អតីតមន្ត្រីគណបក្សប្រឆាំងនិងសកម្មជនជាបន្តបន្ទាប់បានផ្តាច់ខ្លួនដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ខណៈមានការរាយការណ៍ពីការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលនិងភាពតានតឹងអារម្មណ៍ជាមួយនឹងស្ថានភាពនយោបាយនៅកម្ពុជា ហើយបញ្ហានេះកំពុងដាក់សម្ពាធមកលើមេដឹកនាំគណបក្សប្រឆាំងដែលនៅសេសសល់ក្នុងប្រទេស។
កាលពីខែឧសភា រដ្ឋាភិបាលកម្ពុជាបានរកឃើញថា គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងធំជាងគេមិនបានបំពេញលក្ខខណ្ឌត្រឹមត្រូវ ដើម្បីចូលរួមការបោះឆ្នោត ដោយការណ៍នេះបានជំរុញឱ្យមានការចាកចេញជាបន្តបន្ទាប់ពីសំណាក់សមាជិកគណបក្សនេះ។ ប៉ុន្តែសូម្បីតែពីមុនពេលនោះទៅទៀត ការផ្តាច់ខ្លួនមានសំទុះកើនឡើងរួចទៅហើយ ស្របពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្រ្កាបលើក្រុមអ្នករិះគន់តាមរយៈពាក្យបណ្តឹង ការចាប់ខ្លួន និងការវាយដំដែលត្រូវបានចោទប្រកាន់ឡើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ស្លាកសញ្ញាគណបក្សភ្លើងទៀន លើកំណាត់ផ្លូវជាតិលេខ៣ ថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
អ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ បានប៉ាន់ប្រមាណថា ថ្នាក់ដឹកនាំកណ្តាលគណបក្សភ្លើងទៀន ដែលកំពុងប្រឈមនឹងភាពប្រទាំងប្រទើស ពី១០ ទៅ១៥ភាគរយ បានផ្តាច់ខ្លួន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា អ្នកគាំទ្រនិងមន្រ្តីគណបក្សប្រឆាំង «រាប់រយ រាប់ពាន់នាក់» បានចូលរួមជាមួយនឹងគណបក្សកាន់អំណាចកាលពីឆ្នាំមុន ប៉ុន្តែលោកមិនបានផ្តល់ជាភ័ស្តុតាងបញ្ជាក់នោះទេ។
លោក ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានថ្លែងប្រាប់វីអូអេថា៖ «នេះជាយុទ្ធសាស្រ្តរបស់គណបក្សជាគូប្រជែងក្នុងការធ្វើឱ្យគណបក្សយើងទន់ខ្សោយ... ដើម្បីបង្ហាញជារូបភាពថា យើងកំពុងបែកបាក់»។
នៅក្នុងចំណោមអ្នកផ្តាច់ខ្លួន រួមមានលោក យឹម ស៊ីណន ដែលបានចំណាយពេលរាប់ទសវត្សរ៍រៀបចំចលនាក្រុមពលករចំណាកស្រុកខ្មែរនៅកូរ៉េខាងត្បូង និងបានធ្វើការយ៉ាងជិតដិតជាមួយនឹងមេដឹកនាំគណបក្សសង្រ្គោះជាតិលោក កឹម សុខា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំ កាលពីពេលថ្មីៗនេះ។
កាលពីខែមីនា លោក ស៊ីណន ត្រូវបានចាប់ខ្លួនចំពោះការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយត្រូវបានចោទប្រកាន់ថា បានប្រមាថព្រះមហាក្សត្រ នរោត្តម សីហមុនី។ ខណៈកំពុងស្ថិតនៅក្រៅឃុំ លោកបានបង្ហោះសារសុំទោសជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ភរិយារបស់លោក និងបានប្រកាសចូលរួមជាមួយនឹងគណបក្សកាន់អំណាច ហើយបន្ទាប់មកលោកបានទទួលតំណែងចាត់តាំងខ្ពស់មួយនៅក្រសួងការងារ។
លោក ស៊ីណន បានអះអាងថា សេចក្តីសម្រេចរបស់លោកមិនមែនកើតចេញពីសម្ពាធជុំវិញការចាប់ខ្លួនរូបលោកនោះទេ ប៉ុន្តែចេញពីភាពតានតឹងអារម្មណ៍អស់ពេលជាច្រើនឆ្នាំមកនេះជាមួយនឹងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ និងគណបក្សភ្លើងទៀន ដែលជាគណបក្សស្នងតំណែងបន្តជាគណបក្សប្រឆាំង។
