ក្រុមអាជ្ញាធរមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍នេះ បានបើកប្រតិបត្តិការស្វែងរកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលខកខានមិនបានចូលខ្លួនទៅបំភ្លឺក្នុងសំណុំរឿងបណ្តឹងបរិហារកេរ្តិ៍របស់នាង ធី សុវណ្ណថា និងការចោទប្រកាន់ពីតុលាការពីបទសញ្ចារកម្ម។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សជំទាស់ និងមេធាវីការពារក្តីលោក កឹម សុខា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា ក្រុមអាជ្ញាធរមានសមត្ថកិច្ចបានឃាត់រថយន្តលោក កឹម សុខា ហើយបានបន្តមកកាន់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ដើម្បីឆែកឆេរបន្ថែមទៀត ប៉ុន្តែក្រុមអាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវដកថយទៅវិញ ដោយសារពុំបានបង្ហាញដីកាឆែកឆេរ។ លោក យឹម សុវណ្ណ និយាយថា លោកមិនទាន់ដឹងច្បាស់ថា តើក្រុមសមត្ថកិច្ចមានបំណងឃាត់ខ្លួនលោក កឹម សុខា ឬយ៉ាងណានោះទេ តែលោកបញ្ជាក់ថា៖
«យើងខ្ញុំអាចបញ្ជាក់បានថា មានការឃាត់ឡានឯកឧត្តមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កឹម សុខា ហើយនិងមានកងកម្លាំងប្រដាប់អាវុធមកទីស្នាក់ការ បម្រុងចូលក្នុងទីស្នាក់ការ។ ប៉ុន្តែខាងសន្តិសុខយើងខ្ញុំបានសួរនាំរកលិខិតស្នាម ដីកាឆែកឆេរ ដីកាចាប់ខ្លួនហ្នឹង គឺគាត់អត់មានអីទាំងអស់។ ក្រោយពីការសួរនាំអញ្ចឹងទៅ កងកម្លាំងប្រដាប់អាវុធក៏បានដកចេញទៅវិញ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និយាយទៅកាន់អ្នកសារព័ត៌មាន នៅក្រៅទីស្នាក់ការកណ្ដាលគណបក្ស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ (អូន ឆេងប៉រ/VOA)
លោក យឹម សុវណ្ណ បន្ថែមថា ក្រុមមន្ត្រីនៃគណបក្សសង្គ្រោះមានក្តីបារម្ភថា លោក កឹម សុខា អាចនឹងត្រូវក្រុមអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនរួចបញ្ជូនទៅតុលាការ ដូចករណីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា និងលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្រ។
ប្រតិបត្តិការតាមចាប់ខ្លួននេះកើតមានឡើងនៅម៉ោងប្រមាណ១១និង៣០នាទីព្រឹក នៅលើផ្លូវព្រះនរោត្តម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ គឺនៅពេលដែលរថយន្តលោក កឹម សុខា ត្រូវបានក្រុមអាជ្ញាធរមានសមត្ថកិច្ចឃាត់ តែមិនឃើញលោក កឹម សុខា ហើយក្នុងរថយន្តនោះមានតែភរិយារបស់លោក កឹម សុខា ប៉ុណ្ណោះ។
ប្រតិបត្តិការនេះបានបន្តចូលទៅដល់ស្នាក់ការកណ្តាលនៃគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅម៉ោងជាង១២ថ្ងៃត្រង់ ហើយនៅមិនអាចរកឃើញលោក កឹម សុខា ទេ។ បន្តិចក្រោយមក អាជ្ញាធរមានសមត្ថកិច្ចប្រមាណជាជាង២០នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃបានដកថយទៅវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុទេ។ នេះបើយោងទៅតាមការបញ្ជាក់បន្ថែមពីក្រុមអ្នកសង្កេតការណ៍សិទ្ធិមនុស្សក្នុងស្រុក។
VOA បានព្យាយាមសុំការអធិប្បាយពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែមិនអាចទាក់ទងបានទេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយសារអ្នកលើកទូរស័ព្ទរបស់លោកបា្រប់ថា លោកកំពុងជាប់ប្រជុំ។ VOA ក៏ពុំទាន់អាចទាក់ទងលោកនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានដែរ។
រីឯលោក ហ៊ុត វណ្ណា នាយប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ បានត្រឹមតែបញ្ជាក់ថា មានវត្តមានកម្លាំងប៉ូលិសបានទៅដល់ទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ តែលោកមិនបានដឹងពីគោលបំណងនៃសកម្មភាពប្រតិបត្តិការនោះឡើយ។ លោកថ្លែងថា៖
