ក្រោយពីព្រឹត្តិការណ៍ដង្ហែសពលោកបណ្ឌិត កែម ឡី ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងឋានៈ ស្ងើចអំពីវីរភាពរបស់លោក ហើយកាន់តែជឿជាក់ថា មរណភាពលោក កែម ឡី ពិតជាស័ក្តិសមនឹងមានភាពរន្ទឺដល់អន្តរជាតិ ដោយសារតែមានការផ្សព្វផ្សាយខ្លាំង ពិសេសតាមរយៈវិទ្យុប្រព័ន្ធអ៊ិនធឺណេត ព្រមទាំងបណ្តាញសង្គមផងដែរ។
កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រជាជនខ្មែរជាច្រើនសែននាក់បានចូលរួមដង្ហែសពរបស់លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគព្រឹត្តិការណ៍សង្គម។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។
ជាងពីរសប្តាហ៍ទៅហើយ សាធារណជនស្ទើតែនៅទូទាំងប្រទេសកម្ពុជាមានការសោកស្តាយ មិនអស់ចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះឃាតកម្មសម្លាប់លោក កែម ឡី ហើយទទូចឲ្យអាជ្ញាធររកយុត្តិធម៌ ដោយស្វែងរកឲ្យឃើញឃាតករពិត។
លោក កែម ឡី ដែលជាអ្នកវិភាគនយោបាយ ទទួលបានការកោតសរសើរយ៉ាងខ្លាំងតាមរយៈបទវិភាគទៅតាមចំណេះដឹង និងគំនិតជ្រៅជ្រះរបស់លោកក្នុងការវែកញែកពីចំណោទបញ្ហាក្នុងសង្គម រួមទាំងសកម្មភាពទាំងឡាយរបស់លោកក្នុងការចូលរួមរកដំណោះស្រាយបញ្ហាទាំងនោះ។
គ្រួសារនៃសពអមដំណើរដោយប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោក កែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋកម្ពុជា ដែល VOA បានជួបសម្ភាសនាថ្ងៃច័ន្ទនេះ បានបង្ហាញពីទឹកចិត្តអាណិត ការស្រឡាញ់ និងសេចក្តីគោរពចំពោះបណ្ឌិត កែម ឡី បើទោះជាមានមហាជនមួយចំនួនពុំដែលជួប ឬស្គាល់ ឬធ្វើការជាមួយលោក កែម ឡីដោយផ្ទាល់ក៏ដោយ។
លោក គង់ ផល វ័យ៣៥ឆ្នាំ ជាអាជីវករក្បែរផ្សារសាមគ្គី បានឲ្យដឹងថា គាត់នៅសោកស្តាយចំពោះការបាត់បង់លោក កែម ឡី។
«គាត់ [លោកកែម ឡី] ជាមនុស្សដ៏អស្ចារ្យ ព្រោះម្សិលមិញនេះមានមនុស្សចូលរួមច្រើន ស្រុកខ្មែរយើងដូចមានតែ សម្តេចឪ យើងមួយ ហើយគាត់មួយហ្នឹង។ ក្រៅពីហ្នឹងមានមកពីណា? ខ្ញុំសោកស្តាយគាត់ខ្លាំង ព្រោះអីគាត់ហ្នឹងជាមនុស្សល្អ។ បើមានមនុស្សដូចគាត់ច្រើនមិនដឹងសង្គមរីកចម្រើនម៉េចទេ»។
លោកនៅតែសង្ឃឹមថា នៅកម្ពុជានៅតែមានអ្នកចេះច្រើនដែលនឹងអាចចូលរួមអភិវឌ្ឍសង្គម ប្រសិនបើសង្គមផ្តល់សិទ្ធិសេរីភាពដល់ពួកគាត់។
«ស្រុកខ្មែរយើងអ្នកចេះមិនអត់ទេ សម្បូរណាស់! គ្រាន់តែគេមិនចង់ចេញមុខ។ បើសង្គមឲ្យសិទ្ធិសេរីភាពដល់គេនិយាយពេញគឺមាន ព្រោះថា សង្គមអភិវឌ្ឍខ្លាំងត្រូវឲ្យអ្នកចេះដូចគាត់ហ្នឹងហ៊ាននិយាយ ហ៊ានចេញមុខ។ ប៉ុន្តែបើគេហ៊ានចេញមុខវាក៏វាពិបាក តែឲ្យគាត់ហ៊ានដើម្បីប្រជាជាតិយើង»។
កញ្ញា មុំ មុនី ដែលជាបុគ្គលិកក្រុមហ៊ុនឯកជនមួយបានឲ្យដឹងថា ទោះជាកញ្ញាមិនសូវបានតាមដានព័ត៌មានសង្គម ឬស្តាប់បទវិភាគរបស់លោក កែម ឡី ជារឿយៗក៏ដោយ ក៏កញ្ញាស្គាល់អំពីគាត់ដោយប្រយោលដែរ។
