នៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានប្រកាសមិនឲ្យមានស្ថានភាពនយោបាយដូចកាលពីការបោះឆ្នោតឆ្នាំ២០១៣ និងមិនឲ្យមានបន្ទប់ស្ថានការណ៍ ដើម្បីឃ្លាំមើលការបោះឆ្នោត កើតមានក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតដ៏សំខាន់នោះទេ។ ការប្រកាសនេះត្រូវបានសង្គមស៊ីវិល និងបក្សប្រឆាំងលើកឡើងថា អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការ និងលទ្ធផលបោះឆ្នោតខាងមុខ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារនេះ បានបន្តព្រមានក្រុមប្រឆាំង និងសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ដោយប្រកាសមិនឲ្យមានស្ថានភាពនយោបាយ ដូចកាលពីការបោះឆ្នោតឆ្នាំ២០១៣ ម្តងទៀតនោះទេ។ លោក ហ៊ុន សែនក៏បានប្រកាសមិនឱ្យមានការបង្កើតបន្ទប់ស្ថានការណ៍ ដើម្បីឃ្លាំមើលការបោះឆ្នោត ខណៈការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ នឹងធ្វើឡើងក្នុងរយៈពេល១១ខែទៀត។
ថ្លែងក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឡើងក្នុងវិមានសន្តិភាព លោក ហ៊ុន សែន បានលើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខនេះ លោកនឹងមិនអនុញ្ញាតឲ្យមានការធ្វើបាតុកម្មតវ៉ាមិនទទួលស្គាល់លទ្ធផល និងការជេរប្រមាថណាមួយ ដូចកាលពីការបោះឆ្នោតឆ្នាំ២០១៣ កើតឡើងម្តងទៀតនោះទេ។ លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បានព្រមានក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការឃ្លាំមើល ការបោះឆ្នោត និងម្ចាស់ជំនួយបរទេសរបស់ពួកគេចំៗឈ្មោះថា នឹងមិនឲ្យមាន «បន្ទប់ស្ថានការណ៍» ដែលបង្កើតបានរបាយការណ៍បង្ហាញពីភាពអវិជ្ជមាន ឬភាពមិនប្រក្រតីពាក់ព័ន្ធនឹងការបោះឆ្នោត កើតមានក្នុងឆ្នាំ២០១៨ ផងដែរ។
លោក ហ៊ុន សែន ដ៏មានឥទ្ធិពលព្រមានយ៉ាងដូច្នេះ៖
«អាបន្ទប់ស្ថានការណ៍ អត់មានឲ្យកើតឡើងវិញទេណា។ ឯកឧត្ដមអេហ្គា [George Eagar, EU ambassador of Cambodia] ឯកឧត្ដម ឯង ក្រុមពួកឯកឧត្ដម ឯង អ្នកផ្ដល់លុយឲ្យពួកអាបន្ទប់ស្ថានការណ៍ អាបន្ទប់ស្ថានការណ៍មិនខុសពីទីបញ្ជាការសមរភូមិទេ រឿងអីដែលអ្នកឯងត្រូវបង្កើតនៅកម្ពុជា? រដ្ឋមន្ត្រីមហាផ្ទៃរបស់ខ្ញុំមិនអនុញ្ញាតឲ្យអ្នកឯងបង្កើតអាហ្នឹងទេ។ ឥឡូវខ្ញុំដឹង អ្នកណាទម្លាក់លុយឲ្យអាខុមហ្វ្រែល អ្នកណាទម្លាក់លុយឲ្យអាណា។ ខ្ញុំដឹង! ប្រយ័ត្នណា! ច្បាប់ស្តីពីគណបក្សនយោបាយ អត់មានឲ្យអ្នកឯងមកពាក់ព័ន្ធ»។
បន្ទប់ស្ថានការណ៍បានបង្កើតឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៤០ ក្នុងនោះត្រូវបានគេស្គាល់ថា មានអង្គការខុមហ្វ្រែល និងនិចហ្វិច ជាអង្គការបង្គោលក្នុងការបង្កើតឲ្យមានបន្ទប់ស្ថានការណ៍ ឃ្លាំមើលស្ថានការណ៍ក្នុងពេលការបោះឆ្នោតនាពេលកន្លងមក។
