អ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (National League for Democracy) របស់អ្នកស្រី ដែលជាគណបក្សកាន់អំណាចទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីសម្រាប់អាណត្តិទី ២ នៅក្នុងការបោះឆ្នោតជាតិ។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគនៅតែរំពឹងថា ដំណើរការកំណែទម្រង់ប្រជាធិបតេយ្យ និងកិច្ចចរចាសន្តិភាពនៅក្នុងប្រទេសដែលហែកហួរដោយសារសង្គ្រាមមួយនេះ នឹងប្រព្រឹត្តទៅដោយយឺតៗដដែល។
គណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ាបានប្រកាស កាលពីថ្ងៃទី១៤ ខែវិច្ឆិកាថា គណបក្ស NLD របស់អ្នកស្រី អង់សាន ស៊ូជី ជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដោយឈ្នះបានអាសនៈចំនួន ៣៩៦ ក្នុងចំណោមអាសនៈទាំងអស់ចំនួន ៤៩៨ នៅក្នុងសភាទាំងពីរថ្នាក់។
គណបក្ស NLD មិនត្រឹមតែទទួលបានអាសនៈគ្រប់គ្រាន់ចំនួន ៣២២ ដែលត្រូវការដើម្បីអាចបង្កើតរដ្ឋាភិបាលបានដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឈ្នះបានអាសនៈចំនួន ៩ លើសពីការបោះឆ្នោតកាលពីឆ្នាំ ២០១៥ ទៅទៀត ដែលនៅពេលនោះគណបក្សនេះទទួលបានជ័យជម្នះយ៉ាងខ្លាំងក្លានៅក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យជាលើកដំបូង នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានកាន់អំណាចអស់រាប់ទសវត្សរ៍មក។
លោក David Mathieson អ្នកវិភាគអំពីប្រទេសមីយ៉ាន់ម៉ា បានលើកឡើងដោយប្រើពាក្យពេញនិយមក្នុងចំណោមអ្នកគាំទ្រអ្នកស្រី អង់សាន ស៊ូជី ក្នុងន័យដើមថា៖ «ខ្ញុំគិតថា នេះជាសារត្រង់ៗមួយ ពោល គឺថា ពលរដ្ឋជឿជាក់លើរដ្ឋាភិបាលកាលពី ៥ ឆ្នាំមុន ហើយគេនៅតែជឿជាក់លើរដ្ឋាភិបាលនេះដដែល។ ម៉ែស៊ូជី ជាអ្នកដឹកនាំប្រទេស ហើយអ្វីៗនឹងប្រព្រឹត្តទៅដោយរលូន»។
រូបឯកសារ៖ អ្នកគាំទ្រគណបក្ស NLD ចេញអបអរសាទរលទ្ធផលនៃការបោះឆ្នោតនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២០។
ដំណើរឆ្ពោះទៅរកប្រជាធិបតេយ្យ
ជម្លោះក្តៅត្រជាក់រវាងយោធា និងក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិច ដែលប្រយុទ្ធដើម្បីទាមទារស្វ័យភាពនៅក្នុងតំបន់ដាច់ស្រយាលមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យគណៈកម្មការរៀបចំការបោះឆ្នោត លុបចោលការប្រជែងយកអាសនៈសភា ចំនួន ២២ ដោយសារតែក្តីបារម្ភពីបញ្ហាសន្តិសុខ ដោយធ្វើឱ្យពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ១,៤ លាននាក់ មិនអាចបោះឆ្នោតបាន នៅក្នុងតំបន់ដែលគណបក្សជាតិសាសន៍ភាគតិច មានការគាំទ្រខ្លាំង។
ជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ក៏ត្រូវបានគេបដិសេធមិនឱ្យបោះឆ្នោតផងដែរ ដោយសារតែរដ្ឋាភិបាលមិនទទួលស្គាល់ថា ពួកគេជាពលរដ្ឋមីយ៉ាន់ម៉ានោះទេ ទោះបីជាពួកគេជាច្រើននាក់រស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាជាច្រើនជំនាន់ហើយក៏ដោយ។
មជ្ឈមណ្ឌល Carter ជាមជ្ឈមណ្ឌលឃ្លាំមើលការបោះឆ្នោត ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលនេះបានបង្ហាញក្តីបារម្ភពាក់ព័ន្ធនឹងពលរដ្ឋ ដែលត្រូវបានបដិសេធមិនឱ្យបោះឆ្នោត និងភាពលម្អៀងដែលអាចកើតមានឡើងរបស់គណៈកម្មការរៀបចំការបោះឆ្នោតទៅលើគណបក្ស NLD ប៉ុន្តែមជ្ឈមណ្ឌលនេះបានថ្លែងថា សម្រាប់ផ្នែកជាច្រើន «អ្នកបោះឆ្នោតអាចបញ្ចេញឆន្ទៈរបស់ពួកគេបាន ដោយសេរីនៅក្នុងការបោះឆ្នោត»។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ក៏បានលើកឡើងពីក្តីបារម្ភអំពីការលុបចោលការបោះឆ្នោតនៅតាមកន្លែងមួយចំនួន ការបដិសេធសិទ្ធិបោះឆ្នោតរបស់ជាតិសាសន៍រ៉ូហ៊ីងយ៉ា និងការរក្សាទុកអាសនៈជាច្រើននៅក្នុងសភាសម្រាប់យោធា ប៉ុន្តែលោកបានថ្លែងថា ការបោះឆ្នោតនេះនៅតែជា «ជំហានដ៏សំខាន់មួយនៅក្នុងដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ» ដដែល។
នៅក្រៅប្រទេស អ្នកស្រី អង់សាន ស៊ូជី ដែលធ្លាប់មានកេរឈ្មោះបោះសំឡេងខាងប្រជាធិបតេយ្យអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការជាប់ឃុំខ្លួននៅក្នុងផ្ទះ ដោយសារតែការប្រឆាំងនឹងរបបយោធានោះ បានខូចកេរឈ្មោះខ្លះៗ ដោយសារតែអ្នកស្រីបានការពារប្រតិបត្តិការដ៏ប្រល័យមួយរបស់ក្រុមយោធា នៅឆ្នាំ ២០១៧ ក្នុងរដ្ឋ Rakhine ភាគខាងលិចនៃប្រទេស។
យុទ្ធនាការនៃការដុតផ្ទះសម្បែង ការរំលោភនិងឃាតកម្មដែលត្រូវបានថតទុកបានធ្វើឱ្យជាតិសាសន៍ភាគតិចរ៉ូហ៊ីងយ៉ាជាង ៧០០.០០០ នាក់ ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដែលជាប្រទេសជិតខាង នៅក្នុងឆ្នាំ ២០១៧។ យោធាមីយ៉ាន់ម៉ាបានហៅប្រតិបត្តិការនេះថា ជាការប្រឆាំងនឹងការបះបោរដែលមានហេតុផលត្រឹមត្រូវ និងដែលត្រូវបានធ្វើឡើងយ៉ាងស្អាតបំផុត។ អង្គការសហប្រជាជាតិបានចាត់ទុកសកម្មភាពនេះថាជា «ឧទាហរណ៍ដ៏ច្បាស់ក្រឡែតនៃការបោសសម្អាតជាតិសាសន៍»។
ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសវិញ មនុស្សជាច្រើនជឿថា អ្នកស្រី ស៊ូជី និងគណបក្ស NLD គឺជាជម្រើសល្អបំផុតក្នុងការធ្វើឱ្យយោធា ដែលត្រូវបានពលរដ្ឋរិះគន់យ៉ាងខ្លាំងដើរចេញពីនយោបាយដើម្បីបុព្វហេតុល្អត្រឹមត្រូវ។
នាយឧត្តមសេនីយ៍មីយ៉ាន់ម៉ាជាច្រើននៅតែក្តោបក្តាប់ទាំងស្រុងលើក្រសួងសំខាន់ៗ ដែលគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធប៉ូលិស និងបញ្ហាព្រំដែន ហើយនាយឧត្តមសេនីយ៍ទាំងនោះ ក៏ទទួលបានការធានាថា ខ្លួននឹងបានអាសនៈចំនួន ១/៤ នៃចំនួនអាសនៈក្នុងសភា នៅក្រោមរដ្ឋធម្មនុញ្ញដែលខ្លួនបានតាក់តែងឡើង ដែលនេះជាចំនួនគ្រប់គ្រាន់ល្មម ក្នុងការវេតូចំពោះការប៉ុនប៉ងដកហូតអាសនៈណាមួយពីពួកគេ។
លោក Dereck Aw អ្នកវិភាគជាន់ខ្ពស់សម្រាប់ក្រុមហ៊ុន Control Risks ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ដែលបានតាមដានស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា បានថ្លែងក្នុងន័យដើមថា៖ «លទ្ធផលនៃការបោះឆ្នោតជាភស្តុតាង បង្ហាញថា អ្វីដែលពលរដ្ឋមីយ៉ាន់ម៉ាគិតគឺថា ប្រទេសនេះកំពុងស្ថិតនៅក្នុងដំណើរការឆ្ពោះទៅលទ្ធិប្រជាធិបតេយ្យ។ ចំពោះមនុស្សជាច្រើន គណបក្ស NLD នៅតែតំណាងឱ្យឱកាសល្អបំផុតរបស់ពួកគេដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ»។
រូបឯកសារ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កំពុងទិញទំនិញនៅផ្សារមួយកន្លែងនៅជំរំ Kutupalong នៅតំបន់ Ukhia ក្នុងប្រទេសបង់ក្លាដេស កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០។
ទំនាក់ទំនងយោធា
ទោះជាយ៉ាងនេះក្តី លោក Dereck Aw និងអ្នកវិភាគផ្សេងទៀតមិនប្រាកដទេថា តើគណបក្សកាន់អំណាចអាចធ្វើអ្វីបានខ្លះនៅក្នុងអាណត្តិទី ២ របស់ខ្លួននេះ។
លោក Aw យល់ថា គណបក្ស NLD នឹងបន្ត «ដើរនៅលើផ្លូវដ៏ល្អមួយ» ជាមួយនឹងក្រុមយោធា។
លោកបានថ្លែងក្នុងន័យដើមថា៖ «គណបក្សនេះនឹងស្ទាក់ស្ទើរក្នុងការតទល់នឹងការក្តោបក្តាប់អំណាចយ៉ាងណែនរបស់យោធា ទៅលើនយោបាយនិងសេដ្ឋកិច្ច។ នេះនឹងរឹតត្បិតសកម្មភាពដែលគណបក្ស NLD អាចធ្វើបានពិតប្រាកដ នៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ»។
គណបក្ស NLD បានព្យាយាមយ៉ាងខ្លាំងនៅក្នុងអាណត្តិទី ១ របស់ខ្លួន ដើម្បីលុបចោលបទប្បញ្ញត្តិជាច្រើននៅក្នុងរដ្ឋធម្មនុញ្ញ ដែលរក្សាឥទ្ធិពលនយោបាយរបស់យោធា ប៉ុន្តែបានត្រឹមតែធ្វើឱ្យមានការចរចារាប់ខែពីសំណាក់ក្រុមនាយឧត្តមសេនីយ៍ ដោយបានរាំងខ្ទប់សំណើរបស់គណបក្ស NLD។
