ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលជាង ២០០ នាក់ បានមកប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃចន្ទនេះ ដើម្បីសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីលោក សាយ សំអាល់ កុំឱ្យមានការបណ្តេញចេញពីលំនៅឋានបច្ចុប្បន្នហើយអាជ្ញាធរត្រូវចេញប្លង់កម្មសិទ្ធិដល់ពួកគេ។
ក្តីបារម្ភរបស់ពលរដ្ឋចំពោះការបណ្តេញចេញទាំងបង្ខំនេះ បានកើតឡើងជាង ២ឆ្នាំមកហើយ ឬស្របពេលដែលក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺក្រុមហ៊ុន OCIC ចាប់ផ្តើមដំណើរការសាងសង់របស់ខ្លួននៅទីនោះ។ នេះបើតាមប្រជាពលរដ្ឋមួយចំនួនដែលវីអូអេបានសម្ភាសន៍នៅមុខក្រសួងនាថ្ងៃចន្ទនេះ។
ប្រជាពលរដ្ឋម្នាក់ដែលកំពុងរស់នៅតាមទំនប់ ៩៤ អ្នកស្រី អួង ស៊ីម អាយុ៦៣ឆ្នាំ ប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋចង់បានប្លង់កម្មសិទ្ធិ ព្រោះពួកគេកំពុងរស់នៅទាំងភិតភ័យ និងខ្លាចត្រូវបានបណ្តេញចេញពីផ្ទះសម្បែងដោយបង្ខំ ខណៈក្រុមហ៊ុនបានចាក់ដីលុបប្រឡាយត្រង់ទំនប់ ៩៤។
អ្នកស្រីថ្លែងថា៖ «ពួកខ្ញុំនៅយូរហើយតាំងពីមុនក្រុមហ៊ុនទៀត។ ក្រុមហ៊ុនទើបមកក្រោយទេ ហេតុអ្វីបានជាមានប្លង់កម្មសិទ្ធិ អ៊ីចឹងពួកខ្ញុំក៏ចង់បានដូចគ្នា។ ហើយពួកខ្ញុំក៏ចង់មានការរស់នៅស្រួលដូចពួកគេដែរ ពួកខ្ញុំក៏ចង់រស់នៅទីក្រុងដែរ»។
បណ្ណកម្មសិទ្ធិដីធ្លីគឺជាសេចក្តីត្រូវការចាំបាច់បំផុតរបស់អ្នករស់នៅតាមទំនប់ ៩៤ ខណៈផ្ទះរបស់ពួកគេភាគច្រើន មានការបង់លេខសម្គាល់រួចជាស្រេច ដែលជាសញ្ញាបញ្ជាក់ថា អាចនឹងមានការបណ្តេញចេញ។ នេះបើតាមអ្នកស្រី អួង ស៊ីម។
ប្រជាពលរដ្ឋរស់នៅទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹងនៃខេត្តកណ្តាលជិតព្រលានយន្តហោះថ្មី ប្រមូលផ្តុំគ្នាសុំកិច្ចអន្តរាគមន៍ជម្លោះដីធ្លី នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
អ្នកស្រីថា៖ «រាល់ថ្ងៃខ្ញុំព្រួយបារម្ភក្នុងការបណ្តេញចេញ ព្រោះអីផ្ទះខ្ញុំ គេគូស និង[បង់]លេខ[សម្គាល់]រួចហើយ»។
នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅទំនប់ ៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ភូមិស្វាយព្រៃ ភូមិជ្រៃរយោង នៃឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានដាក់ញត្តិមួយច្បាប់នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ដើម្បីស្នើកិច្ចអន្តរាគមន៍បន្ទាន់មួយពីលោក សាយ សំអាល់។
ញត្តិរបស់ពលរដ្ឋចុះថ្ងៃទី ១ ខែមេសា បានរៀបរាប់ថា៖ «យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខាងលើ ស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មេត្តាជួយកាត់ដីប្រជាពលរដ្ឋចេញពីការអភិវឌ្ឍន៍របស់គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ (ព្រលានយន្តហោះថ្មី) និងជួយផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងការអភិវឌ្ឍន៍នៅនឹងកន្លែងដល់ប្រជាពលរដ្ឋ»។
កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋទាំងនោះ ក៏បាននាំគ្នាទៅកាន់សាលាខេត្តកណ្តាល ដើម្បីស្នើសុំឱ្យអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ជួយអន្តរាគមន៍ និងដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេផងដែរ បន្ទាប់ពីក្រុមហ៊ុន OCIC បានចាក់ដីលុបប្រឡាយ ត្រង់ទំនប់ ៩៤ ដែលរងការជំទាស់ពីប្រជាពលរដ្ឋ ព្រោះពួកគេយល់ថាការចាក់ដីលុបប្រឡាយអាចបង្កការខូចខាតផ្ទះសម្បែងរបស់ពួកគេក្នុងរដូវវស្សា និងបង្កគ្រោះថ្នាក់ដល់ក្មេងៗពេលកម្រិតទឹកឡើងខ្ពស់។
រហូតមកដល់នេះ ពលរដ្ឋខ្លះប្រាប់វីអូអេថា ក្រុមហ៊ុន មិនទាន់កាយដីចេញពីប្រឡាយវិញនោះទេ។
តំណាងក្រុមហ៊ុន OCIC គឺលោក ជីវ កុកសាយ បានឱ្យដឹងកាលពីពេលកន្លងទៅថា ការចាក់ដីក្នុងប្រឡាយ ត្រង់ទំនប់ ៩៤ នេះ គឺចាក់ត្រឹមព្រំដីរបស់ក្រុមហ៊ុនដែលមានប្លង់រឹង។ លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនគ្មានគម្រោងកាយដីចេញពីប្រឡាយជាប់ទំនប់ ៩៤ នោះទេ។
លោកបញ្ជាក់ថា៖ «បាទ! ចាក់ដីលើដីកម្មសិទ្ធិរបស់ក្រុមហ៊ុនទេ។ ហើយខាងខ្ញុំបានសិក្សាអំពី[ការ]ធ្វើស្ពានបាឡេ ដើម្បីបញ្ចៀសទឹក បញ្ចៀសអីដែរ»។
ស្ត្រីម្នាក់ទៀតដែលជាអ្នករស់នៅតាមទំនប់ ៩៤ ក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អ្នកស្រី សុខ ចិន្តា អាយុ៣៥ឆ្នាំ រៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋឡើងមកសុំកិច្ចអន្តរាគមន៍ពីក្រសួងដែនដីនេះជាលើកទីមួយ បន្ទាប់ពីគ្មានការឆ្លើយតបណាមួយពីរដ្ឋបាលខេត្តកណ្តាល ទៅនឹងការទាមទាររបស់ពួកគេ។
អ្នកស្រីក៏ស្នើរដ្ឋមន្ត្រីក្រសួងដែនដី ចេញប្លង់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋរស់នៅតំបន់នោះប្រមាណ ៦០០គ្រួសារ ដើម្បីឱ្យពលរដ្ឋអាចមានជីវភាពសមរម្យ និងអាចផ្គត់ផ្គង់ការរៀនសូត្ររបស់កូន។
អ្នកស្រីថ្លែងថា៖ «បងឯងដឹងហើយផ្លូវក្រវ៉ាត់ក្រុងនៅហ្នឹង ហេតុអ្វីដល់ពេលមានផ្លូវក្រវ៉ាត់ក្រុងល្អ មានផ្លូវល្អ ហេតុអ្វីប្រជាពលរដ្ឋរស់នៅតាំងពីលំបាក ដល់ពេលផ្លូវល្អ អភិវឌ្ឍន៍ឱ្យប្រជាពលរដ្ឋចេញ»។
បើតាមអ្នកស្រី សុខ ចិន្តា ប្រជាពលរដ្ឋមកអាស្រ័យផល និងតាំងទីលំនៅនៅតាមទំនប់ ៩៤ នេះ រយៈពេលជាង ២០ឆ្នាំមកហើយ។
អ្នកស្រី សុខ ចិន្តា ពលរដ្ឋនៅតាមទំនប់៩៤ ក្នុងភូមិអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ផ្តល់បទសម្ភាសន៍ជាមួយវីអូអេ នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
តំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ចេញមកទទួលលិខិតសុំកិច្ចពីប្រជាពលដ្ឋដែលរស់នៅទំនប់៩៤ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិតព្រលានយន្តហោះថ្មី នៅក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បាននៅឡើយទេ។
ប៉ុន្តែមន្ត្រីរបស់ក្រសួងដែនដីលោក សុខ យួស ដែលចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋថា ក្រសួងនឹងពិនិត្យមើលបញ្ហាដែលបានកើតឡើងទៅតាមនីតិវិធីច្បាប់។
លោកថ្លែងថា៖ «យល់ថាអ៊ីចេះបងប្អូនស្តាប់គ្នាឱ្យបានទាំងអស់គ្នា បងប្អូនមកនេះគឺមករកផ្លូវច្បាប់ អ៊ីចឹងក្រសួង [ដែនដី] នឹងដោះស្រាយជូនបងប្អូនតាមនីតិវិធីច្បាប់ ត្រូវយល់ឱ្យបានឯកភាព ឱ្យបានឭទាំងអស់គ្នា»។
គម្រោងរួមរបស់ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា ឬហៅកាត់ថា (OCIC) និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានចាប់ផ្តើមសាងសង់ព្រលានយន្តហោះអន្តរជាតិដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៨ ដែលគ្រោងចំណាយប្រាក់ប្រមាណ ១.៥០០លានដុល្លារអាមេរិក និងត្រូវការដីទំហំ ២.៦០០ហិកតា។
ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ ក៏ជួបប្រទះបញ្ហាមួយចំនួនជាមួយពលរដ្ឋ ពាក់ព័ន្ធកម្មសិទ្ធិដីធ្លី ដោយពលរដ្ឋខ្លះព្រួយបារម្ភខ្លាចមានការបណ្តេញចេញពីលំនៅឋានដោយបង្ខំ និងពលរដ្ឋខ្លះថា មិនទទួលបានសំណងសមរម្យចំពោះដីធ្លីដែលប៉ះពាល់នឹងកន្លែងសាងសង់ព្រលានយន្តថ្មីនោះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា គួរតែមានការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋជាមុនសិន មុននឹងសម្រេចធ្វើការអភិវឌ្ឍតំបន់ណាមួយ។ លោកថា ក្រុមហ៊ុនដែលអភិវឌ្ឍក្នុងតំបន់នោះ និងក្រសួងដែនដីគួរតែធ្វើការសិក្សាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចលុបប្រឡាយ ព្រោះរដូវវស្សាគឺខិតជិតមកដល់ ដែលអាចនឹងបង្កឱ្យមានការព្រួយបារម្ភពីការលិចលង់ផ្ទះសម្បែងរបស់ពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «ជាការពិត ការអភិវឌ្ឍខ្ញុំជឿថាពលរដ្ឋចូលរួមនៅក្នុងការអភិវឌ្ឍ ប៉ុន្តែការអភិវឌ្ឍទាំងឡាយត្រូវប្រកបដោយតម្លាភាព ដោយយុត្តិធម៌ បើពលរដ្ឋដែលគាត់រងផលប៉ះពាល់ត្រូវតែមានដំណោះស្រាយសមរម្យ និងយុត្តិធម៌សម្រាប់ពួកគាត់ ពីព្រោះការអភិវឌ្ឍក្រុមហ៊ុនក៏ចង់ទទួលបានផលចំណេញ ចំណែកឯប្រជាពលរដ្ឋដែលរងប៉ះពាល់ធ្វើម៉េចឱ្យគាត់ទទួលយកបាន»។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់ ៩៤ បានលើកឡើងថា ពួកគេនឹងត្រឡប់មកតវ៉ានៅមុនក្រសួងដែនដីម្តងទៀត ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគេ៕