រូបឯកសារ៖ ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតនាថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៧ បានវាយតម្លៃចុងក្រោយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅមិនទាន់សេរី និតយុត្តិធម៌ពេញលេញ។ (ហ៊ុល រស្មី/VOA)
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ បន្ទប់ស្ថានការណ៍បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីបញ្ហាមួយចំនួនដែលបានកើតឡើងមុន និងក្រោយថ្ងៃបោះឆ្នោត បរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយខ្វះសមភាព និងភាពចម្រូងចម្រាសនៃបទបញ្ញត្តិក្នុងក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយជាដើម។
សេចក្តីថ្លែងការណ៍របស់បន្ទប់ស្ថានការណ៍ដែលផ្សាយចេញនាខែមិថុនា បានធ្វើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានការខឹងសម្បាយ៉ាងខ្លាំង និងបានបញ្ជាឲ្យក្រសួងមហាផ្ទៃពិនិត្យផ្លូវច្បាប់លើក្រុមបន្ទប់ស្ថានការណ៍នោះជាបន្ទាន់។ ក្រោយមកក្រសួងមហាផ្ទៃបានបញ្ជាក់ថា បណ្តុំអង្គការសង្គមស៊ីវិលជាង៤០ ដែលបានបង្កើតជា «បន្ទប់ស្ថានការណ៍» វាយតម្លៃការបោះឆ្នោតនោះ បានធ្វើសកម្មភាព ដែលមិនមានភាពអព្យាក្រឹតសម្រាប់គណបក្សនយោបាយនីមួយៗ ព្រមទាំងបានបញ្ជាឲ្យបន្ទប់ស្ថានការណ៍បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់ខ្លួន។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ក្រសួងមហាផ្ទៃ ដែលជាស្ថាប័នរដ្ឋាភិបាល ហាមដាច់ខាតមិនឲ្យមានការបង្កើតនូវបន្ទប់ស្ថានការណ៍ទៀតនោះទេ បើទោះ ជាកន្លងមកស្ថាប័នជាតិរៀបចំការបោះឆ្នោតបានលើកឡើងថា ក្រុមបន្ទប់ស្ថានការណ៍អាចចុះបញ្ជីដើម្បីដំណើរការឲ្យស្របតាមច្បាប់ក៏ដោយ។ លោកបន្ថែមថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើក្រុមអង្គការសង្គមស៊ីវិលទាំងនោះនៅតែរឹងរូស មិនអនុវត្តតាម។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ថា៖
«ទុកភារកិច្ចឲ្យ គ.ជ.ប ចុះ។គេជាស្ថាប័នមួយឯករាជ្យពីរដ្ឋាភិបាល គេគិតយ៉ាងម៉េចគិតទៅ។ ប៉ុន្តែបើស្ថាប័នរបស់រដ្ឋាភិបាល គឺហាមដាច់ខាតមិនឲ្យមានជាបន្តទៅទៀត ព្រោះជាការងារធ្វើឡើងដោយគ្មានច្បាប់អនុញ្ញាត។ បើធ្វើខុសច្បាប់គឺ យើងគ្មានអី គឺយើងមានតែយកច្បាប់ទៅបន្សាបហើយ»។
រូបឯកសារ៖ លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បត៌៍ ទី១១ ខែសីហា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។(ឡេង ឡែន/VOA)
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទេនាល្ងាចថ្ងៃអង្គារនេះ។ ទោះជាយ៉ាងណា កន្លងមកអ្នកនាំពាក្យ គ.ជ.ប រូបនេះ បានលើកឡើងថា ដើម្បីឲ្យសកម្មភាពរបស់បន្ទប់ស្ថានការណ៍មានភាពស្របច្បាប់ លុះត្រាតែពួកគេចុះបញ្ជីនៅក្រសួងមហាផ្ទៃជាមុនសិន។
