មួយថ្ងៃក្រោយពិធីច្រត់ព្រះនង្គ័លកាលពីថ្ងៃពុធម្សិលមិញ ក្រុមអ្នកជំនាញកសិកម្មក្រើនរំឭកឲ្យប្រជាកសិករយកចិត្តទុកដាក់ក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ ចៀសវាងត្រូវប្រឈមនឹងការខ្វះខាតទឹកដូចឆ្នាំមុនទៀត។ សេចក្តីអំពាវនាវនេះធ្វើឡើងស្របពេលប្រជាកសិករកម្ពុជាបង្ហាញការសាទរចំពោះភ្លៀងធ្លាក់នាដើមរដូវវស្សា។
ពេលដែលប្រជាកសិករកម្ពុជាដែលរស់នៅតាមបណ្តាខេត្តបង្ហាញក្តីរីករាយចំពោះការធ្លាក់ភ្លៀងនាដើមរដូវវស្សា ក្រុមអ្នកជំនាញកសិកម្មក្រើនរំឭកឲ្យប្រជាកសិករកម្ពុជាឲ្យយកចិត្តទុកដាក់ក្នុងការស្តុកទឹកទុកសម្រាប់ប្រើប្រាស់ចំពោះបម្រែបម្រួលធាតុអាកាស។
សេចក្តីអំពាវនាវនេះ ធ្វើឡើងមួយថ្ងៃក្រោយការប្រារព្ធពិធីច្រត់ព្រះនង្គ័លដែលធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ដែលជាពិធីបែបជំនឿប្រពៃណី ហើយដែលបានញ្ជាក់ថា ប្រជាកសិករកម្ពុជានឹងចាប់ផ្តើមការបង្កបង្កើនផលទូទាំងប្រទេស។
លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងប្រាប់ VOA នាថ្ងៃពុធនេះ ថា ប្រផ្នូលល្អចេញពីពិធីច្រត់ព្រះនង្គ័លកាលពីម្សិលមិញ គឺជាការលើកទឹកចិត្តមួយសម្រាប់ប្រជាកសិករកម្ពុជា បើទោះជាកម្ពុជាត្រូវប្រឈមមុខនឹងបាតុភូតធម្មជាតិរាំងស្ងួតខ្លាំងដែលកើតឡើងដោយសារបម្រែបម្រួលអាកាសធាតុយ៉ាងណាក្តី។ លោកថា ប្រជាកសិករកម្ពុជាពេលនេះ កំពុងចាប់ផ្តើមមមាញឹកក្នុងការបង្កបង្កើនផលស្រូវរដូវវស្សារបស់ពួកគេ។
ទន្ទឹមនឹងលើកទឹកចិត្តឲ្យប្រជាកសិករកម្ពុជាឲ្យរួសរាន់ចាប់ផ្តើមការដាំដុះឲ្យទាន់ទឹកភ្លៀងធ្លាក់នោះ លោក ឡោ រស្មី ក៏បានទទូចឲ្យអាជ្ញាធរថ្នាក់មូលដ្ឋានគ្រប់ខេត្តក្រុងទាំងអស់ឲ្យយកចិត្តទុកដាក់ រកមធ្យោបាយដើម្បីរក្សាទឹកទុកឲ្យបានច្រើនតាមដែលអាចធ្វើទៅរួច រាប់ទាំងការជីកស្រះ និងការសង់អាងទឹក ដើម្បីទុកទឹកប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខ។
លោក ឡោ រស្មី បានថ្លែងប្រាប់ VOA ថា៖
«អីចឹងកិច្ចការនេះ ក៏យើងមានកិច្ចការណែនាំអស់ហើយដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រៅពីការងារបង្កបង្កើនផល យើងត្រូវប្រមូលផ្តុំទឹកទុក ដើម្បីចៀសវាងការខ្វះខាតទឹក ជាយថាហេតុដូចកាលពីឆ្នាំកន្លង។ អីចឹងអាជ្ញាធរមូលដ្ឋានគ្រប់ទីកន្លែងទាំងអស់ត្រូវគិតគូរពិចារណាស្តុកទឹកទុក កុំឲ្យមានការខ្វះខាត ព្រោះទឹកសំខាន់ណាស់។ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ»។
ប្រជាកសិករកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត បានបង្ហាញក្តីរីករាយប្រាប់ VOA ចំពោះការធ្លាក់ភ្លៀងនាពេលចុងក្រោយនេះ បន្ទាប់ពីពួកគេរស់នៅក្រោមភាពរាំងស្ងួតជាច្រើនខែ។
