នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយ ប្រសិនបើគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងអំពើរបស់លោក កឹម សុខា ដែលរដ្ឋាភិបាលលើកឡើងថាជា «អំពើក្បត់ជាតិ»។ អនុប្រធានគណបក្សប្រឆាំង និងក្រុមអ្នកឃ្លាំមើលសា្ថនការណ៍នយោបាយលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ នោះនឹងធ្វើឲ្យកម្ពុជាមានភាពខាតបង់យ៉ាងធំ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃចន្ទនេះព្រមានថា គណបក្សសង្គ្រោះជាតិអាចនឹងត្រូវរំលាយចោល ប្រសិនបើគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងករណី លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលទើបត្រូវបានតុលាការសម្រេចចោទប្រកាន់និងឃុំខ្លួននៅពន្ធនាគាររឿងក្បត់ជាតិ។
ក្នុងពិធីចែកសញ្ញាប័ត្រមួយនៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងដោយសំដៅលើលោក កឹម សុខា និងគណបក្សសង្គ្រោះជាតិថា ជនដែលប្រព្រឹត្តអំពើក្បត់ជាតិ និងគណបក្សនយោបាយដែលជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នឹង«មិនត្រូវបានអត់ឱន» ឲ្យបាននោះទេ។ លោកបន្ថែមថា ជាតិខ្មែរទាំងមូលនឹងត្រូវរងគ្រោះ ប្រសិនបើកម្ពុជាមិនបានរកឃើញទង្វើក្បត់ជាតិរបស់លោកកឹម សុខា។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«សម្រាប់អ្នកអំពើក្បត់ជាតិ មិនត្រូវបានទទួលការអត់ឱនទេ។ សភាបើកការប្រជុំនៅថ្ងៃនេះ បើអំពើក្បត់ជាតិនេះត្រូវបានសមគំនិតដោយក្របខណ្ឌបក្សទាំងមូល បក្សនោះ ក៏នឹងត្រូវទទួលរងនូវការដាក់ពិន័យខាងផ្នែកច្បាប់ គឺរំលាយគណបក្សនយោបាយចោលតែម្តង»។
លោកនាយករដ្ឋមន្រ្តី ដែលកាន់អំណាចជិត៤០ឆ្នាំ និងទើបតែប្រកាសថា នឹងបន្តកាន់អំណាចរហូតដល់រយៈពេល១០ឆ្នាំទៀតរូបនេះបន្ថែមថា អវត្តមានរបស់គណបក្សសង្រ្គោះជាតិ នឹងមិនធ្វើប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតនោះទេ ដោយលោកថា ការបោះឆ្នោតនាឆ្នាំ២០១៨ខាងមុខ នឹងមានគណបក្សនយោបាយជាច្រើនទៀតចូលរួម។
លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវបានសមត្ថកិច្ចសម្រុកចូលក្នុងផ្ទះចាប់ខ្លួនលោកទាំងកណ្តាលយប់ កាលពីថ្ងៃទី៣ ខែកញ្ញានេះ ដោយសំអាងលើការថ្លែងរបស់លោកនៅក្នុងវីដេអូខ្លីមួយ ដែលគេចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។ តាមរយៈវីដេអូខ្លីដែលគ្មានកាលបរិច្ឆេទនោះ លោក កឹម សុខា បានថ្លែងទៅកាន់អ្នកគាំទ្រក្នុងប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ ដោយបានលើកឡើងអំពីយុទ្ធសាស្ត្រនយោបាយរបស់គណបក្សជំទាស់ តទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន។
រូបឯកសារ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលជាបទល្មើសស្មើនឹងអំពើក្បត់ជាតិ ហើយអាចប្រឈមនឹងការដាក់ទោសក្នុងពន្ធនាគារដល់៣០ឆ្នាំ។ លោកត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនកាលពីថ្ងៃចន្ទ ធ្វើឡើងស្របពេលដែលរដ្ឋសភាជាតិដែលមានតែក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បើកកិច្ចប្រជុំវិសាមញ្ញសម្រេចឲ្យក្រសួងមានសមត្ថកិច្ចបន្តនីតិវិធីចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួនលោក កឹម សុខា ក្នុងសំឡេង៦៧លើ៦៧របស់បក្សកាន់អំណាច។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិមិនបានបញ្ជាក់លម្អិតពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ហ៊ុន សែន នោះទេ ដោយលោកស្រីគ្រាន់តែប្រាប់ VOA ថា ការរំលាយគណបក្សសង្គ្រោះជាតិនឹងធ្វើឲ្យកម្ពុជាមានការខាតបង់យ៉ាងធំ។ អ្នកស្រីបានបន្ថែមដោយទទូចឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងធានាឲ្យការបោះឆ្នោតនាពេលខាងមុខមានភាពសេរី និងយុត្តិធម៌។
អ្នកស្រី មូរ សុខហួរបញ្ជាក់ថា៖
«សូមឲ្យមានការបោះឆ្នោតត្រឹមត្រូវ សេរី និងយុត្តិធម៌។ បើសិនជារំលាយគណបក្សសង្គ្រោះជាតិ ខ្ញុំជឿជាក់ថាមិនអាចមានការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី និងយុត្តិធម៌ ហើយជាការបង់ខាតយ៉ាងធំដល់ប្រជាធិបតេយ្យ និងដល់ប្រទេសជាតិយើង»។
