បើមិនមានការកែប្រែនោះទេ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទនេះ រដ្ឋសភានឹងបើកកិច្ចប្រជុំពិសេសមួយ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើកែច្បាប់គណបក្សនយោបាយ ដែលត្រូវបាន ស្នើឡើងដោយនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន។ ច្បាប់នេះនឹងអនុញ្ញាតឲ្យមានការរំលាយ គណបក្សនយោបាយណាដែល។ គណបក្សប្រឆាំងចាត់ទុកច្បាប់នេះ ធ្វើឡើងដោយប្រញាប់ប្រញាប់ និងអាចយកមកប្រើដើម្បីបំផ្លាញគូប្រជែងនយោបាយ។
រដ្ឋសភានៅព្រឹកថ្ងៃចន្ទនេះនឹងបើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័តលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលច្បាប់នេះនឹងអនុញ្ញាតឲ្យមានការរំលាយគណបក្ស ប្រសិនបើប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានប្រកាសថា ពួកគេនឹងមិនចូលរួមកិច្ចប្រជុំសភានៅព្រឹកថ្ងៃចន្ទនេះទេ ដោយលើកឡើងថា ច្បាប់នេះធ្វើឡើងដោយប្រញាប់ប្រញាល់ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងអាចយកមកប្រើដើម្បីគាបសង្កត់និងបំផ្លាញគណបក្សគូប្រជែង។
ការស្នើកែច្បាប់នេះត្រូវបានស្នើដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ក្រោយពីមានការស្នើសុំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែមករានិងដើមខែកុម្ភៈ។ ភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្រ្តីបានស្នើសុំ រដ្ឋសភាបានបើកកិច្ចប្រជុំជាបន្តបន្ទាប់ រហូតដល់ចេញជាសេចក្តីស្នើច្បាប់មួយ។
បើតាមសេចក្តីស្នើច្បាប់នោះ ចំណុចមួយចំនួនគួរឲ្យកត់សម្គាល់ ក្នុងនោះរួមមានទណ្ឌិតមិនអាចធ្វើជាប្រធាន អនុប្រធានបក្ស ឬមានសមាសភាពក្នុងគណៈកម្មាធិការនាយកឬគណៈកម្មាធិការអចិន្រ្តៃយ៍បាននោះទេ។ ចំណុចនេះត្រូវបានគេមើលឃើញថាដើម្បីកុំឲ្យលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បន្តធ្វើជាប្រធានគណបក្សសង្រ្គោះជាតិ។
បើតាមការកែច្បាប់នោះ ក្នុងករណីប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ក្នុងនោះរួមមានបទល្មើសដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ការញុះញង់ដែលអាចនាំឲ្យបែកបាក់ជាតិនិងការធ្វើឲ្យមានអបគមន៍ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិនិងបូរណភាពទឹកដី គណបក្សអាចត្រូវបានរំលាយ។
ចំណែកមាត្រាមួយទៀតបានហាមគណបក្សមិនឲ្យទទួលវិភាគទានពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ប្រសិនបើមានការរំលោភបំពានករណីនេះ ក្រសួងមហាផ្ទៃអាចសម្រេចផ្អាកសកម្មភាពរបស់គណបក្សជាបណ្តោះអាសន្ន ហើយបើមានការប្រព្រឹត្តបន្តទៀត ក្រសួងអាចប្តឹងដើម្បីរំលាយគណបក្សនយោបាយបាន។
បើតាមច្បាប់ថ្មីនេះ ក្រសួងមហាផ្ទៃមានសិទ្ធិប្តឹងទៅតុលាការកំពូលឲ្យរំលាយគណបក្សនយោបាយបាន។ តុលាការកម្ពុជាត្រូវបានរិះគន់ថា ស្ថិតនៅក្រោមអំណាចរបស់រដ្ឋាភិបាល។
