អ្នកវិភាគនិយាយថា វាល្មមដល់ពេលដែលកម្ពុជា មានថ្នាក់ដឹកនាំនយោបាយ ជាយុវជនជំនាន់ក្រោយ ហើយបន្ទាប់ពីប្រទេសនេះ ត្រូវបានដឹកនាំដោយមនុស្សជំនាន់ចាស់អស់រយៈពេលជាង៣ទសវត្សរ៍កន្លងមកនេះ។
លោក យឿង សុធារ៉ា អ្នកវិភាគឯករាជ្យវ័យក្មេងនៃក្រុមកាហ្វេនយោបាយ ឬ Politikoffee បានថ្លែងយ៉ាងដូច្នេះ នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
«ទោះបីជាអ្នកដឹកនាំដែលកើតក្នុងសម័យសង្គ្រាមឬមុនហ្នឹង មានបទពិសោធន៍ក្រាស់ក្រែល ប៉ុន្តែ ម៉ូដែលដឹកនាំរបស់គាត់ ចាស់គំរិល ដោយសារគាត់មិនបានចូលសាលា មិនបានរៀនបានជ្រៅជ្រះ ដោយសារតែរវល់គេចគ្រាប់ជាដើម អញ្ចឹងរបៀបដឹកនាំរបស់ពួកគាត់ហ្នឹង គឺតាមតែគាត់នឹកឃើញ ហើយធ្វើតាមលំអានតៗគ្នា។»
Your browser doesn’t support HTML5
Hello VOA៖ អ្នកវិភាគថា កម្ពុជាល្មមដល់ពេលមានថ្នាក់ដឹកនាំជំនាន់ក្រោយហើយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវ័យជាង៦០ឆ្នាំបា្លយ បានដឹកនាំប្រទេសកម្ពុជាអស់ជាង៣០ឆ្នាំមកហើយ ហើយមន្ត្រីរដ្ឋាភិបាលភាគច្រើនរបស់លោក ត្រូវគេជឿថា សុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហមនិងអតីតយុទ្ធជន ដែលបានឆ្លងកាត់សម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង៥ទសវត្សចុងក្រោយនេះ។
ក្រុមអ្នកទិតៀន បានលើកឡើងថា ការដឹកនាំប្រទេសតាមរបៀបក្រុមបក្សពួក ដែលនៅរស់រានពីសង្គ្រាមនេះ មិនបានធ្វើឲ្យប្រទេសឈានទៅរកភាពរីកចម្រើនជឿនលឿន ទាន់ការវិវត្តក្នុងសម័យកាលទំនើបនេះទេ។
លោក យឿង សុធារ៉ា សមាជិកក្រុមអ្នកវិភាគឯករាជ្យវ័យក្មេងនៃបណ្តាញ«កាហ្វេនយោបាយ» Politikoffee ចូលរួមជាវាគ្មិនពិភាក្សអំពី «ឱកាសសម្រាប់អ្នកដឹកនាំខ្មែរជំនាន់ក្រោយនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧/១៨» នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ (លឹម សុធី/VOA)
លោក យឿង សុធារ៉ា ថ្លែងថា ការផ្ទេរតួនាទីដឹកនាំពីមនុស្សជំនាន់ចាស់មកយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមនេះ គឺមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសទៅមុខក្នុងល្បឿនលឿនទៅតាមការវិវត្តទាំងក្នុងតំបន់និងលើសាកលលោក។
«ពីព្រោះយុវជនសម័យឥឡូវ ទោះបីជាគាត់នៅក្មេង ប៉ុន្តែគាត់មានការយល់ដឹងច្រើន ដោយសារសង្គមសម័យនេះ គឺជាសង្គមអ៊ីនធឺណិត។ ហើយតាមរយៈ អ៊ីនធឺណិតនេះ ចំណេះដឹងអាចរកបានគ្រប់កន្លែង ដោយគ្រាន់តែប្រើម្រាមដៃ ក៏អាចរកបានដែរ។»
កម្ពុជាជាប្រទេសដែលមានពលរដ្ឋភាគច្រើនមានអាយុក្រោម៣៥ឆ្នាំ។ យុវជនទាំងនេះ ត្រូវគេជឿថា មានការរំពឹងខ្ពស់ជាងជំនាន់ឪពុកម្តាយឬជីដូនជីតារបស់ពួកគេ ក្នុងការឃើញសង្គមកម្ពុជាមួយ ដែលមានការរីកចម្រើនទៅមុខ យ៉ាងហោចណាស់ក៏ប្រដំប្រសងជាមួយប្រទេសដទៃទៀតក្នុងតំបន់ដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុន បានថ្លែងជាសាធារណៈថា លោកកំពុងពិចារណារុះរើគណៈរដ្ឋមន្ត្រីរបស់លោក ក្រោយពីលោកសង្កេតឃើញរដ្ឋមន្ត្រីមួយចំនួនរបស់លោក មានភាព«ស្ទក់»ក្នុងការបំពេញការងារបម្រើសេវាសាធារណៈជូនពលរដ្ឋរបស់ខ្លួន។
តែទោះជាយ៉ាងនេះក្តី អ្នករិះគន់ លើកឡើងថា ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រីនេះ ធ្វើឡើង តែមុនពេលបោះឆ្នោត ហើយថា បើទោះជាលោកអនុញ្ញាតឲ្យយុវជន មានឱកាសទទួលបានតួនាទីដឹកនាំនយោបាយក៏ដោយ ក៏តួនាទីទាំងនោះ ត្រូវបានរក្សាទុកសម្រាប់តែកូនចៅ និងក្រុមបក្សពួករបស់លោកតែប៉ុណ្ណោះ។
លោក ស៊ុន ធន គឺជាអ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធី Hello VOA។
«យុវជនដែលមានឱកាសបន្តវៀនហ្នឹង គឺមានតែកូនរបស់មន្ត្រីរដ្ឋាភិបាលធំៗបច្ចុប្បន្ន ភាគច្រើន ដូច្នេះ យើងចង់ឃើញយុវជនទៅទៅ ដែលមានសមត្ថភាពដែរ អាចបន្តរៀនបាន មិនមែនតែកូនអ្នកគ្រ័គៗនោះទេ»។
លោក យឿង សុធារ៉ា មានប្រសាសន៍ថា គេគួរបើកឱកាសឲ្យបានទូលំទូលាយជាងនេះ ដើម្បីអនុញ្ញាតឲ្យយុវជន ដែលមិនមែនជាកូនអ្នកធំ មិនមានបក្សពួក ឬមិនសូវសេះអែបអបគេ ប៉ុន្តែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តវៀនពីមនុស្សជំនាន់ចាស់ ដើម្បីដឹកនាំប្រទេសជាតិ៕