អតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Henry Kissinger បានបដិសេធថាលោកមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយជាមួយរដ្ឋាភិបាលចិន ដែលត្រួសត្រាយផ្លូវឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចូលកាន់កាប់ប្រជុំកោះ Paracelដែលមានជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅនេះទេ។
លោក Kissinger បានថ្លែងនៅកិច្ចប្រជុំកំពូលសង្រ្គាមវៀតណាម (Vietnam War Summit) ក្នុងក្រុង Austin រដ្ឋ Texas នៅចុងខែមេសាថា ប្រជុំកោះ Paracel ដែលជាចំណុចប៉ះទង្គិចគ្នារវាងរដ្ឋាភិបាលក្រុងហាណូយ និងក្រុងប៉េកាំង ពេលនោះមិនសំខាន់ដូចបញ្ហាផ្សេងៗទៀតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៧០ឡើយ។
អតីតទីប្រឹក្សាប្រធានាធិបតីរូបនេះបាននិយាយថា៖
«គោលជំហររបស់អាមេរិកចំពោះបញ្ហាប្រជុំកោះនេះ គឺថា យើងមិនប្រកាន់ជំហរណាមួយទាក់ទងនឹងអធិបតេយ្យភាពនៃប្រជុំកោះទាំងនេះឡើយ។ នៅក្នុងឆ្នាំ១៩៧៤ ខណៈពេលមានរឿងអាស្រូវ Watergate និងសង្រ្គាមនៅមជ្ឈិមបូព៌ា ខ្ញុំអាចធានាឲ្យអ្នកថា រឿងប្រជុំកោះ Paracel មិនមែនជាបញ្ហាចម្បងនៅក្នុងចិត្តយើងទេ។ ប៉ុន្តែ មិនដែលមានកិច្ចព្រមព្រៀងណាមួយដែលត្រូវបានចុះហត្ថលេខា ដែលនិយាយថា យើងបានប្រគល់សិទ្ធិឲ្យចិនកាន់កាប់ប្រជុំកោះ Paracel ឡើយ ហើយរដ្ឋាភិបាលចិនក៏មិនបានធ្វើការទាមទារណាមួយផងដែរ»។
រូបឯកសារ៖ រូបភាពឯកសារមួយនេះថតបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ ដែលបង្ហាញពីចំណែកនៃក្រុង Sansha ត្រង់កោះ Yongxing ដែលត្រូវបានគេស្គាល់ថាជាកោះ Woody ស្ថិតក្នុងប្រជុំកោះ Paracel ដែលជាប្រជុំកោះមានជម្លោះ ហើយដែលប្រទេសចិនចាត់ទុកថាជាចំណែកដែនដីរបស់ខេត្តហៃណា (Hainan)។ (AFP PHOTO)
អារម្មណ៍របស់អ្នកជាតិនិយមនៅប្រទេសវៀតណាមទៅលើប្រទេសចិនកំពុងតែពុះកញ្ជ្រោលខ្លាំង ដោយសារតែចិនដែលជាប្រទេសជិតខាងដ៏ធំរបស់វៀតណាមបានពង្រឹងការទាមទារគ្រប់គ្រងលើដែនទឹកដែលមានជម្លោះ តាមរយៈការបង្កើនកងយោធា និងគម្រោងបង្កើតកោះសិប្បនិម្មិតជាច្រើន។
ប្រជាជនវៀតណាមមួយចំនួន ជាពិសេសអ្នកដែលប្រយុទ្ធឲ្យអតីតកងកម្លាំងវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក មានការខឹងសម្បារនឹងសហរដ្ឋអាមេរិកជុំវិញការមិនជួយធ្វើអន្តរាគមន៍នៅក្នុងចម្បាំងលើផ្ទៃសមុទ្រជាមួយចិន នៅឆ្នាំ១៩៧៤ ដែលបណ្តាលឲ្យប្រជាជនវៀតណាមរាប់សិបនាក់បានស្លាប់ ហើយទីបញ្ចប់វៀតណាមត្រូវបង្ខំចិត្តដកកម្លាំងចេញពីប្រជុំកោះ Paracel។
នៅពេលនោះ លោក Kissinger គឺជាប្រមុខការទូតក្នុងរដ្ឋបាល(រដ្ឋាភិបាល)របស់លោកប្រធានាធិបតី Nixon ដែលបានស្វែងរកការផ្សះផ្សារទំនាក់ទំនងជាមួយប្រទេសចិន។ នៅក្នុងកិច្ចសន្ទនាដោយបើកចំហមួយ ដែលពេលខ្លះមានលក្ខណៈតឹងតែងជាមួយនឹងក្រុមអ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសង្រ្គាមវៀតណាមក្នុងក្រុង Austin លោក Kissinger បាននិយាយថា លោកមានការអាណិតអាសូរចំពោះការរងទុក្ខលំបាករបស់ប្រជាជននៅវៀតណាមខាងត្បូង និងបានហៅការជម្លៀសបន្ទាប់ពីការដួលរលំនៃទីក្រុង Saigon (ព្រៃនគរ) ថា ជា «ពេលវេលាមួយដ៏គួរឲ្យសោកស្តាយបំផុត» ក្នុងជីវិតរបស់លោក។
