំងពីទំនប់វារីអគ្គិសនីជាច្រើនបានសាងសង់មក ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ចិនមិនមានទឹកគ្រប់គ្រាន់ដើម្បីដំណើរការទំនប់ទាំងនោះ ដូចការរំពឹងទុកឡើយ។ ដូច្នេះ ប្រទេសនៅប៉ែកទន្លេមេគង្គក្រោមគួរតែព្រួយបារម្ភពីការណ៍ដែល ចិននឹងមិនដំណើរការទំនប់ ដើម្បីទាញយកថាមពលទៀតទេ។ ដូច្នេះ វាមានន័យថា ទឹកមានតិចជាងមុនសម្រាប់ប្រទេសទាំងនោះ ដោយសារតែមធ្យោបាយទឹកទន្លេមេគង្គដែលហូរមកក្រោមបាន មានតែតាមទ្វាទំនប់ពីចិនមក»។
ទិដ្ឋភាពនៃទំនប់វារីអគ្គិសនីនៅទន្លេ Yangtze នៅខេត្ត Hubei ប្រទេសចិន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២។
បើទោះបីជាអ្នកជំនាញមើលឃើញលទ្ធភាពនៃការដើរចេញពីការសាងសង់ទំនប់វារីអគ្គិសនីទៅរកការផលិតថាមពលកកើតឡើងវិញក្តី ក៏លទ្ធភាពនេះមិនអាចកើតឡើងបានដែរក្នុងពេលឆាប់ៗនេះ ដោយសារតែដំណើរការថាមពលកកើតឡើងវិញនេះត្រូវការថវិកាខ្ពស់ និងប្រព័ន្ធគ្រប់គ្រងដ៏ជំនាញបំផុត។
លើសពីនេះ សេដ្ឋកិច្ចរបស់ប្រទេសដែលជាសមាជិកគណៈកម្មាការទន្លេមេគង្គ ជាពិសេសឡាវ និងកម្ពុជា មិនអំណោយផលឡើយ ហើយប្រទេសទាំងនេះត្រូវការប្រភពថាមពលដែលមានតម្លៃថោក ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់ខ្លួន៕