«ការងារនៅកន្លែងហ្នុងគឺខ្ញុំ អាហ្នឹងខាងកម្លាំងរបស់ក្រសួង ឬមួយក្រុង ខាងគេសោះ»។
ក្រុមកងអន្តរាគមន៍ពិសេសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុនប៉ងចូលឆែកឆេរទីស្នាក់កណ្តាល់គណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ២០១៦ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៦ រាជធានីភ្នំពេញ តែដកថយមកវិញ។ (រូបថតផ្តល់ដោយអង្គការសិទ្ធិមនុស្សលីកាដូ)
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មិនបានទៅបង្ហាញខ្លួនដើម្បីបំភ្លឺនៅតុលាការក្រុងភ្នំពេញម្តងរួចមកហើយកាលពីថ្ងៃពុធ ទី១១ ខែឧសភា ទាក់ទងនឹងបទចោទប្រកាន់មកលើរូបលោកពីបទបរិហារកេរិ៍្ត។ តុលាការក៏បានចេញដីកាមួយផ្សេងទៀតកោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ផងដែរ ក្រោមការចោទប្រកាន់ពីបទសញ្ចារកម្ម។ លោកក៏មិនបានបង្ហាញខ្លួនចូលបំភ្លឺបទចោទប្រកាន់នេះដែរ។
លោក ហែម សុជាតិ មេធាវីការពារក្តីលោក កឹម សុខា បានប្រាប់ VOA ថា ក្រុមមេធាវីបានផ្ញើលិខិតទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបញ្ជាក់ហេតុផលដែលលោក កឹម សុខា មិនអាចចូលខ្លួនទៅតុលាការនោះ តែក្រុមអាជ្ញាធរមានសមត្ថកិច្ចនៅតែតាមស្វែងរករូបលោកដដែល។
«គាត់មិនចូលខ្លួនដោយមានហេតុផលបីចំណុច។ ចំណុចទីមួយ គាត់ជាប់បំពេញសកកម្មក្នុងអាណត្តិជាអ្នកតំណាងរាស្ត្រ។ ចំណុចទីពីរ គឺគាត់នៅជាតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិសភា ហើយនិងពាក់ព័ន្ធនឹងចំណុចទីបី គាត់មិនចូលមកតុលាការគឺគាត់គោរពច្បាប់ ដោយសារតែទីមួយជនត្រូវចោទ ជនសង្ស័យមិនទាន់ត្រូវបានសួរចម្លើយ ហើយក៏មិនទាន់ត្រូវបានចោទប្រកាន់ដែរ។ អញ្ចឹងបើជនពាក់ព័ន្ធនឹងបទល្មើសមិនទាន់ត្រូវបានសាកសួរ ហើយមិនទាន់ត្រូវបានចោទប្រកាន់ទៀត ហើយនៅតែបែរទៅជាបង្ខំកោះហៅសាក្សីម្តងហើយ ម្តងទៀត បានជាខាងពួកខ្ញុំគិតថា ជាហេតុផលសមស្របរបស់គាត់ ដែលពួកខ្ញុំលើកជាគំនិតហ្នឹងឡើង»។
ភរិយាលោក កឹម សុខា កំពុងនិយាយទូរស័ព្ទ នៅក្បែរទីស្នាក់កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃ ២៦ ខែឧសភា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/VOA)
លោកមេធាវីបដិសេធមិនអធិប្បាយទេ ប្រសិនបើលោក កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន។ លោកថា សាធារណជនទូទៅដែលមានចំណេះដឹងផ្នែកច្បាប់ អាចធ្វើការវាយតម្លៃលើចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច។
ទាក់ទិននឹងចំណាត់របស់តុលាការក្រុងភ្នំពេញ លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ មិនអាចបញ្ជាក់ថា តើអយ្យការអមតុលាការក្រុងភ្នំពេញបានចេញដីកាឲ្យតាមចាប់ខ្លួនលោក កឹម សុខា ឬយ៉ាងណាទេ នៅគ្រាអាជ្ញាធរមានសមត្ថកិច្ចតាមស្វែងរកលោក កឹម សុខា នោះ។ លោកបានត្រឹមតែបញ្ជាក់ថា ព្រះរាជអាជ្ញារង ដែលទទួលបន្ទុករឿងក្តីនេះ បានបន្តនីតិវិធីលើរឿងក្តីនេះបន្ថែមទៀត។ ព្រះរាជអាជ្ញារង ដែលចេញដីកាកោះហៅលោក កឹម សុខា គឺលោក កែវ សុជាតិ។
ក្រៅពីលោក កឹម សុខា តុលាការភ្នំពេញក៏បានកោះហៅតំណាងរាស្ត្រពីររូបទៀតរបស់គណបក្សសង្គ្រោះជាតិ គឺលោក តុប វ៉ាន់ចាន់ និងលោក ពិន រតនា ឱ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ ពាក់ព័ន្ធនឹងសំណុំរឿងរបស់នាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ ក៏ប៉ុន្តែអ្នកតំណាងរាស្ត្រទាំងពីររូបនេះមិនបានទៅបង្ហាញខ្លួនទេ៕