សង្រ្គាមដ៏ចម្រូងចម្រាស ដែលបានបញ្ចប់កាលពី៤១ឆ្នាំមុននេះ ត្រូវបានលើកមកនិយាយសារជាថ្មីដោយបុគ្គលជាន់ខ្ពស់នៅក្នុងជួររដ្ឋបាលប្រធានាធិបតីអាមេរិកកាលពីអតីតកាល និងនាពេលបច្ចុប្បន្ន។
អតីតជំនួយការប្រតិបត្តិរបស់ប្រធានាធិបតី Lyndon B. Johnson គឺលោក Tom Johnson បាននិយាយថា លោក «ត្រេកអរ» និង «សាទរ» ចំពោះការវិវត្តទៅមុខ ដែលកើតមានឡើងនៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងហាណូយ និងវ៉ាស៊ីនតោន។
លោកបានថ្លែងថា ភាគីទាំងសងខាងកាន់តែជិតស្និទ្ធនឹងគ្នា ដោយសារតែពួកគេចង់ «ធ្វើការអភិវឌ្ឍសេដ្ឋកិច្ច» ខណៈពេលដែលអ្នកខ្លះថាមកពីភាពគឃ្លើនរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង។
លោក Johnson បាននិយាយថា៖
«ខ្ញុំដឹងថា មានការបារម្ភមួយពាក់ព័ន្ធនឹងការពង្រឹងកងយោធារបស់ចិន។ មានក្តីបារម្ភអំពីកោះសិប្បនិម្មិតដែលត្រូវបានបង្កើតឡើងថ្មីៗ ប៉ុន្តែខ្ញុំយល់ថាអ្នកដឹកនាំទាំងសងខាងក៏មើលឃើញពីសារៈសំខាន់នៃពាណិជ្ជកម្មផងដែរ»។
ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីការបរទេសលោក John Kerry ដែលជាអតីតទាហានក្លាយខ្លួនជាអ្នកតវ៉ាប្រឆាំងសង្រ្គាមវៀតណាម បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៧ ខែមេសា ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងហាណូយ បានធ្វើដំណើរដ៏វែងឆ្ងាយ ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំងពីរបានស្តារឡើងវិញ។
លោកបានថ្លែងថា៖
«ម្ភៃឆ្នាំមុន មានអ្នកទេសចរជនជាតិអាមេរិកតិចជាង៦០.០០០នាក់ មកលេងប្រទេសវៀតណាមជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ន មានជិតកន្លះលាននាក់។ ម្ភៃឆ្នាំមុន ពាណិជ្ជកម្មទំនិញទ្វេភាគីជាមួយវៀតណាមមានចំនួនតែ៤៥១លានដុល្លារប៉ុណ្ណោះ។ សព្វថ្ងៃនេះ មានច្រើនជាង៤៥ពាន់លានដុល្លារក្នុងមួយឆ្នាំ»។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក John Kerry (ឆ្វេង) និងអតីតប្រធានាធិបតីប្រទេសវៀតណាម លោក Truong Tan Sang ជជែកគ្នាក្នុងជំនួបប្រជុំមួយនៅឯវិមានប្រធានាធិបតីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០១៥។ (Brendan Smialowski via AP)
លោក Kerry បានឲ្យដឹងថា បច្ចុប្បន្ន ភាគីទាំងពីរកំពុងសហការគ្នាលើបញ្ហាសន្តិសុខ ជាពិសេស ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលជាបញ្ហាមួយលោកនិយាយថាគេទំនងជាមិនបានប្រមើលមើលទុកមុនទេ កាលពីពីរទសវត្សរ៍កន្លងទៅ។
អ្នកការទូតជាន់ខ្ពស់របស់អាមេរិករូបនេះ បាននិយាយថា រដ្ឋាភិបាលក្រុងហាណូយ និងវ៉ាស៊ីនតោន «នៅតែមានការខ្វែងគំនិតគ្នាយ៉ាងពិតប្រាកដណាស់ ប៉ុន្តែយើងនិយាយអំពីភាពខ្វែងគំនិតគ្នាទាំងអស់នោះដោយស្មោះត្រង់ និងជាប្រចាំ ហើយវាជារឿយៗឲ្យមានផ្លែផ្កា»។
កិច្ចសន្ទនាអំពីប្រវត្តិសាស្ត្រនៃគោលនយោបាយរបស់អាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានកើតឡើងស្របគ្នាជាមួយនឹងការដាក់ឲ្យសភាពិភាក្សានូវច្បាប់ដែលស្នើរួមដោយគណបក្សទាំងពីរកាលពីខែមេសា ដែលបានអំពាវនាវឲ្យសេតវិមានបង្កើនការដាក់កងទាហានជើងទឹកយាមល្បាតរបស់អាមេរិក នៅតំបន់សមុទ្ររងជម្លោះ ហើយដែលសម្បូរទៅដោយធនធាន៕
ប្រែសម្រួលដោយ សើ សាយ្យាណា