ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់អាស៊ី លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីកំពុងកាន់តំណែងទី១ក្នុងប្រវត្តិសាស្ត្រ ដែលធ្វើដំណើរទៅកាន់តំបន់ហ៊ីរ៉ូស៊ីម៉ា ដែលជាតំបន់រងការទម្លាក់គ្រាប់បែកបរមាណូពីសហរដ្ឋអាមេរិកក្នុងអំឡុងពេលសង្គ្រាម។ សូម្បីតែមុនពេលលោកប្រធានាធិបតីឈានជើងចូលទៅកាន់តំបន់ដែលមនុស្សភាគច្រើនហៅថាទីសក្ការៈផងនោះ ការប្រកាសស្ដីពីដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានការជជែកគ្នាថ្មីមួយជុំវិញការសម្រេចចិត្តនេះ ថាតើសហរដ្ឋអាមេរិកគួរសុំទោសជប៉ុនឬអត់ ហើយថាតើលោកប្រធានាធិបតីគួរតែទៅទស្សនកិច្ចនៅទីនោះឬយ៉ាងណា។ លោកប្រធានាធិបតី អូបាម៉ា ត្រូវគេរំពឹងថានឹងធ្វើសេចក្តីថ្លែងការណ៍មួយពីទីក្រុង ហ៊ីរ៉ូស៊ីម៉ា។
វាគឺជាពេលវេលាមួយដែលបានផ្លាស់ប្ដូរពិភពលោកទាំងមូល។ មានមនុស្សប្រមាណ ១៤០.០០០នាក់បានស្លាប់ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ ហើយអ្នកដែលរួចផុតជីវិត និងកូនៗរបស់ពួកគេត្រូវទទួលរងទុក្ខវេទនាដែលគ្មានអ្នកណាដឹងដោយសារតែធាតុពុលវិទ្យុសកម្ម។ ហេតុផលដែលធ្វើឲ្យអាមេរិកសម្រេចចិត្តទម្លាក់គ្រាប់បែកបរមាណូក្នុងតំបន់ហ៊ីរ៉ូស៊ីម៉ា និង ណាកាសាគី គឺក្នុងគោលបំណងបញ្ចប់ភាពគឃ្លើនរបស់ប្រទេសជប៉ុនដែលកើតមានជាច្រើនឆ្នាំកន្លងទៅនោះឲ្យបានឆាប់ចប់ ម៉្យាងទៀតអាមេរិកគិតថា ការទម្លាក់គ្រាប់បែកនោះអាចជួយសង្គ្រោះជីវិតមនុស្សបានច្រើនជាង ការឈ្លានពានដោយប្រើកងទ័ពអាមេរិក។ ប៉ុន្តែប្រជាជនជប៉ុនភាគច្រើនយល់ឃើញខុសពីនេះ ដោយយល់ថាប្រជាជនស្លូតត្រង់គឺជាគោលដៅនៃការវាយប្រហារនោះ។
រូបខាងឆ្វេង៖ នៅពេលដែលថតរូបនេះ ផ្សែងរំជួលឡើងលើកម្ពស់ជាង៦.០០០ម៉ែត្រពីលើក្រុងហ៊ីរ៉ូស៊ីម៉ា ខណៈពេលដែលផ្សែងពីគ្រាប់បរមាណូទី១រំជួលឡើងកម្ពស់ជាង៣.០០០ម៉ែត្រលើទីតាំងគោលដៅនៅខាងក្រោមកំសួលផ្សែងនេះ។ មានយន្តហោះចំនួន៦គ្រឿងនៃកងទ័ពអាកាសលេខ៥០៩ចូលរូមក្នុងបេសកកម្មយោធានេះ ដែល១គឺយន្តហោះ Enola Gay ដឹកគ្រាប់បែក យន្តហោះ The Great Artiste វាស់កម្រិតផ្ទុះបែបវិទ្យាសាស្ត្រ យន្តហោះទី៣ឈ្មោះ Necessary Evil សម្រាប់ថតរូប ហើយយន្តហោះដទៃ ហោះនាំមុខដើម្បីពិនិត្យអាកាសធាតុ ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។ អាកាសធាតុមិនអំណោយផលអាចធ្វើឲ្យទម្លាក់ខុសគោលដៅ ហើយអ្នកវិទ្យាសាស្ត្រទាមទារឲ្យមានរូបភាពជាក់ស្តែង ដែលគោលដៅទី១គឺហ៊ីរ៉ូស៊ីម៉ា ទី២គឺកូគូរ៉ា ទី៣គឺណាកាសាគី។ រូបខាងស្តាំ៖ ការទម្លាក់គ្រាប់បរមាណូនៅណាកាសាគីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ថតដោយ Charles Levy.
