សំឡេងត្អូញត្អែរ និងសម្រែករបស់ជនរងគ្រោះដោយការបណ្តេញចេញពីដីធ្លី និងផ្ទះសម្បែងទាំងបង្ខំ និងជនរងគ្រោះទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជា ត្រូវបានបន្លឺឡើងសារជាថ្មី នាមុខវិមានរដ្ឋសភាកាលព្រឹកថ្ងៃច័ន្ទនេះ។
យ៉ាងហោចណាស់មានសកម្មជនដីធ្លី អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ ជនរងគ្រោះដោយសារទំនាស់ដីធ្លី និងការបណ្តេញពីលំនៅដ្ឋាន១.០០០នាក់ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ នារាជធានីភ្នំពេញ។ ជនរងគ្រោះភាគច្រើនបានសម្តែងពីកង្វល់ និងទុក្ខលំបាករបស់ខ្លួនបន្ទាប់ពីត្រូវបានគេបណ្តេញចេញដោយបង្ខំ ហើយពួកគេបានស្នើឲ្យរដ្ឋសភា និងក្រសួងពាក់ព័ន្ធជួយដោះស្រាយបញ្ហារបស់គាត់ និងបញ្ឈប់ការបណ្តេញចេញក្នុងប្រទេសកម្ពុជា។
លោកស្រី សូ ស្រីនាង ដែលជាជនរងគ្រោះដោយការពង្រីកផ្លូវជាតិលេខ៥ នាសង្កាត់ព្រែកព្នៅក្នុងរាជធានីភ្នំពេញ បានត្អូញត្អែរថា អាជ្ញាធររាជធានីភ្នំពេញបានរឹបអូសសម្ភារៈរបស់លោកស្រី និងឈូសកម្ទេចផ្ទះលោកស្រីនិងផ្ទះកូនកាលពីខែកញ្ញាកន្លងទៅ។ លោកស្រីបានបន្តថា អាជ្ញាធរក្រុងក៏បានប្រើពាក្យមិនសមរម្យ ហើយបានផ្តល់សំណងតិចតួចដល់គ្រួសាររបស់គាត់ ដែលធ្វើឲ្យរូបគាត់និងគ្រួសារមិនមានដំបូលជ្រកកោន។
ក្រុមអ្នកតវ៉ាមកពីសហគមន៍ ដែលមានជម្លោះដីធ្លីប្រមាណ១០០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានហែញតិ្តទៅដាក់រដ្ឋសភាជាតិ ក្នុងឱកាសទិវាលំនៅដ្ឋានពិភពលោកខួបលើកទី៣០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។ (ឡេង ឡែន/VOA)
ដោយប្រើឧបករណ៍បំពងសំឡេង លោកស្រីបានថ្លែងនៅមុខវិមានរដ្ឋសភាយ៉ាងដូច្នេះថា៖
«ទ្រព្យសម្បត្តិខ្ញុំក្នុងផ្ទះ ដែលផ្ទះខ្ញុំរស់នៅ៣៥ឆ្នាំជាងហើយទម្រាំខ្ញុំបានផ្ទះប៉ុណ្ណឹងនៅ ទម្រាំខ្ញុំបានឥវ៉ាន់លក់ដូរប៉ុណ្ណឹង គេយកទៅទាំងអស់ អត់មានសល់ទេ សូម្បីតែមុង កន្ទេលក៏អត់សល់អីទាំងអស់។ ផ្ទះកូន គេដាក់អាប៊ូល អាត្រាក់យកទៅចូក គេយកទៅចូកឥវ៉ាន់រមូលចូលគ្នាទាំងអស់ អាហ្នឹងផ្ទះកូន។ ចំណែកផ្ទះនាងខ្ញុំគេរុះរើ គេដឹកឥវ៉ាន់តាមឡានទាំងអស់អាលីង»។
លោកស្រីបានបន្តថ្លែងទាំងទឹកភ្នែកថា៖
«រាល់ថ្ងៃហ្នឹង នាងខ្ញុំរស់នៅកណ្តាលថ្ងៃ កណ្តាលភ្លៀង។ អត់មានអីទេ អត់មានរបរអីលក់ដូរទេ។ មកដល់ពេលនេះគឺមួយខែជាងជាងហើយ ចា៎ អត់មានសល់អីទាំងអស់។ នាងខ្ញុំវេទនាណាស់! មួយយប់ៗ ខ្ញុំអត់មានបានដេកទេ ព្រោះផ្ទះចំហទាំងអស់ អង្គុយមួយយប់ៗ ខ្ញុំដេកលក់បានតែមួយផាំងៗទេ។ តើគេធ្វើអញ្ចឹងវាសមទេ? សូមអស់លោកទាំងអស់ហ្នឹងលោកមើលទៅមើល! ខ្ញុំមិនដែលឃើញ! កូនខ្ញុំឃើញអញ្ចឹង កូនខ្ញុំខ្លាច រត់ចោលផ្ទះអស់ហើយ»។
លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា និយាយទៅកាន់ក្រុមអ្នកតវ៉ា ខណៈពេលហែញត្តិទៅរដ្ឋសភាកាលពីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥។ ក្រុមអ្នកតវ៉ាមកពីសហគមន៍ ដែលមានជម្លោះដីធ្លីប្រមាណ១០០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានហែញតិ្តទៅដាក់រដ្ឋសភាជាតិ ក្នុងឱកាសទិវាលំនៅដ្ឋានពិភពលោកខួបលើកទី៣០។ (ឡេង ឡែន/ VOA Khmer)
ស្របគ្នានោះដែរ លោកស្រីសោម គ្រី ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងក្នុងភ្នំពេញ ដែលបានចូលរួមទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០នេះ បានប្រាប់ VOA ថា លោកស្រីមានក្តីបារម្ភចំពោះការបណ្តេញចេញផងដែរ ដោយសារមានគម្រោងអភិវឌ្ឍន៍ និងការកែលម្អផ្លូវដែកក្នុងប្រទេសកម្ពុជានោះ។
«ព្រួយបារម្ភដោយខ្លាចគេឲ្យយើងចេញពីលំនៅដ្ឋានហ្នឹង។ ខ្លាចយើងចេញឆ្ងាយពីសាលារៀន ឆ្ងាយពីទីផ្សារ ហើយយើងអត់មានកន្លែងសម្រាប់កូនចៅទេ ដូចថា ខ្ញុំអត់មានម៉ូតូអីជិះទេ។ កាលណាខ្ញុំទៅឆ្ងាយ វារឹតតែពិបាក បានអត់ចង់ទៅឆ្ងាយអូន។ កន្លែងនេះយើងធ្លាប់រស់នៅ២០ឆ្នាំ ៣០ឆ្នាំហើយ»។
យោងតាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋរងគ្រោះ និងរងផលប៉ះពាល់ដោយសារទំនាស់ដីធ្លី បានកើនដល់ជាង៧៧០.០០០នាក់ក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។ ក្នុងនោះមានជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ ឬដោយការរំលោភយកដីស្រែ ផ្ទះសម្បែងជាដើម។
អ្នកស្រី ង៉ែត ឃុន ហៅម៉ាំមី អ្នកតំណាងសហគមន៍បឹងកក់ ដែលរាប់រយគ្រួសាររស់នៅតំបន់នេះ ត្រូវបានគេជម្លៀសចេញ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។ (ឡេង ឡែន/ VOA Khmer)
រីឯរបាយការណ៍ផ្សេងមួយទៀតរបស់អង្គការសិទ្ធិមនុស្ស Licadho បានឲ្យដឹងថា ផ្ទៃដីធ្លីប្រមាណជាង២,២លានហិកតាទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនឯកជនធំៗធ្វើជាដីសម្បទានសេដ្ឋកិច្ច និងការអភិវឌ្ឍដែលជាប្រភពនៃការបណ្តេញចេញទាំងបង្ខំ និងទំនាស់ដីធ្លីក្នុងប្រទេសដ៏ក្រីក្រនេះ។
ថ្លែងប្រាប់អ្នកព័ត៌មាននាមុខរដ្ឋសភាជាតិ លោកសៀ ភារម្យ នាយកអង្គការសិទ្ធិលំនៅដ្ឋានដែលធ្វើការយ៉ាងជិតដិតជាមួយជនរងគ្រោះដោយការបណ្តេញចេញដោយបង្ខំ និងជនរងគ្រោះទំនាស់ដីធ្លី បានឲ្យដឹងថា ការដោះស្រាយទំនាស់ដីធ្លីនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតទាបនៅឡើយ ដោយសារតែឆន្ទៈនយោបាយរបស់ថ្នាក់ដឹកនាំ អំពើពុករលួយ និង ប្រព័ន្ធតុលាការមិនអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះទេ។
«បាទ អ្វីដែលមិនអាចដោះស្រាយជូនគាត់បានគឺទី១ ឆន្ទៈនយោបាយ ហើយនិងទី២គឺទាក់ទិននឹងរឿងប្រព័ន្ធពុករលួយ ដែលយើងឃើញថា រឿងប្រព័ន្ធពុករលួយហ្នឹងគឺវាមានការលំបាក ហើយខ្ញុំជឿជាក់ថា សូម្បីរដ្ឋាភិបាលក៏គាត់ខំប្រឹងដែរ។ បើខ្ញុំចំាមិនច្រឡំទេគឺឆ្នាំ២០១៣ ឬ២០១២ លោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសថា គាត់នឹងប្រើកណ្តាប់ដៃដែកអីដើម្បីបំបាត់អំពើពុករលួយ។ ក៏ប៉ុន្តែយើងឃើញថា នៅតែមិនទាន់អាចលុបបំបាត់អំពើពុករលួយបានដែរ ដោយសារតែ យន្តការរបស់យើងនៅមានកម្រិតមួយ មិនទាន់ដល់ស្តង់ដារនៅឡើយ»។