លោកបានថ្លែងថា៖ «ខ្ញុំបានឃើញភាពទន់ខ្សោយក្នុងជួរថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង ដែលធ្វើឱ្យខ្ញុំដឹងថា ខ្ញុំមិនអាចបន្តដំណើរតទៅទៀតបាន។ ខ្ញុំសម្រេចថា ខ្ញុំត្រូវជ្រើសរើសកន្លែងថ្មី ដើម្បីចូលរួមក្នុងការបម្រើជាតិ»។
សកម្មជន និងអ្នកគាំទ្រកំពុងចូលរួមសមាជវិសាមញ្ញគណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ (ទែន សុខស្រីនិត/វីអូអេ)
លោកបានបន្ថែមថា៖ «អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើកើតចេញពីឆន្ទៈរបស់ខ្ញុំ។ ខ្ញុំគិតថា [ការងារពីមុនរបស់ខ្ញុំ] គឺបម្រើផលប្រយោជន៍សង្គម។ មិនមែនអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើជាមួយក្រុមប្រឆាំងគឺជា រឿងឥតប្រយោជន៍នោះទេ»។
ការផ្តាច់ខ្លួនផ្សេងទៀតគឺ មានលក្ខណៈស្រដៀងគ្នានេះ។ កាលពីខែមិថុនា ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនលោក ស ឡុងដេត បានធ្វើការសុំទោស និងប្រកាសរិះគន់ប្រឆាំងនឹងគណបក្សប្រឆាំង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់រូបលោកពីការបរិហារកេរ្តិ៍ជុំវិញសេចក្តីអធិប្បាយរបស់លោកអំពីការប្រកួតកីឡាស៊ីហ្គេម។ កាលពីខែឧសភា សកម្មជនគណបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន១០នាក់បានស្នើសុំការអត់ឱនទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងវីដេអូមួយ និងបានចូលរួមជាមួយនឹងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែពួកគេបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ពួកគេមិនមែនត្រូវបានគំរាមកំហែងឱ្យធ្វើដូចនេះទេ។
ប៉ុន្តែអ្នកបន្តស្ថិតនៅជាមួយនឹងគណបក្សប្រឆាំងនិយាយថា ការបង្ខិតបង្ខំពីសំណាក់គណបក្សកាន់អំណាចគឺមានខ្លាំងជាងពេលណាទាំងអស់នៅក្នុងរដូវកាលបោះឆ្នោតនេះ។
លោក ចៅ វាសនា អតីតមេដឹកនាំគណបក្សប្រឆាំងប្រកបដោយប្រជាប្រិយភាពមួយរូបនៅខេត្តបន្ទាយមានជ័យ ដែលបានជាប់ពន្ធនាគារកាលពីឆ្នាំ ២០១៧ ចំពោះការចោទប្រកាន់ពីបទញុះញង់ឱ្យមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល បាននិយាយថា កាលពីខែឧសភា មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលមួយរូបបានមកនិយាយយ៉ាងសមគួរជាមួយរូបលោកថាលោក «ត្រូវបានចាត់ជាគោលដៅអស់មួយជីវិត» និងបានស្នើឱ្យលោកផ្តាច់ខ្លួនទៅខាងរដ្ឋាភិបាល ហើយលោកនឹងទទួលបាន «តួនាទីល្អ» មួយ។
លោក វាសនា បានថ្លែងប្រាប់វីអូអេថា៖ «មើលទៅហាក់ដូចជាពួកគេកំពុងធ្វើដោយបើកចំហ និងលែងលាក់មុខដូចកាលពីមុនទៀត»។ យ៉ាងណាក្តី លោកបានបដិសេធសំណើខាងលើ ដោយនិយាយថា លោកមិនអាចត្រូវបង្ខំចិត្តឱ្យធ្វើអ្វីដែលមិនលោកមានជំនឿចិត្តលើនោះទេ។
លោកបានបន្តថា៖ «ខ្ញុំមិនបារម្ភពីរឿងត្រូវគេសម្លាប់នោះទេ... យើងត្រូវមានស្មារតីរឹងមាំមួយ»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយនៅរាជធានីភ្នំពេញ បាននិយាយថា ស្របពេលការផ្តាច់ខ្លួនតែងកើតឡើងអំឡុងពេលការបោះឆ្នោតដែលមានរាល់ប្រាំឆ្នាំម្តង ទំហំនៃការផ្តាច់ខ្លួនគិតចាប់តាំងពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំមុនបង្ហាញពីភាពលំបាកនៅក្នុងការអាចរស់រានបាននៅខាងក្រៅកណ្តាប់ដៃរបស់គណបក្សកាន់អំណាច។
