កំណត់និពន្ធ៖ យុវជនខ្មែរមួយរួបបានក្លាយជាជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតផ្នែកព័ត៌មានវិទ្យាថ្នាក់ពិភពលោកដែលមានឈ្មោះថា Microsoft Office Specialist World Champion 2015 នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីដើមខែសីហាកន្លងទៅ។ នាង នូវ ពៅលក្ខិណានៃ VOA បានធ្វើបទសម្ភាសន៍អំពីការប្រកួតនេះជាមួយយុវជន គង់ ឌីវីន ដែលជាជ័យលាភីក្នុងការប្រកួតប្រជែងលំដាប់ពិភពលោកនេះ។
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
Your browser doesn’t support HTML5
បទសម្ភាសន៍ជាមួយ គង់ ឌីវីន៖ ជ័យលាភីចំណាត់ថ្នាក់លេខ២នៃកម្មវិធី Microsoft Office Specialist World Champion 2015
VOA៖ សួស្តី ឌីវីន! សូមស្វាគមន៍ និងអរគុណសម្រាប់ការផ្តល់បទសម្ភាសន៍ផ្ទាល់នៅក្នុងបន្ទប់ផ្សាយរបស់ VOA ក្នុងរាជធានីភ្នំពេញ។
គង់ ឌីវីន៖ សួស្តី!
VOA៖ ជាដំបូង សូមលោកជួយណែនាំត្រួសៗបន្តិចអំពីខ្លួនឯង និងអំពីកម្មវិធីដែលលោកទើបតែត្រឡប់មកពីប្រកួតនៅសហរដ្ឋអាមេរិក បន្តិចបានទេចា៎?
គង់ ឌីវីន៖ ខ្ញុំបាទឈ្មោះគង់ ឌីវីនជានិស្សិតឆ្នាំទី៤ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងជានិស្សិតឆ្នាំទី៤ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ កម្មវិធី ដែលខ្ញុំទើបតែមកពីការប្រកួតនេះឈ្មោះថា Microsoft Office Specialist World Champion 2015 រៀបចំដោយក្រុមហ៊ុន Certiport ដែលមានបេក្ខជនជាង៨០ម៉ឺននាក់សម្រាប់ការប្រកួតហ្នឹង មកពី១០៥ប្រទេស។ ប៉ុន្តែអ្នកដែលទៅដល់អាមេរិកគឺមាន១៤៥នាក់ទេ។ វាគឺជាការប្រកួត IT ធំជាងគេលើពិភពលោក។
VOA៖ តើការប្រកួតប្រជែងហ្នឹង វាមានលក្ខណៈដូចម្តេចដែរ? ហើយមានការលំបាកយ៉ាងណាខ្លះ?
គង់ ឌីវីន៖ ដំណាក់កាលនៃការប្រឡងគឺទី១គឺសាលាគេរើសបេក្ខជន១៥នាក់លើ៣មុខវិជ្ជាWord, Excel, Power Point ដើម្បីឲ្យក្រុមហ៊ុនរើសយកម្នាក់ក្នុងមួយមុខវិជ្ជាដើម្បីទៅប្រឡងថ្នាក់ជាតិ។ បន្ទាប់មកបានគេយកម្នាក់ក្នុងមួយមុខវិជ្ជាសរុបទៅ៣នាក់ដើម្បីយកទៅប្រកួតនៅសហរដ្ឋអាមេរិក។ ដល់ពេលទៅដល់អាមេរិក គេចែកចេញជា៦ផ្នែក។ ក្នុងម្នាក់ប្រឡងមួយផ្នែកគឺបេក្ខជនទាំង១៤៥នាក់។ ហើយគឺគេឲ្យលក្ខណៈ Project Base ដូចជា Word គេឲ្យជា Document Excel គេឲ្យជា Worksheet Power Point គេឲ្យជា Presentation Slide ដើម្បីឲ្យបេក្ខជនបង្កើតឡើងវិញឲ្យបានដូច ហើយរហ័ស។ គឺគេយក Project មួយចេញពីក្រុមហ៊ុនគឺ Slide របស់ក្រុមហ៊ុនដែលមានលក្ខណៈពិបាក ស៊ាំញ៉ាំដើម្បីឲ្យបេក្ខជនទាំងអស់ធ្វើឡើងវិញក្នុងរយៈពេល៥០នាទី។
ការលំបាកទី១គឺសំណួររបស់គេគឺមានលក្ខណៈពិបាកយល់បន្តិចសម្រាប់ខ្មែរ ពីព្រោះវាមានពាក្យបច្ចេកទេស និងពាក្យខ្លះមានលាក់បង្កប់ន័យមួយចំនួន ដែលយើងត្រូវព្យាយាមយល់ដើម្បីធ្វើឲ្យបានត្រឹមត្រូវតាម Guideline របស់គេ។ ហើយមួយទៀតគឺ បេក្ខជនដែលមកពីប្រទេសផ្សេងៗក៏មានសមត្ថភាពធ្វើបានរហ័សមែនទែន គឺត្រូវទាមទារឲ្យយើងធ្វើបានល្អឥតខ្ចោះ ហើយធ្វើលឿនថែមទៀតដើម្បីទទួលបានជ័យជំនះ។
VOA៖ បើតាមដឹង នេះមិនមែនជាលើកទីមួយទេ ដែលឌីវីនបានទៅប្រកួតកម្មវិធីនេះ។ ប៉ុន្តែឌីវីនមិនបានទទួលជោគជ័យទេ នៅពេលប្រកួតលើកមុន។ តើឌីវីនសង្កេតឃើញថា កត្តាអ្វីដែលធ្វើឲ្យឌីវីនទទួលបានជោគជ័យ?