លោកសៀ ភារម្យបានបន្តថា៖
«ហើយទី៣ទៀតគឺពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌ ដោយសារតែប្រព័ន្ធយុត្តិធម៌យើងមិនឯករាជ្យ អ្នកក្រគឺមិនអាចទទួលបាននូវយុត្តិធម៌នោះទេ។ អញ្ចឹងទាល់តែយើង ជាពិសេសគឺជាម្ចាស់ឆ្នោតហ្នឹង ត្រូវតែចូលរួមក្នុងការសម្រេចចិត្ត ដើម្បីជ្រើសរើសយកប្រព័ន្ធយុត្តិធម៌មួយដែលអាចការពារក្តីឲ្យជនរងគ្រោះ អ្នកក្រីក្រហ្នឹងទទួលបានយុត្តិធម៌ទាំងអស់ស្មើគ្នាចំពោះមុខច្បាប់»។
ក្រុមអ្នកតវ៉ាមកពីសហគមន៍ ដែលមានជម្លោះដីធ្លីប្រមាណ១០០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានហែញតិ្តទៅដាក់រដ្ឋសភាជាតិ ក្នុងឱកាសទិវាលំនៅដ្ឋានពិភពលោកខួបលើកទី៣០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។ (ឡេង ឡែន/VOA)
លោកអំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ បានប្រាប់ VOA អំពីការរឹតត្បិត និងការរារាំងរបស់អាជ្ញាធរក្រុងភ្នំពេញ មិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី៣០ ដោយមិនឲ្យអ្នកចូលរួមដើរចេញពីបរិវេណមុខរដ្ឋសភា ធ្វើការដើរដង្ហែញតិ្តរបស់ជនរងគ្រោះទៅកាន់ក្រសួងដែលពាក់ព័ន្ធជាដើម ដែលរដ្ឋាភិបាលគួរតែធ្វើការបើកឲ្យមានការប្រារព្ធទិវាពិភពលោកនេះឲ្យបានប្រសើរជាងនេះ។
«ទិដ្ឋភាពពេលព្រឹកមិញហ្នឹង យើងឃើញថា ទោះបីជាមានការអនុញ្ញាតឲ្យធ្វើ ប៉ុន្តែឃើញដាក់ប៉ារាស់ ហើយឃើញប្រើកងកម្លាំងច្រើនសន្ធឹកសន្ធាប់។ អានេះយើងមើលទៅគឺជាការមួយ ដែលយើងមើលទៅជាទិដ្ឋភាពគំរាមកំហែងដល់សិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ក្នុងទិវាសិទ្ធិលំនៅដ្ឋានពិភពលោកហ្នឹងហើយ»។
ក្រុមអ្នកតវ៉ាមកពីសហគមន៍ ដែលមានជម្លោះដីធ្លីប្រមាណ១០០០នាក់ នៅក្នុងរាជធានីភ្នំពេញ បានហែញតិ្តទៅដាក់រដ្ឋសភាជាតិ ក្នុងឱកាសទិវាលំនៅដ្ឋានពិភពលោកខួបលើកទី៣០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥។
កាលពីព្រឹកថ្ងៃច័ន្ទនេះ មានប្រជាពលរដ្ឋ សកម្មជនសិទ្ធិមនុស្សនិងសកម្មជនដីធ្លី រួមទាំងព្រះសង្ឃ យ៉ាងហោចណាស់ជាង១.០០០នាក់ និងអង្គ បានចូលរួមក្នុងការដើរក្បួនពីអតីតសហគមន៍ដីក្រហមទៅវិមានរដ្ឋសភា ដែលនៅក្បែរនោះ។ អ្នកចូលរួមភាគច្រើនអ្នកស្លៀកពាក់អាវយឺតខ្មៅរំលេចដោយអក្សរថា «សិទ្ធិទទួលបានលំនៅដ្ឋាន» និងដោយមានការដង្ហែផ្ទះក្រដាសតូចៗផងដែរ។
ញត្តិរបស់ជនរងគ្រោះត្រូវបានទទួលយកដោយតំណាងរដ្ឋសភា ក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ដោយមិនអនុញ្ញាតឲ្យអ្នកចូលរួមដង្ហែញតិ្តចេញពីបរិវេណនោះឡើយ។
VOA បានព្យាយាមសុំការអធិប្បាយបំភ្លឺពីសាលារាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធទាក់ទិននឹងបញ្ហាខាងលើនេះ តែមិនអាចទាក់ទងបានទេ៕