ទឹកបានហូរចូលក្រោមផ្ទះ លោក ភឿន ពិសិធ បន្ទាប់ពីទំនប់អាងទឹកឈ្មោះទំនប់ប្រទាក់ក្រឡា ក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបាក់ដោយសារតែភ្លៀងធ្លាក់ជាប់ៗគ្នាប្រហែលពីរសប្តាហ៍មកនេះ។
ទំនប់ប្រទាក់ក្រឡា ដែលអាចស្តុកទឹកបាន១០លានម៉ែត្រគុប ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ពីក្រុងកំពត ខេត្តកំពត។ ទំនប់នេះបានបាក់នៅព្រឹកថ្ងៃទី១១ ខែសីហា គឺនៅចំពេលមានភ្លៀងធ្លាក់ខ្លាំង។ ហើយបានលិច ឃុំត្រពាំងព្រីងនិងឃុំកូនសត្វដែលមានប្រជាជនរស់នៅរាប់ពាន់គ្រួសារ។
ភឿន ពិសិធ វ័យ៣២ឆ្នាំ ដើរចេញពីផ្ទះ ដែលកំពុងរងការជន់លិចនៅក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ឈរនៅពីមុខផ្ទះឈើរបស់លោកដែលមានដំបូលក្បឿងលាយនឹងស័ង្កសីក្នុងឃុំត្រពាំងព្រីង លោកភឿន ពិសិធ អាយុ៣២ឆ្នាំ និយាយថា កម្លាំងទឹកភ្លៀង ដែលធ្លាក់មិនដាច់រយៈពេលជិតពីរសប្តាហ៍មកនោះ បានធ្វើឲ្យទំនប់ប្រទាក់ក្រឡាបាក់ស្រុតចុះ បង្កឲ្យមានការជន់លិចផ្ទះអ្នកភូមិ តែមិនមានគ្រោះថ្នាក់កើតឡើងនោះទេ។
«ភ្លៀងខ្ទង់ប្រហែលជាចង់កន្លះខែហើយបង ភ្លៀងជំនន់អាទឹកភ្លៀងហ្នឹង វាភ្លៀងជាប់គ្នារហូតអត់មានថ្ងៃរាំងផងហ្នឹង»។
កំពុងបីចៅនៅហ្នឹងដៃ លើកំណាត់ផ្លូវរថភ្លើង ដែលមានទឹកហូរជន់លិចខ្លាំងអ្នកស្រី នាង អេង វ័យ៦៧ឆ្នាំ និយាយថា ការធ្លាក់ភ្លៀងឆ្នាំនេះ គឺខ្លាំងជាងប្រមាណ៥ទៅ៦ឆ្នាំមុន។ ហើយទឹកភ្លៀងបានជន់លិចស្រូវ អ៊ីអ៊ែ (IR)របស់អ្នកស្រីប្រមាណមួយហិចតា។
«ស្រូវប្រហែលមួយហិចតា លិចអស់ហើយស្រូវអ៊ីអ៊ែ ខ្ញុំធ្វើស្រែប្រាំង»។
អ្នកស្រី នាង អេង វ័យ៦៧ ឆ្នាំ ត្អូញត្អែរអំពីការខូចខាតស្រូវ ដោយសារការបាក់ទំនប់អាងទឹកមួយក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
នៅក្នុងភូមិ មានកន្លែងជាច្រើនទឹកជន់លិចរហូតដល់ត្រឹមចង្កេះនិងត្រឹមដើមទ្រូង។
ទំនប់ប្រទាក់ក្រឡា មានបណ្តោយជិត៥០ម៉ែត្រនិងទទឹងជាង១០ម៉ែត្រ ត្រូវបានកសាងឡើងតាំងពីសម័យខ្មែរក្រហម ហើយធ្លាប់បានបាក់ម្តងកាលពីឆ្នាំ២០០៨ ហើយត្រូវបានជួសជុលឡើងវិញក្នុងឆ្នាំដដែល។ ទំនប់នេះ ជាប្រភពនៃការផ្គត់ផ្គង់ដល់ភូមិជាច្រើនក្នុងស្រុកទឹកឈូ ខេត្តកំពត។ ទំនប់អាងទឹកនេះជាប្រភេទអាងដែលគេហៅថាអាងទឹកតភ្ជាប់ភ្នំចំនួនពីរដែលមានភ្នំតាពក និងភ្នំកូនសត្វ ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។
តាមការបញ្ជាក់របស់លោក ង៉ែត ឈាវ មេភូមិត្រពាំងព្រីងខាងត្បូង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង៣៩៤គ្រួសារ បានរងផលប៉ះពាល់ដោយការជន់លិចពីការបាក់ទំនប់អាងទឹកប្រទាក់ប្រឡានេះ។ លោកបានបញ្ជាក់ថា ក្រោយហេតុការណ៍បាក់ទំនប់នេះភ្លាមនោះ មានកម្លំាងមានសមត្ថកិច្ចបានចុះមកជួយប្រជាពលរដ្ឋទាន់ពេលវេលា។
