ខណៈពិធីបុណ្យអុំទូក អកអុំបុក បណ្តែតប្រទីប សំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ ក្រសួងមហាផ្ទៃបានត្រៀមដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះជិត២ម៉ឺននាក់ មកពី១៦ស្ថាប័ន អង្គភាព ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពដល់ព្រះមហាក្សត្រ និងអ្នកចូលចូលរួមឯទៀត។
ពិធីបុណ្យជាតិដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី ១២ ខែវិច្ឆិកា អគ្គស្នងការនគរបាលជាតិលោក ស ថេត ថ្លែងថា ដើម្បីធានាបានថាព្រះរាជពិធីបុណ្យអុំទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូននោះ ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាព ក្នុងព្រះរាជពិធីនេះត្រូវរៀបចំឱ្យហ្មត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួងស្ថាប័នពាក់ព័ន្ធ។
លោក ស ថេត បានលើកឡើងទៀតថា ក្នុងពិធីបុណ្យអុំទូកឆ្នាំ ២០២៤ នេះ នឹងត្រូវរៀបចំអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសជាតិក្រោមម្លប់សន្តិភាព និងថា គ្រប់កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការការពារ ក្នុងការធានាដល់ព្រះរាជសុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនមកពីបណ្តាខេត្តទូទាំងប្រទេស ដែលចូលរួមអបអរសាទរក្នុងពិធីបុណ្យអុំទូក។
ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៣៤៦ គ្រឿង ចំណុះទូកជាង២ម៉ឺននាក់ ប្រទីបចំនួន ៣៦ ប្រទីប ព្រមទាំងមានទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗចំនួន ១០ កន្លែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។
ផ្ទាំងអក្សរអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនៅវិមានរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ចឹង លីលី/វីអូអេ)
ទិដ្ឋភាពទូទៅរបស់ក្រុមសមត្ថកិច្ចកំពុងឈរតម្រង់ជួរនៅសួនមាត់ទន្លេ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ចឹង លីលី/វីអូអេ)
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវលោក សេក សុជាតិ ប្រាប់វីអូអេនៅថ្ងៃពុធថា ការដាក់ពង្រាយសមត្ថកិច្ចជិត ២ម៉ឺននាក់ ក្នុងឱកាសពិធីបុណ្យអុំទូក គឺជាតួនាទីនិងកាតព្វកិច្ចរបស់រដ្ឋ ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិពីជនទុច្ចរិត ខណៈលោកថាជារៀងរាល់ឆ្នាំមានអ្នកចូលរួមពិធីបុណ្យអុំទូករាប់លាននាក់។
លោកយល់ថា ពិធីបុណ្យអុំទូកគួរតែប្រារព្ធរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញឱ្យទេសចរជាតិ អន្តរជាតិ និងពិភពលោកបានស្គាល់អំពីប្រពៃណីជាតិរបស់កម្ពុជាក៏ដូចជាផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជានៅលើឆាកអន្តរជាតិផងដែរ។
លោកថ្លែងថា៖ «ខ្ញុំនៅតែយល់ថា ការរៀបចំពិធីបុណ្យអុំទូកប្រសិនជា អាចធ្វើបានជារៀងរាល់ឆ្នាំគឺជារឿងល្អ ព្រោះវាអាចបង្ហាញឱ្យសហគមន៍អន្តរជាតិ មើលឃើញអំពីប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ។ ហើយក៏ជាកម្មវិធីមួយដែលអាចទាក់ទាញភ្ញៀវទេសចរ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា និងអាចជួយស្តារវិស័យទេសចរឡើងវិញផងដែរ។
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គិមអេង យល់ថា ការដាក់ពង្រាយសមត្ថកិច្ចជារឿងមួយល្អដែរ។ ប៉ុន្តែលោកថា គួរតែមានការផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹងថា សមត្ថកិច្ចជួយអន្តរាគមន៍ទៅលើផ្នែកអីខ្លះហើយពលរដ្ឋត្រូវទាក់ទងពួកគេតាមរយៈណាដើម្បីឱ្យកាន់តែងាយស្រួល និងទាន់ពេលវេលានៅពេលមានបញ្ហាកើតឡើង។
លោកសង្ឃឹមថា ពិធីបុណ្យអុំទូកនឹងមិនមានការផ្អាកឬក៏ខកខានបន្តទៀត ដោយថាអវត្តមាននៃពិធីបុណ្យអុំទូកអាចជះឥទ្ធិពលមិនល្អសម្រាប់ពលរដ្ឋ និងរដ្ឋ។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖«ពិធីបុណ្យអុំទូកគួរតែធ្វើជាប់ជាប្រចាំព្រោះ ការផ្អាកនេះវាអាចមានផលអវិជ្ជមានចំពោះការធ្វើឱ្យមានការសាមគ្គីភាព ការរួមរួបជាតិ ការប្រាស្រ័យទាក់ទងរវាងប្រជាពលរដ្ឋជាមួយនិងរដ្ឋ។ ជាមួយគ្នាផងដែរ ពលរដ្ឋលោកអាចទទួលបានការរីករាយនាំកូននាំចៅទៅលេងទៅកម្សាន្តហ្នឹង ជារឿងមួយសំខាន់»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានទេ។ វីអូអេក៏ពុំទាន់អាចសុំការអត្ថាធិប្បាយពី លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍បានដែរ។
ក្នុងពិធីបុណ្យអុំទូកកាលពីឆ្នាំ ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ៥លាន ៨សែននាក់។ នេះបើតាមស្ថិតិរបស់ក្រសួងទេសចរណ៍។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានឱ្យដឹងថា ក្នុងពិធីបុណ្យអុំទូកឆ្នាំ ២០២៣ ថ្ងៃដំបូង មានអ្នកចូលរួមប្រមាណ ១លាន ២សែននាក់ និងថ្ងៃទី ២ មានប្រមាណ ១លាន ៧សែននាក់ចូលរួម បន្ទាប់ពីខកខានអស់រយៈពេល ៣ ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានទាក់ទិនពិធីបុណ្យអុំទូកក្នុងឆ្នាំ ២០២៣។
គួររំឭកថា កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យអុំទូកនេះអស់រយៈពេលបីឆ្នាំមកហើយគិតចាប់តាំង ២០២០ មក ដោយរដ្ឋាភិបាលបានលើកឡើងហេតុផលនៃបញ្ហាប្រឈមនានាដែលកើតចេញពីវិបត្តិកូវីដ១៩ ហើយកាលពីឆ្នាំ ២០២២ ការអាក់ខានប្រារព្ធពិធីនេះ គឺដោយសារកម្ពុជាបានធ្វើជាមា្ចស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន៕