កិច្ចឈប់បាញ់គ្នារយៈពេល ៤ ថ្ងៃរវាងប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) បានចូលដល់ថ្ងៃចុងក្រោយដែលគ្រោងទុកនៅថ្ងៃចន្ទនេះ ដោយគេរំពឹងថា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនបន្ថែមទៀត ហើយក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងបន្ថែមទៀត នៅចំពេលមានការជំរុញឱ្យពន្យារកិច្ចឈប់បាញ់គ្នានេះបន្តទៅមុខទៀត។
ក្រុមហាម៉ាស់បានបង្ហាញថា ខ្លួននឹងពន្យារកិច្ចឈប់បាញ់គ្នានេះបន្ថែមទៀត។ ចំណែកឯនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu វិញ បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែលនឹងស្វាគមន៍ការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានេះដោយមានលក្ខខណ្ឌតម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង ១០ នាក់បន្ថែមទៀតក្នុងមួយថ្ងៃ។
កិច្ចព្រមព្រៀងដំបូងនេះដែលបានចូលជាធរមានបន្ទាប់ពីមានសង្គ្រាមរយៈពេល ៦ សប្ដាហ៍ តម្រូវឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងសរុប ៥០ នាក់ ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ១៥០ នាក់ និងឱ្យមានការផ្អាកការប្រយុទ្ធគ្នា។
លោក Avihai Brodutch ឱបកូនៗរបស់លោក ក្រោយពីលោកត្រូវបានដោះលែងដោយក្រុមហាម៉ាស់ នៅមណ្ឌលថែទាំសុខភាពកុមារ Schneider ក្នុងប្រទេសអ៊ីស្រាអែល នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា ជនជាតិអ៊ីស្រាអែល ៣៩ នាក់ ជនជាតិប៉ាឡេស្ទីន ១១៧ នាក់ និងជនបរទេស ១៩ នាក់ត្រូវបានដោះលែង។
សហរដ្ឋអាមេរិក ប្រទេសអេហ្ស៊ីប និងប្រទេសកាតាស្ថិតក្នុងចំណោមប្រទេសដែលតស៊ូមតិឱ្យមានការពន្យារបន្ថែមនូវកិច្ចឈប់បាញ់គ្នានេះបន្ទាប់ពីបានធ្វើការឱ្យមានកិច្ចឈប់បាញ់គ្នារយៈពេល ៤ ថ្ងៃនេះកើតឡើង។
សេតវិមានបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោក Netanyahu បាននិយាយជាមួយគ្នាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យអំពីការដោះលែងចំណាប់ខ្មាំង និងថាពួកគេបានពិភាក្សាអំពីការផ្អាកការប្រយុទ្ធគ្នានិងការកើនឡើងនូវជំនួយមនុស្សធម៌បន្ថែមដែលត្រូវការចាំបាច់បំផុតនៅក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។