Your browser doesn’t support HTML5
គណបក្សសង្រ្គោះជាតិយល់ថាគោលនយោបាយខ្លួនស្តារប្រទេស
វ៉ាស៊ីនតោន - លោកកឹម សុខា អនុប្រធានគណបក្សបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនឹងផ្តោតលើការដឹកនាំប្រទេសដោយឯករាជ្យដោយមិនចំណុះឱ្យបរទេសទេ កសាងសង្គមប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្សនិងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការដាក់ចេញនូវគោលនយោបាយដែលយកចិត្តទុកដាក់មនុស្សចាស់ជរា តម្លើងប្រាក់ខែកម្មករ មន្រ្តីរាជការ និងតម្លើងថ្លៃស្រូវជាដើម។លោកកឹម សុខាក៏បានបដិសេធថាមិនមានការបែកបាក់ផ្ទៃក្នុងដូចការលើកឡើងកន្លងមកទេរវាងលោកសម រង្ស៊ីប្រធានគណបក្សនិងរូបលោក។ លោកបានហៅថាការផ្សាយព័ត៌មានកន្លងមកគឺជាយុទ្ធសាស្រ្តមួយរបស់គណបក្សកាន់អំណាចដើម្បីបំបែកបំបាក់ផ្ទៃក្នុង។ លោកបានបន្ថែមថាគណបក្សនឹងខិតខំតស៊ូមតិ តាមផ្លូវច្បាប់និងការទូតដើម្បីឱ្យគ.ជ.បបានដាក់ឈ្មោះលោកសម រង្ស៊ីបានឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកណ្តាលបន្ទាប់ពី ស្ថាប័នបោះឆ្នោតមួយនេះបដិសេធចុះឈ្មោះ លោកដោយហេតុផលថាបានហួសកាលកំណត់។
លោកកឹម សុខាក៏បានបញ្ជាក់ថាមិនមានការផ្លាស់ប្តូររចនាសម្ព័ន្ធថ្នាក់ក្រោមនៃរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិទេគឺដោះដូរតែថ្នាក់នយោបាយតែប៉ុណ្ណោះហើយត្រៀមខ្លួននឹងធ្វើការជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលអាចនឹងក្លាយជាគណបក្សប្រឆាំងនៅពេលក្រោយពីការបោះឆ្នោត៕