Your browser doesn’t support HTML5
ប្រព័ន្ធតុលាការបច្ចុប្បន្ននិងការពង្រឹងឯកភាពជាតិ
វ៉ាស៊ីនតោន - អ្នកវិភាគឯករាជ្យម្នាក់និយាយថា សមាជិកសភានិងសភាកម្ពុជាគ្មានអំណាចនិង មិនបានប្រើប្រាស់អំណាចរបស់ខ្លួនតាមច្បាប់រដ្ឋធម្មនុញដើម្បីបម្រើប្រជាពលរដ្ឋទេ ដោយបានសុំឲ្យមានការកែទម្រង់និងអំពាវនាវដល់ពលរដ្ឋអ្នកបោះឆ្នោតដាក់ សំណួរដល់បេក្ខជនតំណាងរាស្ត្រក្នុងពេលឃោសនាបោះឆ្នោត។ នេះជាការ អះអាងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ដែលមានប្រសាសន៍ក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍។លោកលើកយកបញ្ហាដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជន បញ្ហារំលោភ បំពានដីធ្លីដែលប៉ះពាល់ដល់ពលរដ្ឋ បញ្ហាកោះហៅតំណាងរដ្ឋាភិបាលមកបំភ្លឺ។ ម្យ៉ាងទៀតបញ្ហាផ្តល់សិទ្ធិអំណាចដល់តំណាងរាស្ត្រក្នុងសភាសម្លេងភាគតិចមិនត្រូវរាំងខ្ទប់ដោយបទបញ្ជាផ្ទៃក្នុងដែលតម្រូវឲ្យមានក្រុម១០នាក់ឡើងទៅ។ លោកថ្លែងថា ក្នុងពេលបោះឆ្នោតនេះ អ្នកបោះឆ្នោតត្រូវសួរឲ្យត្រង់ៗដល់ បេក្ខជនទាំងនោះអំពីសិទ្ធិនិងអំណាចរបស់អ្នកតំណាងរាស្ត្រនេះ។
លោក ឡៅ ម៉ុងហៃចាត់ទុកថានេះជាការបិទសិទ្ធិតំណារាស្ត្រមិនឲ្យបញ្ចេញមតិ ហើយការមិនមកឆ្លើយបំភ្លឺ ឬក៏ការមិនផ្តល់ចម្លើយតាមសំណើរបស់តំណាង រាស្ត្រនោះជាអំពើរំលោភរដ្ឋធម្មនុញ្ញដែលគួរមានការដាក់ទណ្ឌកម្មពីការមិនស្តាប់បញ្ជារបស់សភាតំណាងរាស្ត្រ។
សូមស្តាប់ការបកស្រាយទាំងស្រុងរបស់លោកបណ្ឌិតឡៅ ម៉ុងហៃក្នុងកម្មវិធី ហេឡូ វីអូអេ កាលពីយប់ថ្ងៃព្រហស្បតិ៍ទី០៤ខែកក្កដាឆ្នាំ២១០៣ អំពី«អំណាច និងករណីកិច្ចរបស់តំណាងរាស្ត្រ» ដូចតទៅ៖