កំណត់និពន្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី២៥ឆ្នាំមុន បាននាំមកនូវការរីកចម្រើន និងការទទួលស្គាល់ជាអន្តរជាតិដល់ប្រទេសកម្ពុជា ដែលធ្លាប់តែហែកហួរដោយសារសង្គ្រាម។ ប៉ុន្តែ ការអភិវឌ្ឍក្នុងរយៈពេលនេះក៏បានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋានផងដែរ។ នៅមានកិច្ចការជាច្រើនទៀត ដូចជាសិទ្ធិសេរីភាព នៅតែជាបញ្ហាប្រឈម។ រីឯបញ្ហាព្រំដែនត្រូវបានអ្នកជំនាញមើលឃើញថា មិនត្រូវបានអនុវត្តតាមកិច្ចព្រមព្រៀងនោះនៅឡើយទេ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានផលិតវីដេអូឯកសារដែលមានចំណងជើងថា«បញ្ហាសេសសល់»។ ខាងក្រោមនេះជាអត្ថបទភាគទីមួយនៃសេចក្តីរាយការណ៍ ដែលមានបីភាគដកស្រង់ពីឯកសារវីដេអូនេះ។
… ប្រទេសកម្ពុជាក្នុងរយៈពេល២៥ឆ្នាំក្រោយពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាននាំឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
ប៉ុន្តែ ការអភិវឌ្ឍន៍ខ្លះបានមកដោយសារការបណ្តេញពលរដ្ឋក្រីក្រចេញពីលំនៅដ្ឋាន។ រីឯការគោរពសិទ្ធិមនុស្ស និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែជាការព្រួយបារម្ភ។
ក្នុងចំណោមអ្នកសម្តែងការព្រួយបារម្ភនេះ គឺមានលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា។
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ លើកដៃស្វាគមន៍អ្នកគំាទ្រនៅពេលដែលលោកបានចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
លោក សម រង្ស៊ី បានបញ្ជាក់ក្នុងបទសម្ភាសជាមួយនឹងវីអូអេ មុនពេលលោកលាលែងចេញពីតំណែងប្រធានគណបក្សថា៖
«អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានបញ្ជាក់ហើយឱ្យខ្មែរអនុវត្តគោរពជារៀងរហូត គឺលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ឥឡូវប្រជាធិបតេយ្យក៏អត់ សេរីក៏អត់ ពហុបក្សក៏អត់។ អត់មានប្រជាធិបតេយ្យ គឺយើងវិលត្រឡប់ទៅរកអំណាចផ្តាច់ការវិញ មិនមែនជាសេរី យើងអត់មានសេរីភាពទេ គឺបាត់បង់អស់សិទ្ធិសេរីភាពជាមូលដ្ឋាន ហើយពហុបក្សគឺអត់មានពហុបក្សទេ គឺឯកបក្ស គឺបក្សតែមួយ ហើយធ្ងន់ធ្ងរជាងនេះទៀត គឺបុគ្គលតែម្នាក់។ អីចឹងហើយវាឆ្ងាយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសមែនទែន»។
បន្ទាប់ពីការចរចាដ៏តឹងតែងជាច្រើនឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ដោយភាគីខ្មែរចំនួនបួន គឺក្រុមអ្នកតស៊ូដែលមានក្រុមរាជានិយមហ៊្វុនស៊ីនប៉ិច ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោក សឺន សាន ក្រុមខ្មែរក្រហម និងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលលើកបន្តុបដោយវៀតណាម។
ប្រទេសចំនួន១៨ រួមទាំងមហាអំណាចទាំង៥ ដែលមានសហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំងនិងរុស្ស៊ី បានជួយជ្រោមជ្រែងឱ្យមានកិច្ចព្រមព្រៀងនេះ។