លោក Mathieson បានថ្លែងថា គណបក្ស NLD អាចប្រើប្រាស់រយៈពេលមួយអាណត្តិទៀត ដែលគណបក្សនេះទទួលបាន តាមរយៈការបោះឆ្នោតដើម្បីវាយប្រហារទៅលើគណបក្សអភិវឌ្ឍន៍ និងរួបរួមជាតិ (Union Solidarity and Development Party) ដែលជាគណបក្សតំណាងរបស់យោធា ដើម្បីគាបសង្កត់យោធាកាន់តែខ្លាំងឲ្យធ្វើកំណែទម្រង់។
គណបក្ស USDP ដែលជាគណបក្សស្រដៀងទៅនឹងគណបក្សប្រឆាំងផ្លូវការនោះ ទទួលបានអាសនៈតែចំនួន ៣៣ ប៉ុណ្ណោះ ដែលតិចជាង ៨ អាសនៈ ពីចំនួនអាសនៈដែលខ្លួនទទួលបាននៅក្នុងឆ្នាំ ២០១៥។
ទោះជាយ៉ាងនេះក្តី លោក Mathieson បានថ្លែងថា គណបក្ស NLD មិនបានប្រឹងប្រែងខ្លាំងនោះទេក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ដោយមិនសូម្បីតែលុបចោលផ្នែក ដែលមានការគាបសង្កត់នៅក្នុងរដ្ឋធម្មនុញ្ញដែលខ្លួនអាចធ្វើវិសោធនកម្មបានតាមសំឡេងភាគច្រើនធម្មតា ដោយមិនចាំបាច់មានការគាំទ្រពីយោធា។
លោកបានថ្លែងក្នុងន័យដើមថា៖ «ពួកគេហាក់ដូចជាមិនចាប់អារម្មណ៍លើបញ្ហានេះទេ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក អ៊ីចឹងតើហេតុអ្វីពួកគេត្រូវចាប់អារម្មណ៍នៅពេលនេះ?»។
ក៏មានក្តីបារម្ភផងដែរថា ទំនាក់ទំនងរវាងគណបក្ស NLD និងយោធា អាចនឹងមានកាន់តែតិចទៅៗ ដែលមនុស្សមួយចំនួនយល់ថា វាកំពុងតែមានការធ្លាក់ចុះរួចទៅហើយ។
លោក Khin Zaw Win ដឹកនាំវិទ្យាស្ថាន Tampadipa ដែលជាវិទ្យាស្ថានស្រាវជ្រាវវិភាគគោលនយោបាយមួយ ក្នុងក្រុងរ៉ង់ហ្គូន។ លោកបានថ្លែងថា សង្គ្រាមអាចនឹងកើតឡើង ដោយសារតែការប្រជែងយកតំណែងប្រធានាធិបតីក្នុងប្រទេសមីយ៉ាន់ម៉ា។
ដោយត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញមិនឱ្យធ្វើជាប្រធានាធិបតិ អ្នកស្រី អង់សាន ស៊ូជី បានតែងតាំងអ្នកស្មោះស្ម័គ្រនឹងអ្នកស្រីឱ្យធ្វើជាប្រធានាធិបតី ដែលអនុញ្ញាតឱ្យអ្នកស្រីដឹកនាំពីក្រោយ ក្នុងនាមជា «ទីប្រឹក្សារដ្ឋ» ដែលនេះជាងារមួយបង្កើតឡើងឱ្យតែអ្នកស្រីប៉ុណ្ណោះ ដើម្បីបំបែកភាពទាល់ច្រក។
ទោះជាយ៉ាងនេះក្តី លោក Khin Zaw Win បានថ្លែងថា មេបញ្ជាការយោធា លោក Min Aung Haling ដែលនៅតែកាន់អំណាច ទោះជាផុតអាយុចូលនិវត្តន៍ទៅហើយក្តី ត្រូវបានគេជឿថា ចង់បានតំណែងប្រធានាធិបតីសម្រាប់ខ្លួនលោក។ លោកបានថ្លែងក្នុងន័យដើមថា៖ «ដូច្នេះ អាចនឹងមានការប៉ះទង្គិចដ៏ធំមួយកើតឡើង»។