ចាប់តាំងពីខែមករាមក អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watchបានកំណត់ឃើញយ៉ាងករណីអំពើហិង្សាយ៉ាងហោចណាស់ចំនួនប្រាំពីរករណីប្រឆាំងនឹងសមាជិកគណបក្សប្រឆាំង ក្នុងនោះរួមមានការវាយដំដែលមានការប្រើប្រាស់បង្គោលដែកផងដែរ។
លោក ឯម សុវណ្ណារ៉ា បានថ្លែងប្រាប់វីអូអេថា៖ «យើងកំពុងឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងតែរួមតូច ហើយកំពុងរំកិលទៅក្នុងបែបផែនមួយដែលមិនបានផ្តល់ឱ្យអ្នកបោះឆ្នោតនូវសេរីភាពពេញលេញ។ វាឆ្លុះបញ្ចាំងពីគំនិតដែលថា «លទ្ធិប្រជាធិបតេយ្យ» គឺអាចរស់បានប្រសិនបើពលរដ្ឋគាំទ្រ និងស្របជាមួយនឹងគណបក្សកាន់អំណាចតែប៉ុណ្ណោះ។ ការរិះគន់បែបស្ថាបនានានាហាក់ដូចជាកំពុងបាត់បង់»។
បណ្តាញសកម្មជនក៏បានបាត់បង់សមាជិកសំខាន់របស់ខ្លួនផងដែរ។ កាលពីខែកុម្ភៈ សមាជិកមួយរូបនៃអង្គការការពារបរិស្ថាន «មាតាធម្មជាតិ» (Mother Nature) បានប្រកាសរិះគន់ប្រឆាំងនឹងអង្គការនេះ ហើយបានបង្កើតជាអង្គការថ្មីមួយ ក្រោមឈ្មោះដូចគ្នា ដែលស្ថិតនៅក្រោមគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
កញ្ញា ភួន កែវរស្មី សកម្មជនការពារបរិស្ថានវ័យក្មេង ក្រោយពេលផ្ដល់បទសម្ភាសន៍នៅការិយាល័យវីអូអេក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
កញ្ញា ភួន កែវរស្មី សកម្មជនមួយរូបដែលស្ថិតនៅជាមួយអង្គការមាតាធម្មជាតិដែលមានតាំងពីដំបូងឡើយ បាននិយាយថា កញ្ញាមិនជឿថា អង្គការដែលស្ថិតក្រោមរដ្ឋាភិបាលនឹងទទួលបានការគាំទ្រ ឬការជឿទុកចិត្តនោះទេ។
កញ្ញាបានថ្លែងប្រាប់វីអូអេថា៖ «យើងអាណិត [ពួកគេ] ហើយមានការសោកស្តាយដែល ពួកគេសុខចិត្តចាកចេញពីសេរីភាព ហើយទៅរស់នៅក្នុងទ្រុងមួយដោយការគាំទ្ររដ្ឋាភិបាល»។
អ្នកដទៃទៀតនៅតែស្ថិតក្រោមសម្ពាធសូម្បីតែបន្ទាប់ពីបានប្រកាសជាផ្លូវការចំពោះការគាំទ្រគណបក្សកាន់អំណាចក៏ដោយ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ត្រូវបានចាប់ខ្លួនកាលពីខែឧសភាជាមួយនឹងសហការីពីររូបទៀត ហើយត្រូវបានចោទប្រកាន់ពីបទរៀបចំ «បដិវត្តន៍កសិករ»។
លោក សាវឿន បានធ្វើការសុំទោសជាសាធារណៈ និងបានសារភាពពីបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់។ ប៉ុន្តែក្រសួងមហាផ្ទៃបានបញ្ជាឱ្យអង្គការរបស់លោកផ្អាកប្រតិបត្តិការបណ្តោះអាសន្នរយៈពេលពីរសប្តាហ៍បន្ទាប់មក។
លោក ចៅ វាសនា អតីតមេដឹកនាំគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យដែលថា លោកបានរងសម្ពាធឱ្យផ្តាច់ខ្លួន បាននិយាយថា លោកមិនចង់ឱ្យគេចងចាំលោកថាជា ជនក្បត់នោះទេ។
លោកបានថ្លែងអំពីអតីតសហការីពីគណបក្សប្រឆាំងថា៖ «ពួកគេចង់បានផលប្រយោជន៍និងតំណែង។ ពួកគេបានផ្តាច់ខ្លួនជាបន្តបន្ទាប់។ ប៉ុន្តែខ្ញុំ ខ្ញុំធ្វើ [ការងារនេះ] សម្រាប់ជាតិ។ ខ្ញុំមិនធ្វើដើម្បីតំណែងនោះទេ»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា