ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចប្រជុំទាក់ទងនឹងជម្លោះការងាររបស់កម្មករនិយោជិតចំនួន៣៦៥នាក់ ដែលមិនទទួលយកការបញ្ឈប់ពីការងារនោះ មិនបានផ្តល់លទ្ធផលជាដុំកំភួនទេ ហើយកម្មករនិយោជិត នៅបន្តធ្វើបាតុកម្មដដែល។
អ្នកការពារសិទ្ធិកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ បានលើកឡើងទៀតថា កិច្ចប្រជុំធ្វើឡើងនៅក្រសួងការងារ កាលពីថ្ងៃពុធ មិនមានភាគីនិយោជកចូលរួមទេ ហើយភាគីកម្មករចំនួនជាង ៣៦០ នាក់នោះ ក៏មិនបានបង្ហាញខ្លួនក្នុងការប្រជុំនោះដែរ ដោយពួកគេ បានប្រគល់សិទ្ធិជូនសហជីពឲ្យដោះស្រាយជម្លោះរបស់ពួកគេ។ ក្រុមកម្មករខ្លះ ទាមទារប្រាក់សំណងសមស្របចំពោះការបញ្ឈប់ពីការងារ និងខ្លះទៀត ទាមទារឲ្យបានចូលធ្វើការងារដូចដើមវិញ។
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពដែលត្រូវបានក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ ព្យួរការងារ និយាយជាមួយអ្នកសារព័ត៌មានខណៈបុគ្គលិកក្រុមហ៊ុន ណាហ្គា វើសដ៍ (NagaWorld) ធ្វើកូដកម្មនៅខាងមុខកាស៊ីណូ ណាហ្គាវើសដ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ បា្រប់វីអូអេនៅថ្ងៃពុធនេះថា៖ «អីចឹងសរុបជារួមទៅ កិច្ចប្រជុំម្សិលមិញ គឺអត់បានផ្លែផ្កា អីទាំងអស់ អត់មានសូម្បីតែ ចុងក្រោយសូម្បីតែយើងចង់ឲ្យក្រសួងបង្ហាញអំពីរូបមន្ត ដែលត្រឹមត្រូវក្នុងការទូទាត់ប្រាក់សំណង ក៏ក្រសួងអត់ហ៊ានយកករណីសិក្សាការទូទាត់របស់ណាហ្គាផ្ទាល់ដែរ ទៅយកឧទាហរណ៍ផ្សេង ហើយមិនចេញជាផ្លូវការទៀតថា តើអាហ្នឹងជារូបមន្តគោល ឬក៏អត់»។
បើតាមកំណត់កិច្ចប្រជុំ ក្រោមការសម្របសម្រួលដោយលោក អ៊ូ រតនា អគ្គលេខាធិការរងនៃអគ្គលេខាដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅគ្រប់មុខសញ្ញា មិនបានលើកឡើងអំពីចំណុចឯកភាពណាមួយរវាងភាគីដែលចូលរួមក្នុងការប្រជុំនោះទេ។ ប៉ុន្តែលោក អ៊ូ រតនា បានស្នើភាគីកម្មករនិយោជិតរំសាយការធ្វើកូដកម្ម ដោយរក្សាភាពស្ងៀមស្ងាត់ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងសហការជិតសិ្នទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ចប់វិវាទ ដោយសន្តិវិធី៕