អង្គការសហប្រជាជាតិបានចំណាយថវិកាជាងមួយពាន់ប្រាំរយលានដុល្លារ ចន្លោះពីឆ្នាំខែវិច្ឆិកាឆ្នាំ១៩៩១ ដល់ខែកញ្ញាឆ្នាំ១៩៩៣ និងប្រើប្រាស់កងកម្លាំងស៊ីវិល និងយោធាជាង២ម៉ឺននាក់ ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរ ការគ្រប់គ្រងរបស់វៀតណាម និងនាំយកលទ្ធិប្រជាធិបតេយ្យមកកម្ពុជា។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តម្រូវឱ្យគ្រប់ភាគីទាំងអស់ទម្លាក់អាវុធហើយអាជ្ញាធរបណ្តោះអាសន្នមួយរបស់អង្គការសហប្រជាជាតិហៅថាអ៊ុនតាក់ ត្រូវគ្រប់គ្រងប្រទេសកម្ពុជា រៀបចំការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនចំនួន៣៥០.០០០នាក់ និងរៀបចំការបោះឆ្នោតមួយ។ ប៉ុន្តែការអនុវត្តមិនបានជោគជ័យទាំងស្រុងទេ។
រូបឯកសារ៖ លោក សឺន ស៊ូប៊ែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងបច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រសម្ដេចនរោត្តមសីហមុនីថ្លែងទៅកាន់ព្រះសង្ឃនិងអ្នកចូលរួមប្រមាណជាង៧០០នាក់នៅវត្តចាស់នៃរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦។
លោក សឺន សូប៊ែរិ៍ អតីតអនុប្រធានរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហើយបច្ចុប្បន្នជាប្រធានគណបក្សសិទ្ធិមនុស្ស អះអាងថា មានតែភាគីខាងលោក និងហ៊្វុនស៊ិនប៉ិចទេ ដែលអនុវត្តបានត្រឹមត្រូវ៖
«បើថាជោគជ័យចំពោះការរៀបចំការបោះឆ្នោតហ្នឹងប្រហែលមែន ក៏ប៉ុន្តែអ្វីៗទៀតដែលសំខាន់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺទីមួយប្រមូលកងទ័ពទាំងបួនភាគីហ្នឹង ដកកាំភ្លើងនិងរំសាយ។ ហ្នឹងអ៊ុនតាក់អត់ បានអនុវត្តត្រឹមត្រូវ មិនថាអត់អនុវត្តត្រឹមត្រូវផង វាអត់បានអនុវត្តបណ្តោយ»។
ដំបូងគឺក្រុមខ្មែរក្រហមជាអ្នក ដែលបានបដិសេធមិនព្រមដាក់អាវុធ ដែលនេះផ្តល់ជាលេសឱ្យភាគីក្រុងភ្នំពេញរបស់លោក ហ៊ុន សែន មិនព្រមដាក់អាវុធដែរ។
លោក ខ្លូត ម៉ាតាំង អតីតឯកអគ្គរដ្ឋទូតបារាំង ដែលបានចូលរួមរៀបចំដំណើរការកិច្ចចរចាតាំងពីឆ្នាំ១៩៨៧ បានទទួលស្គាល់ពីបរាជ័យលើផ្នែកនេះ។
នៅក្នុងបទសម្ភាសពិសេសជាមួយនឹងវីអូអេ លោក ម៉ាតាំង បានបញ្ជាក់ថា៖
«ពេលដែលលោក ខៀវ សំផន និងអ្នកដទៃទៀតបានមកទីក្រុងភ្នំពេញដូចដែលលោកបានដឹងហើយថា មានក្រុមកុប្បករបានវាយប្រហារមកលើគាត់ ក្នុងស្ថានការណ៍ដែលមិនដឹងច្បាស់លាស់។ ដូច្នេះ ពួកគេបានរត់ភៀសខ្លួនត្រឡប់ទៅតំបន់ខ្មែរក្រហមវិញ ហើយខ្មែរក្រហម បាននិយាយថា យើងនឹងនៅបន្តប្រយុទ្ធតទៅទៀត ហើយយើងមិនយល់ព្រមទទួលយកការបោះឆ្នោតនៅក្នុងតំបន់របស់យើងទេ។ ដូច្នេះ ផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តទេ»។
លោក ខៀវ សំផន ដែលតំណាងឱ្យភាគីខ្មែរក្រហម បានធ្វើដំណើរមកដល់ទីក្រុងភ្នំពេញ ដើម្បីចូលរួមប្រជុំក្នុងនាមជាសមាជិកនៃឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលដឹកនាំដោយសម្តេចព្រះនរោត្តមសីហនុ។ ប៉ុន្តែត្រូវក្រុមកុប្បករវាយឱ្យរងរបួស។