រូបឯកសារ៖ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ជាមួយ VOA ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
លោក សូ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយលើកឡើងថា ប្រសិនជាគណបក្សសង្គ្រោះជាតិដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជាត្រូវបានរំលាយចោល នោះកម្ពុជានឹងត្រូវខាតបង់យ៉ាងធ្ងន់ធ្ងរទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកការទូតជាមួយបណ្តាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗ។
លោក សូ ចន្ថា មានប្រសាសន៍ថា៖
«កាលណារំលាយគណបក្សប្រឆាំងអាចនឹងប៉ះពាល់ទៅដល់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិផង ប៉ះពាល់ទៅដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយអ្វីដែលពិសេសជាងនេះទៀតអាចនឹងត្រូវបានគេរិះគន់ ឬត្រូវបានសាធារណៈមតិជាតិ អន្តរជាតិមើលឃើញថាកម្ពុជាកំពុងតែត្រឡប់ទៅរកអតីតកាលវិញ គឺប្រវត្តិសាស្រ្តនៃការដែលកម្ពុជានឹងដើរទៅលើគន្លងមួយដែលយើងហៅថាមិនមែនជាប្រជាធិបតេយ្យ»។
ចំណែកលោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម មានប្រសាសន៍ថា រដ្ឋាភិបាលអាចរំលាយគណបក្សសង្គ្រោះជាតិបាន ប្រសិនបើយោងលើច្បាប់ដែលទើបតែត្រូវបានធ្វើវិសោធនកម្មដោយគណបក្សកាន់អំណាច។ ទោះជាយ៉ាងណាលោកថា ការរំលាយគណបក្សប្រឆាំង នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាក្លាយជារដ្ឋាភិបាលតែលតោល។
លោក មាស នី បញ្ជាក់ថា៖
«សម្រាប់ផ្លូវនយោបាយវិញខ្ញុំគិតថាមិនអាចធ្វើទៅបានភ្លាមៗទេ ហើយបើធ្វើក៏រដ្ឋាភិបាលហ្នឹងត្រូវទទួលរងហានិភ័យខ្ពស់សម្រាប់វាសនាអនាគតរបស់រដ្ឋាភិបាលមួយដែលពុំមានគណបក្សប្រឆាំងចូលរួមនៅក្នុងប្រទេសខ្មែរខាងមុខ បញ្ហាទាំងការបោះឆ្នោត បញ្ហាទាំងដំណើរការពីថ្ងៃនេះ រហូតដល់ថ្ងៃបោះឆ្នោត»។
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
នៅព្រឹកថ្ងៃចន្ទនេះផងដែរ ក្រុមតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ១៧ រូបបានទៅពន្ធនាគារត្រពាំងផ្លុង ជាពន្ធនាគារដែលសមត្ថកិច្ចកំពុងឃុំខ្លួនលោក កឹម សុខា ដើម្បីសួរសុខទុក្ខប្រធានបក្សជំទាស់មួយនេះ ក៏ប៉ុន្តែក្រុមតំណាងរាស្ត្ររបស់បក្សជំទាស់ ត្រូវបានរារាំងដោយអាជ្ញាធរ ដែលដាក់របាំងការពាររួចជាស្រេច។
ឈរនៅខាងមុខពន្ធនាគារត្រពាំងផ្លុង ដែលមានការពង្រាយកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់រួមទាំងទាហានផងនោះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំងបានថ្លែងថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានស្នើទៅតុលាការចំនួនពីរដងដើម្បីស្នើចូលសួរសុខទុក្ខលោក កឹម សុខា ប៉ុន្តែលោកស្រីថា តុលាការបដិសេធ។ ទោះជាយ៉ាងណាលោកស្រីថា ក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នឹងទៅខាងមុខពន្ធនាគារត្រពាំងផ្លុងជារៀងរាល់ថ្ងៃចន្ទ ដើម្បីទទូចឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានចូលសួរសុខទុក្ខលោកកឹម សុខា។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃចន្ទនេះ តែមិនមានការឆ្លើយតបណាមួយនោះទេ។
ក្រោយការចាប់ខ្លួនមេបក្សជំទាស់ដ៏ធំនៅកម្ពុជា សហគមន៍អន្តរជាតិ រួមមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុប អង្គការសហប្រជាជាតិ អូស្ត្រាលី អង់គ្លេស និងអង្គការអន្តរជាតិធំៗ បានប្រតិកម្មជាបន្តបន្ទាប់ប្រឆាំងទៅនឹងការចាប់ខ្លួនសមាជិកសភាក្នុងអភ័យឯកសិទ្ធិទាំងកណ្តាលយប់ដូច្នេះ។ ពួកគេក៏បានសម្តែងក្តីបារម្ភចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា និងបានចោទសួរចំពោះការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងពេលបោះឆ្នោត ឆ្នាំ២០១៨ខាងមុខ។ ទោះជាយ៉ាងណា ការបារម្ភនេះត្រូវបានច្រានចោល ដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងបានរំឭកដល់អង្គរដ្ឋទូតទាំងអស់ឲ្យគោរពឯករាជ្យ អធិបតេយ្យភាព អព្យាក្រឹត្យ និងច្បាប់កម្ពុជា និងកុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា លោក កឹម សុខា បានប្រព្រឹត្តបទល្មើសក្បត់ជាតិ ដែលត្រូវចាត់ការដោយតុលាការ៕