រដ្ឋាភិបាលកម្ពុជាប្រកាសជោគជ័យដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងមិនអាចចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ប៉ុន្តែមិនអាចទប់ស្កាត់មិនឲ្យលោកសម រង្ស៊ី និងសហការីធ្វើសកម្មភាព និងយុទ្ធនាការការទូតនៅប្រទេសអាស៊ានមួយចំនួន ដូចតាមការស្នើសុំរបស់រដ្ឋាភិបាលខ្មែរកន្លងមក។
លោក កុយ គួង (ស្តាំ) អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ឈរថតរូបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ (រូបថតពីទំព័រហ្វេសប៊ុក Koug Koy)
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាប្រាប់ VOA នៅថ្ងៃពុធនេះថា គម្រោងដែលលោក សម រង្ស៊ី និងក្រុមរបស់លោកប្រកាសថាចូលមកធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលកម្ពុជាពីអំណាចនៅថ្ងៃទី៩ ខែវិច្ឆិកា ត្រូវបានបរាជ័យទាំងស្រុង។
លោក កុយ គួង បានថ្លែងថា៖
«តាមផែនការដូចគេតែងតែលើកឡើង គេប្តេជ្ញាមកផ្តួលរំលំរដ្ឋាភិបាល ដោយគេមកធ្វើចលនាបះបោរដោយកម្លាំងប្រជាពលរដ្ឋអីនៅថ្ងៃទី៩នោះ ទីបំផុតគឺថាសកម្មភាពគម្រោងទាំងប៉ុន្មាន គឺបានបរាជ័យទាំងស្រុង។ ដូច្នេះសកម្មភាពគេលេងសើចកម្រិតណាមួយនៅលើបណ្តាប្រទេសណាមួយនោះ គឺថាយើងមិនយកចិត្តទុកដាក់ មិនខ្វល់ខ្វាយពីរឿងហ្នឹងទេ»។
នៅប្រទេសម៉ាឡេស៊ី លោក និងសហការី ធ្វើសកម្មភាពជួបជាមួយថ្នាក់ដឹកនាំគណបក្សកាន់អំណាចម៉ាឡេស៊ី តំណាងរាស្រ្តប្រទេសនោះ និងការធ្វើសន្និសីទសារព័ត៌មានជាដើម តាំងពីថ្ងៃទី៩ វិច្ឆិកា មក។
ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី គឺជាប្រទេសអាស៊ានពីរ ដែលបានបង្ហាញជំហរមិនសហការតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជាឱ្យចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សប្រឆាំង ក្រោមហេតុផលសិទ្ធិមនុស្ស និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក។
លោក កុយ គួង បន្ថែមថា រដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតទៅប្រទេសថៃ ឡាវ និងវៀតណាម ដែលប្រទេសទាំងបីនេះមានសន្ធិសញ្ញាបត្យាប័នជាមួយកម្ពុជា ឲ្យចាប់បញ្ជូនក្រុមរបស់លោក សម រង្ស៊ី មកកម្ពុជាវិញ។ ប៉ុន្តែលោកថា ក្រៅពីប្រទេសអាស៊ានទាំងបីនេះ កម្ពុជាបានស្នើឲ្យប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀតឲ្យមានកិច្ចសហការជាមួយកម្ពុជាប៉ុណ្ណោះ ដូច្នេះលោកថា កម្ពុជាគោរពលើការសម្រេចរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ ដោយបន្តរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងនោះដដែល។
នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ ទីស្តីការគណៈរដ្ឋមន្រ្តីក៏បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយដោយប្រកាសថា ផែនការរបស់លោក សម រង្ស៊ី ដែលកំណត់យកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលនិងរបបរាជានិយមនៅកម្ពុជា ត្រូវបរាជ័យទាំងស្រុង ហើយថា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។
លោក សម រង្ស៊ី ដែលនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលជាង៤ឆ្នាំ តែងប្រកាសថា លោកនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលត្រូវជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីទម្លាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញពីអំណាច និងដើម្បីស្តារលទ្ធិប្រជាធិបតយ្យឡើងវិញ។ លោកក៏បានអំពាវនាវដល់ក្រុមកម្មករចំណាកស្រុកខ្មែរនៅក្នុងប្រទេសថៃ ឲ្យចូលរួមជាមួយលោកក្នុងអំឡុងនៃការឆ្លងកាត់ព្រំដែនពីប្រទេសថៃចូលមកកម្ពុជា។