អ៊ុនតាក់ ក៏មិនបានគ្រប់គ្រងលើក្រសួងសំខាន់ៗមួយចំនួន ដូចជាហិរញ្ញវត្ថុ និងមហាផ្ទៃទេ។
រូបឯកសារ៖ ព្រះសង្ឃដាក់សន្លឹកឆ្នោតចូលក្នុងហិបនៅស្ថានីយ៍បោះឆ្នោតមួយកន្លែងនៅវត្តថាន់ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។
យ៉ាងណាក៏ដោយ ការបោះឆ្នោតនៅឆ្នាំ១៩៩៣ មានអ្នកចូលរួមជិត៩០ភាគរយ ក្នុងចំណោមអ្នកដែលបានចុះឈ្មោះបោះឆ្នោត ដោយផ្តល់ជ័យជម្នះទៅលើក្រុមរាជានិយមហ៊្វុនស៊ិនប៉ិច។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចាញ់ដោយទទួលបានអាសនៈតែ៥១ គណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះបាន៥៨អាសនៈ គណបក្សរបស់លោក សឺន សានទទួលបាន ១០អាសនៈ និងគណបក្សមូលីណាកា និងអ្នកតស៊ូខ្មែរទទួលបានមួយអាសនៈក្នុងសភាជាតិ ដែលមាន១២០អាសនៈ។
ប៉ុន្តែ គណបក្សប្រជាជនកម្ពុជាបានបដិសេធមិនព្រមប្រគល់អំណាច។
លោក ខ្លូត ម៉ាតាំង បន្ថែមថា៖
«បន្ទាប់ពីក្រុមរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិ បានឈ្នះឆ្នោត ហើយអាចមានលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាលចម្រុះជាមួយនឹងភាគីដទៃទៀត ដូចជាគណបក្សលោក សឺន សាន និងបក្សដទៃទៀត ដោយមិនបញ្ចូលលោក ហ៊ុន សែន នោះហើយនៅពេលដែលលោក ហ៊ុន សែន ថា ខ្ញុំនៅកាន់អំណាចហើយមិនចុះចេញទេ គឺប្រទេសដែលចុះហត្ថលេខាទាំងអស់ ត្រូវតែនិយាយអ្វីមួយ គឺមិនមែនត្រូវតែទទួលតាមទេ»។
ព្រះបាទនរោត្តមសីហនុ ដែលនៅមិនទាន់ឡើងសោយរាជ្យវិញនៅឡើយ បានខិតខំប្រឹងប្រែងផ្សះផ្សាដោយស្នើឡើងនូវរូបមន្តនៃការបែងចែកអំណាចគ្នាដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច ធ្វើជានាយករដ្ឋមន្ត្រីទីមួយ និងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទីពីរ។
អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពីដំណើរការចរចាសន្តិភាពនិងទស្សនៈរបស់លោកពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)
នោះជាការបរាជ័យមួយទៀតរបស់ក្រុមហត្ថលេខីក្នុងការខកខាន មិនបង្ខំឱ្យភាគីលោក ហ៊ុន សែន ទទួលយកលទ្ធផលឆ្នោតក្នុងនាមជាអ្នកចាញ់។
លោក ខ្លូត ម៉ាតាំង បន្ថែមទៀតថា៖
«សហគមន៍អន្តរជាតិនិយាយថា សម្រាប់យើងយល់ថា វាជាបញ្ហារបស់កម្ពុជាហួសពីដែនសមត្ថកិច្ចយើងហើយ។ ឥឡូវនេះយើងមានបញ្ហានៅអាហ្វ្រិក និងកន្លែងដទៃទៀត។ នេះជារឿងខុសឆ្គង ព្រោះវាជាការសាកល្បងសម្រាប់អង្គការសហប្រជាជាតិ។ វាជាកិត្តិយសរបស់អង្គការសហប្រជាជាតិ។ បរាជ័យនៃអន្តរាគមន៍របស់អង្គការសហប្រជាជាតិនាពេលក្រោយមក នៅប្រទេសនៅអាហ្វ្រិក មានឫសគល់ចេញមកពីកំហុស ដែលយើងបានសាងនៅក្នុងប្រទេសកម្ពុជា»។