ក្រុមអ្នកភូមិអះអាងថាទឹកភ្លៀងបានធ្លាក់យ៉ាងគំហុកជាបន្តបន្ទាប់ក្នុងតំបន់រស់នៅរបស់ពួកគេចាប់តាំងពីថ្ងៃទី១០សីហាមកម្ល៉េះ។ ហើយក្រុមអាជ្ញាធរក៏បានជូនដំណឹងឲ្យប្រជាពលរដ្ឋដែលរស់នៅក្បែរទំនប់ទឹកឲ្យប្រុងប្រយ័ត្នដោយសារទំនប់ដែលធ្វើអំពីស៊ីម៉ង់នោះកំពុងតែប្រេះស្រាំ។
រហូតមកដល់ពេលនេះ ទឹកដែលបានជន់លិចផ្ទះអ្នកភូមិបានស្រកចុះបន្តិច តែទឹកនៅបន្តហូរកាត់ផ្ទះអ្នកភូមិ ដែលស្ថិតនៅចម្ងាយប្រមាណជា៣គីឡូម៉ែត្រពីទំនប់អាងទឹកប្រទាក់ក្រឡានេះ។ អាជ្ញាធរទទួលបន្ទុកឧតុនិយម និងធនធានទឹក និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត កំពុងធ្វើការជួសជុលទំនប់អាងទឹកនេះឡើងវិញ បន្ទាប់ពីលោក លឹម គៀនហោរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅដល់ទីតាំងបាក់ទំនប់។
យន់ ផល្លី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកក្នុងខេត្តកំពតថ្លែងអំពីការបាក់ស្រុតទំនប់អាងទឹកក្នុងស្រុកទឹកឈូ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)
ទឹកហូរចូលផ្ទះមួយខ្នងរបស់អ្នកភូមិ ក្រោយការបាក់ទំនប់អាងទឹកមួយក្នុងស្រុកទឹកឈូ ខេត្តកំពត ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩។ (ហ៊ុល រស្មី/VOA)
លោក យន់ ផល្លី មន្ត្រីសម្របសម្រួលសិទ្ធិមនុស្សរបស់សមាគមអាដហុក ប្រចាំខេត្តកំពត ប្រាប់ VOA ជំនន់ទឹកភ្លៀងបានរីករាលដាលក្នុងស្រុកទឹកឈូ ខេត្តកំពត។
«អ៊ីចឹងក្រោយពីមានការជួសជុលឡើងវិញ មន្ទីរពាក់ព័ន្ធគប្បីធ្វើការតាមដាន និងថែរក្សានៅក្នុងទំនប់នេះ កុំឲ្យវាមានបញ្ហាជាយថាហេតុដូចពេលថ្មីៗនេះ»។
បើតាមមន្ត្រីទទួលបន្ទុកធនធានទឹក និងឧតុនិយមខេត្តបានបញ្ជាក់ឲ្យដឹងថា ការជួសជុលទំនប់អាងទឹកប្រទាក់ក្រឡានេះ អាចប្រើពេល១០ថ្ងៃ ដើម្បីបង្ហើយការជួសជុល។ អ្នកភូមិជាច្រើននាក់និយាយថា ពួកគេនៅមានការព្រួយបារម្ភថា ទឹកនឹងអាចហូរចូលផ្ទះរបស់ពួកគេម្តងទៀត ប្រសិនបើភ្លៀងធ្លាក់មកខ្លាំងទៀត ក្នុងពេលទំនប់កំពុងស្ថិតក្នុងការជួសជុល។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមប្រាប់ VOA ថា រហូតមកដល់ថ្ងៃចន្ទនេះ ទឹកក្នុងខេត្តចំនួនបួន គឺខេត្តរតនគិរី ព្រះសីហនុ កោះកុង បាត់ដំបង ដែលបានជន់កន្លងមក កំពុងស្រកជាបន្តបន្ទាប់។ យ៉ាងណាក្តីលោកថា សម្រាប់ខេត្តពោធិ៍សាត់ ទឹកកំពង់ជន់ឡើង ដែលអាចនឹងលិចនៅតំបន់ទំនាប៕