ដីប្រេះដោយសារតែកង្វះទឹកនៅក្នុងវាលស្រែមួយ ក្នុងភូមិតាណង ស្រុកអណ្តូងមាស ខេត្តរតនគិរី កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
លោកស្រី ស្រ៊ុន ស្រីពៅ វ័យ៤៤ឆ្នាំ ដែលជាកសិករមួយរូបក្នុងខេត្តកំពង់ឆ្នាំង សាទរចំពោះភ្លៀងធ្លាក់នៅក្នុងខេត្តរបស់លោកស្រី ហើយនាពេលនេះប្រជាកសិករក្នុងភូមិរបស់អ្នកស្រី ចាប់ផ្តើមធ្វើស្រែចម្ការហើយ។
លោកស្រី ស្រ៊ុន ស្រីពៅ ថ្លែងប្រាប់ VOA ថា៖
«ភ្លៀង! ភ្លៀងសុទ្ធតែមេធំៗទៀត ទឹកប្រើល្ហាចល្ហឹមពេញមុខផ្ទះ។ សប្បាយចិត្តមែនទែន ដោយសារទី១បានដីក៏ត្រជាក់ ហើយប្រជាជនក៏បានភ្ជួរស្រែ បានសាបបានអីល្អ»។
រីឯកសិករមួយរូបទៀតក្នុងខេត្តពោធិ៍សាត់ គឺ លោកស្រី ឡៅ ចាន់រ៉េត វ័យ៦១ឆ្នាំ ក៏បានបង្ហាញភាពត្រេកអរចំពោះភ្លៀងធ្លាក់ក្នុងខេត្តលោកស្រីដែរ បើទោះជាលោកស្រីបញ្ជាក់ថា ចំនួនទឹកភ្លៀងធ្លាក់ក្នុងខេត្តរបស់លោកស្រីនៅមានតិចតួចមិនទាន់គ្រប់គ្រាន់ចំពោះការធ្វើដំណាំស្រូវនៅឡើយក៏ដោយ។
លោកស្រី ឡៅ ចាន់រ៉េត ថ្លែងប្រាប់ VOA ថា៖
«ប្រភពទឹកយើងអត់មានទឹក រីងអស់។ ចឹងមានតែរង់ចាំធម្មជាតិ។ ភ្លៀង វាមិនមកច្រើនទេ។ ហើយមានខ្យល់ច្រើន មានរន្ទះ។ តែភ្លៀងមិនចំតែមួយកន្លែងទេ នៅនេះតិច នៅនោះតិច។ ភ្លៀងនេះដាំបានតែដំឡូងទេ រឿងស្រូវអត់ទាន់ធ្វើអីកើតទេ គ្រាន់តែភ្ជួរដីចោល។ ភ្លៀងបានត្រឹមតែមួយសើម»។
លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសេដាក (CDAC) កត់សម្គាល់ឃើញថា ភ្លៀងធ្លាក់ចំពេលដើមរដូវវស្សា និងធ្លាក់ស្ទើគ្រប់ខេត្តក្រុងនេះ ជាការប្រសើរមួយ ដែលអនុញ្ញាតឲ្យប្រជាកសិករអាចចាប់ផ្តើមធ្វើស្រែរដូវវស្សាបាន។ ក៏ប៉ុន្តែ លោក សម វិទូ ក៏បានទទូចឲ្យប្រជាកសិករត្រៀមខ្លួន ចំពោះបាតុភូតធម្មជាតិដែលនឹងអាចកើតឡើងដោយសារការប្រែប្រួលអាកាសធាតុផងដែរ។
លោកពន្យល់ប្រាប់ VOA ថា មានចំណុចសំខាន់ៗមួយចំនួនដែលកសិករគប្បីយកចិត្តទុកដាក់ដើម្បីការពារបាតុភូតធម្មជាតិទាំងនោះ យ៉ាងដូច្នេះ៖
«ទី១ ពួកគាត់គួរតែភ្ជួរលុបគល់ជញ្ជ្រាំង[ស្រូវ]ឲ្យល្អដើម្បីកុំឲ្យវាបាត់បង់ជីវជាតិ។ ទី២ឲ្យគាត់រៀបដីឲ្យស្មើ រៀបចំដីស្រែឲ្យល្អ ដើម្បីឲ្យងាយស្រួលក្នុងការស្ទូង ក្នុងការដាំដុះ។ ទី៣ ទាក់ទងនឹងការគ្រប់គ្រងទឹក រៀបចំជីកស្រះ ឬក៏ធ្វើប្រឡាយក្នុងស្រែ។ ទី៤ គឺធ្វើយ៉ាងណាឲ្យគាត់ត្រៀមជីធម្មជាតិឲ្យបានគ្រប់គ្រាន់»។
បើទោះជា លោក សម វិទូ ទទួលស្គាល់ថា ពីមួយឆ្នាំទៅមួយឆ្នាំប្រជាកសិករកម្ពុជាមានការត្រៀមខ្លួនប្រសើរជាងមុនយ៉ាងណាក្តី ក៏លោកនៅមើលឃើញបញ្ហាប្រឈមខ្លះដែលនៅតែកើតមានក្នុងវិស័យកសិកម្មដែរ ជាអាទិមានបញ្ហាគ្រប់គ្រងទឹក ទុនសម្រាប់កសិករក្នុងការវិនិយោគដែលមានអត្រាការប្រាក់ខ្ពស់ និងបញ្ហាទីផ្សារដែលមិនទាន់មានការធានាតម្លៃសមរម្យជូនកសិករ៕