រដ្ឋាភិបាលកម្ពុជាចាត់ទុកការវិលត្រឡប់របស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងថា ជាអំពើក្បត់ជាតិ និងជាការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល។ រដ្ឋាភិបាលក៏បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់កុំដឹកលោកសម រង្ស៊ី និងបក្ខពួកចូលមកកម្ពុជា ព្រមទាំងប្រកាសផ្ញើលិខិតទៅប្រទេសក្នុងតំបន់អាស៊ានទាំងអស់ ឲ្យជួយសហការជាមួយកម្ពុជាទប់ស្កាត់កុំឲ្យលោក សម រង្ស៊ី និងសហការី ឆ្លងកាត់ប្រទេសទាំងនោះ ដើម្បីចូលមកកម្ពុជាបាន។
ជាមួយគ្នានោះ រដ្ឋាភិបាលកម្ពុជាក៏បានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធបន្ថែមនៅទូទាំងប្រទេសនិងការរឹតបន្តឹងច្រកព្រំដែនប៉ោយប៉ែតមួយរយៈ មិនឲ្យប្រជាជនខ្មែរចេញចូល។
ក្រោយមានការទប់ស្កាត់ពីរដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី បានខកខានគម្រោងនៃការហោះចូលប្រទេសថៃ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ប៉ុន្តែលោកបានចូលទៅក្នុងប្រទេសម៉ាឡេស៊ីវិញជាមួយសហការីរបស់លោកនៅថ្ងៃ៩ ខែវិច្ឆិកា ហើយបានជួបអ្នកតំណាងរាស្ត្រម៉ាឡេស៊ីដើម្បីពិភាក្សាពីការស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
នៅប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី មូរ សុខហួរ អនុប្រធានមួយរូបទៀតរបស់គណបក្សប្រឆាំង បានធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុងហ្សាកាតាដោយនិយាយពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពេលនោះ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី បានចូលរំខានសន្និសីទសារព័ត៌មាននោះនិងបានទាមទារឱ្យប្រទេសឥណ្ឌូណេស៊ីចាប់ខ្លួនអ្នកស្រី មូរ សុខហួរ។ ប៉ុន្តែសំណើនេះត្រូវបានបរាជ័យ។
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋសភា ក្រោយបញ្ចប់ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
លោក អេង ឆៃអ៊ាង លើកឡើងថា លោក សម រង្ស៊ី និងសហការី បានត្រៀមខ្លួនរួចរាល់ដើម្បីចូលមកកាន់កម្ពុជា ប៉ុន្តែត្រូវបានរដ្ឋាភិបាលកម្ពុជារារាំង។ លោកបន្តថា រហូតមកដល់ពេលនេះ គឺរដ្ឋាភិបាលកម្ពុជាជាអ្នកបរាជ័យនយោបាយការទូត ដោយសារលោក សម រង្ស៊ី និងសហការីកំពុងធ្វើដំណើរជួបជាមួយថ្នាក់ដឹកនាំតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន។
«ពួកយើងមិនបានចូលហ្នឹង ដោយសាររបបលោក ហ៊ុន សែន រារាំងតើ មិនឲ្យយើងចូល។ អញ្ចឹងយើងចូលយ៉ាងម៉េចបាន បើគេរារាំង គេបិទជើងយន្តហោះអស់រលីង គេបិទច្រកព្រំដែនអស់ទៅហើយ អញ្ចឹងយើងចូលម៉េចបាន? យើងចូលដៃទទេសោះហ្នឹង។ អញ្ចឹងមានតែរបបលោក ហ៊ុន សែន ទេ ដែលបរាជ័យយ៉ាងធំធេងនៅលើនយោបាយការទូត ដែលឃើញចេញក្រលាយ៉ាងច្បាស់ក្រឡែត ដែលឃើញថា របបលោក ហ៊ុន សែន គឺជារបបមួយដែលខ្លាចការពិត»។
លោក អេង ឆៃអ៊ាង បន្ថែមថា លោក សម រង្ស៊ីនិងសហការីនឹងបន្តជួបជាមួយបណ្តាថ្នាក់ដឹកនាំក្នុងប្រទេសអាស៊ានមួយចំនួនទៀតដើម្បីជជែកអំពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជានិងដើម្បីកំណត់ពីពេលវេលាចូលមកកម្ពុជាវិញក្នុងពេលឆាប់ៗ។
រូបឯកសារ៖ លោក Phil Robertson ជាអនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch។
ក្រោយលោក សម រង្ស៊ី និងសហការី អាចចូលក្នុងប្រទេសម៉ាឡេស៊ីបានដោយសុវត្ថិភាព លោក Phil Robertson អនុប្រធានទទួលបន្ទុកតំបន់អាស៊ីនៃអង្គការសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៩ ខែវិច្ឆិកានោះ ដោយអំពាវនាវដល់ប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ាន ឲ្យធ្វើតាមគំរូដឹកនាំរបស់ម៉ាឡេស៊ី និងរិះគន់ការសម្រេចចិត្តរបស់ប្រទេសថៃ។
លោក Robertson បញ្ជាក់ថា៖ «ម៉ាឡេស៊ីសក្តិសមទទួលបានការសរសើរមកពីជុំវិញពិភពលោកចំពោះការអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលក្នុងប្រទេស ហើយបានជួបជាមួយសហការីរបស់លោក។ ប្រទេសច្រើនទៀតក្នុងសមាគមអាស៊ានចាំបាច់ធ្វើតាមម៉ាឡេស៊ី ប្រសិនបើសមាគមនេះ ប្រាកដជាមិនចង់ចូលក្នុងក្រុមប្រទេសផ្តាច់ការ»៕