Your browser doesn’t support HTML5
ជម្លោះក្នុងតំបន់និងផលប៉ះពាល់នយោបាយការបរទេសកម្ពុជា
វ៉ាស៊ីនតោន៖ ជម្លោះទាំងពីរគឺវៀតណាមនិងចិនក្នុងរឿងដែនអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ហើយនឹងអំពើរដ្ឋប្រហារយោធាក្នុងប្រទេសថៃវាអាចធ្វើឲ្យប៉ះពាល់ដល់លំនឹងនយោបាយការបរទេសរបស់កម្ពុជា ប៉ះពាល់សន្តិសុខ សន្តិភាព និងសេដ្ឋកិច្ចក្នុងតំបន់និងកម្ពុជាទៀតផង។ នេះជាការអះអាងរបស់លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ លីដស៍ (Leeds) ប្រទេសអង់គ្លេស ដែលបានចូលរួមជាវាគ្មិនក្នុងកម្មវិធី ហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍។លោកថ្លែងថា៖ «បញ្ហាព្រំដែនជាមួយថៃអាចមានបញ្ហាសន្តិសុខខ្ពស់ ព្រោះថាក្រុមអាវលឿងដូចជាក្រុមកងទ័ពដែលធ្លាប់តែមានជម្លោះព្រំដែនជាមួយកម្ពុជាយើងតាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ គឺក្រុមដដែលអាចឡើងមកកាន់អំណាចហើយអាចបង្កឲ្យមានបញ្ហាជម្លោះនៅតាមព្រំដែន។ ហើយយើងមើលជម្លោះប្រទេសចិននិងវៀតណាម ព្រោះចិននិងវៀតណាមជាដៃគូសំខាន់ជាងគេបំផុតរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ។ ដូច្នេះជម្លោះនៃ ប្រទេសទាំងពីរហ្នឹង វាអាចធ្វើឲ្យប៉ះពាល់ទៅដល់លំនឹងនយោបាយ ការបរទេសរបស់កម្ពុជា ពីព្រោះថាយើងមានក្រុមមួយស្និទ្ធនឹងក្រុង ហាណូយ ក្រុមមួយស្និទ្ធនឹងក្រុងប៉េកាំង ហើយបញ្ហាជម្លោះក្នុងប្រទេស ទាំងពីរ (ចិន វៀតណាម) ក៏អាចធ្វើឲ្យក្រុមផ្សេងៗនៅកម្ពុជាយើង ក៏អាច មានភាពតានតឹងដែរ»។
លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យនៅឯសាកលវិទ្យាល័យ លីដស៍ (Leeds) ប្រទេសអង់គ្លេស
លោកពន្យល់បន្ថែមថា បញ្ហាមួយទៀតគឺសមុទ្រចិនខាងត្បូងជាកន្លែងឆ្លង កាត់ទំនិញពិភពលោកដ៏ធំទី២៖ «ព្រោះថាសមុទ្រចិនខាងត្បូងគឺនិយាយឲ្យចំគឺខ្សែពាណិជ្ជកម្មធំទី២លើពិភពលោក ដែលឆ្លងកាត់តាមសមុទ្រចិនខាងត្បូង។ អញ្ចឹងបើមាន សង្គ្រាមជម្លោះប្រដាប់អាវុធមួយនៅក្នុងសមុទ្រចិនខាងត្បូង គឺវាធ្វើឲ្យ ប្រព័ន្ធពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក មានការប៉ះពាល់ ហើយ កម្ពុជាយើងត្រូវការច្រកសមុទ្រចិនខាងត្បូងហ្នឹងដែរដើម្បីធ្វើការនាំចេញនាំចូល។ អញ្ចឹងវាអាចប៉ះពាល់ផ្នែកពាណិជ្ជកម្មហ្នឹង»។
លោកថា វិបត្តិក្នុងតំបន់ជាឱកាសសម្រាប់កម្ពុជាចាប់យកផលប្រយោជន៍ ដែរ តែកម្ពុជាខ្វះឯកភាពជាតិនិងស្ថាប័នរឹងម៉ាំ។ លោកបានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវស្ថិតនៅជាអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ហើយ ស្វែងរកដៃគូយុទ្ធសាស្ត្រច្រើន ទាំងក្នុងតំបន់អាស៊ាន ទាំងជាមួយប្រទេស មហាអំណាចជាជាងមានតែមួយ៕
យោធាថៃចូលកាន់កាប់អំណាចកាលពីថ្ងៃព្រហស្បតិ៍តាមរយៈរដ្ឋប្រហារមួយ