សាលាក្តីខ្មែរក្រហមនឹងទទួលបានថវិកាបន្ថែមពីរដ្ឋាភិបាលជប៉ុនសម្រាប់បន្តដំណើរការនៃសាលាក្តីដែលជារឿយៗ បានជួបប្រទះវិបត្តិថវិកា។
អ្នកនាំពាក្យនៃសាលាក្តីដ៏ចម្រូងចម្រាសនេះថ្លែងថា ក្រៅពីថវិកាដែលនឹងផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ ភាគីជាតិ និងអន្តរជាតិនៃសាលាក្តីនេះ កំពុងធ្វើការរួមគ្នាដើម្បីកៀរគរថវិកាសម្រាប់បន្តការកាត់ក្តីខ្មែរក្រហមនៅឆ្នាំ២០១៦ និង២០១៧។ អ្នកជំនាញក្នុងការទប់ស្កាត់អំពើហិង្សា និងឧក្រិដ្ឋកម្មឃោរឃៅចង់ឃើញសាលាក្តីនេះរកយុត្តិធម៌ឲ្យបានពិតប្រាកដដល់ពលរដ្ឋកម្ពុជា ហើយថា សាលាក្តីនេះបានរួមចំណែកដល់ការទប់ស្កាត់មិនឲ្យមានការសម្លាប់រង្គាលសារជាថ្មីនៅក្នុងប្រទេសកម្ពុជា។
រដ្ឋាភិបាលជប៉ុននឹងផ្តល់វិភាគទានថ្មីបន្ថែមចំនួន១.២២១.៨១៨ ដុល្លារអាមេរិកដល់ភាគីអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សម្រាប់បន្តដំណើរការនៃសាលាក្តីខ្មែរក្រហមនេះ។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយដោយសាលាក្តីខ្មែរក្រហមកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ការផ្តល់វិភាគទានពីរដ្ឋាភិបាលជប៉ុននេះកើតមានបន្ទាប់ពីលោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានជួបពិភាក្សាជាមួយលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម កាលពីថ្ងៃទី១៨ខែវិចិ្ឆកា ដើម្បីស្វែងយល់ពីការវិវត្តរបស់សាលាក្តីខ្មែរក្រហម និងការស្វះស្វែងរកថវិកាដើម្បីបន្តដំណើរនៃការកាត់ទោសមេដឹកនាំទទួលខុសត្រូវខ្ពស់បំផុតក្នុងសម័យខ្មែរក្រហម។
មន្ត្រីទទួលបន្ទុករដ្ឋបាលនៃសាលាក្តីនេះបានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ជំនួយនេះមានភាពចាំបាច់ណាស់ ដើម្បីធានាដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងការបញ្ចប់អាណត្តិដ៏សំខាន់របស់ខ្លួន ដោយគ្មានការរាំងស្ទះនៅក្នុងដំណើរការយុត្តិធម៌»។
សាលាក្តីដ៏ចម្រូងចម្រាសនេះបានចាប់ផ្តើមសវនាការលើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២/០១។ មេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនពីរនាក់គឺនួន ជា អតីតប្រធានសភា និងខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះនោះ កំពុងទទួលការកាត់ទោសពីសាលាក្តីនេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមនៅទីស្នាក់ការ VOA នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃ២៤ ខែតុលា ឆ្នាំ២០១៥។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យនៃសាលាក្តីខ្មែរក្រហម ថ្លែងប្រាប់ VOA ថា លោកមិន ទាន់ដឹងច្បាស់ថា តើសាលាក្តីនេះនឹងត្រូវការថវិកាចំនួនប៉ុន្មាននោះទេ សម្រាប់ធ្វើប្រតិបតិ្តការក្នុងឆ្នាំ២០១៦ និង២០១៧។
«សម្រាប់គម្រោងថវិកាឆ្នាំ២០១៦ និង២០១៧ គឺយើងមិនទាន់បានកំណត់ច្បាស់នៅឡើយទេ ដោយសារតែទាំងភាគីជាតិ និងភាគីអន្តរជាតិគឺកំពុងតែធ្វើការរួមគ្នាដើម្បីរៀបចំគម្រោងថវិកានេះ»។
អ្នកនាំពាក្យសាលាក្តីនេះថ្លែងថា បើទោះជាមិនទាន់អាចកំណត់បាននូវការចំណាយថវិកាលើសាលាក្តីក្នុងឆ្នាំ២០១៦ និង២០១៧ក៏ដោយ ក៏ភាគីជាតិគ្រោងចំណាយជាង៦,៦លានដុល្លារអាមេរិក ហើយមកដល់ពេលនេះរដ្ឋាភិបាលកម្ពុជាបានផ្តល់ជាង៤,១លានដុល្លារអាមេរិកគឺនៅសល់តែ ២,៥លានដុល្លារអាមេរិកទៀតតែប៉ុណ្ណោះ។ លោកថា លោកពុំទាន់មានព័ត៌មានលម្អិតអំពីថវិកាដែលគ្រោងនឹងចំណាយដោយភាគីអន្តរជាតិនោះទេ។