«តាមពិតទៅខ្ញុំមិនសូវស្គាល់គាត់ទេ។ ខ្ញុំស្គាល់គាត់ដំបូងកាលពីឆ្នាំ២០១២។ ទាល់តែចាប់ផ្តើមមហាវិទ្យាល័យ [ទើប]ខ្ញុំស្គាល់គាត់ ដោយសារគ្រូចូលចិត្តនិយាយពីគាត់។ តែមិនស្គាល់ច្បាស់ហើយក៏មិនចាប់អារម្មណ៍ថា គាត់ជាអ្នកណា ដឹងតែថា គាត់ជាអ្នកវិភាគ ហើយវិភាគរឿងនយោបាយ»។
ទោះជាមិនបានទៅដង្ហែក្បួនជូនដំណើរលោក កែម ឡី ក៏ដោយ ក៏កញ្ញាបានអើតមើលតាមដានតាមបង្អួចពីកន្លែងធ្វើការ ពេលធ្វើការថែមម៉ោង។ កញ្ញា មុនីបន្ថែមថា៖
«បើគិតទៅគាត់ដូចជាវីរជនមួយរូបដែរ។ ប្រសិនបើប្រៀបធៀបគាត់នឹងវីរជនក្រឡាហោមគង់ពីសម័យមុន គឺគាត់មានភាពក្លាហានដូចគ្នា។ ទី១ គឺគាត់លះបង់ជីវិតគាត់ដោយមិនរអា។ ទី២ គាត់ដឹងថា គេចង់សម្លាប់គាត់ តែគាត់និយាយពីអ្វីដែលគាត់បានដឹង បានឮ បានឃើញ និយាយចេញអស់។ ពិតជាសោកស្តាយមែនទែនពីការបាត់បង់វីរជនម្នាក់នៅស្រុកខ្មែរ»។
លោកស្រី អុំ ពៅ អាយុ៥០ឆ្នាំ ជាស្ត្រីមេផ្ទះមួយរូបដែលបានចូលរួមដង្ហែក្បួនជូនដំណើរសពលោក កែម ឡី ដែរនោះ បានឲ្យដឹងថា លោកស្រីចាត់ទុកលោក កែម ឡី ដូចវីរបុរស។
«តាមខ្ញុំមើលទិដ្ឋភាពហ្នឹងទៅដូចគាត់ជាវីរៈបុរសមួយអញ្ចឹងណា៎។ ប្រជាជនយើងអាណិតគាត់ ស្រឡាញ់គាត់ គោរពគាត់ អញ្ចឹងបានចេះតែនាំគ្នាទៅហែសពគាត់ហ្នឹងណា៎។ ខ្ញុំមានទស្សនៈដូចអ្នកទៅអញ្ចឹងដែរ គាត់ពិតជាវីរបុរសមែន។ ក្រោយគាត់ស្លាប់ អ៊ុំជឿ អញ្ចឹងទៅ មានចិត្តអាណិត។ អ៊ុំទៅ [ចូលរួមដង្ហែ]»។
ស្រ្តីមេផ្ទះម្នាក់ទៀត អាយុ៣២ឆ្នាំគឺអ្នកស្រី ចាន់ សុម៉ាលី ដែលជាអតីតនិស្សិតបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រងគម្រោង។ អ្នកស្រីចងចាំអំពីការវិភាគរបស់លោក កែម ឡី ជាលើកចុងក្រោយ។
«ចំពោះការចងចាំរបស់ខ្ញុំ គឺការដែលគាត់វិភាគលើកចុងក្រោយលើរបាយការណ៍ Global Witness និងរឿងព្រំដែន១០០រាត្រី គឺគម្រោងផែនការរបស់គាត់នៅថ្ងៃអនាគតដែលគាត់ធ្វើបាន១៥រាត្រីមកហើយហ្នឹង»។
ប្រជាពលរដ្ឋរាប់ម៉ឺននាក់ចូលរួមជូនដំណើរលោកកែម ឡី នៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ ២០១៦នេះ។
មេរៀនក្រោយការស្លាប់របស់លោក កែម ឡី ចំពោះអ្នកស្រីគឺការអប់រំ។ អ្នកស្រីយល់ថា ប្រជាជនខ្មែរទាំងឡាយគួរយល់ដឹងអំពីបញ្ហាសង្គមឲ្យទូលំទូលាយ។
«ជាស្ត្រីមេផ្ទះ យើងក៏ត្រូវឲ្យដឹងទូលំទូលាយពីបញ្ហាសង្គម ព្រោះយើងមានតួនាទីអប់រំកូនចៅរបស់យើងឲ្យចេះថ្លឹងថ្លែង ហើយគួរយើងជាអ្នកអនុវត្តការងារអភិវឌ្ឍសង្គមទៅថ្ងៃអនាគត»។
គួរបញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្ន ឃាតករពិតដែលសម្លាប់លោក កែម ឡីមិនទាន់ត្រូវបានគេវែកមុខជាសាធារណៈនៅឡើយទេ។ យ៉ាងណាក៏ដោយ មកទល់ពេលនេះ អាជ្ញាធរមានសមត្ថកិច្ចចាប់បានជនសង្ស័យមួយរូបដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់។ VOA បានរាយការណ៍កន្លងមកថា បុរសម្នាក់នោះត្រូវបានគេសម្គាល់ថា ឈ្មោះ អឿត អាង៕