គង់ ឌីវីន៖ បើប្រៀបធៀបទៅឆ្នាំមុនដែលខ្ញុំបរាជ័យ ហើយឆ្នាំនេះទទួលបានជោគជ័យគឺដោយសារតែយើងទទួលបានបទពិសោធន៍ពីឆ្នាំមុន ពីរបៀបនៃការប្រឡង ពីការធ្វើ និងរបៀបសួរសំណួរ ធ្វើម៉េចឲ្យបានដូចគេ ទទួលបានពិន្ទុល្អ។ ដូច្នេះយើងអាចត្រៀមខ្លួនបានល្អជាងមុន អាចស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត Resource ផ្សេងៗតាមប្រព័ន្ធអ៊ីនធើណិតយកមកសិក្សារៀនសូត្របន្ថែម។
ការដែលជំរុញឲ្យខ្ញុំប្រឡងលើកទី២នេះគឺដោយសារតែលើកទីមួយខ្ញុំបរាជ័យ។ ខ្ញុំទទួលការបាក់ទឹកចិត្ត និងមើលឃើញប្រទេសគេដែលជាប់ជ័យលាភីគឺគេមានមោទនភាព ធ្វើឲ្យខ្ញុំចង់បានជោគជ័យដូចគេ ចង់នាំមោទនភាពមកប្រទេសដូចគេ។ ហើយក៏ធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែងឡើងវិញ មកដល់គឺខិតខំធ្វើ អនុវត្តដដែលៗដើម្បីឲ្យយើងធ្វើបានរហ័ស ហើយនឹងព្យាយាមរៀនពី Tip and Trick ផ្សេងៗចេញពី YouTube និងOnline Materialsមួយចំនួនដើម្បីឲ្យទៅប្រកួតឲ្យឈ្នះ ដើម្បីនាំកិត្តិយសមកប្រទេសវិញដូចគេដែរ។
VOA៖ អញ្ចឹងជួយរៀបរាប់អារម្មណ៍របស់ឌីវីនបន្តិចមក នៅពេលខ្លួនបានទទួលលទ្ធផលនេះ។
គង់ ឌីវីន៖ មានអារម្មណ៍ភ្ញាក់ផ្អើលមែនទែន ហើយវាជាអ្វីដែលយើងអត់បានរំពឹងទុកពីព្រោះបេក្ខជនដែលបានលេខ៣គឺគាត់ធ្វើបានហើយមុនម៉ោង មុនយើង។ ដូច្នេះពេលចេញលទ្ធផលមកគឺយើងអស់សង្ឃឹមបាត់ទៅហើយ។ ក៏ប៉ុន្តែស្រាប់តែមានឈ្មោះយើង Cambodia នៅលើអេក្រង់ដ៏ធំរបស់គេហ្នឹង គឺធ្វើឲ្យមានការភ្ញាក់ផ្អើល និងរំភើបមែនទែន។
VOA៖ សម្រាប់ឌីវីនដែលជាអ្នកស្រឡាញ់បច្ចេកវិទ្យា តើយល់ថា ឧបករណ៍អេឡិចត្រូនិច និងអ៊ីនធើណិតបានចូលរួមចំណែកអ្វីខ្លះដល់ជោគជ័យរបស់ខ្លួន?
គង់ ឌីវីន៖ ការដែលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចជាមួយនិងប្រព័ន្ធអ៊ីនធើណិតគឺចូលរួមយ៉ាងច្រើនក្នុងការយកជ័យជំនះមួយនេះ ពីព្រោះហេតុអី? ផ្នែកព័ត៌មានវិទ្យានេះគឺមានមេរៀនមួយចំនួន សឹងតែទាំងអស់គឺនៅលើអ៊ីនធើណិត ព្រោះភាគច្រើនអត់មានជាសៀវភៅ ជាអី ដែលបោះពុម្ពជាភាសាខ្មែរទេ។ ដូច្នេះគឺមេរៀនទាំងអស់គឺយើងមើលជា E-Book ជា Video Youtube និង Online Courses មួយចំនួន។
VOA៖ តើឌីវីនគិតថា ជ័យជម្នះបានរួមចំណែកអ្វីខ្លះដល់សាម៉ីខ្លួន អាជីពការងារនាពេលអនាគត និងសម្រាប់ប្រទេសកម្ពុជា?
គង់ ឌីវីន៖ ការឈ្នះនេះគឺ ធ្វើឲ្យខ្ញុំទទួលបានផលប្រយោជន៍មួយចំនួន ដូចជាផ្នែក Microsoft Office នេះគឺជាការងារមួយដែលចាំបាច់ក្នុងការងារផ្សេងៗ ដូច្នេះការផ្សាយរកការងារមួយចំនួន គេតែងតែបញ្ចូលថា អ្នកហ្នឹងត្រូវចេះ Microsoft Office ដូច្នេះវាជំរុញឲ្យខ្ញុំរកការងារធ្វើបានល្អជាងមុន។ ហើយទៀតសោត វាក៏ជាផ្នែកមួយដែលជំរុញឲ្យកូនខ្មែរយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅប្រកួតប្រជែងនៅក្រៅប្រទេសផ្នែកព័ត៌មានវិទ្យាជាមួយប្រទេសដទៃទៀត។
VOA៖ សូមអរគុណឌីវីន យ៉ាងខ្លាំងដែលបានចែករំលែកបទពិសោធន៍អំពីការប្រកួតនេះ ដល់ប្រិយមិត្ត VOA ជាពិសេសយុវជនកម្ពុជា ដែលកំពុងតែខិតខំបង្កើតស្នាដៃផ្សេងៗ ឬក៏ការប្រកួតនានា ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។
គង់ ឌីវីន៖ បាទ ជម្រាបលា៕