លោក សុន ឆ័យ ប្រធានក្រុមតំណារាស្រ្តគណបក្សសង្គ្រោះជាតិលើកឡើងថា ប្រជាពលរដ្ឋត្រូវតែមានសិទ្ធិក្នុងការបញ្ចេញមតិ ហើយថា រាល់សិទ្ធិទាំងនោះត្រូវតែបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។ លោកបន្ថែមថា រដ្ឋាភិបាលមិនគួរបិទ ឬបញ្ឈប់មិនឲ្យមានក្រុមបន្ទប់ស្ថានការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោតនោះទេ ដែលលោកអះអាងថា ក្រុមបន្ទប់ស្ថានការណ៍ទាំងនោះ អាចជួយផ្ទៀងផ្ទាត់ដំណើរការនៃការបោះឆ្នោត ព្រមទាំងលទ្ធផលនៃការបោះឆ្នោត ឲ្យកាន់តែមានភាពត្រឹមត្រូវ។
លោក សុន ឆ័យ បញ្ជាក់ថា៖
«គ្មានបុគ្គលណានៅក្នុងប្រទេសដែលប្រើសិទ្ធិអំណាច ដែលបំពានទៅលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។ រដ្ឋធម្មនុញ្ញបានចែងអំពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួម ក្នុងការងារនយោបាយ សិទ្ធិក្នុងការបង្កើតសហគមន៍ សមាគម សិទ្ធិក្នុងការបញ្ចេញមតិអីជាដើម។ ហើយក្រុមបន្ទប់ស្ថានការណ៍អីហ្នឹង សុទ្ធតែអង្គការដែលតាមដានឃ្លាំមើលស្ថានការណ៍បោះឆ្នោត ហើយយកការរកឃើញរបស់គាត់ហ្នឹង ចេញជាការណែនាំ ឬក៏យោបល់ ទៅឲ្យស្ថាប័នពាក់ព័ន្ធហ្នឹងឲ្យកែលម្អ ឬក៏ប្រព្រឹត្តឲ្យបានត្រឹមត្រូវអីជាដើម»។
រូបឯកសារ៖ លោកសុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ (ឡេង ឡែន/VOA)
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល ដែលជាអង្គការបង្គោលមួយក្នុងការបង្កើតបន្ទប់ស្ថានការណ៍ លើកឡើងថា បន្ទប់ស្ថានការណ៍ បង្កើតឡើងដោយក្រុមអង្គការដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងធ្វើការងារប្រកបដោយអព្យាក្រឹត្យ មិនលម្អៀងទៅគណបក្សនយោបាយណាមួយនោះទេ។ លោកបន្ថែមថា ការបិទ ឬបញ្ឈប់មិនឲ្យបង្កើតនូវបន្ទប់ស្ថានការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោតក្នុងឆ្នាំ២០១៨ខាងមុខ នឹងធ្វើឲ្យដំណើរការនៃការបោះឆ្នោតនោះប្រព្រឹត្តទៅដោយមិនគ្រប់ជ្រុងជ្រោយ។
លោក កន សាវាង្ស មានប្រសាសន៍ថា៖
«ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ គេមានការបើក ឲ្យមានការចូលរូមពីសង្គមស៊ីវិល ពីភាគីពាក់ព័ន្ធ។ អញ្ចឹងអានេះគឺជា ការចូលរួមមួយរបស់សង្គមស៊ីវិល ពីភាគីពាក់ព័ន្ធ ទាក់ទងទៅលើការឃ្លាំមើល។ ហើយបើសិនជាការឃ្លាំមើលត្រូវបានហាមឃាត់ អានេះគឺថាតើដំណើរការវាបែបណាអី ទុកឲ្យខាងមតិសាធារណៈជនគេវាយតម្លៃចុះ»។
កាលពីសប្តាហ៍មុន អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាដែលទើបចាកចេញពីកម្ពុជាក្រោយទស្សនកិច្ចរយៈពេល១០ថ្ងៃ បានផ្តល់អនុសាសន៍ថា កម្ពុជាត្រូវធានាឲ្យបាននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងត្រូវផ្តល់សិទ្ធិឲ្យក្រុមអង្គការសង្គមស៊ីវិលអនុវត្តន៍សិទ្ធិរបស់ពួកគេ ដោយមិនប្រកាន់និន្នាការនយោបាយ។ ជាងនេះទៀត អ្នកស្រីបានថ្លែងគាំទ្រក្នុងការបើកឲ្យមាន «បន្ទប់ស្ថានការណ៍» ដើម្បីឃ្លាំមើលភាពត្រឹមត្រូវក្នុងការបោះឆ្នោតនាពេលខាងមុខ៕