ក្រៅពីវិបត្តិថវិកាដែលសាលាក្តីនេះតែងតែជួបប្រទះនោះ សាលាក្តីខ្មែរក្រហមនេះនៅមានបញ្ហាចម្រូងចម្រាសមិនទាន់សម្រេចដាច់ស្រេចនៅឡើយទេលើសំណុំរឿង០០៣ និង០០៤ថា តើត្រូវបន្តទៀតឬយ៉ាងណា។
យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងការជំរុញការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ (The Responsibility to Protect) ដែលជាបទដ្ឋានមួយទទួលស្គាល់ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ២០០៥ ថ្លែងថា សាលាក្តីនេះត្រូវបន្តទៅមុខទៀតដើម្បីរកយុតិ្តធម៌ជូនដល់អ្នកដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម។ សកម្មភាពរបស់សាលាក្តីក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបានរួមចំណែកដល់ការទប់ស្កាត់មិនឲ្យមានការវិលត្រឡប់មកវិញនូវការកាប់សម្លាប់ និងការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។
លោក ពូ សុធីរៈ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព និងជាអ្នកជំនាញក្នុងការជំរុញការអនុវត្តកាតព្វកិច្ចក្នុងការទប់ស្កាត់អំពើឧក្រិដ្ឋកម្មឃោរឃៅលើមនុស្សជាតិ មានប្រសាសន៍ប្រាប់ VOA ថា លោកចង់ឃើញសាលាក្តីនេះបញ្ចប់ទៅជាស្ថាពរជាមួយនិងការរកឲ្យ ឃើញយុត្តិធម៌ពិតប្រាកដមួយជូនប្រជាពលរដ្ឋខ្មែរដែលបានរងទុក្ខវេទនា និងបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម។ លោកបញ្ជាក់ថា សាលាក្តីនេះ បានដើរតួសំខាន់ណាស់ក្នុងការទប់ស្កាត់ការប្រព្រឹត្តអំពើឃោរឃៅ និងការកាប់សម្លាប់។
«ខ្ញុំយល់ឃើញថា បើយើងធ្វើការវិនិយោគទៅលើយុត្តិធម៌ណា៎ បានន័យថា យើងយកចិត្តទុកដាក់នឹងរឿងការរកយុត្តិធម៌ ជាពិសេសរឿងកាត់ទោសខ្មែរក្រហមហ្នឹងណ៎ា ជារឿងមួយសំខាន់ណាស់សម្រាប់កាត់បន្ថយអំពើឃោរឃៅដែលប្រព្រឹត្តលើមនុស្ស។ ដូច្នេះខ្ញុំគាំទ្រសកម្មភាពសាលាក្តីខ្មែរក្រហមហ្នឹងគួរតែបន្តទៅទៀត ឲ្យចប់ចុងចប់ដើម រកការណ៍ពិតឲ្យឃើញ ហើយប្រាប់គេឲ្យដឹងថា ហេតុអីជំនាន់ហ្នឹងកើតមានអញ្ចឹង ហើយនឹងដើម្បីទប់ស្កាត់អំពើហ្នឹងកុំឲ្យកើតមានតទៅទៀត សម្រាប់មនុស្សលោក ដូច្នេះហើយចម្លើយខ្លីរបស់ខ្ញុំគឺថា ខ្ញុំគាំទ្រ»។
សាលាក្តីដែលបានដំណើរការតាំងពីឆ្នាំ២០០៦មករហូតដល់ឆ្នាំ២០១៤ បានប្រើប្រាស់ថវិកាអស់ចំនួនប្រមាណ២៣២,៤លានដុល្លារអាមេរិកក្នុងនោះភាគីជាតិបានចំណាយ៥៥,៧លានដុល្លារអាមេរិក និងភាគីអន្តរជាតិបានចំណាយ១៧៦,៦លានដុល្លារអាមេរិក។ យោងទៅតាមការបញ្ជាក់ពីលោកនេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមឲ្យដឹងថា ការចំណាយសម្រាប់ឆ្នាំ២០១៥គឺមានចំនួន៣៣,៧លានដុលារអាមេរិក។
ជំនួយហិរញ្ញវត្ថុដែលប្រទេសជប៉ុនបានផ្តល់ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារហូតមកទល់នឹងពេលនេះគឺមានចំនួនសរុបជាង៨៣លានដុល្លារអាមេរិក។
កាលពីដើមខែតុលាកន្លងទៅនេះ រដ្ឋាភិបាលអូស្ត្រាលីក៏បានសន្យាផ្តល់ថវិកាបន្ថែមចំនួន៣.២៥០.០០០ដុល្លារអូស្ត្រាលី (ប្រហែល២លាន៣សែនដុល្លារសហរដ្ឋអាមេរិក)ដល់សាលាក្តីខ្មែរក្រហមសម្រាប់ដំណើរការនៅផ្នែកភាគីអន្តរជាតិនៃសាលាក្តីនេះ៕