រូបឯកសារ៖ កងកម្លាំងយោធាមីយ៉ាន់ម៉ាបានមកដល់តំបន់ Buthidaung បន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំង Arakan កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
កិច្ចចរចាសន្តិភាព
អ្នកវិភាគបាននិយាយថា ភាពតានតឹងទាំងនេះក៏នឹងធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាកាន់តែមានការលំបាកក្នុងការបន្តដំណើរការកិច្ចចរចាសន្តិភាព ដែលអូសបន្លាយជាយូរមកហើយ។ រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី ស៊ូជី និងយោធា បានរៀបចំកិច្ចពិភាក្សាជាមួយនឹងក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិច ដែលចង់ប្រែក្លាយប្រទេសនេះឱ្យទៅជាប្រទេសសហព័ន្ធវិញ។
អ្នកស្រី Christina Fink សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ George Washington នៅសហរដ្ឋអាមេរិកដែលសិក្សាពីប្រទេសមីយ៉ាន់ម៉ា និយាយថា អ្នកស្រី ស៊ូជី មិនបានធ្វើតាមឆន្ទៈល្អៗជាច្រើនដែលអ្នកស្រីបានសន្យាចំពោះគណបក្សជាតិសាសន៍ភាគតិច ដែលមានចំណងទាក់ទងយ៉ាងជិតស្និទ្ធនឹងក្រុមប្រដាប់អាវុធដោយប្រើប្រាស់វិធីសាស្ត្រដ៏មានអំនួតរបស់អ្នកស្រីនោះទេ។
ជាឧទាហរណ៍នៅក្នុងរដ្ឋ Rakhine គណបក្ស NLD បានតែងតាំងសមាជិករបស់ខ្លួនធ្វើជារដ្ឋមន្ត្រីនៅក្នុងរដ្ឋនេះ ទោះបីជាគណបក្សមូលដ្ឋានដែលតំណាងឱ្យជាតិសាសន៍ភាគតិច Arakan ដែលរស់នៅទីនោះគ្របដណ្តប់លើសភានៃរដ្ឋនេះក្តី។ ភាគខាងជើងនៃរដ្ឋនេះឥឡូវកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងយោធា និងកងកម្លាំង Arakan ដែលជាក្រុមប្រដាប់អាវុធមួយទៀតដែលចង់បានស្វ័យភាពសម្រាប់តំបន់នេះ។
អ្នកស្រី Fink បាននិយាយថា នៅពេលធ្វើការដើម្បីកាត់អំណាចនយោបាយរបស់ក្រុមយោធា អ្នកស្រី ស៊ូជី និងគណបក្ស NLD បានអនុញ្ញាតឱ្យយោធាកំណត់របៀបវារៈជាច្រើន នៅក្នុងកិច្ចចរចាសន្តិភាព ហើយអ្នកស្រីថែមទាំងបានគាំទ្រការប្រយុទ្ធរបស់យោធាជាមួយនឹងកងកម្លាំង Arakan ទៀតផង។
អ្នកស្រី Fink បានថ្លែងក្នុងន័យដើមថា៖ «គណបក្សជាតិសាសន៍ភាគតិចជាច្រើនយល់ថា ពួកគេត្រូវបានគេទុកចោល និងថា គណបក្ស NLD គ្រាន់តែបន្តការងារដើម្បីប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះ គណបក្សនេះត្រូវធ្វើការងារជាច្រើន ដើម្បីបញ្ជាក់ឱ្យគណបក្សជាតិសាសន៍ភាគតិចឃើញថា ខ្លួនប្តេជ្ញាបង្កើតនូវប្រទេសសហព័ន្ធបែបលទ្ធិប្រជាធិបតេយ្យមួយ ទាំងនៅក្នុងដំណើរការសន្តិភាព និងនៅក្រៅដំណើរការសន្តិភាព»៕