អង្គការសហប្រជាជាតិវាយតម្លៃថា បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា គឺជាជោគជ័យមួយ។ ប៉ុន្តែអ្នកនិពន្ធ និងជាអតីតអ្នកសារព័ត៌មាន The New York Times ដ៏ល្បីឈ្មោះ គឺអ្នកស្រីអេលីហ្សាបែត បែកឃឺ បានប្រាប់ដល់មូលនិធិបេតិកភ័ណ្ឌនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងកម្មវិធីរំលឹកខួប២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថាវាគឺជាបរាជ័យមួយ៖
«ហើយអង្គការសហប្រជាជាតិដោយមានការគាំទ្រពីសហរដ្ឋអាមេរិកផងដែរ បានចុះចាញ់នឹងការសម្លុតនេះ ហើយបង្កើតនូវតំណែងថ្មីមួយហៅថា សហនាយករដ្ឋមន្ត្រីដែលអនុញ្ញាតឱ្យលោក ហ៊ុន សែន នៅរក្សាការគ្រប់គ្រងប្រទេសយ៉ាងពេញលេញរហូតដល់គាត់ធ្វើរដ្ឋប្រហាររយៈពេលប្រាំឆ្នាំក្រោយមក។ ដូច្នេះយើងបរាជ័យក្នុងការសាកល្បងដំបូងនេះ ក្នុងការលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ។ វាមិនមែនជាកំណត់ត្រាដ៏ល្អទេ»។
រដ្ឋប្រហារថ្ងៃទី៥ និងទី៦ ខែកក្កដា ឆ្នាំ១៩៩៧ បាននាំឱ្យលោក ហ៊ុន សែន កាន់អំណាចទាំងស្រុង។
គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បន្តឈ្នះការបោះឆ្នោតជាតិជាបន្តបន្ទាប់។ ហើយបក្សប្រឆាំងតែងតែតវ៉ាថា មានការគំរាមកំហែងនិងការបន្លំសន្លឹកឆ្នោត។
នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន៦៤ គណបក្សហ៊្វុនស៊ិនប៉ិចបាន៤៣អាសនៈ និងគណបក្សសម រង្ស៊ី ដែលបំបែកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន១៥អាសនៈ។
រូបឯកសារ៖ លោក សម រង្ស៊ី (ឆ្វេង) អតីតប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃគ្នា ក្រោយរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងសមាជិកថ្មីនៃគណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ អាសនៈរបស់គណបក្សប្រជាជនកម្ពុជាឡើងដល់៧៣ គណបក្សហ៊្វុនស៊ិនប៉ិចបានធ្លាក់មកចំនួន២៦អាសនៈ ក្នុងពេលដែលគណបក្សសមរង្ស៊ីកើនដល់២៤អាសនៈ។ ហើយនៅឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាឡើងដល់៩០អាសនៈ។ រីឯគណបក្សសម រង្ស៊ី ឡើងដល់២៦អាសនៈ។
លោក សម រង្ស៊ី និងលោក កឹម សុខា អតីតអ្នកតំណាងរាស្រ្តរបស់ភាគីលោក សឺន សាន បានរួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ នៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ហើយឈ្នះបានអាសនៈចំនួន៥៥ ពីក្នុងសភាដែលមាន១២៣អាសនៈ។ ហើយបានក្លាយជាគណបក្សប្រឆាំងតែមួយគត់ ដែលមានអាសនៈក្នុងរដ្ឋសភានៅកម្ពុជា។ រីឯគណបក្សប្រជាជនកម្ពុជាបានធ្លាក់មកដល់៦៨អាសនៈ។
បច្ចុប្បន្នគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ មិនមានអាសនៈនៅក្នុងរដ្ឋសភាទេ។ គណបក្សរបស់លោក សឺន សាន បានរលាយបាត់។ រីឯមេដឹកនាំក្រុមខ្មែរក្រហមកំពុងទទួលការកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ។ ព្រះបាទនរោត្តម សីហនុ បានយាងសោយទីវង្គតនៅឆ្នាំ២០១២។
(សូមរង់ចាំអានភាគទីពីរដែលជាភាគបន្ត)