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានធ្វើទស្សនកិច្ចទៅកាន់តំបន់ហ៊ីរ៉ូស៊ីម៉ា កាលពីខែមុន។ លោកថា វាគឺកន្លែងដ៏តក់ស្លុតមួយ ហើយមនុស្សគ្រប់គ្នាគួរតែទៅតំបន់នោះ។ អ្នកជំនាញមួយចំនួន រួមទាំងលោកសាស្ត្រាចារ្យ Chris Appy បានប្រាប់ VOA តាមប្រព័ន្ធ Skypeថា សូម្បីតែលោកប្រធានាធិបតីអាមេរិកក៏គួរតែទៅមើលតំបន់នោះដែរ។
«ខ្ញុំសប្បាយចិត្តណាស់ដែលលោកប្រធានាធិបតីសម្រេចចិត្តទៅធ្វើទស្សនកិច្ចនៅទីនោះ។ ខ្ញុំគិតថា ការទៅនេះគឺជានិមិត្តរូបមួយដ៏សំខាន់ដែលប្រជាជនជប៉ុនជាច្រើនចង់បានជាយូរណាស់មកហើយ»។
ប៉ុន្តែលោក Appy គិតថា សហរដ្ឋអាមេរិកគួរតែសុំទោសអំពីការទម្លាក់គ្រាប់បែកបរមាណូ។
«ខ្ញុំមានការសោកស្ដាយណាស់ដែលលោកប្រធានាធិបតីហាក់ដូចជាមិនចង់សុំទោសអំពីរឿងនេះ។ ខ្ញុំគិតថានៅក្នុងជីវិតប្រចាំថ្ងៃ យើងគិតអំពីកម្រិតនៃភាពចាស់ទុំនៅពេលដែលមនុស្សពេញវ័យម្នាក់មានការទទួលខុសត្រូវ និងចេះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ ជាពិសេស រាល់សកម្មភាពណាដែលបង្កទុក្ខលំបាកដល់ជនរងគ្រោះស្លូតត្រង់»។
ប៉ុន្តែអ្នកផ្សេងទៀតមិនយល់ដូចលោកទេ ដូចលោក Brian Harding ជាដើម។
«លោកប្រធានាធិបតីនឹងមិនធ្វើការសុំទោស ហើយរដ្ឋាភិបាលជប៉ុនក៏មិនបានសុំឲ្យមានការសុំទោសនេះដែរ»។
លោក John McCain ដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក និងជាអតីតយុទ្ធជនសង្គ្រាមវៀតណាមគិតថា ដំណើរទស្សនកិច្ចនេះគឺមិនចាំបាច់។
«ខ្ញុំគ្មានសិទ្ធិអ្វីទៅប្រាប់លោកប្រធានាធិបតីសហរដ្ឋអាមេរិកឲ្យទៅណានោះទេ។ ប៉ុន្តែ តើទៅហ្នឹងក្នុងគោលបំណងអ្វី? មើលទៅម៉្យាង វាហាក់បីដូចជាជីកកកាយរឿងជូរចត់ពីអតីតកាលមកវិញ។ ប៉ុន្តែបើនេះជាកន្លែងដែលលោកប្រធានាធិបតីចង់ទៅ លោកអាចទៅបាន»។
ដំណើរទៅកាន់សួនអនុស្សាវរីយ៍សន្តិភាព Peace Memorial Park របស់លោកប្រធានាធិបតីនឹងរួមដំណើរដោយលោកនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។ មន្ត្រីសេតវិមានថ្លែងថា ថ្នាក់ដឹកនាំទាំងពីររូប នឹងលើកអំពីសោកនាដកម្មនៃសង្គ្រាម និងភាពចាំបាច់នៃការសហការណ៏គ្នាដើម្បីឆ្ពោះទៅកាន់ពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយ ហឿន សុភ័ក្ត្រ