គណបក្សសង្រ្គោះជាតិតែងត្រូវបានជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រភពខាងក្រៅ ក្នុងនោះមានពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសបារាំងនិងសហរដ្ឋអាមេរិកជាដើម។
ដោយសារការស្នើច្បាប់នេះ លោក សម រង្ស៊ី កាលពីថ្ងៃទី១១ ខែកុម្ភៈបានសម្រេចលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ដោយលោកលើកឡើងថាដើម្បីកុំឲ្យគណបក្សត្រូវបានរំលាយ។
«បើខ្ញុំនៅធ្វើជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ តើវាមានន័យអី វាខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស ផលប្រយោជន៍ជាតិ។ យើងចង់បានអី យើងចង់បានការបោះឆ្នោត»។
អ្នកនំាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថាច្បាប់ថ្មីនេះមិនមានគោលដៅរំលាយគណបក្សសង្រ្គោះជាតិនោះទេ។ នៅពេលសួរថាតើបទល្មើសធ្ងន់ធ្ងរប្រភេទណាដែលអាចឈានដល់ការរំលាយបក្ស លោក សុខ ឥសាន សំដៅថាជាសកម្មភាពរបស់លោក សម រង្ស៊ី ដែលបានធ្វើកន្លងមក។
«ព្រោះកន្លងទៅសម រង្ស៊ី ធ្វើនយោបាយហ្នឹង គឺដើម្បីបែកបាក់ជាតិហ្នឹង ហើយបន្ទោសអ្នកគេអ្នកដទៃ ជាពិសេសបន្ទោសគណបក្សកាន់អំណាចទៅវិញ។ កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នេះគឺដើម្បីស្រុះស្រួលជាតិហ្នឹងហើយ។ ប៉ុន្តែមិនទាន់បានចុះហត្ថលេខាប៉ុន្មានផង វាយប្រហារអ្នកនេះអ្នកនោះ ធ្វើអញ្ចេះធ្វើអញ្ចុះ ក្បត់ជាតិ លុបព្រំដែន ខ្សែបន្ទាត់ព្រំដែន អាហ្នឹងហើយដែលធ្វើឲ្យបែកបាក់ជាតិ»។
រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯទីស្នាក់ការគណបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ពាក្យជនបរទេសនៅក្នុងច្បាប់ថ្មីនេះ មិនសំដៅលើប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសនោះទេ។
ទោះជាយ៉ាងណា លោក សុខ ឥសាន មានប្រសាសន៍ថា បទល្មើសធ្ងន់ធ្ងរមិនងាយនឹងកើតមាននោះទេ លុះត្រាតែគណបក្សនយោបាយមានចេតនាអាក្រក់ ហើយការសម្រេចនោះកើតឡើងដោយការគិតរួមគ្នារបស់គណបក្ស មិនមែនជារឿងបុគ្គលនយោបាយតែម្នាក់ឯងនោះទេ។
«លោកត្រូវវិភាគបែងចែកឲ្យច្បាស់ មួយជាបុគ្គល មួយជាអង្គភាព។ ឥឡូវខ្ញុំឧទាហរណ៍ សម រង្ស៊ី ក៏រងបណ្តឹងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ទៅបរិហាកេរ្តិ៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង។ អាហ្នឹង ទោសរបស់គាត់ គាត់ទទួលតែទោសបុគ្គលរបស់គាត់ គណបក្សគ្មានប៉ះពាល់អី។ ក៏ប៉ុន្តែបើ សម រង្ស៊ី ដឹកនាំធ្វើកុបកម្ម ធ្វើអបគមន៍ ដែលមានចែងក្នុងច្បាប់ថា ជាកំហុសធ្ងន់ធ្ងរ អាហ្នឹងវាចូលហើយ ពីព្រោះសម រង្ស៊ី មិនមែនដឹកនាំក្នុងនាមជាបុគ្គលរដ្ឋទេ ក្នុងនាមជាអង្គភាពគណបក្ស។ អាហ្នឹង ក៏ប្រធាន អនុប្រធាន និងគណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សហ្នឹងក៏ត្រូវរលាយ ហើយគណបក្សហ្នឹងក៏ត្រូវរលាយដែរ»។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជានិងជាអ្នកវិភាគមួយរូប បានរិះគន់ច្បាប់ថ្មីនេះថាអាចបកស្រាយបានដោយទូលំទូលាយនិងផ្តល់អំណាចដល់ក្រសួងមហាផ្ទៃដែលស្ថិតនៅក្រោមរដ្ឋាភិបាលនិងតុលាការដែលត្រូវបានរិះគន់ថាមិនឯករាជ្យ។
«អញ្ចឹងរឿងឯកភាពនេះ គឺពាក្យមួយដែលខ្ញុំមើលទៅគ្រោះថ្នាក់មែនទែន។ ជាពាក្យមួយដែលអាចមានខ្លឹមសារទូលំទូលាយ ហើយបកស្រាយស្រេចតែចិត្ត ជារឿងមួយដែលយើងព្រួយបារម្ភ»។
រូបឯកសារ៖ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ ២០១៦ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីបណ្តឹងបរិហាកេរ្តិ៍របស់បក្សប្រជាជនកម្ពុជាប្រឆាំងរូបលោក។ (ហ៊ុល រស្មី/VOA)
លោក អ៊ូ វីរៈ បន្តថា ប្រសិនបើបុគ្គលនយោបាយណាប្រព្រឹត្តខុស ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន ដោយមិនចាំបាច់រំលាយគណបក្សនយោបាយនោះទេ។
អ្នកវិភាគរូបនោះយល់ថា ការកែច្បាប់ស្តីពីគណបក្សនយោបាយមិនចាំបាច់សម្រាប់កម្ពុជានោះទេ។ ទោះជាយ៉ាងណា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ស្ថានការណ៍នយោបាយបច្ចុប្បន្ននេះធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនិងព្រួយបារម្ភ ហើយអាចប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា។
តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលើកឡើងថា មិនប៉ះពាល់នោះទេ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី Rhona Smith បានបង្ហាញការព្រួយបារម្ភពីការប្រញាប់ប្រញាល់នៃការស្នើច្បាប់និងអនុម័តច្បាប់នេះ។
លោកស្រីបញ្ជាក់ប្រាប់ VOA តាមរយៈអ៊ីម៉ែលថា៖
«ខ្ញុំសង្ឃឹមថា រដ្ឋសភានឹងមើលទៅលើការវិភាគសិទ្ធិមនុស្សសម្រាប់សេចក្តីស្នើវិសោធនកម្មច្បាប់នេះ មុនពេលអនុម័ត»។
រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្ស ក្នុងពេលលោកស្រីចុះបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោកស្រីបន្ថែមទៀតថា៖
«ក្នុងពេលការបោះឆ្នោតឃុំសង្កាត់ក្នុងខែមិថុនានិងការបោះឆ្នោតសាកលក្នុងឆ្នាំក្រោយជិតមកដល់ ការកែប្រែច្បាប់ដែលប៉ះពាល់ដល់មេបក្សនយោបាយ ការចុះឈ្មោះនិងដំណើរការបក្សនយោបាយ កំពុងក្លាយជាបញ្ហា»។
លោកស្រី Elizabeth Becker ជាអ្នកកាសែតអាមេរិកល្បីឈ្មោះម្នាក់ដែលសរសេរសៀវភៅអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅកម្ពុជាបានប្រាប់ VOAថា ការស្នើកែច្បាប់គណបក្សនយោបាយទំនងជាការប៉ុនប៉ងមួយ ដើម្បីធានាពីជោគជ័យក្នុងការបោះឆ្នោតខាងមុខនេះ។
«នេះទំនងជាជំហានចុងក្រោយរបស់លោកហ៊ុន សែន ក្នុងដំណើរការបង្កើតរដ្ឋដែលមានគណបក្សនយោបាយតែមួយ។ ប្រសិនបើវាធ្វើទៅបាន តាមអ្វីដែលបានគិតឃើញ នោះនឹងមិនមានគណបក្សប្រឆាំងនោះទេ។ វាមិនមែនជាសំណួរទេដែលលោកហ៊ុន សែន ចេញមកដើម្បីបំផ្លាញគណបក្សប្រឆាំង»។
រូបឯកសារ៖ លោកស្រី Elizabeth Becker ដែលជាអ្នកកាសែតអាមេរិកដ៏ល្បីមួយរូបនិងជាអ្នកនិពន្ធ កំពុងផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមទាក់ទងនឹងសំណុំរឿង០០២/២ ប្រឆាំងនឹងនួន ជា និងខៀវ សំផន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥។ (Courtesy of ECCC/Nhet Sok Heng)
លោកបណ្ឌិត អៀ សុផល សាស្ត្រាចារ្យនៃសកលវិទ្យាល័យOccidental College នៃទីក្រុង Los Angelesសហរដ្ឋអាមេរិកបាននិយាយថា ស្ថានភាពនយោបាយបច្ចុប្បន្នជាការដើរថយដ៏អាក្រក់នៃប្រជាធិបតេយ្យកម្ពុជាចាប់តាំងពីឆ្នាំ១៩៩០។
«យើងធ្លាប់ឆ្លងកាត់ច្រើនណាស់មកហើយ ប៉ុន្តែមិនដែលមានចំណុចនៃការរំលាយគណបក្សប្រឆាំងនោះទេ។ ប្រសិនបើគណបក្សប្រឆាំងត្រូវរំលាយ ថាតើទៅខ្វល់រឿងការបោះឆ្នោតធ្វើអី្វ»។
ប្រទេសកម្ពុជានឹងរៀបចំឲ្យមានការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧និងការបោះឆ្នោតសាកលនៅខែកក្កដា ឆ្នាំ២០១៨។ កាលពីការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ គណបក្សសង្រ្គោះជាតិទទួលបាន៥៥អាសនៈ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក Jay Raman មានប្រសាសន៍ថា គួរតែមានការចូលរួមនិងការពិភាក្សារបស់គណបក្សនយោបាយ មុនពេលសេចក្តីស្នើច្បាប់នេះត្រូវបានអនុម័ត។
«ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលធ្វើឲ្យការចូលរួមរបស់គណបក្សនយោបាយថយចុះ និងផ្ទុយពីការចង់បានរបស់សាធារណជនកម្ពុជា»។
រូបឯកសារ៖ លោក Jay Raman មន្ត្រីកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកថ្លែងទៅកាន់លោក ប៉ូច រាសី នៃ VOA និងអ្នកកាសែតដទៃទៀតនៅក្រោយការចាកចេញរបស់ លោកស្រី Michelle Obama ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
លោកស្រី Elizabeth Becker បានអំពាវនាវឲ្យអន្តរជាតិថ្កោលទោសជាសាធារណៈលើទង្វើនេះជាបន្ទាន់។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្រ្តមានប្រសាសន៍ថា វាអាស្រ័យលើប្រជាជនកម្ពុជាក្នុងការកំណត់អនាគតនយោបាយរបស់ពួកគេ។
«ប្រសិនបើគ្មានការផ្សះផ្សា ការគោរពគ្នាទៅវិញទៅមក កម្ពុជានឹងបាត់បង់ឱកាសដើម្បីតាមឲ្យទាន់ប្រទេសក្នុងតំបន់។ យើងទាំងអស់គ្នាត្រូវការការគោរពរដ្ឋធម្មនុញ្ញនិងធ្វើការជាមួយគ្នាសម្រាប់ប្រទេសជាតិ»។
រូបឯកសារ៖ លោក ឈាង វណ្ណារិទ្ធ ផ្តល់បទសម្ភាសន៍ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា VOA)
លោកបន្ថែមថា៖ «ខ្ញុំខ្លាចតែដល់ដំណាក់កាលនេះ យើងនឹងចូលទៅដល់ផ្នែកមួយដ៏ខ្មៅនៃប្រវត្តិសាស្រ្តកម្ពុជា ដែលមានការស្អប់ខ្ពើម សងសឹក មិនទុកចិត្តគ្នានិងហិង្សាជាដើម»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បានអះអាងថា សេចក្តីស្នើច្បាប់នេះនឹងត្រូវអនុម័ត១០០ភាគរយនៅព្រឹកថ្ងៃចន្ទនេះ បើទោះជាគ្មានវត្តមានតំណាងរាស្រ្តគណបក្សប្រឆាំងក៏ដោយ។ លោកបញ្ជាក់ថាច្បាប់នេះនឹងត្រូវប្រកាសឲ្យប្រើប្រាស់ជាប្រញាប់៕